ទំនិញ​ថៃ​គាំទ្រ​ពី​កម្ពុជា និង​ភ្ញៀវទេសចរ ជំរុញឱ្យមាន​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​នៅ​ខេត្តសៀមរាប

ស្របពេល​ទំនិញ​ថៃ​ដែល​នាំ​ចូលមក​ប្រទេស​កម្ពុជា​ទទួលបាន​គាំទ្រ​ពី​អតិថិជន​ម្ចាស់​ស្រុក​យ៉ាង​ធំធេង និង​ថែមទាំង​មាន​តម្រូវការ​ក្នុង​ទីផ្សារ​ទេសចរណ៍​ផងដែរ​នោះ ស្ថាន​តំណាង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​នៅ​រាជធានី​ភ្នំពេញ បានរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ Mini Thailand Week 2018នៅ​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃទី30 ខែសីហា ដល់​ថ្ងៃទី2 ខែកញ្ញា ឆ្នាំ2018 នៅ​ផ្សារ ផាម​កុងតឺន័រ ជិត​អង្គរ​ឃ្យូ​ង​យូ ចាប់ពី​ម៉ោង10ព្រឹក ដល់​ម៉ោង10យប់ ដែល​នៅក្នុង​ពិព័រណ៍​នេះ​នឹងមាន​ការដាក់​បង្ហាញ ទំនិញ​ថៃ​ច្រើន​ប្រភេទ​ជា​ទំនិញ​មានគុណ​ភាពល្អ និង​ស្វែងរក​តំណាង​ចែកចាយ​នៅ​កម្ពុជា​ផងដែរ។

លោក ជី​រ៉ា​វុ​ឍ សុ​វណ្ណា​អាត តំណាង​អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ថា គោលបំណង​នៃ​ការរៀបចំ​ពិព័រណ៍​នៅពេលនេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់​ថៃ ដែលជា​ផលិត​ផលគុណ​ភាពល្អ តម្លៃ​សមរម្យ និង​ដើម្បី​ជាការ​អរគុណ​ដល់​អតិថិជន​ដែល​គាំទ្រ​ទំនិញ​ថៃ​ឱ្យមាន​ឱកាស​ទិញ​ទំនិញ​ពី​ម្ចាស់​រោងចក្រ​ដោយផ្ទាល់​ក្នុងតម្លៃ​សមរម្យ។

ទំនិញ​ដែល​លក់​ក្នុង​ពិព័រណ៍​នេះ​ភាគច្រើន គឺ​មិនទាន់មាន​លក់​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ គឺជា​ទំនិញ​ថ្មី ដែល​ចេញពី​រោងចក្រ​ដោយផ្ទាល់ និង​មាន​ទំនិញ​តិចតួច​ប៉ុណ្ណោះ​ដែល​កំពុង​លក់​លើ​ទីផ្សារ​កម្ពុជា។

លោក​បន្តថា ម្ចាស់​ទំនិញ​ទាំងអស់​ក្នុង​ពិព័រណ៍​នេះ​ក៏​ចង់​ស្វែងរក​ដៃគូ និង​តំណាង​ចែកចាយ​នៅ​ប្រទេស​កម្ពុជា​ផងដែរ ហើយ​ម្យ៉ាងទៀត​ពួកគេ​ចង់​ផ្សព្វផ្សាយ​ដល់​អតិថិជន​នូវ​ទំនិញថ្មីៗដែលមាន​គុណភាព​ល្អ ហើយ​ទំនិញ​ដែល​មិនមាន​គុណភាព​នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​លក់​លើ​ទីផ្សារ​កម្ពុជា​នោះទេ ដូច្នេះ​ទំនិញ​ថៃ​ដែល​នាំ​ចូលមក​កម្ពុជា​ត្រូវតែ​មានគុណ​ភាពល្អ​ដូចគ្នា​នឹង​ទំនិញ​ដែល​នាំ​ចេញទៅ​បណ្តា​ប្រទេសផ្សេងៗទៀត​ដែរ។

សូមបញ្ជាក់ថា ការរៀបចំ​ពិធី​តាំងពិព័រណ៍​លើក​នេះ មាន​ក្រុមហ៊ុន​ចូលរួម​ទាំងអស់​ចំនួន 68ក្រុមហ៊ុន មាន​ស្តង់​សរុប​ចំនួន 87ស្តង់ ក្នុងនោះ​ក្រុមហ៊ុន​ទាំងនោះ​នឹង​នាំយក​ទំនិញ​ជាច្រើន​ប្រភេទ​មក​ដាក់​បង្ហាញ និង​លក់​ដូចជា ចំណីអាហារ និង​ភេសជ្ជៈ សម្លៀកបំពាក់ និង​គ្រឿង​វាយ​ន​ភណ្ឌ គ្រឿងសម្អាង និង​ទំនិញ​សុខភាព សម្ផស្ស សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ និង​សម្ភារ​ផ្ទះបាយ វត្ថុ​អនុស្សាវរីយ៍ និង​តុបតែង​ផ្ទះ សម្ភារ​ធ្វើ​ពី​ស្បែក និង​ស្បែកជើង សម្ភារ​តុបតែង​ផ្ទះ ទំនិញ OTOP របស់​ប្រទេស​ថៃ និង​ទំនិញផ្សេងៗជាច្រើន​ទៀត៕

Advertisement