រាជបណ្ឌិត្យសភា និង​អ្នកជំនួញ​ចិន​បង្កើត​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​សម្រាប់​ទំនិញ​ក្នុងស្រុក

រាជបណ្ឌិត្យសភាកម្ពុជា RAC (Royal Academy of Cambodia) បាន​ចាប់​ដៃគូ​ជាមួយ​អ្នកជំនួញ​ផ្នែក​ពាណិជ្ជកម្ម​អេឡិចត្រូនិក​មកពី​យូ​ណាន​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​ដើម្បី​បង្កើន​ការលក់​ផលិតផល​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​លើ​ផលិតផល​កសិកម្ម​កម្ពុ​ជា។ នេះ​បើតាម​ការឱ្យ​ដឹង​តាមរយៈ​ពី​ធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង MoU មួយ​កាលពីពេលថ្មីៗនេះ។

នៅក្នុង​កិច្ចប្រជុំ​ជាមួយ​លោក Yimin Yu មកពី​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​តំបន់​យូ​ណាន ទីក្រុង​គុន​មីង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បណ្ឌិត​សភាចា​រ្យ សុខ ទូច​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា RAC បាន​យល់ព្រម​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​ទីផ្សារ​អន​ឡាញ​សម្រាប់​ទំនិញ​កសិកម្ម​ក​ម្ពុ​ជា​ក្នុងចំណោម​គម្រោង​ដទៃទៀត ហើយ​ក៏បាន​ព្រមព្រៀង​សហការគ្នា​ដើម្បី​ប្រមូល​ទិន្នន័យ​ស្តីពី​ទំនិញ​កសិកម្ម​កម្ពុជា និង​បង្កើត​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ជា​ភាសា​ខ្មែរ និង​ចិន​ដើម្បី​ជំរុញ​ការទិញ​ទំនិញ​តាម​អ៊ី​ន​ធើ​ណិ​ត​ដោយផ្ទាល់។

នៅក្នុង​ជំនួប​នេះ ភាគី​ទាំង2 ក៏បាន​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការនាំ​ផលិតផល​កសិកម្ម​ពី​ទីជនបទ​របស់​ប្រទេស​កម្ពុជា​ទៅ​លក់​នៅក្នុង​ប្រទេស​ចិន ហើយ​រំពឹងថា​ស្ថាប័ន​ទាំង2 អាចបំពេញ​ការងារ​ជាមួយគ្នា​ក្រោយពី​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ​រួច។ កិច្ចសហប្រតិបត្តិការ​នេះ​ក៏​គ្រោង​នឹង​បង្កើត​ប្រព័ន្ធ​ផ្ទុក​ព័ត៌មាន​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុ​ជា ហើយនឹង​សាងសង់​ឃ្លាំង​នៅក្នុង​កំពង់ផែ​ក្រុងព្រះសីហនុ និង​ទីតាំងផ្សេងៗទៀត។

គោលបំណង​នៃ​ជំនួប​រវាង​ស្ថាប័ន​ទាំង2 គឺ៖

– កិច្ចសហប្រតិបត្តិការ​លើ​ទម្រង់​នៃ​គម្រោង​ជំនួយ​នៃ​ថវិកា​សហប្រតិបត្តិការ​សម្រាប់​ប្រទេស LDC ៖ ផ្តោតលើ​ការផលិត​ដែល​ធានា​គុណភាព​ដោយ​ពឹងផ្អែក​ទម្រង់​ពាណិជ្ជកម្ម​ក្នុង​ទីជនបទ​របស់​ប្រទេស​កម្ពុជា

– កិច្ចសហប្រតិបត្តិការ​លើ​ការសិក្សា​ស្រាវជ្រាវ​ពាណិជ្ជកម្ម​ការបោះពុម្ព និង​បង្កើន​ការគាំទ្រ​ចំពោះ​កម្មវិធី​បណ្តុះបណ្តាល និង​ការផ្លាស់ប្តូរ​អ្នកសិក្សា​ស្រាវជ្រាវ។

ឯកឧត្តម ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​គាំទ្រ​គម្រោង​នេះ។ លោក​បាន​មានប្រសាសន៍ថា ដោយសារ​កិច្ចសហការ​នេះ វា​នឹង​ជំរុញ​ការធានា​គុណភាព​សម្រាប់​ផលិតផល​កសិកម្ម​ចម្បង​របស់​កម្ពុជា។ «ខ្ញុំ​គិតថា ភាពជា​ដៃគូ​នឹងមាន​ប្រសិទ្ធភាព​ក្នុងការ​លើកកម្ពស់​ការ​លក់​ផលិតផល​របស់​យើង​នៅ​បរទេស»។

ក្នុង​រយៈពេល 5 ឆ្នាំ​ចុង​ក្រោយនេះ​ការវិនិយោគ​របស់​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើន​លើស 21ពាន់​លាន​ដុល្លារ ដោយ​ប្រទេស​ចិន​បាន​កសាង​ផ្លូវ​ជិត 3,000គីឡូម៉ែត្រ និង​ស្ពាន7 នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ2018 ការវិនិយោគ​របស់​ចិន​ស្មើនឹង​ជាង 5ពាន់​លាន​ដុល្លារ៕

Advertisement