ក្រសួង​បញ្ចេញ​ទឹកប្រាក់ 2លាន​ដុល្លារ​អភិវឌ្ឍ​វិស័យ​ដំឡូង​មី​កម្ពុជា

ដើម្បី​អភិវឌ្ឍ​វិស័យ​ដំឡូង​មី​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ឡើង ក្រសួងពាណិជ្ជកម្ម​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Green Leader Holding Group និង​អង្គការ UNDP បញ្ចេញ​ទឹកប្រាក់​សរុប​ចំនួន 2លាន​ដុល្លារ សម្រាប់​ការអភិវឌ្ឍ​រយៈពេល 3ឆ្នាំ 5ខែ គិត​ចាប់ពី​ខែសីហា ឆ្នាំ2018 ដល់​ឆ្នាំ2021។

ទឹកប្រាក់​ទាំងនេះ​រួមមាន 1.2លាន​ដុល្លារ​ជា​ទឹកប្រាក់​បញ្ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ផ្ទាល់ ទឹកប្រាក់​ចំនួន 0.5លាន​ដុល្លារ​បញ្ចេញ​ពី​ក្រុមហ៊ុន Green Leader Holding Group និង0.3 លាន​ដុល្លារ​ពី​អង្គការ UNDP។

យោងតាម​សេចក្តីប្រកាស​រួម​របស់​ស្ថាប័ន​ទាំង3 ខាងលើ​បានដឹងថា ការអភិវឌ្ឍ​វិស័យ​ដំឡូង​មី គឺ​ដើម្បី​ធ្វើឱ្យ​ក្លាយជា​កម្លាំងចលក​រ​ជួយ​ដល់​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា។ ដំឡូង​មី គឺ​ដំណាំ​ជាក​សិ-ឧស្សាហកម្ម​ដែលមាន​សក្តានុពល និង​មានតម្លៃ ដោយសារ​ដំណាំ​នេះ​ងាយស្រួល​ក្នុង​ការដាំដុះ​នៅក្នុង​ដី​មិនសូវមាន​ជីវជាតិ និង​ដាំ​ដុះ​ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល តម្រូវការ​កម្លាំង​ពលកម្ម​តិច និង​មិន​តម្រូវឱ្យមាន​ដើមទុន​ច្រើន​ឡើយ​សម្រាប់​កសិករ​ខ្នាតតូច​នៅ​កម្ពុជា ខណៈដែល​វា​មាន​ផលិតភាព​ខ្ពស់​ដែល​អាចធ្វើឱ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង សម្រាប់​ចំណីអាហារ​មនុស្ស ចំណី​សត្វ រួមជាមួយ​ដំណាំ​ឧស្សាហកម្ម​ច្រើន​ប្រភេទ​ទៀត​ដែលមាន​ដូចជា​ដំណាំ​ពោត​ជាដើម។

ចំពោះ​លទ្ធផល គេ​រំពឹងថា កម្ពុជា​នឹង​បង្កើន​ការរីកចម្រើន​របស់​ក​សិ​ករ​ផលិត​ដំឡូង​មី​ខ្នាតតូច តាមរយៈ​ការបង្កើន​ផលចំណេញ​ឱ្យបាន​ច្រើន​ដោយ​ត​ភ្ជាប់​ទៅជា​ក​សិ-ពាណិជ្ជកម្ម​ទីផ្សារ៕

Advertisement