ការបន្ថែម​ជើងហោះហើរ​ចិន​មក​កម្ពុជា​នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​កាន់តែ​ប្រសើរឡើង

ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ក៏ដូចជា​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​ដែរនោះ កម្ពុជា​បានអនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ថ្មី​មួយទៀត​ធ្វើការ​ហោះហើរ​ត្រង់​ទៅ-មកពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន មកកាន់​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​នៅ​ដើមខែ​វិច្ឆិកា ចុងឆ្នាំ2018 ខាងមុខនេះ។

ប្រតិភូ​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (Air China) បានឱ្យដឹងថា ក្រុមហ៊ុន​អាកាសចរណ៍ Air China នឹងធ្វើ​ការហោះហើរ​ត្រង់​ផ្ទាល់​ពី​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន​មកកាន់​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ជា​គោលនយោបាយ​ពង្រឹង​ការលើកកម្ពស់​ការតភ្ជាប់​ការហោះហើរ​ដើម្បី​ឆ្លើយតប​ទៅនឹង​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ និង​ដើម្បី​ផ្តល់​ភាពងាយស្រួល​កាន់តែប្រសើរ​ឡើងដល់​ភ្ញៀវទេសចរ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ពាណិជ្ជក​ម្ម​របស់​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ឡើង​ថែមទៀត។

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​មានប្រសាសន៍ថា ក្នុងនាម​ថ្នាក់ដឹកនាំ​របស់​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល ឯកឧត្តម​ថ្លែង​គាំទ្រ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ថា អាកាសចរ​ស៊ីវិល​កម្ពុជា​នឹង​ជួយ​សម្រួល​បែបបទ និង​បច្ចេកទេស​នានា ធ្វើយ៉ាងណា​ឱ្យមាន​ការហោះហើរ​ត្រង់​មក​តាម​ពេលវេលា​ដែល​បានគ្រោង​ទុក គឺ​ការហោះហើរ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2018 ដោយ​ប្រើ​យន្តហោះ​ប្រភេទ Airbus 320 ហោះហើរ 3ជើង​ក្នុង​មួយ​សប្តាហ៍។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ ជួបជាមួយអ្នកតំណាងក្រុមហ៊ុន Air China

ឯកឧត្តម​បាន​បញ្ជាក់ថា តាមរយៈ​ការហោះហើរ​ត្រង់​រវាង​រដ្ឋធានី​ប៉េកាំង និង​រាជធានី​ភ្នំពេញ​នេះ នឹង​ជំរុញ​នូវ​ចំណងមិត្តភាព​ប្រទេស​ទាំង2 ឱ្យ​កាន់តែ​ជិតស្និទ្ធ កំណើន​អ្នកដំណើរ​តាម​ផ្លូវអាកាស​កាន់តែច្រើន​ឡើង និង​មានការ​ផ្លាស់ប្តូ​រពា​ណិ​ជ្ចក​ម្មរ​វាង​ប្រទេសទាំង2កាន់តែ​ល្អប្រសើរ​ឡើង​មួយកម្រិត​ទៀត។

ឯកឧត្តម ស៊ិន ចាន់​សេរី​វុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​មានប្រសាសន៍ថា កម្ពុជា​មិនមាន​ច្បាប់ ឬ​គោលនយោបាយ​ហាមឃាត់​ប្រទេស​ណាមួយ មិនឱ្យ​ហោះហើរ​ត្រង់​ទៅ-មក​នោះទេ គឺ​អាស្រ័យទៅលើ​កិច្ចព្រមព្រៀង​សេវាកម្ម​រវាង​ប្រទេស​ទាំង2 ពិសេស​តម្រូវការ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។

លោក​មានប្រសាសន៍ថា មកទល់​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន11 ហើយ ដែល​ហោះហើរ​ត្រង់​ទៅ-មកជា​មួយ​ប្រទេស​កម្ពុជា ខណៈ​កម្ពុ​ជាមាន​ជើងហោះហើរ​របស់​ក្រុមហ៊ុន​តែ4 ប៉ុណ្ណោះ​ដែល​ហោះ​ត្រង់​ទៅកាន់​ប្រទេស​ចិន។ កត្តា​ដែល​កម្ពុ​ជាមាន​ជើងហោះហើរ​តិចជាង​ចិន​នេះ ដោយសារតែ​កម្ពុ​ជាមាន​ទីផ្សារ​បើកចំហ ប្រសិនបើ​ក្រុមហ៊ុន​បរទេស​ចង់​ហោះ​ត្រង់​មក​កម្ពុជា យើង​មាន​ឯកសារ និង​បំពេញ​គ្រប់​លក្ខខណ្ឌ​តាម​តម្រូវការ​ច្បាប់​របស់​កម្ពុជា ហើយ​នៅមាន​ទីកន្លែង​ទំនេរ ដែល​អាច​ហោះហើរ​ត្រង់​ទៅ-មក​តែម្តង ចំណែកឯ​ភាគី​ចិន​វិញ គេ​មាន​ភាព​តឹងរ៉ឹង ដោយ​តម្រូវឱ្យ​ចំពោះតែ​ក្រុមហ៊ុន​អាកាសចរណ៍​ណា​ដែលមាន​ភាពចាស់ទុំ មានន័យថា ធ្លាប់​ហោះហើរ​លើសពី1,000ជើង​ឡើងទៅ ទើប​អាច​ស្នើសុំ​ការហោះ​ត្រង់​ទៅកាន់​ប្រទេស​ចិន​បាន តែ​បើសិនជា​ព្រលានយន្តហោះ​នោះ មិនមាន​ទីកន្លែង​ទំនេរ ក៏​មិនអាច​ហោះ​ត្រង់​ទៅបាន​ដែរ។

គួរ​បញ្ជាក់ថា មកទល់​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ចំនួន 42ក្រុមហ៊ុន​ហើយ​ដែល​ហោះហើរ​ត្រង់​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ការបើក​ដំណើរការ​ហោះហើរ​កាន់តែ​ច្រើន​នេះ នឹង​ធ្វើឱ្យ​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវអាកាស​នេះ​កាន់តែ​ប្រសើរឡើង និង​បំពេញបាន​តាម​តម្រូវការ​អតិថិជន ឯ​អតិថិជន​ក៏មាន​ជម្រើស​ច្រើន​ក្នុងការសម្រេចចិត្ត​ប្រើប្រាស់​សេវាកម្ម​ហោះហើរ​ក្រុមហ៊ុន​ណាមួយ​ផងដែរ។

យន្តហោះរបស់ក្រុមហ៊ុន Air China

ការស្នើសុំ​ហោះហើរ​ត្រង់​មកកាន់​កម្ពុជា របស់​ក្រុមហ៊ុន Air China នេះ​ធ្វើឡើង​នៅពេលដែល​គេ​មើលឃើញថា ភ្ញៀវទេសចរ​ចិន​បានធ្វើ​ដំណើរ​មកកាន់​ក​ម្ពុ​ជាមាន​ចំនួន​កាន់តែច្រើនឡើងៗនៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជា​ចំនួន​មួយ​ដែល​នាំមុខគេ​ក្នុងចំណោម​ភ្ញៀវទេសចរ​ដទៃទៀត​ដែល​បានមក​ទស្សនា​ប្រទេស​កម្ពុជា។ តាមរយៈ​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​បង្ហាញថានៅ​ឆមាស​ទី1 ឆ្នាំ2018នេះ ភ្ញៀវទេសចរ​ចិន​ដែល​មក​ទស្សនា​កម្ពុ​ជាមាន​ចំនួន 93ម៉ឺន​នាក់ ស្មើនឹង31ភាគរយ​នៃ​ភ្ញៀវទេសចរ​សរុប​ខណៈដែល​ភ្ញៀវ​វៀតណាម​ឈរ​លំដាប់ថ្នាក់​លេខ2។

ចំណែក​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ចិន កាលពី​ឆ្នាំ2017កន្លងទៅ សម្រេចបាន​មាន​ប្រមាណ 5,800លាន​ដុល្លារ​អាមេរិក គឺ​កើនឡើង21.8% បើ​ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ត្រឹមតែ 4,760លាន​ដុល្លារ ហើយ​ភាគី​ទាំង2 បាន​ប្តេជ្ញា​បង្កើន​ពាណិជ្ជកម្ម​ដល់6ពាន់​លាន​ដុល្លារ នៅត្រឹម​ឆ្នាំ2020៕

Advertisement