កម្ពុជា​សម្រេចបាន​ជាង 6ប៊ី​លាន​ដុល្លារ ពី​ការនាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

ការនាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​កម្ពុជា​នៅ​ឆមាស​ទី1 ដើមឆ្នាំ2018នេះ បានសម្រេច​ប្រមាណ​ជា 6,229លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែល​បាន​កើនឡើង​ជាង15% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ2017 ដែលមាន​ទឹកប្រាក់​ត្រឹមតែ 5,386លាន​ដុល្លារ​អាមេរិក។

ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ស្តីពី​អ្នកតំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ឯកសារ​នាំចេញ-នាំចូល(ជំនា​ន់ទី2 និង​ទី3) និង​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​តំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ឯកសារ​នាំចេញ-នាំចូល (ជំនា​ន់ទី4)ថា សហភាព​អឺរ៉ុប អាមេរិក កាណាដា ជប៉ុន ចិន និង​អាស៊ាន គឺជា​ទីផ្សារ​ដែល​ស្រូបយក​ផលិតផល​កម្ពុជា​បាន​ច្រើនជាងគេ ដោយ​ផលិតផល​ទាំងនោះ​មានដូចជា​សម្លៀកបំពាក់ ស្បែកជើង កាបូប ជ័រកៅស៊ូ អង្ករ ដំឡូង​មី និង​ផលិតផល​កសិកម្មផ្សេងៗទៀត។

គួរ​រំឭក​ដែរ​ថា ដើម្បី​ជួយ​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ និង​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (CO) ក៏ដូចជា​ការផ្តល់​ឯកសារ​នាំចេញ-នាំចូល​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្រសួងពាណិជ្ជកម្ម​តាមរយៈ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ (TTRI) បាន​សហការ​ជាមួយ​នាយកដ្ឋាន​នាំចេញ-នាំចូល​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី «អ្នកតំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ឯកសារ​នាំចេញ-នាំចូល» ចំនួន 3វគ្គ​រួចមកហើយ ដោយមាន​សិក្ខាកាម​ចូលរួម​សរុប 180នាក់។

តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ទាំងនេះ បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​មាន​វឌ្ឍនភាព​ល្អប្រសើ​រ។ ជាក់ស្តែង​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​ឆ្នាំ2017 មានតម្លៃ​សរុប 11,153លាន​ដុល្លារ​អាមេរិក គឺ​បាន​កើនឡើង​ប្រមាណ18% បើ​ប្រៀបធៀប​នឹង​ឆ្នាំ2016 ដែលមាន​ទឹកប្រាក់​ត្រឹមតែ 9,421លាន​ដុល្លារ​អាមេរិក​នោះ៕

Advertisement