ផ្សារ​​កម្សាន្តបែបទេសចរណ៍​​ នឹង​បង្ហាញ​ខ្លួន​នៅចុង​ឆ្នាំនេះ

ផ្សារ​បែប​កម្សាន្តតម្លៃ​ជាង 10លាន​ដុល្លារដែលមានឈ្មោះថា WB Arena ដែលស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ2 ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោមត្រូវបានក្រុមហ៊ុន WorldBridge Group វិនិយោគសាងសង់ជាមជ្ឈមណ្ឌលកម្សាន្តជាប់មាត់ទន្លេ នឹងក្លាយជាកន្លែងកម្សាន្តដែលមានភាពសម្បូរបែបប្លែកថ្មីមួយនៅរាជធានីភ្នំពេញដែលនឹង​បង្ហាញ​ខ្លួន​នៅ​ចុងឆ្នាំ2018​នេះ។

លោក សាយ​ម៉ុ​ន គ្រី​ហ្វី​តស៍ (Simon Griffiths) នាយក​គ្រប់គ្រង​ក្រុមហ៊ុន Urban Asset Solutions បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​​បង្ហាញ​ពី​គម្រោង​​នេះ​កាលពី​ថ្ងៃទី​21 ខែ​សីហា​ថា ផ្សារ​កម្សាន្ត​នេះនឹង​ក្លាយ​ជា​តំបន់​លម្ហែកាយ​បែប​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ ដោយសារ​តែស្ថិតលើ​ផ្ទៃដី​ធំ​ទូលាយនៅក្នុង​តំបន់​ចាក់​អង្រែ​ជាប់មាត់​ទន្លេដែល​ជាទីតាំងល្អ​បំផុត​សម្រាប់​អាជីវកម្ម​ហាង​ទំនើប និង​អ្នក​ចូលចិត្ត​កម្សាន្ត​នៅក្នុង​រាជធានី​ភ្នំពេញ។ គម្រោង​នេះ​​រួមមាន​ផ្សារ​ទំនើប ហាង​ប្រ៊េនដ៍ៗ និង​កន្លែង​សម្រាប់​អង្គុយ​លម្ហែកម្សាន្ត​យ៉ាង​សម្បូរបែប បំពេញ​សេចក្ដី​ត្រូវការ​របស់​អ្នក​ទស្សនា និងអ្នក​​ចូលចិត្ត​លម្ហែកាយ​។

មជ្ឈមណ្ឌលកម្សាន្តថ្មីមួយនេះត្រូវបានសាងសង់លើផ្ទៃដីជាង 1.3ហិកតា ក្នុងនោះមានអគារសរុបចំនួន 13អគារ ដែលអគារនីមួយៗផ្ដល់នូវសេវាកម្មផ្សេងៗពីគ្នាជាច្រើន ដូចជាម្ហូបអាហារ ភេសជ្ជៈបែបជាតិ និងអន្ដរជាតិ ផ្សារទំនើប កន្លែងក្មេងលេង មជ្ឈមណ្ឌលសុខភាពសម្ផស្ស និងដែលពិសេសជាងគេនោះ គឺរោងមហោស្រព។

ចំណុចពិសេសរបស់មជ្ឈមណ្ឌលកម្សាន្ត WB Arena នេះគឺ ទីតាំងដែលអាចចូលទៅដល់ទាំងផ្លូវទឹក និងផ្លូវគោក។ WB Arena មានបណ្តោយលាតសន្ធឹងតាមដងទន្លេបាសាក់ប្រមាណ 100ម៉ែត្រ ដែលអ្នកមកកម្សាន្តអាចធ្វើដំណើរមកបានដោយប្រើប្រាស់សេវានាវាដឹកអ្នកដំណើរសាធារណៈ ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាកាណូតទេសចរណ៍ឯកជនផ្ទាល់ខ្លួនផងដែរ នេះបើតាមប្រសាសន៍របស់លោក Simon Griffiths ដែលជាអ្នកទទួលខុសត្រូវលើគម្រោងនេះ។

លោក Simon បានបន្តទៀតថា ភាពលេចធ្លោមួយទៀតនៃមជ្ឈមណ្ឌលកម្សាន្តនេះ គឺសាលមហោស្រព 400កៅអីដែលមានការសម្តែងផ្សេងៗគ្នាជារៀងរាល់យប់ដូចជា ការប្រដាល់ខ្មែរ សៀក ការប្រគំតន្ត្រី និងការសម្តែងសិល្បៈវប្បធម៌ខ្មែរជាដើម។

​            លោក យុគ សុធី​រិ​ទ្ធ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​តំបន់​កម្សាន្ត World Bridge Home បាន​ថ្លែង​ថា គម្រោង​បង្កើត​តំបន់​កម្សាន្ត​នេះនឹង​ផ្ដល់​ឱកាស​ឱ្យ​ពាណិជ្ជករ​ធំៗ និង​អ្នក​កម្សាន្ត​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​កាន់តែ​ជិតស្និទ្ធ​គ្នា​ក្រោយ​ពេល​ដំណើរការ។ ទីតាំង​នេះក៏​នឹង​ក្លាយជា​ផ្សារ​ទំនើប និង​កន្លែង​កម្សាន្ត​នា​ពេល​រាត្រី​ដ៏​ស្រស់ស្អាត​ផងដែរ ជាពិសេស​សម្រាប់​អ្នករស់នៅ​ត្រើយម្ខាង​នៃ​ទន្លេ និង​អ្នកជិះ​កាណូត​ទេសចរណ៍​ទស្សនា​តាម​ការរៀបចំ​របស់​ក្រុមហ៊ុន​។​

ចំណែក​​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងា​រ​ទេសចរណ៍​កម្ពុជាបាន​លើកឡើង​ថា វត្តមាន WB Arena នឹង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បានមិនតិច​ទេ ដោយសារតែ​គម្រោង​មួយ​នេះ ​ក្រៅពី​មាន​ផ្សារ​ទំនើប មាន​អាហារ​ដ្ឋា​ន និង​កន្លែង​អង្គុយ​កម្សាន្តហើយ ក៏មាន​រោងសិល្បៈ​តន្ត្រី​សម្រាប់ទាក់ទាញ​អ្នក​ទេសចរ​បានមក​កម្សាន្ត​​ថែមទៀតដែរ៕

Advertisement