វ័យក្មេង​មែនពិត តែ​ពង្រីក Franchise បាន​ជាង 10សាខា ត្រឹម​រយៈពេល 2ឆ្នាំ

ក្នុង​យុគសម័យ​ទីផ្សារសេរី ការប្រកួតប្រជែង​នៃ​អាជីវកម្ម​ទាំងឡាយ​ត្រូវបាន​គេ​ឃើញថា មាន​លក្ខណៈ​ស្វិតស្វាញ ពុះកញ្ជ្រោល ក្ដៅគគុក និង​ចេញដំណើរ​ដោយ​ភាពស្វាហាប់ តែមួយ​រយៈ​ក្រោយមក​លទ្ធផល​បែរជា​បង្ហាញឱ្យឃើញថា អាជីវក​ម្ម​មួយចំនួន​បង្កើតឡើង​មិនទាន់បាន​ប៉ុន្មាន​ផង​ក៏ត្រូវ​ដួលរលំ​ទៅវិញ តែ​មួយចំនួនទៀត​បាន​ចាក់គ្រឹះ​យ៉ាង​មាំ និង​បង្កើតបាន​សាខា​ជាច្រើន​ថែមទៀត នេះ​ដោយ-សារតែ​ម្ចាស់​អាជីវកម្ម​មាន​ចក្ខុវិស័យ​ច្បាស់លាស់ និង​គិត​បាន​យ៉ាង​ត្រឹមត្រូវ​មុនពេល​បង្កើត។

អគ្គនាយិកា​ក្រុមហ៊ុន T Shop កញ្ញា អ៊ុយ អ៊ែ​ល​ណា បាន​មានប្រសាសន៍ថា កាលដើមឡើយ​ក្រុមហ៊ុន T Shop គឺជា​ហាង​បោះពុម្ព​ស្លាក​យីហោ​លើ​អាវយឺត និង​បោះពុម្ព​លើ​សម្បក​វេច​ខ្ចប់​ជា​លក្ខណៈ​គ្រួសារ​តែប៉ុណ្ណោះ ប៉ុន្តែ​ស្រប​ពេលដែល​បច្ចេកវិទ្យា​មានការ​រីកចម្រើន​ខ្លាំង តម្រូវការ​នៃ​ការប្រើប្រាស់​ទូរស័ព្ទដៃទំនើបៗក៏​កាន់តែ​មានការ​ពេញនិយម​នោះ ហាង T Shop ក៏បាន​អភិវឌ្ឍ​ខ្លួន​ដោយ​បែរមក​ដាក់លក់​សាកល្បង​នូវ​គ្រឿងបន្លាស់ គ្រឿង​តុបតែង និង​ផ្តល់​សេវា​ជួសជុល​ទូរស័ព្ទ​ខ្នាតតូច​នៅ​នឹង​ផ្ទះ​ផ្ទាល់ខ្លួន និង​ក្រោយមក​ដោយសារ​មានការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន​រហូតមកដល់​ឆ្នាំ2016 កញ្ញា អ៊ែ​ល​ណា ក៏បានសម្រេច​បើក​ក្រុមហ៊ុន​ស្តង់ដារ​មួយ​នៅ​ម្ដុំ​វិទ្យាល័យ​ស៊ីសុវត្ថិ ក្រុងភ្នំពេញ ដោយបាន​នាំចូល​គ្រឿងបន្លាស់ និង​សម្ភារ​តុបតែង​លម្អ​ទូរស័ព្ទ​ដ៏​សម្បូរបែប​ពី​ក្រៅប្រទេស​ដែលមាន​ដូចជា​ថៃ ចិន​ហុងកុង សិង្ហបុរី និង​សហរដ្ឋអាមេរិក​ជាដើម ហើយ​សម្ភារ​ដែល​នាំចូល​ទាំងនោះ សុទ្ធ​តែមាន​គុណភាព និង​មាន​ការធានា​ចំពោះ​អតិថិជន​ទៀតផង។

ក្រោយពី​បើកហាង​ទីមួយ​ទទួលបាន​ការគាំទ្រ​ច្រើន កញ្ញា អ៊ែ​ល​ណា ក៏បាន​សម្រេច​បើក​សាខា​ថែមទៀត​នៅលើ​ផ្លូវ​ម៉ៅ​សេទុង សាខា​វិមានឯករាជ្យ សាខា​ផ្សារ​ TK Avenueទួលគោក សាខា​ផ្សារ Eden Garden បឹងកក់ សាខា​សន្ធរ​មុខ សាខា​ផ្សារ​ដេ​ប៉ូ សាខា​សែន​សុខ Aeon Mall 2 សាខា​ច្បារអំពៅ សាខា inbiznest shop សាខា​ខេត្តបាត់ដំបង សាខា​ក្រុង​កំពង់ចាម និង​សាខា​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ជាដើម ដែល​សម្ភារ​ទាំងនោះ​សុទ្ធតែជា​សម្ភារ​ប្រើប្រាស់​សម្រាប់​ទូរស័ព្ទដៃ​ទាំងអស់ដូចជា ​ខ្សែ​សាក memory screen សម្បក​ទូរស័ព្ទ និង​ជាពិសេស​នោះ​ក្រុមហ៊ុន​បាន​នាំចូល​ដុំ​សាក​ថ្ម(Power Bank)ផ្តាច់មុខ​លើ​ម៉ាក​សញ្ញា​ទៀតផង ហើយ​នៅ​ខែកញ្ញា​ខាងមុខឆាប់ៗនេះ​ ក្រុមហ៊ុន​នឹង​បើក​សាខា​ខេត្តសៀមរាប​មួយទៀត ដើម្បី​ជួយ​បំពេញតម្រូវការ​អតិថិជន​ក្នុងការ​ជ្រើសរើស​ទិញ​សម្ភារ​ដែលមាន​គុណភាព​ល្អប្រើប្រាស់​បានយូរ​កាន់តែ​មាន​ភាពងាយស្រួលឡើង។

កញ្ញា អ៊ែ​ល​ណា បាន​អះអាង​ថែម​ទៀតថា អ្វីដែល​ធ្វើឱ្យ​ក្រុមហ៊ុន​អាច​ពង្រីក(Franchise) បាន​ច្រើន និង​ឆាប់រហ័ស​ដូច្នេះ គឺ​ដោយសារ​បច្ចេកវិទ្យា​មានការ​រីក​ម្រើ​ន​លឿន​នៅលើ​ពិភពលោក ធ្វើឱ្យ​ការផលិត​សម្ភារ​អេឡិចត្រូនិក​កាន់តែ​ទំនើប និង​សម្បូរបែប​ឡើង​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់ ជាពិសេស​គឺ​ទូរ​សព្ទ​ដៃទំនើបៗនេះ​តែម្តង ហើយ​ដោយសារតែ​មើលឃើញ​ពី​តម្រូវការ​ប្រើប្រាស់​ដូច្នេះ ទើប​ក្រុមហ៊ុន​សម្រេច​នាំចូល​សម្ភា​រ​ដែលមាន​គុណភាព​ល្អ​មក​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​កម្ពុជា​នាពេល​បច្ចុប្បន្ន។

កញ្ញា អ៊ុយ អ៊ែ​ល​ណា អគ្គនាយិកា​ក្រុមហ៊ុន T Shop

តាមពិតទៅ​ហាង​លក់​សម្ភារ​តុបតែង​លម្អ គ្រឿងបន្លាស់ និង​សេវា​ជួលជុល​ទូរស័ព្ទ​បាន​រីកដុះដាល​យ៉ាងខ្លាំង​នៅលើ​ទីផ្សារ​កម្ពុជា មិនថាតែ​នៅ​រាជធានី​ភ្នំពេញ ឬ​នៅតាម​ទីប្រជុំជន​ក្នុង​បណ្តា​ខេត្តផ្សេងៗឡើយ ប៉ុន្តែ​ហាង​ភាគច្រើន លក់​សម្ភារ​ប្រើប្រាស់​មិនមាន​គុណភាព និង​មិនមាន​ការធានា​លើ​ការប្រើប្រាស់​បានយូរ​ទេ ទើប​ធ្វើឱ្យ​អតិថិជន​មានការ​ខកចិត្ត និង​ងាក​មករក​សម្ភារ​ណា​ដែលមាន​គុណភាព​ល្អ និង​មាន​ការធានា​គុណភាព​ត្រឹមត្រូវ​វិញ ទើប​ធ្វើឱ្យ​ហាង T Shop មាន​អតិថិជន​គាំទ្រច្រើនឡើង។ ការប្រើ​សម្ភារ​មិនល្អ មិនមាន​គុណភាព មិនមែន​ជាការសន្សំសំចៃ​នោះទេ ទោះបី​វា​មានតម្លៃ​ទាប​ក៏ដោយ ប៉ុន្តែ​បើ​យើង​ប្រើ​សម្ភារ​ល្អ មានគុណ​ភាព ទើប​ជាការ-​សន្សំសំចៃ​ពិតប្រាកដ ទោះជា​យើង​ចំណាយ​ប្រាក់​ច្រើន​បន្តិច​មែន តែ​យើង​ចំណាយ​ប្រាក់​តែម្តង ហើយ​អាច​ប្រើប្រាស់​វត្ថុ ឬ​សម្ភារ​មួយ​នោះ​បានយូរ ជាជាង​ទិញ​របស់​មិនល្អ​ឆាប់​ខូច​ចំណាយ​ប្រាក់​ទិញ​ច្រើនលើកច្រើនសា។

ជាការ​ពិតណាស់ ការកែប្រែ​ក្រុមហ៊ុន​ពី​លក្ខណៈ​គ្រួសារ​មកជា​ក្រុមហ៊ុន​ស្តង់ដារ​ពិតជា​មានការលំបាក​ខ្លាំងណាស់ ពិសេស​ជួប​ការលំបាក​ទៅលើ​ការគ្រប់គ្រង​ផ្នែក​រដ្ឋបាល និង​ផ្លាស់ប្តូរ​ទម្លាប់​ធ្វើការ​របស់​បុគ្គលិក​ជាដើម ប៉ុន្តែ​ដោយសារតែ​ក្រុមហ៊ុន​មានការ​យកចិត្ត​ទុក ដាក់​ពន្យល់​ឱ្យ​ពួកគាត់​បាន​យល់​អំពី​អត្ថប្រយោជន៍​នៃ​ក្រុមហ៊ុន​ស្តង់ដារ រួមទាំង​គោលនយោបាយ​លើកទឹកចិត្ត​បុគ្គលិក ដូចជា​ការបញ្ជូន​បុគ្គលិក​ឱ្យទៅ​រៀន​ជំនាញ​បន្ថែម ឱ្យបាន​កាន់តែច្រើន និង​បន្ថែម​អត្ថប្រយោជន៍ផ្សេងៗ មាន​ប្រាក់​លើកទឹកចិត្ត​ដល់​បុគ្គលិក​ឆ្នើម ប្រាក់​លើកទឹកចិត្ត​ប្រចាំឆ្នាំ និង​ការនាំ​បុគ្គលិក​ដើរ​កម្សាន្តផ្សេងៗបង្កើតជា​សាមគ្គីភាព​បន្ថែមទៀត ទើប​ពួកគាត់​មានការ​ពេញចិត្ត​ខិតខំ​ជួយ​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យ​ឆ្លង​ផុតពី​លក្ខណៈ​ក្រុមហ៊ុន​លក្ខណៈ​គ្រួសារ មកជា​ក្រុមហ៊ុន​ស្តង់ដារ​ដូច្នេះ។

សម្រាប់​អ្នកមាន​ប្រាក់ វា​មិនមែនជា​ការលំបាក​ឡើយ​ប្រសិនបើ​ចង់​បង្កើត​ក្រុមហ៊ុន​មាន​លក្ខណៈ​ស្តង់ដារ ព្រោះ​មាន​អតិថិជន​ស្គាល់​ស្រាប់ គ្រាន់តែ​ចំណាយ​ប្រាក់​ទិញ​ឈ្មោះ​ឬ (Franchise)ពី​ក្រៅប្រទេស​មក​បើក​បន្ត​នៅក្នុង​ប្រទេស​កម្ពុជា​ជាការ​ស្រេច ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ដែល​បង្កើត Franchise លក់​ក្នុងស្រុក​វិញ ទម្រាំ​ឈរជើង​លើ​ទីផ្សារ​បាន គឺ​ត្រូវ​ឆ្លងកាត់​ឧបសគ្គផ្សេងៗជាច្រើន ពោលគឺ​ក្រុមហ៊ុន​លក្ខណៈ​គ្រួសារ ធ្វើ​អ្វី​ទៅតាម​ការនឹកឃើញ មិនមាន​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​មិនសូវមាន​ការរីកលូតលាស់ និង​មានការ​អភិវឌ្ឍ​យឺត ហើយ​ប្រឈម​នឹង​ការប្រកួតប្រជែង​ពី​ក្រុមហ៊ុន​ស្តង់ដារផ្សេងៗទៀត តែ​ទោះជា​យ៉ាងណា កញ្ញា អ៊ែ​ល​ណា ​ធ្លាប់បាន​ឆ្លងកាត់​ការសិក្សា និង​បទពិសោធ​ការងារ​នៅ​ក្រុមហ៊ុន​ស្តង់ដារ​អន្តរជាតិ​ជាច្រើន ដែល​ធ្វើឱ្យ​កញ្ញា​មាន​សមត្ថភាព​ក្នុងការ​គ្រប់គ្រង និង​ដឹកនាំ​ក្រុមហ៊ុន​របស់ខ្លួន​ឱ្យ​ទទួលបាន​ជោគជ័យ។

បុគ្គលិកផ្នែកលក់នៅក្នុងក្រុមហ៊ុន T Shop

កញ្ញា អ៊ែ​ល​ណា កើត​នៅ​អំឡុង​ឆ្នាំ1988 ក្នុង​គ្រួសារ​ដែលមាន​ជីវភាព​ធូរធារ​មួយ​នៅ​សង្កាត់​ទួលទំពូង ក្រុងភ្នំពេញ។ ក្រោយពី​គ្រប់​អាយុ​ចូលរៀន ឪពុកម្តាយ​ក៏បាន​បញ្ជូន​កុមារី អ៊ែ​ល​ណា ឱ្យចូល​រៀន​នៅ​សាលាបឋមសិក្សា​ទួល​ទំពូង​តាំងពី​ថ្នាក់​ទី1 និង​វិទ្យាល័យ​ទួល​ទំពូង​ដល់​ថ្នាក់​ទី12 និង​បាន​ប្រឡង​ជាប់​បាក់​ឌុប​ទទួលបាន​និទ្ទេស​ល្អ​បង្គួរ​នៅ​ឆ្នាំ2006 រួច​ក៏​បន្ត​ចូលរៀន​នៅ​មហាវិទ្យាល័យ ជំនាញ Finance and Banking (ធនាគារ និង​ហិរញ្ញវត្ថុ) នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន។

រៀន​មិនទាន់​ចប់​មហាវិទ្យាល័យ​ផង កញ្ញា អ៊ែ​ល​ណា បាន​ចូលធ្វើការ​ជា​អ្នក​ប្រឹក្សា​ផ្នែក​លក់ នៅ​ក្រុមហ៊ុន RMA ក្នុង​ឆ្នាំ2008 រួច​ផ្លាស់​មក​ធ្វើការ​ជានា​យក​ប្រតិបត្តិ​ផ្នែក​លក់​នៅ​ធនាគារ​ABA រហូតដល់​ឆ្នាំ2012។ ក្រោយមកទៀត ក៏បាន​ផ្លាស់ប្តូរ​ការងារ​មក​ធ្វើជា​មន្ត្រី​ឥណទាន នៅ​ធនាគារ FTB ចាប់ពី​ឆ្នាំ2012 ដល់​ឆ្នាំ2014។ ដោយ​យល់ឃើញថា ខ្លួន​មានចំណេះ​ជំនាញ និង​បទពិសោធ​ល្មម​សមគួរ​អាច​រកស៊ី​បាន​ហើយ ក៏បាន​បើក​លក់​សាកល្បង​គ្រឿងបន្លាស់ និង​សម្ភារ​តុបតែង​លម្អ​ទូរស័ព្ទ​នេះ​នៅ​នឹង​ផ្ទះ​ខ្លួនឯង​ដើម្បី​ស្ទង់​មើល​ទីផ្សារ ក៍៏ដូចជា​ការគាំទ្រ​ពី​អតិថិជន​ដែរ។ នៅពេល​ដែលមាន​តម្រូវការ​ទីផ្សារ និង​អតិថិជន​កាន់តែ​ច្រើនឡើង​នោះ ទើប​កញ្ញា​ចាប់ផ្តើម​បើក​ក្រុមហ៊ុន​ស្តង់ដារ​ដំបូង​ជា​ផ្លូវ​ការឡើង​នៅ​អំឡុង​ឆ្នាំ2016តែម្តង ហើយ​បាន​បន្ត​ពង្រីក​សាខា​ជា​លក្ខណៈ​លក់ Franchise បាន​ច្រើន​ទៀតផង​ត្រឹមតែ​រយៈពេល​តែ 2ឆ្នាំ​ប៉ុណ្ណោះ។

កញ្ញា​បានបន្តថា ទោះបី​ពង្រីក​បាន​សាខា​ច្រើន​ដូច្នេះ​ក៏ដោយ តែ​កញ្ញា​ក៏​នៅមាន​មហិច្ឆតា​ពង្រីក​សាខា​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត ដូចជា​នៅក្រុង​តាខ្មៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឬ​ក្រុង​បាន​លុង​ខេត្តរតនៈគិរី​ជាដើម ដោយសារ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​នៅ​ទីនោះ​កាន់តែ​មាន​ភាព​រីកចម្រើន​ឡើង ហើយ​ការប្រើ​សម្ភារ ពិសេស​ទូរស័ព្ទដៃ​ក៏​កាន់តែ​ទំនើបឡើងៗដែរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ៕

Advertisement