កម្ពុជា​ត្រៀម​នាំចូល​អំបិល​ជាង 3ម៉ឺន​តោន​សម្រាប់​ផ្គត់ផ្គង់​ការធ្វើ​ប្រហុក-ផ្អក

ស្រប​ពេលដែល​អំបិល​ខ្មែរ ត្រូវបាន​គេ​មើលឃើញថា​នឹងត្រូវ​អស់ពី​ឃ្លាំង​ស្តុក​នៅត្រឹម​ចុងឆ្នាំ2018នេះ កម្ពុជា​បាន​ត្រៀម​នាំចូល​អំបិល​ពី​បរទេស​ប្រមាណ​ជាង 3ម៉ឺន​តោន ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ ពិសេស​តម្រូវ​ការធ្វើ​ប្រហុក​ផ្អក ដែល​នឹង​ចូលមក​ដល់​នៅ​រដូវ​ទឹកសម្រក​ខាងមុខនេះ។

លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត-កែប មានប្រសាសន៍ថា ដោយសារ​កត្តា​អាកាសធាតុ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​រយៈពេល 2ឆ្នាំ​ចុង​ក្រោយនេះ បានធ្វើឱ្យ​ការផលិត​អំបិល​មានការ​ធ្លាក់ចុះ​ខ្លាំង និង​មិនអាច​ផលិត​បាន​ក្នុង​រយៈពេល2ឆ្នាំ​ជាប់​គ្នា​ចុង​ក្រោយនេះ ដែលជា​ហេតុ​ធ្វើឱ្យ​អំបិល​ក្នុងស្រុក​នឹងត្រូវ​អស់ពី​ឃ្លាំង​ស្តុក​នៅត្រឹម​ខែតុលា ឆ្នាំ2018ខាងមុខនេះ។ នេះ​គឺជាលើក​ទី2 ហើយ ខណៈដែល​កាលពី​ឆ្នាំ2008កន្លងទៅ កសិករ​ជួប​បញ្ហា​អាកាសធាតុ មិនអាច​ផលិត​បាន​ម្តង​រួចមកហើយ។

ដោយសារ​អំបិល​ក្នុងស្រុក​ជិត​អស់ពី​ស្តុក​នេះហើយ ទើប​ធ្វើឱ្យ​សហគមន៍​ស្នើសុំ​ជា​ផ្លូវការ មក​ក្រសួង​ដើម្បី​នាំចូល​អំបិល​ពី​ក្រៅប្រទេស ដោយ​ក្នុងនោះ​កម្ពុជា​នឹង​បញ្ជា​ទិញ​ពី​ប្រទេស​ថៃ​ចំនួន 1ម៉ឺន​តោន​សម្រាប់​ប្រើប្រាស់​ជា​លក្ខណៈ​ឧស្សាហកម្ម និង​ប្រមាណ​ជា2ម៉ឺន​តោន​ផ្សេងទៀត​នឹងត្រូវ​បញ្ជា​ទិញ​ពី​ប្រទេស​ចិន សម្រាប់​ប្រើប្រាស់​លក្ខណៈ​គ្រួសារ ដែល​អំបិល​ទាំង 3ម៉ឺន​តោន​នេះ មានលទ្ធភាព​ផ្គត់ផ្គង់​ការប្រើប្រាស់​រហូតដល់​ខែមករា ឆ្នាំ2019 ដែល​គេ​រំពឹងថា​កសិករ​ខ្មែរ​នឹង​អាច​ផលិត​អំបិល​របស់ខ្លួន​បាន​ឡើងវិញ​បន្ទាប់ពី​អស់​ទឹកភ្លៀង។ លោក​បន្តថា​យ៉ាងណាក៏ដោយ ប្រសិនបើ​អាកាសធាតុ​កម្ពុជា​មិន​អំណោយផល​ល្អ ភ្លៀង​នៅតែ​បន្ត​ធ្លា​ក់ទៀត កសិករ​នឹង​នៅតែ​មិនអាច​ផលិត​បាន​ទៀត​នោះ កម្ពុជា​ក៏​នឹង​នៅតែ​បន្ត​នាំចូល​អំបិល​ពី​បរទេស​បន្ថែមទៀត។

លោក​ថា តម្រូវការ​នៃ​ការប្រើប្រាស់​អំបិល​ច្រើនជាងគេ​នឹង​ចូលមក​ដល់​នៅ​រដូវ​ទឹកសម្រក​ខាងមុខខណៈដែល​ប្រជាពលរដ្ឋ​មាន​តម្រូវការ​ខ្លាំង​សម្រាប់ធ្វើ​ប្រហុក-ផ្អក​ទុក​ទទួលទាន​លក្ខណៈ​គ្រួសារ និង​អាជីវករ​ខ្លះ​ធ្វើ​ប្រហុក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដើម្បី​ស្តុក​ទុក​លក់​វិញ​នៅពេលក្រោយៗទៀត ដែល​នេះ​ជា​កត្តា​ធ្វើឱ្យ​កម្ពុ​ជាមាន​តម្រូវ​ការបញ្ជាទិញ​ពី​បរទេស​ដោយ​ចៀស​មិន​រួច​ឡើយ។

លោក ប៊ុន បារាំង បានបញ្ជាក់​បន្ថែមថា ដោយសារតែ​មិនអាច​ប្រកប​អាជីវកម្ម​អំបិល​នេះ​បាន បច្ចុប្បន្ន​ជីវភាព​របស់​ប្រជាកសិករ​ផលិត​អំបិល​ជួប​ការ-លំបាក​ខ្វះខាត​ក្នុងការ​រស់នៅ​ជាខ្លាំង​ទៅលើ​ការ-ចំណាយ​ប្រចាំថ្ងៃ ការសិក្សា​របស់​កូន ការចំណាយ​ទៅលើ​ពិធី​រៀប​មង្គលការ ពិធី​បុណ្យទានផ្សេងៗជាហេតុ​ធ្វើឱ្យ​គាត់​រត់​មក​ខ្ចីប្រាក់​ពី​សហគមន៍​ជា​បន្តបន្ទាប់ ហើយ​សហគមន៍​ក៏បានផ្តល់​កម្ចី​ទៅតាម​លទ្ធភាព ដោយ​មិន​គិតការ​ប្រាក់​នោះទេ និង​រង់ចាំ​ដល់​ពួកគាត់​ផលិត​អំបិល​បាន ទើប​អាច​សង​ត្រឡប់មកវិញ​បន្តិចម្តងៗនៅពេល​ក្រោយ។

បច្ចុប្បន្ន​អំបិល​ក្នុង1កា​រ៉ុង​មាន​ទម្ងន់ 50គីឡូក្រាម​មានតម្លៃ 17,600រៀល ជា​អំបិល​ដែល​សហគមន៍​លក់​ចេញ​បន្ត​ទៅឱ្យ​អាជីវករ​សម្រាប់​លក់​ប​ន្ត​នៅលើ​ទីផ្សារ ហើយ​គ្រួសារ​ដែលជា​សមាជិក​ស​ហគ​មន៍​ប្រហែល 200ក្រុម ដែលមួយក្រុមៗមាន​គ្នា​ប្រមាណ​ពី5 ទៅ7គ្រួសារ។ តាម​ទិន្នន័យ​របស់​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត-កែប​បានឱ្យដឹងថា កាលពី​ឆ្នាំ2017សហគមន៍​ផលិត​អំបិល​បាន​ចំនួន 3.3ម៉ឺន​តោន និង​ឆ្នាំ2016 បាន​ជាង 10ម៉ឺន​តោន ដែល​រហូតមក​ដល់ពេលនេះ​អំបិល​ក្នុង​ឃ្លាំង​ស្តុក​នៅសល់​ប្រមាណ​ជា 2ម៉ឺន​តោន។

ករណីនេះ​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក អ៊ុំ សុថា បញ្ជាក់​បន្ថែមថា តម្រូវការ​នៃ​ការប្រើប្រាស់​អំបិល​ក្នុងស្រុក​សម្រាប់​ចុងឆ្នាំ​នេះពិតជា​មានការ​ខ្វះខាត​ខ្លាំងមែន ដោយសារតែ​ភ្លៀង​ធ្លាក់​ច្រើន ធ្វើឱ្យ​កសិករ​ផលិត​អំបិល​មិន​ទទួលបាន​ផលព្រោះ​ការផលិត​អំបិល​ត្រូវការ​កម្ដៅថ្ងៃ​ខ្លាំង​ដើម្បី​ស​ម្ងួ​ត​ទឹកសមុទ្រ។ ហើយ​អំបិល​ដែល​ប្រើប្រាស់​លើ​ទីផ្សារ បច្ចុប្បន្ន ជា​អំបិល​ដែល​នៅ​សេសសល់ខ្លះៗនៅក្នុង​ស្តុក​ប៉ុណ្ណោះ។ ដើម្បី​បំពេញបន្ថែម​តម្រូវការ​ប្រើប្រាស់​នេះ កម្ពុជា​ចាំបាច់​ត្រូវ​បញ្ជា​ទិញ​ពី​បរទេស​ជាង 3ម៉ឺន​តោន ពិសេស​អំបិល​ដែលមាន​ជាតិ​អុីយ៉ូត។

តាម​ទិន្នន័យ​ផ្លូវការ​របស់​ក្រសួង​ខាងលើ​បានឱ្យដឹងថា ប្រទេសកម្ពុជា​ទទួលបាន​ចំណូល​ប្រមាណ​ជា 22លាន​ដុល្លារអាមេរិក ពី​ការផលិត​អំបិល​កាលពី​ឆ្នាំមុន៕

Advertisement