ចាប់ផ្តើម​អាជីវកម្ម​ដំបូង​មាន​ចំណុច​ប្រុងប្រយ័ត្ន​អ្វីខ្លះ?

ការធ្វើ​អាជីវកម្ម ជា​រឿង​សំខាន់​សម្រាប់​បុគ្គលម្នាក់ៗដែលមាន​ក្តី​ស្រមៃ និង​ក្តីសង្ឃឹម​ចង់​ធ្វើ​ជំនួញ តែ​ពេលខ្លះ​វា​ក៏បាន​ក្លាយជា​បទពិសោធ​ដ៏​ឈឺចាប់ ដែល​បង្កើតជា​របួសស្នាម​យូរអង្វែង​របស់​ពួកគេ​ផងដែរ​ប្រសិនបើ​អាជីវកម្ម​ខាតបង់ ឬ​បិទ​ទៅវិញ​ដោយសារ​បញ្ហា​ណាមួយ​នោះ។ គួរ​ពិចារណា​ថា​តើ​ត្រូវ​ធ្វើការ​ឱ្យគេ​សិន ឬ​ចាប់​ផ្តើមធ្វើ​ជំនួញ​នៅក្នុង​វ័យក្មេង​ដែលមាន​ទុន​តិចតួច?

លោកស្រី សំ លី​ណា អគ្គនាយិកា​ក្រុមហ៊ុន Ellesse បាន​លើកឡើងថា លោកស្រី​ធ្លាប់ធ្វើ​អាជីវកម្ម​តាំងពី​នៅ​វ័យក្មេង ដោយ​ធ្លាប់​ដាក់​ទូរស័ព្ទ​សាធារណៈ ធ្លាប់​បង្រៀន​គេ​តាម​ផ្ទះ និង​រកស៊ី​តិចតួច​ផ្សេងទៀត។ លោកស្រី​បាន​សម្រេចចិត្តថា​ធ្វើការ​វិនិយោគដោយ​ចាប់ផ្តើម​ពី​ការយក​ខ្លួនឯង​ធ្វើជា​ដើមទុន គឺ​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​លើ​ការកសាង​សមត្ថភាព ក្នុងការ​ស្វែងរក​គន្លឹះ​សម្រាប់​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ក្នុង​អាជីវកម្ម។

លោកស្រី សំ លី​ណា អគ្គនាយិកា​ក្រុមហ៊ុន Ellesse

លោកស្រី សំ លី​ណា បាន​និយាយថា៖ “មុន​នឹងធ្វើ​អាជីវកម្ម​យើង​ចាំបាច់​ត្រូវ​ស្វែងរក​សក្តានុពល​របស់​ខ្លួន​ឱ្យឃើញ​ជាមុនសិន ព្រោះ​មនុស្សម្នាក់ៗសុទ្ធ​តែមាន​សក្តានុពលរៀងៗខ្លួន ហេតុនេះ​បើ​យើង​មានការ​ច្នៃប្រឌិត ឬ​ជំនាញ​ណាមួយ​សម្រាប់ធ្វើ​អាជីវកម្ម នោះ​ខ្លួន​យើង​អាច​នឹង​ជា​ដើមទុន​សំខាន់​សម្រាប់ធ្វើ​វា‟។

សហគ្រិន​ខាងលើ​បានលើកឡើង​ផងដែរ​ថាយុវជន​យើង​បច្ចុប្បន្ន​ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​តែងតែ​ស្រមៃ​ថា​ចង់​ធ្វើ​ជំនួញ ចង់​ជោគជ័យ និង​ចង់បាន​រឿងល្អៗជាច្រើន​ទៀត តែ​ជាក់ស្តែង​នៅពេលដែល​សួរ​គាត់​ឱ្យ​ពិតប្រាកដ​ថា​គាត់​ចង់​ធ្វើ​អ្វី​ឱ្យ​ច្បាស់ ហើយ​បាន​សម្រួច​សមត្ថភាព​អ្វីខ្លះ​ដើម្បី​ធ្វើ​អាជីវកម្ម​នោះ គាត់​អាច​នឹងមាន​ការរារែក ឬ​មិនមាន​ភាពច្បាស់លាស់។ ហេតុ​នេះ​បើ​មិន​ចង់ឱ្យ​ខកចិត្ត​ក្នុង​រឿង​អាជីវកម្ម​ត្រូវតែ​ធ្វើយ៉ាងណា​អភិវឌ្ឍ​ខ្លួន​ឱ្យមាន​ជំនាញ ឬ​សមត្ថភាព​ពិតប្រាកដ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ជាមុនសិន។ ចំណុច​សំខាន់​មួយទៀត​គឺ​ត្រូវ​ចេះ​ចំណាយ​ឱ្យ​ត្រូវ​ខ្ទង់ ព្រោះ​សម្រាប់​អ្នករកស៊ី​ថ្មីថ្មោង​ពេលខ្លះ​គាត់​គិតថា​ក្រុមហ៊ុន​គាត់​តូច គាត់​មិន​ហ៊ាន​ចំណាយលុយ​ច្រើន​ដើម្បី​ជួល​បុគ្គលិកខ្លាំងៗនោះទេ ហើយ​គាត់​សុខចិត្ត​អង្កន់​លុយ​នោះ​ទៅ​ជួល​បុគ្គលិក​ដែល​ធ្វើ​ការងារ​មិនកើត​ជាច្រើន ដោយ​ភ្លេច​ថា​ការ​ចំណាយលុយ​ជួល​មនុស្ស​ខ្លាំង​គឺជា​ការវិនិយោគ មិនមែនជា​ការចំណាយ​ខ្ជះខ្ជាយ​នោះទេ។ ប្រសិនបើ​អ្នករកស៊ី​ចំណាយ​មិន​ត្រឹមត្រូវ នោះ​អាជីវកម្ម​អាច​នឹងមាន​បន្ទុក​ច្រើន ហើយ​ងាយ​ខាតបង់។

លោកស្រី​បានបញ្ជាក់​ផងដែរ​ថា ចំណុច​សំខាន់​មួយទៀត​ដែល​ត្រូវ​ដឹង​គឺ ត្រូវ​ហ៊ាន​វិនិយោគ​លើ​ការអភិវឌ្ឍ​ខ្លួនឯង​ជាប្រចាំ។ កុំ​ខ្លា​ចនឹង​រៀនសូត្រ​បន្ថែម​នូវ​អ្វីដែល​ចំណេញ​សម្រាប់​អាជីវកម្ម ហើយ​កុំ​ស្តាយ ព្រោះ​ពេលខ្លះ​យើង​ស្តាយ​លុយ​ក្នុងការ​រៀនសូត្រ​មួយ​វគ្គ​រាប់រយ​ដុល្លារ តែ​ភ្លេច​គិតថា ប្រសិនបើ​យើង​មិន​រៀន ហើយ​អាជីវ​កម្ម​យើង​ដួល​គឺ​ខាតបង់​អស់​ច្រើន​ជាងនេះទៅទៀត។

បង្ហាញ​លើ​ចំណុច​នេះដែរ​លោក ឃួន សុ​ភ័​ទ្ធ អគ្គនាយក​ក្រុមហ៊ុន Marakot Technology បាន​លើកឡើងថា មុននឹង​ចាប់ផ្តើម​អាជីវកម្ម​លោក​មានបទពិសោធ 15ឆ្នាំ​ក្នុង​ការងារ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា។ ហើយ​ក្រុមហ៊ុន​លោក​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ផ្តល់​កម្មវិធី​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ហេតុនេះ​អាជីវ​កម្មនេះ​គឺ​ត្រូវ​នឹង​ជំនាញ​ដែល​លោក​មានហើយ​លោក​ក៏បាន​ពិចារណា​ច្បាស់លាស់​ពី​ទីផ្សារ និង​លំហូរ​សាច់ប្រាក់​ច្បាស់លាស់​ជាមុន​ដើម្បី​បង្ការ​បញ្ហា។ លោក​ថា ការរកស៊ី​គឺ​ដូច​ជាការ​ដាំបាយ​ដូច្នោះ​ដែរ បើ​យើង​មាន​ឆ្នាំង​ធំ​ពេក មាន​អង្ករ​ច្រើនពេក ហើយ​អុស​របស់​យើង​តិច នោះ​យើង​មិនអាច​ដាំបាយ​ឱ្យ​ឆ្អិន​បាន​នោះទេ។ ការដាក់​លុយ​វិនិយោគ​គឺ​ដូចជា​ការដាក់​អុស​ដាំបាយ​ដែរ ប្រសិនបើ​ឆ្នាំ​ងធំ​ហួស អង្ករ​ច្រើន​ហួស យើង​ដាក់​លុយ​ទៅ​ប៉ុន្មាន​ក៏​មិន​គ្រប់​ដែរ ទីបំផុត​យើង​អាច​ខាតបង់​ទាំង​លុយកាក់​ច្រើន ហើយ​ថែមទាំង​បាត់បង់​អាជីវកម្ម​នោះ​ថែម​ទៀតផង។

លោក ឃួន សុ​ភ័​ទ្ធ អគ្គនាយក​ក្រុមហ៊ុន Marakot Technology

លោក ឃួន សុ​ភ័​ទ្ធ បាន​និយាយថា៖ “ការធ្វើ​អាជីវកម្ម​ដំបូង​ឡើយ​គឺ​ត្រូវ​គិតគូ​រឱ្យបាន​ល្អិតល្អន់​បំផុត​ និង​ត្រូវ​ចេះ​ប្រមាណ​ខ្លួន។ ប្រសិនបើ​យើង​ចាប់​ផ្តើមដំបូង គួរ​ស្វែងរក​អាជីវកម្ម​ណា​ដែល​ចំណាយ​ល្មម​តាម​ទុន​ដែល​យើង​មាន ហើយ​បើ​លក់​ផលិតផល​ក៏​អាច​ស្វែងរក​ផលិតផល​ណា​ដែល​មិនចេះ​ហួស​កាលបរិច្ឆេទ​ដើម្បី​កុំឱ្យ​ខាតបង់​នៅពេលដែល​យើង​មិនទាន់​លក់ដាច់​ច្រើន ព្រោះ​ពេលខ្លះ​អាជីវកម្ម​ថ្មី​គឺអាច​ត្រូវការ​ពេលវេលា ហេតុនេះ​បើ​វា​ខាតបង់​ក៏​អាច​ខាតបង់​ត្រឹម​កម្រិត​ដែល​អាច​ទទួលយកបាន”។

សហគ្រិន​ខាងលើ​បានលើកឡើង​ផងដែរ​ថា អ្នកខ្លះ​បើក​អាជីវកម្ម តែ​ខ្លួនឯង​បែរជា​ទៅធ្វើ​ការងារ​ឱ្យគេ​ទៅវិញ ពេលខ្លះ​ការធ្វើ​បែបនេះ​ធ្វើឱ្យ​យើង​ខាតបង់ ព្រោះថា​ប្រសិនបើ​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​មើល​លើ​អាជីវកម្ម​ខ្លួនឯង​ទេនោះ វា​នឹង​ពិបាក​អភិវឌ្ឍ​ទៅមុខ​ណាស់។ នៅពេលដែល​យើង​រវល់​ធ្វើ​ការងារ​ឱ្យគេ​មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​បញ្ហា​អតិថិជន​របស់ខ្លួន យើង​អាច​នឹង​លក់​មុខ​ខ្លួនឯង ហើយ​ខាតបង់​ធ្ងន់ធ្ងរ ហើយ​ការងារ​ដែល​ធ្វើ​ឱ្យគេ​ក៏​គ្មាន​គុណភាព​ដែរ៕

Advertisement