កម្ពុជា​ទទួលបាន​ជាង 140លាន​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ

ត្រឹម​រយៈពេល 7ខែ​ដើមឆ្នាំ2018 កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ទៅកាន់​ទីផ្សារ​បរទេស មាន​ចំនួន 100,535 តោន កើនឡើង​ប្រមាណ​ជា20% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

របាយការណ៍​បង្ហាញថា គិត​ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ2018 ចំណូល​បាន​ពី​ការនាំចេញ​ជ័រកៅស៊ូ​របស់​កម្ពុជា មាន​ចំនួន​ជាង 140លាន​ដុល្លារ​អាមេរិក ដោយ​តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម គឺ1,412ដុល្លារ​ក្នុង1តោន តម្លៃ​នេះ​ធ្លាក់ចុះ 18% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

បើ​គិត​មកទល់​ឆ្នាំ2018នេះ កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​សរុប​ចំនួន 436,299ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន 173,017ហិកតា ស្មើនឹង39% និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន 263,281ហិកតា ស្មើនឹង61%។

សូមបញ្ជាក់ថា នៅ​ឆ្នាំ2017 កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជិត 20ម៉ឺន​តោន មាន​ចំណូល​ប្រមាណ 300លាន​ដុល្លារ​អាមេរិក​ដែល​បាន​ពី​ការនាំ​ចេញពី​កម្ពុជា ទៅកាន់​ទីផ្សារ​បរទេស​មានដូចជា​ប្រទេស​ចិន វៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី ជាដើម៕

Advertisement