រដ្ឋបាលខេត្ត Guangxi Zhaung របស់​ចិន​គ្រោង​ពង្រីក​ពាណិជ្ជកម្ម​បន្ថែម​ជាមួយ​កម្ពុជា

គណៈប្រតិភូ​នៃ​តំបន់​ស្វយ័ត​នៅ​ខេត្ត Guangxi Zhaung ប្រទេស​ចិន ដឹកនាំ​ដោយ ឯកឧត្តម Ding Xiangqun អនុប្រធាន​នៃ​រដ្ឋាភិបាល​របស់​តំបន់​ស្វយ័ត​នៃ​ខេត្ត Guangxi Zhaungបាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី27 ដល់​ថ្ងៃទី30 ខែសីហា ឆ្នាំ2018។ ការបំពេញ​ទស្សនកិច្ច​ក្នុងពេល​កន្លងមកនេះ ក្នុង​គោលបំណង​លើកកម្ពស់​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​កម្ពុជា និង​ខេត្ត Guangxi Zhaung នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ក្នុងជំនួប​ជាមួយ​ប្រតិភូ​ចិន ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បានបង្ហាញ​ពី​ស្ថានភាព​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា និង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2។ នៅ​ប្រទេស​កម្ពុជា​វិនិយោគិន​ចិន​ជាច្រើន​បានមក​វិនិយោគ​លើ​វិស័យសំខាន់ៗមួយចំនួន​ដូចជា វិស័យ​កាត់ដេរ សំណង់ កសិកម្ម ក៏ដូចជា​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​សព្វថ្ងៃ​មាន​ធនាគារ​ចិន​ចំនួន2 កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា គឺ​ធនាគារ អាយ ស៊ី ប៊ី ស៊ី និង​ធនាគារ​ចិន​សាខា​ភ្នំពេញ។

ឯកឧត្តម Ding Xiangqun អនុប្រធាន​នៃ​រដ្ឋាភិបាល​របស់​តំបន់​ស្វយ័ត​នៃ​ខេត្ត Guangxi Zhaung ក៏បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​គួរឱ្យកត់សម្គាល់។ ការវិនិយោគ​របស់​វិនិយោគិន​ចិន​នៅ​ប្រទេស​កម្ពុជា ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​ផងដែរ​ទាំង​ទំហំ និង​ប្រតិបត្តិការ។ បើ​គិត​ត្រឹម​ឆ្នាំ2017 ការនាំ​ចេញពី​ខេត្ត GuangXiZhaung មក​កម្ពុជា មាន​ប្រមាណ 69,3លាន​ដុល្លារ​អាមេរិក ហើយ​មាន​សហគ្រាសធំៗចំនួន28 បានមក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ 1ប៊ី​លាន​ដុល្លារ​អាមេរិក។

រីឯ​ប្រតិបត្តិការ​ឆ្លងដែន​រវាង​ប្រាក់រៀល និង​ប្រាក់​យន់​ក៏មាន​ការអភិវឌ្ឍ​រីកចម្រើន​ផងដែរ បន្ទាប់ពី​បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ដោះដូរ​រវាង​ប្រាក់រៀល និង​ប្រាក់​យន់​ក្នុង​ទីផ្សារ​អន្តរ​ធនាគារ​នៅ​តំបន់​ស្វយ័ត Guangxi Zhaung ប្រទេស​ចិន​កាលពី​ខែកញ្ញា ឆ្នាំ2017កន្លងមក។ ដោយសារ​ខេត្ត GuangXiZhaung ជា​ចំណុចកណ្តាល​សម្រាប់​ត​ភ្ជាប់​រវាង​ប្រទេស​ចិន និង​ប្រទេស​តំបន់​អាស៊ាន រដ្ឋបាល​តំបន់​ស្វយ័ត​នៃ​ខេត្ត​នេះ​បាន និង​កំពុង​ដើរតួនាទី​ស្នូល​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ចិន និង​តំបន់​អាស៊ាន។

នៅក្នុង​ជំនួប​នេះ ឯកឧត្តម Ding Xiangqun បាន​សំណូមពរ​បន្ត​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរឡើង​ស្របតាម​យុទ្ធសាស្ត្រ ខ្សែក្រវាត់​មួយ-ផ្លូវ​មួយ៕

Advertisement