ក្រសួងកសិកម្ម​កំពុង​ចាត់​វិធានការ​ថ្មី​​លើ​វីរុស​បំផ្លាញ​ដំឡូង​មី

កាលពីពេលថ្មីៗនេះ​អ្នកជំនាញ​កសិកម្ម បាន​បង្ហាញថា មេរោគ​វីរុស​ម្យ៉ាង​ដែលមាន​ឈ្មោះថា​ Cassava mosaic virus កំពុង​រាតត្បាត​លើ​ដំណាំ​ដំឡូង​មី​នៅក្នុង​ខេត្ត​ចំនួន 5 នៅក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ។

ឯកឧត្តម ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​មានប្រសាសន៍ថា វីរុស​បំផ្លាញ​ដំណាំ​ដំឡូង​មី Cassava mosaic virus នេះ​ត្រូវបាន​រកឃើញថា បាន​រាតត្បាត​ជា​លើកដំបូង​នៅ​ខេត្តរតនគិរី​ក្នុង​ឆ្នាំ2015។ បានន័យថា វីរុស​នេះ​បាន​ឆ្លង​ចូលមក​ខណៈពេលដែល​ក​ម្ពុ​ជា​បាន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ដំឡូង​មី ដោយសារ​ថា ពីមុនៗមក​យើង​មិនមាន​ការដាំ​ច្រើន​ដូច្នេះ​ទេ តែ​ឥឡូវនេះ​យើង​ធ្វើជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ដាំ​យក​ធ្វើជា​វត្ថុធាតុដើម​សម្រាប់​វិស័យ​ឧ​ស្សហកម្ម។

ឯកឧត្តម ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​

ដូច្នេះ​វីរុស Cassava mosaic នេះ​ឆ្លងតាម​ការនាំ​ចូល​ដើម​ពូជ​ដំឡូង​មី​មកពី​ប្រទេសជិតខាង​ដែល​តាម​ការស្រាវជ្រាវ គឺ​វា​កើត​មាននៅ​ប្រទេស​អាហ្វ្រិក។ ចំណុច​ខ្វះខាត​ដែល​បណ្ដាលឱ្យមាន​ការឆ្លង​រាលដាល​នេះ គឺ​មកពី​សមត្ថកិច្ច​គយ​នៅតាម​ច្រកព្រំដែន​លោក​មិនមាន​ជំនាញ និង​មិន​ស្គាល់​ពី​មេរោគ​ចង្រៃ​នោះ ទើប​ធ្វើឱ្យ​ការទប់ស្កាត់​មិនមាន​ប្រសិទ្ធភាព។ បច្ចុប្បន្ន​វីរុស​ចង្រៃ​នេះ​បាន​រីក​រាលដាល​ដល់​ខេត្ត​ចំនួន5 មាន​ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ និង​កំពង់ធំ។ តែ​យ៉ាងណាក្ដី រហូតមកទល់​ពេលនេះ ការឆ្លង​រាលដាល​មិនទាន់មាន​សញ្ញា​ណាមួយ​បង្ហាញថា វា​បាន​ទៅដល់​ខេត្ត​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​យើង​នៅឡើយ​ទេ។

ចំពោះ​វិធានការ​របស់​ក្រសួងកសិកម្ម​វិញ ពីដំបូងក៏​មិនសូវមាន​ប្រសិទ្ធភាព​ប៉ុន្មាន​ដែរ ដោយសារ​ទី1 វីរុស​នេះ​វា​ឆ្លងតាម​ដើម​ពូជ(ដើម​នៃ​ចម្ការមួយ​យកទៅ​ធ្វើ​ពូជ​នៅ​ចម្ការ​មួយទៀត)ធ្វើឱ្យ​រាលដាល​បន្ត។ ទី2 វា​បាន​ឆ្លងតាម​សត្វល្អិត​ម្យ៉ាង​ឈ្មោះថា greenhouse whiteflies ជា​ភ្នាក់ងារ​ចម្លង ធ្វើឱ្យ​វីរុស​នេះ​ឆ្លង​រាលដាល​បាន​យ៉ាង​ឆាប់រហ័ស។ វីរុស​នេះ​បាន​បង្ក​ឱ្យ​ដើម​ដំឡូង​មាន​ស្លឹកតូចៗ និង​មើលឃើញ​ដូច​ជាស​សៃ​រឹងដុំ។ ផ្អែក​តាម​ឯកសារ​បរទេស Cassava mosaic virus មានន័យថា មេរោគ​វីរុស​មាន​ពណ៌​លឿង​ពព្លាក់ និង​អាច​សម្លាប់​រុក្ខជាតិ​បាន។

ឯកឧត្តម ហ៊ាន វណ្ណ​ហន បាន​ថ្លែងថា៖“ក្រសួង​បានចេញ​សេចក្តីថ្លែងការណ៍ អំពី​ការ​រាតត្បាត និង​ការបង្គាប់​ថ្មី​មួយ​ដែល​ហាមឃាត់​ការផ្លាស់ប្តូរ​គ្រាប់ និង​ដើម​ពូជ​នៅតាម​បណ្តា​ខេត្ត​នានា​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ។ ក្រសួង​បាន​ចាត់វិធានការ​ដោយបាន​ធ្វើការ​ហាមឃាត់​កសិករ​មិនឱ្យ​ផ្លាស់ប្តូរ​គ្រាប់ពូជ ឬ​ដឹកជញ្ជូន​ដើម​ពូជ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ដែល​ធ្វើឱ្យ​ខេត្ត​ផ្សេងទៀត​រង​ផលប៉ះពាល់ និង​ដើម្បី​ចៀសវាង​ពី​ការចម្លង​មេរោគ”។

ឯកឧត្តម​បញ្ជាក់ថា ប៉ុន្តែ​តាម​ការមើលឃើញ​ការដឹកជញ្ជូន​ទៅមក​នៅតែមាន បើ​យើង​នាំ​កម្លាំង​ទប់ស្កាត់​អាច​នាំឱ្យមាន​បញ្ហា​វែងឆ្ងាយ​ពិបាក​ដោះស្រាយ។ ប៉ុន្តែ​យើង​ក៏​មិន​ព្រងើយកន្តើយ​ដែរ ក្រសួងកសិកម្ម​កំពុងតែ​ស្នើសុំ​ថវិកា​ពី​រដ្ឋាភិបាល​ដើម្បី​អន្តរាគមន៍ និង​កម្ទេចចោល​នូវ​ដើម​ដំឡូង​មីណា​ដែល​កំពុងមាន​ជំងឺ​ដើម្បី​សម្លាប់​មេរោគ​វីរុស​ដែលមាន​ក្នុង​ចម្ការ និង​ដាក់​ដាំ​ជំនួស​វិញ​ដោយ​ដើម​ពូជ​ដែល​គ្មាន​វីរុស។ ក្រសួង​ក៏​សង្ឃឹមថា កសិករ និង​ម្ចាស់​ក្រុមហ៊ុន​នឹង​សហការ​ក្នុង​កិច្ចការ​នេះ​ដើម្បី​កម្ទេច​វីរុស​នៅក្នុង​ចម្ការ​របស់​ពួកគេ និង​យល់ព្រម​ទទួលយក​ការ​ប៉ះប៉ូវ​ដើម​ដំឡូង​ថ្មី​ដែល​គ្មាន​ជំងឺ​ទៅ​ដាំ​ដុះ​ឡើងវិញ។ ដូច្នេះ​ការងារ​នេះ ទាល់តែ​រួមគ្នា​ទើប​យើង​អាច​ទប់ស្កាត់ និង​សម្លាប់​វីរុស​នេះ​បាន។

លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice ដែល​បច្ចុប្បន្ន​បាន​ចុះកិច្ចសន្យា​ក្នុង​ការធ្វើ​កសិកម្ម​ជាមួយ​សហគមន៍​នៅ​ខេត្តក្រចេះ និង​កំពង់ធំ​បាន​និយាយថា ពួកគេ​បានដាក់​ចេញ​នូវ​វិធានការ​នានា​ដើម្បី​ការពារ​ការចម្លង​រោគ​នេះ ហើយ​នៅពេល​យើង​គោរព​តាម​បទបញ្ជា​ទាំងអស់​សម្រាប់​ការដាំដុះ​ដំឡូង​មី យើង​នឹង​មិនមាន​ជួប​បញ្ហា​អ្វី​ទេ។

លោក​បាន​និយាយ​ថែម​ទៀតថា លោក​មាន​សហគមន៍​ដាំដំឡូង​មី​ចំនួន 10 ក្នុងនោះ​មាន 650គ្រួសារ​ដែល​បាន​ដាំ​ដុះ​នៅលើ​ផ្ទៃដី 1,700ហិកតា ដែល​តាមការសិក្សា យើង​រំពឹងថា​នឹង​ទទួលបាន​ផល5,000តោន។ ពូជ​ដែល​ដាំ​នេះ​មាន​ភាព​ធន់​នឹង​ជំងឺ និង​បើ​ទទួលបាន​ជោគជ័យ យើង​នឹង​បន្ត​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្តទៀត ព្រោះនេះ​ជា​ប្រភេទ​ការដាំ​ដំឡូង​សរីរាង្គ។

យោងតាម​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ (UNDP) នៅ​កម្ពុជា បច្ចុប្បន្ន​ដំឡូង​មី​គឺជា​ដំណាំ​តំបន់​ខ្ពង់រាប​ដែល​សំខាន់បំផុត​នៅក្នុង​ប្រទេស។ ផលិតកម្ម​របស់​វា​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ដោយសារតែ​ការកើនឡើង​នៃ​តម្រូវការ​ផលិតផល​ពី​ដំឡូង​មី។

ក្រសួងកសិកម្ម​បាន​ព្រមាន​ថា ប្រសិនបើ​វីរុស​រីក​រាលដាល វា​នឹង​នាំឱ្យ​មានការ​ចម្លងរោគ​ច្រើន​នូវ​អ្វីដែល​គេ​ហៅថា វីរុស​ដំឡូង​មី ហើយនឹង​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​ផលិតកម្ម និង​ការនាំចេញ​ដំឡូង​មី​ដែលជា​ដំណាំ​ដ៏​មាន​សក្តានុពល​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ ហើយ​វា​នឹង​កាត់បន្ថយ​ការនាំចេញ​រហូតដល់ 80%ឯណោះ។ នៅក្នុង​ប្រទេស​កម្ពុជាដំណាំ​ដំឡូង​មី​ត្រូវបាន​ដាំ​ដុះ​នៅក្នុង​ខេត្ត​ចំនួន13 មាន​ផ្ទៃដី​ដាំ​ដុះ​ជាង 570,000 ហិកតា និង​មាន​ទិន្នផល​ប្រមាណ​ជាង 13លាន​តោន​ក្នុង​មួយឆ្នាំ។

យោងតាម​តួលេខ​របស់​ក្រសួងកសិកម្ម​បានឱ្យដឹង​ថា ដំឡូង​មី​ចំនួន 13,2 លាន​តោន​ត្រូវបាន​ផលិត​នៅ​ឆ្នាំ2016 ដោយ 58 % នៃ​ចំនួន​នេះ​ត្រូវបាន​នាំចេញ​ទៅ​បរទេស។ ឆ្នាំ2017 ទិន្នផល​សរុប​របស់​ដំឡូង​មី​មាន​ចំនួន​ប្រមាណ​ជិត 15 លាន​តោន៕

Advertisement