ដីនៅតំបន់ស្វាយជ្រុំកំពុងឡើង​ថ្លៃ​ ក្រោយកូរ៉េ​គ្រោង​សាងសង់​ស្ពាន​ជ្រោយចង្វារ-ស្វាយជ្រុំ

ក្នុង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-កូរ៉េ​ឱ្យ​កាន់​តែមាន​ភាពជិតស្និទ្ធ​ឡើង ក្រុម​ប្រតិភូ​កូរ៉េខាងត្បូង​មួយក្រុម តាមរយៈ​អង្គការ Koica ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ចុះមក​សិក្សា​គម្រោង​សាងសង់​ស្ពាន​ជ្រោយចង្វារ-ស្វាយជ្រុំ​ ដើម្បី​ទុកជា​ចំណងដៃ​មិត្តភាព​សម្រាប់​ប្រជាជន​កម្ពុជា និង​ប្រជាជន​កូរ៉េខាងត្បូង។

ឯកឧត្តម វ៉ា ស៊ីម​សូរិយា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មានប្រសាសន៍ថា ប្រទេស​កូរ៉េ​កំពុង​សិក្សា​ពី​ការសាងសង់​ស្ពាន​ត​ភ្ជាប់​តំបន់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ឆ្ពោះទៅកាន់​តំបន់​ស្វាយជ្រុំ ក្នុងស្រុក​ល្វាឯម របស់​ខេត្តកណ្តាល​មុននឹង​សម្រេច​សាងសង់​នាពេលខាងមុខ។លោក​បញ្ជាក់ថា កូរ៉េ​មានបំណង​ចង់​ជួយ​សាងសង់​ស្ពាន​ថ្មី​មួយ​នេះ​សម្រាប់​ទុកជា​ចំណង​ដៃដល់​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ឡើង ខណៈដែល​ប្រទេស​ជប៉ុន និង​ប្រទេស​ចិន បាន​សាងសង់​ស្ពាន​មិត្តភាព​មួយចំនួន​នៅ​កម្ពុជា​រួចមកហើយ តែ​ទោះយ៉ាងណា គេ​ពុំទាន់​ដឹង​ពី​ពេលវេលា​ច្បាស់លាស់​នៅឡើយ​ពី​គម្រោង​នៃ​ការសាងសង់​ស្ពាន​ខាងលើ ដោយសារ​នេះ​ជាការ​សិក្សា​បឋម មុននឹង​ស្នើសុំ​ការឯកភាព​ជា​ផ្លូវការ​ពី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​កម្ពុជា។

កន្លងមក​មន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណការ​បាន​សហកា​រ​ជាមួយ​អ្នកជំនាញ​ចិន និង​ជប៉ុន​ចុះ​សិក្សា និង​វាយតម្លៃ​អំពី​ការចំណាយ​ថវិកា​សម្រាប់​ការសាងសង់​ស្ពាន​មួយ​នេះ​រួចមកហើយ ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​គ្រោង​នឹង​ផ្តល់​ការវិនិយោគ​សាងសង់​ស្ពាន​នេះ​ដល់​ក្រុមហ៊ុន​ឯកជន​ជាការ​វិនិយោគ​បង់ប្រាក់​បែប BOT ប៉ុន្តែ​គម្រោង​នេះ​គេ​មិនបាន​ដឹង​អំពី​ការវិវឌ្ឍ​យ៉ាងណា​នោះឡើយ។

ទើបតែ​មកដល់ពេលនេះ ដោយសារ​ឃើញ​គម្រោង​សាងសង់​ស្ពាន​មួយ​នេះ​នៅ​មិនទាន់​ដំណើរការ គណៈប្រតិភូ​កូរ៉េ​ក៏បាន​ចុះមក​សិក្សា​សាជាថ្មី​ទៀត និង​បាន​ជួបពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​អំពី​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ​នេះ​ឡើង ប៉ុន្តែ​នៅ​មិនទាន់មាន​ព័ត៌មាន​ជាក់លាក់​អំពី​ថវិកា ការចាប់ផ្តើម​សាងសង់ ឬ​រយៈពេល​នៃ​ការសាងសង់​នៅឡើយ​ទេ តែ​យ៉ាងណា​លោក​បាន​បញ្ជាក់ថា បើសិន​ភាគី​កូរ៉េ​ស្នើសុំ​សាងសង់​ស្ពាន​នេះ យើង​រីករាយទទួលយក ប៉ុន្តែ​ក៏​មិនទាន់​ដឹង​ដែរ​ថា ការសាងសង់​មួយ​នេះ​ជា​ជំនួយឥតសំណង ឬ​មាន​សំណង​នោះឡើយ។

គួរ​បញ្ជាក់ផងដែរថា ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ការដឹកជញ្ជូន​ទំនិញផ្សេងៗនោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​ចុះ​សិក្សា​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​ពី​ភ្នំពេញ​ទៅ​អរិយ​ក្សត្រ និង​ភ្នំពេញក្តី​តា​កុយ​ផងដែរ ប៉ុន្តែ​ទោះជា​ដូច្នេះ​ក្ដី គេ​មិន​នៅ​មិនទាន់​ដឹង​ពី​ពេលវេលា​ជាក់លាក់​អំពី​ការចាប់ផ្តើម​សាងសង់​ស្ពាន​ទាំង 3ខ្សែ​ខាងលើនេះ​នៅឡើយ​ទេ ខណៈដែល​ពេលកន្លងមក​ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​ពី​ការស្វែងរក​ហិរញ្ញប្បទាន​ពី​បរទេស ដើម្បី​យកមក​សាងសង់​ស្ពាន​នេះ​នាពេលខាងមុខ។

អ្នកជំនាញ​និយាយថា នៅពេល​ទទួលបាន​ព័ត៌មាន​ខាងលើ ធ្វើឱ្យ​តម្លៃ​ដី​នៅក្នុង​ស្រុក​ល្វាឯម​កាន់​តែមាន​សម្ទុះ​ឡើង​នៅ​រយៈពេល​ចុងក្រោយ​នេះ ដោយសារតែ​ការភ្ជាប់​ទីក្រុង​ភ្នំពេញ​ទៅកាន់​តំបន់​ត្រើយម្ខាង​នេះ​បានធ្វើឱ្យ​តំបន់ស្វាយជ្រុំ ឬ​តំបន់​អរិយ​ក្សត្រ​កាន់តែ​ខិត​មក​ជិត​ទីក្រុង​ភ្នំពេញដែល​ធ្វើឱ្យ​ងាយស្រួល​ដល់​ការធ្វើដំណើរ​មក​បំពេញ​ការងារ និង​ប្រកប​របរ​រកស៊ី​របស់​ប្រជាជន ដោយ​មិនចាំបាច់​ចំណាយលុយ​ច្រើន និង​ចំណាយ​ពេលវេលា​យូរ​ក្នុងការ​ឆ្លងកាត់​តាម​ស្រឡាង​ដូច​ពេលបច្ចុប្បន្ន​នេះឡើយ។

លោក គង់ ដា​រា អ្នកជំនាញ​អចលនទ្រព្យ​មានប្រសាសន៍ថា ស្រប​ពេលដែល​គម្រោង​ស្ពាន ឆ្លងកាត់​ទន្លេ​ខាងលើ​ត្រៀម​នឹង​សាងសង់​នេះ ធ្វើឱ្យ​ស្ថានភាពដីធ្លី​នៅ​ទីនោះ កាន់តែ​ឡើងថ្លៃ​ឡើង​ស្រឺតៗ ហើយ​នៅពេល​ស្ពាន​សាងសង់​រួច ដី​នៅ​តំបន់​នោះ​នឹងមាន​តម្លៃ​មិន​ចាញ់​តំបន់​ជ្រោយចង្វារ​ឡើយ ដោយសារ​មាន​ទីតាំងនៅ​ជិត​រាជធានី​ភ្នំពេញ ហើយ​មាន​បរិស្ថាន​រស់នៅ​ល្អ សម្បូរ​ទៅដោយ​តំបន់​លម្ហែកាយ​ច្រើន ជាពិសេស​មិនសូវមាន​រោងចក្រ​ឧស្សាហកម្ម​នោះទេ៕

Advertisement