ក្រសួងកសិកម្ម​ជំរុញ​កសិករ​ឱ្យ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ពាណិជ្ជកម្ម

ក្រសួងកសិកម្ម​បានប្រកាស​ជំ​រុញឱ្យ​ប្រជាកសិករ​ដែល​ប្រកប​របរ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ​ឱ្យកែប្រែ​ទម្លាប់​ទៅ​ចិញ្ចឹមសត្វ​បែប​លក្ខណៈ​ពាណិជ្ជកម្ម ជា​លក្ខណៈ​កសិដ្ឋាន​ខ្នាតតូច ឬ​មធ្យម​វិញ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ហូបចុក​រប​ស់​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ហើយ​អាច​ឈានទៅ​កាត់បន្ថយ​ការនាំ​ចូល​សាច់សត្វ​គ្រប់​ប្រភេទ​ពី​បរទេស។

ឯកឧត្តម សេន សុវណ្ណ អគ្គនាយក​នៃអគ្គនាយកដ្ឋានសុខភាព​ស​ត្វនិង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា ក្រសួងកសិកម្មជាពិសេស​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បានដាក់​ផែនការ​ជំរុញ​ប្រជាកសិករ​ឱ្យ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​កសិដ្ឋាន​ខ្នាតតូច ឬ​មធ្យម​ដើម្បី​ធានា​ឱ្យ​ផលិតកម្ម​សាច់សត្វ​មានគុណ​ភាព និង​សុវត្ថិភាព​សម្រាប់​អ្នក​បរិភោគ។

ឯកឧត្តម សេន សុវណ្ណ អគ្គនាយក​នៃអគ្គនាយកដ្ឋានសុខភាព​ស​ត្វនិង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​

ឯកឧត្តម​បានឱ្យដឹង​ដែរ​ថា៖ “ដោយសារតែ​ការចិញ្ចឹម​សត្វ​របស់​យើង ពុំទាន់​មាន​ក្ខ​ណៈ​ស្តង់ដារដូច្នេះហើយ​ទើប​យើង​ធ្វើ​ការជំរុញឱ្យ​កសិករ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​អាជីវកម្ម​បែប​ជា​កសិដ្ឋាន​ឱ្យមាន​ស្តង់ដារ ដោយ​ក្រសួង​មាន​ផែនការ​ផ្សារភ្ជាប់​រវាង​កសិករ និង​ក្រុមហ៊ុន​ឯកជន​ដើម្បី​ចុះកិច្ចសន្យា​ទិញ និង​លក់​នៅពេល​កសិករ​ប្រមូល​ផល​បាន‟។

ឯកឧត្តម​បញ្ជាក់ថា គម្រោង​ជំរុញ​ឱ្យ​កសិករ​បង្កើន​ផលិតភាព​នៃ​ការចិញ្ចឹម​សត្វ​ឱ្យ​ក្លាយជា​មុខរបរ​នេះ គឺ​ដោយសារ​យើង​ដឹងថា​ស្រុក​យើង​មាន​តម្រូវការ​សាច់សត្វ​ច្រើនណាស់ ហើយ​យើង​ចង់ឱ្យមាន​ការផ្គត់ផ្គង់​ក្នុង​លក្ខណៈ​ជា​សន្តិសុខ​ស្បៀង​ផងដែរ។ ការជំរុញ​ការចិញ្ចឹម​សត្វ​ជា​លក្ខណៈ​អាជីវ​កម្មនេះ ធ្វើឡើង ខណៈដែល​តម្រូវការ​សាច់​សត្វ​ត្រូវបាន​នាំចូល​ច្រើន ដែលមាន​ដូចជា សាច់មាន់ ជ្រូក និង​គោ…ចំណែក​សាច់គោ​ដែល​នាំចូល​ពី​អូស្ត្រាលី​វិញ​មានតម្លៃ​ថ្លៃ ហើយ​យើង​បាន​ផ្អាក​មួយរយៈ​ហើយ។

សូមបញ្ជាក់ថា ចំពោះ​សាច់សត្វ សព្វថ្ងៃ​គឺ តម្រូវការ​បាន​កើនឡើង​រហូតដល់​ជាង 30ម៉ឺន​តោន ក្នុងមួយឆ្នាំៗសម្រាប់​ផ្គត់ផ្គង់​ការហូបចុក​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ រីឯ​សាច់សត្វ​ចិញ្ចឹម​ក្នុងស្រុក​អាច​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ក្នុងស្រុក ចំណែក​ការ​បម្រើឱ្យ​វិស័យ​ទេសចរណ៍ និង​អ្នកមាន​ជីវភាពខ្ពស់ៗនៅតែមាន​តម្រូវការ​ច្រើន គឺជា​សាច់សត្វ​ដែលមាន​គុណភាព និង​សុវត្ថិភាព។

បច្ចុប្បន្ន​ការចិញ្ចឹម​សត្វ​ជា​លក្ខណៈ​អាជីវកម្ម​បែប​កសិដ្ឋាន​មាននៅ​ស្ទើរ​គ្រប់​ខេត្ត-ក្រុង​ក្នុងប្រទេស​កម្ពុជា ដូចជា​នៅ​ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពតពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ​យើង​ពុំទាន់​បាន​ចុះបញ្ជី​ជា​កសិដ្ឋាន​ទេ តែ​យើង​លើកទឹកចិត្ត​ និង​រៀបចំ​បញ្ជី​ជា​សហគមន៍។ សម្រាប់​ខេត្ត​មួយចំនួន​មាន ខេត្តព្រៃវែង ស្វាយរៀង​មាន​ទម្រង់​ជា​កសិដ្ឋាន​ហើយ តែ​យើង​មិនទាន់​តម្រូវឱ្យ​គាត់​ចុះបញ្ជី​ជា​កសិដ្ឋាន​ទេ ពីព្រោះ​មិនទាន់មាន​លក្ខណៈ​ស្តង់ដារ​នៅឡើយ ហើយ​ក្រសួង​ក៏​មិនទាន់​តម្រូវឱ្យ​ស្តង់ដារ​ដែរ ដោយសារ​យើង​ទើបតែ​ចាប់ផ្តើម តែ​ក្រសួង​បាន​ចុះទៅ​មើល​ជាប្រចាំ និង​ធ្វើការ​បែងចែក​ការចិញ្ចឹម​សត្វ​ជា​លក្ខណៈ​គ្រួសារ និង​បែប​កសិដ្ឋាន​រួចហើយ។ មានន័យថា យើង​មាន​ទម្រង់​ជា​កសិដ្ឋាន​ហើយ គ្រាន់តែ​មិនទាន់​ចុះបញ្ជី​ជា​ផ្លូវការ​ប៉ុណ្ណោះ។

ដើម្បី​កែប្រែ​ទម្លាប់​របស់​កសិករ ក្រសួង​បាន​ត្រៀម​មន្ត្រី​ជំនាញ​ចុះ​ផ្តល់​បច្ចេកទេស​ពី​លក្ខណៈ​ចិញ្ចឹម ការថែទាំ ការផ្តល់​វ៉ាក់សាំង​ការពារ​ជម្ងឺ បច្ចេកទេស​ផលិត​ចំណី​សត្វ និង​ការជ្រើសរើស​ប្រភេទ​ពូជ​សត្វ​ចិញ្ចឹម​ជាដើម ដើម្បីឱ្យ​កសិករ​ចិញ្ចឹម​ទៅ​ទទួលបាន​ជោគជ័យ។ ម្យ៉ាងទៀត​ការប្រើ​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​សត្វ​គ្រប់​ប្រភេទ​វិញ ខាង​នាយកដ្ឋាន​មានគ្រប់គ្រាន់​ក្នុងការ​ផ្គត់ផ្គង់ រឹតតែ​ប្រសើរ​ទៅទៀត​នោះ កសិករ​បច្ចុប្បន្ន​ក៏​គាត់​យល់ដឹង​ពី​បញ្ហា​ការពារ​នេះ​សព្វគ្រប់​ដែរ និង​កសិករ​មួយចំនួន​គាត់​ថែមទាំង​បានទទួល​ងារ​ជា​កសិករ​គំរូ​ទៀតផង ហើយ​កសិករ​ខ្លះទៀត​ក៏មាន​លទ្ធភាព​អាច​គ្រប់គ្រង​កសិដ្ឋានរ​បស់​គាត់​បាន​ផងដែរ។ នេះ​បើតាម​ការអះអាង​របស់​ឯកឧត្តម សេន សុវណ្ណ។

ឯកឧត្តម​សង្ឃឹមថា គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ ព្រោះ​ការជំរុញ​របស់​ក្រសួង​បានធ្វើឱ្យ​កសិករ​មួយចំនួន​ទទួលបាន​ស្នាដៃ​ជា​កសិករ​គំរូទើប​ក្រសួង​ប្រកាស​ជំរុញ​ឱ្យ​ពួកគាត់​កែប្រែ​ទម្លាប់​ការចិញ្ចឹម​សត្វ​ពី​លក្ខណៈ​គ្រួសារ​មកជា​លក្ខណៈ​កសិដ្ឋាន​សម្រាប់​អាជីវកម្ម។ ជា​ជំហាន​បន្តទៅទៀត យើង​អាច​នឹង​នាំចេញ​ដោយ​ត្រូវការ​ការធ្វើ​វិនិយោគ​បែប​កែច្នៃ​ដោយ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ចូលរួម​វិនិយោគ​បន្ថែមទៀត​ទៅលើ​ការកែច្នៃ​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​ផង និង​នាំចេញ​ផង តែ​ទាំងអស់នេះ​សុទ្ធតែជា​ការងារ​របស់​វិស័យ​ឯកជន​ដែល​មិនទាន់មាន​ខាង​ណា​ជួយ​នៅឡើយ​ទេ។

កាលពី​ឆ្នាំមុន​ប្រទេស​កម្ពុជា​បាន​នាំចេញ​សត្វ​គោ និង​ក្របី​ជាង 100.000 ក្បាល​ដែល​ភាគច្រើន​ជា​គោ​នាំ​ចេញទៅ​ប្រទេស​វៀតណាម និង​ផលិតផល​អនុផល​សត្វ​ផងដែរ។ ឯកឧត្តម សេន សុវណ្ណ បាន​មានប្រសាសន៍ថា មានតែ​ក្រុមហ៊ុន​ចំនួន3 ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ក្នុង​ពាណិជ្ជកម្ម​ប្រភេទ​នេះ។ សត្វ​គោ និង​ក្របី​ចំនួន 3.2 លាន​ក្បាល​កំពុង​ត្រូវបាន​ចិញ្ចឹម​ដោយ​កសិករ​នៅ​ទូទាំងប្រទេស។

យោងតាម​របាយការណ៍ ក្រសួងកសិកម្ម​មាន​គ​ម្រោ​ង និង​កម្មវិធី​ក្នុងការ​ជំរុញ​កំណើន​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន អនុវិស័យ​ជលផល និង​អនុវិស័យ​ផលិតកម្ម​សត្វ ដោយបាន​បង្កើត​ការចិញ្ចឹម​មាន់(គំរូ​បង្ហាញ)ចំនួន 111កន្លែង​ដែល​បាន​សាយភាយ​ដល់​ជាង1,300គ្រួសារ​បន្ថែម​ស្មើនឹង​មាន់​ជាង 5ម៉ឺន​ក្បាល ព្រមទាំង​បង្កើត​កន្លែង​ចិញ្ចឹម​ជ្រូក(គំរូ​បង្ហាញ)បាន 100កន្លែង និង​បាន​សាយភាយ​ដល់​ជាង 400គ្រួសារ​បន្ថែម​ស្មើនឹង​ជ្រូក 360ក្បាល។

កម្មវិធី​អភិវឌ្ឍន៍​កសិកម្ម​និរន្តរភាព និង​កម្មវិធី​អនុវិស័យ​ជលផល និង​ផលិតកម្ម​សត្វ​ដែល​ទទួល​ជា​ជំនួយឥតសំណង​ដោយ​សហភាព​អឺរ៉ុប​ចំនួន 26លាន​អឺរ៉ូ គឺជា​កម្មវិធី​រយៈពេល 5ឆ្នាំ គឺ​ពី​ឆ្នាំ2013 ដល់​ឆ្នាំ2018 ដែល​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ចីរភាព។ គម្រោង​នេះ​ក៏បាន​ផ្តោតលើ​ការដាំ​ស្មៅ​បង្ហាញ​សម្រាប់​ចំណី​សត្វ​ផងដែរដោយ​បង្កើតបាន​ចំនួន 200កន្លែង​ដល់​ជាង 420គ្រួសារ​ស្មើនឹង​ជាង 9ពាន់​ហិកតា។ ជាងនេះទៅទៀតគម្រោង​ដដែល​នេះ​បានធ្វើ​ការកែលម្អ​អនាម័យ​សត្តឃាតដ្ឋាន​បាន 155កន្លែង ការចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​សត្វ ធ្វើ​ជីវ​សុវត្ថិភាព ត្រួតពិនិត្យ​សុវត្ថិភាព​សត្វ និង​សាច់ ការ​បង្កាត់​ពូជ​គោ និង​ជ្រូក​សិប្បនិម្មិត។

លោក ជេ​ត ភិរម្យ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បានឱ្យ​ឡា​រ៉ែ​ន​ពាណិជ្ជ​ដឹងថា​សមាគម​គាំទ្រ​នូវ​ការជំរុញ​នេះ ហើយ​ការជួយជ្រោមជ្រែង​របស់​រាជរដ្ឋាភិបាល​ក្នុងការ​កែប្រែ​ទម្លាប់​កសិករ​ឱ្យ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​អាជីវ​កម្មនេះ នឹង​ជួយ​ធ្វើឱ្យ​កសិករ​កាន់​តែមាន​ជីវភាព​ល្អប្រសើរ និង​អាច​ដោះស្រាយ​បញ្ហា ចៀស​ពី​ការ​ប្រឈម​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​សាច់សត្វ​នាំចូល​ពី​ប្រទេសជិតខាង​ទៀតផង។

លោក ជេ​ត ភិរម្យ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​

តាម​ការ​ព្យាករ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា នៅ​ឆ្នាំ2019ខាងមុខនេះ កម្ពុជា​អាចមាន​តម្រូវការ​សត្វ​សាច់​រហូត​ដល់​ជាង 35ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ដែល​ការជំរុញ​ផលិតកម្ម​សាច់សត្វ​នេះ​នឹង​ឈានទៅ​កាត់បន្ថយ​តម្រូវការ​នាំចូល​ប្រភេទ​សាច់សត្វ​មួយចំនួន​ពី​បរទេស​បាន៕

Advertisement