លោកឧកញ៉ា ចេង ខេង បង្ហាញពីយុទ្ធសាស្រ្ត​ធ្វើការជាមួយធនាគារឱ្យជោគជ័យ

ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​កម្ពុជា ស៊ី​ភី​អិ​ល (CPL) បាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​ជា​ដៃគូ​សហប្រតិបត្តិការ​ដោយមាន​លោក​ឧកញ៉ា ចេង ខេង ជា​អគ្គនាយក និង​លោក Ha Trong Khiem អគ្គនាយករង MB Bank ជា​តំណាង​ហត្ថលេខី​នៃ​ភាគី​ទាំង2 ដែល​កិច្ចព្រមព្រៀង​នេះ​នឹង​បង្កើន​ការលក់​សេវា​អចលនទ្រព្យ​របស់ អេ​ម​ប៊ី តាមរយៈ​ស៊ី​ភី​អិ​ល ក្រោយពី​បានធ្វើ​កិច្ចការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​ជាច្រើន​ឆ្នាំកន្លងមក។

ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​កម្ពុជា ស៊ី​ភី​អិ​ល CPLបាន​មានប្រសាសន៍ថា នេះ​ជាការ​ចុះហត្ថលេខា​រវាង​ស៊ី​ភី​អិ​ល (CPL) ជាមួយ​ធនាគារ​អេ​ម​ប៊ី​ជា​លក្ខណៈ​ដៃគូ​មួយ​បានន័យថា គាត់​ប្រើ​សេវាកម្ម​ផ្តាច់មុខ​ជាមួយ​ស៊ី​ភី​អិ​ល​លើ“សេវាកម្ម​វាយតម្លៃ” ព្រោះ​ស៊ី​ភី​អិ​លអាច​ផ្តល់​សេវា​ដែល​គាត់​ចង់បាន ដែល​គាត់​ពេញចិត្ត លឿន​ទាន់​ចិត្ត​ដែល​យើង​ព្យាយាម​ធ្វើ​កិច្ចការងារ​នេះ​ទាំងថ្ងៃទាំងយប់ និងបានសម្រេច​ផល​ក្នុង​មោទនភាព។

លោក Trinh DucCuong នាយក​ប្រតិបត្តិ​របស់​ធនាគារ MB បាន​មានប្រសាសន៍ថា ការលើកកម្ពស់​អភិវឌ្ឍន៍​លើ​ការវាយតម្លៃ​អចលនទ្រព្យ គឺជា​មធ្យោបាយ​ជំរុញឱ្យមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ភាគី​ទាំង2។ ភាពជា​ដៃគូ​របស់​យើង​ត្រូវបាន​ពង្រីក​ដល់​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​គុណសម្បត្តិ​ក្នុង​គោលបំណង​បង្កើន​ការប្រកួតប្រជែង។

លោក​ឧកញ៉ា ចេង ខេង បាន​បន្ថែមថា ជា​កិត្តិយស​របស់ CPLដែល MB បានជ្រើសរើស​ធ្វើជា​ដៃគូ​ក្នុង​ការធ្វើ​ជំនួញ​ជាមួយគ្នា។ ក្នុងនាម​ជា​អគ្គនាយក ខ្ញុំ​ប្តេជ្ញាចិត្ត​ថា​នឹង​បម្រើសេវា​កម្ម​ឱ្យ​ល្អ​តាម​ដែល​អាច​ធ្វើបាន តាម​តម្លៃ​ការងារ​របស់​យើង​ជូន​ដល់​អតិថិជន​មុននឹង​ទទួលបាន​អត្ថប្រយោជន៍​ផ្ទាល់ខ្លួន។ លោក​ថា “នេះ​ជាការ​ប្តេជ្ញាចិត្ត​កន្លងមក​នូវ​អ្វីដែល​យើង​បានធ្វើ​ដោយ​ទទួលបាន​ជោគជ័យ រហូតដល់​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​ជាតិ គឺ​ពានរង្វាន់​ប្រចាំឆ្នាំ2018 ដែល​នេះ​គឺ​មិនមែនជា​រឿង​ងាយស្រួល​នោះទេ គឺ​ដោយសារ​យើង​ខំប្រឹងប្រែង យើង​ខំ​សព្វគ្រប់​បែបយ៉ាង​លើ​បញ្ហា​ប្រឈម​របស់​អតិថិជន​ទើប​យើង​មាន​ដូច​សព្វថ្ងៃ”។

លោក​បញ្ជាក់ថា ការចុះហត្ថលេខា​នេះ គឺ​យើង​ធ្វើការ​តែ​លើ​សេវា​វាយតម្លៃ​ទេ ព្រោះ​ធនាគារ​ភាគច្រើន​មុននឹង​ផ្ដល់​កម្ចី​ជូន​អតិថិជន គឺ​គាត់​ត្រូវការ​ក្រុមហ៊ុន​មួយ​ដែលមាន​សមត្ថភាព​លើ​កិច្ចការងារ​ដែល​គាត់​ដាក់​មកឱ្យ​ដោយ​មិន​លម្អៀង មិន​ពុករលួយ។ គឺ​រឿង​នេះហើយ​ដែល​យើង​ត្រូវ​ប្រឹងប្រែង​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​បម្រើការ​លើ​សេវាកម្ម​ដីធ្លី​នេះ។ យើង​ចង់​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដទៃទៀត​ដែល​បម្រើ​សេវាកម្ម​ដីធ្លី គឺ​ដាច់ខាត​ត្រូវតែ​ប្រឹង​ប្រឺ​ង​ធ្វើការ​ងារ​ដោយ​តម្លាភាព ឱ្យ​អតិថិជន​មាន​ទំនុកចិត្ត​ដូច CPL បាន​អនុវត្ត​កន្លងមក និង​រហូតមកទល់​ស​ព្វ​ថ្ងៃជា​សក្ខីភាព​ស្រាប់។

លោក Ha Trong Khiem និងលោកឧកញ៉ា ចេង ខេង ក្នុងកម្មវិធីចុះហត្ថលេខាមួយ

លោក​ឧកញ៉ា​បានឱ្យដឹងថា មិន​ត្រឹមតែ​ធនាគារ MB នោះទេ​ដែល CPL បាន​សហការ​ជាមួយ ជារួម​ក្រុមហ៊ុន​យើង​សហការ​ជាមួយ​ធនាគារ​ជាច្រើន​នៅ​កម្ពុជា​គឺមាន​ធនាគារ​សឹងតែ 90%ដែល​ប្រើប្រាស់ CPL ក្នុងការ​វាយតម្លៃ​អចលនវត្ថុ​មុននឹង​ផ្ដល់​កម្ចី​ហើយ​ក្នុងចំណោម​ធនាគារ​ទាំងអស់ ក៏មាន​ធនាគារមួយចំនួន​បាន​ផ្តាច់មុខ​ឱ្យ​ក្រុមហ៊ុន CPL ដែរ គ្រាន់តែ​យើង​មិនទាន់​បានធ្វើ​ពិធី​ចុះហត្ថលេខា​បង្ហាញ​ជា​សាធារណៈ។

ជាមួយគ្នានេះដែរ ក្រុមការងារ​បច្ចេកទេស​ក៏បាន​បង្ហាញ​ពី​បច្ចេកវិទ្យា​ដែល​សហការី​របស់ CPL ធ្វើការ​បាន​យ៉ាង​ឆាប់រហ័ស​ក្នុងការ​ស្វែងរក​ទីតាំង​ដី ទំហំ និង​តម្លៃ​តាមរយៈ​ស្មា​ត​ហ្វូ​ន(មិនមែន​តាមរយៈ​Google)មិន​ដល់​រយៈពេល 1នាទី​ផង។

សូមបញ្ជាក់ថា យោងតាម​ការវាយតម្លៃ គេ​មើលឃើញថា ក្រុមហ៊ុន CPL អាច​ទទួល​ការងារ​បានតែ​ត្រឹម 200 ទៅ300ករណី​ប៉ុណ្ណោះ​ក្នុង1ខែ តែដោយសារ​តែ​ការបង្កើន​សមត្ថភាព គេ​ឃើញ​មានការ​កើនឡើង​ខ្លាំង​មែនទែន ពីព្រោះ CPLមាន​បច្ចេកវិទ្យា​ជួយ និង​ក្រុមការងារ​ជួយ ទើប​អាច​កើនឡើង​ពី300 ទៅ3000ករណី។ ឃើញថា​មាន​លក្ខណៈ​មួយ​ខុសប្លែកគ្នា​មែនទែន និង​សង្ឃឹមថា នៅ​ឆ្នាំ2019ខាងមុខ​យើង​នឹង​អាចមាន​សមត្ថភាព​សម្រេច​បាន 6000ករណី​ក្នុង1ខែ ទៅតាម​ផែនការ​ដែល​យើង​ចង់បាន។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ឧកញ៉ា​ចេង​ខេង។

ចំពោះ​ភាគលាភ វា​គឺជា​អ្វីដែល​យើង​ចង់បានព្រោះ​ជា​តម្រូវការ​របស់​ក្រុមហ៊ុន។ នេះ​ជាការ​បញ្ជាក់ប្រាប់​ចំពោះ​អ្នកសារព័ត៌មាន​របស់​លោក​ឧកញ៉ា​ចេង ខេង។ លោក​មានប្រសាសន៍ថា និយាយ​ទៅ តម្រូវការ​មាន​ច្រើន យើង​ដឹងថា ធនាគារ​មាន​ច្រើន។ បើតាម​ការ​គន់គូរ បើ​សាខានីមួយៗមាន​ពី3ទៅ4 ក្នុង1ខែ ក៏​យើង​ទទួលបាន​រាប់រយ​រាប់ពាន់​គម្រោង​ដែរ។ ក្នុងនាម​យើង​ជា​អ្នកបម្រើ​អតិថិជន យើង​ត្រូវ​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​រង់ចាំ​ឱកាស​មកដល់។ ចៀសវាង​នៅពេលដែល​ឱកាស​មកដល់​ហើយ តែ​យើង​បែរជា​មិនអាច​ចាប់យក​ឱកាស​នោះបាន ធ្វើឱ្យ​យើង​បាត់បង់​ឱកាស​ដ៏​ល្អ។ ដូច្នេះ​យើង​ត្រូវតែ​ផ្ចង់ស្មារតី និង​កសាង​សមត្ថភាព​ក្រុម​របស់​យើង​ឱ្យ​ខ្លាំង នៅពេល​ឱកាស​មកដល់ យើង​អាច​ចាប់យក​បាន​ដោយ​មិន​បាត់បង់។

លោក​ឧកញ៉ា​ក៏បាន​បញ្ជាក់ទៀតថា លើ​ការវាយតម្លៃ​នេះ CPL បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ជួយ ធ្វើឱ្យ​ការងារ​ដំណើរការបាន​លឿន​រហ័ស និង​ធ្វើបាន​ច្រើន​ដល់​ទៅ 3,000ករណី​ក្នុង1ខែ ដែល​ប្រព័ន្ធ​នេះ​យើង​បាន​ប្រើ​យូរ​មកហើយ។ យើង​មាន(ដេ​តា)ច្រើន​នៅក្នុង​ប្រព័ន្ធ(System)យើង​មិនមែន​ទើប​តែមាន​ថ្ងៃនេះ​ទេ គឺ​យើង​កសាង និង​បានធ្វើ 20ឆ្នាំ​មកហើយ និង​មិន​នឹកស្មានថា យើង​មាន​សមត្ថភាព​អាច​ធ្វើបាន​បែបនេះ​ផង។ នេះ​ជា​មោទនភាព​របស់​យើង ហើយ​អតិថិជន​យើង​ក៏មាន​មោទនភាព​លើ​កិច្ច​ការដែល​យើង​អាច​សម្រេច​បានដែរ។ នេះ​ជាការ​ខិតខំ និង​ការផ្តល់​តម្លៃ​ដែល​ក្រុមហ៊ុន​យើង​ខំប្រឹងប្រែង​មកទល់​សព្វថ្ងៃនេះ។

ទាំងអស់នេះ​គឺ​ដោយសារ​តែមាន​ធនាគារ​ច្រើនណាស់ ពេល​អតិថិជន​មករក​គាត់ ហើយ​គាត់​មិន​ចង់​បាត់​អតិថិជន ទើប​យើង​មានកម្ម​វិធី​នេះ​ដើម្បី​ជួយ​គាត់។ ឯ​ការបង្ហាញ​ទិន្នន័យ គឺ​មិន​ដល់​មួយ​នាទី​ទេយើង​អាច​ផ្តល់ព័ត៌មាន​លម្អិត​ជូន​អតិថិជន​នៅពេលនោះ​តែម្តង។ នេះ​ជាការ​ទប់ស្កាត់​អតិថិជន​មិនឱ្យ​ចាកចេញ ហើយ​ធនាគារ​អាច​នឹង​យក​ទិន្នន័យ​នេះ​ទៅ​សម្រេច​ផ្ដល់​កម្ចី​ជូន​អតិថិជន​បាន​ភា្លមៗតែម្ដង។

ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​យើង​គិត​ហើយ គិត​ទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​អតិថិជន​មាន​ទំនុកចិត្ត និង​ដោយសារ​យើង​មាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ទើប​យើង​អាចធ្វើ​កិច្ចការងារ​នេះ​បាន។ វា​ជាការ​ព្រួយបារម្ភ​ដែរ​នៅពេលដែល​យើង​មិនអាច​បម្រើសេវា​កម្ម​ជូន​អតិថិជន​បាន តែបើ​យើង​គិត​មកដល់​បច្ចុប្បន្ន​គឺ​យើង​ធ្វើបាន មិន​ទាំង​ដល់ 1នាទី​ផង យើង​អាច​ដឹង និង​អាច​ផ្តល់​កម្ចី​ជូន​អតិថិជន​ដោយ​មិនមាន​ហានិភ័យ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧកញ៉ា។

លោក​ឧកញ៉ា​បាន​អះអាង​ទៀតថា អ្វីដែល​យើង​ធ្វើ គឺ​យើង​មាន​វិជ្ជាជីវៈ​របស់​យើង ធនាគារ​គាត់​មិន​ចង់បាន​ហានិភ័យ​នៅពេល​ផ្តល់​កម្ចី គាត់​ផ្តល់​កម្ចី​ដោយ​ទទួល​ការប្រាក់7 ឬ 9ភាគរយ​យ៉ាងច្រើន ហើយ​គាត់​ចំណាយ​លើ​កិច្ចប្រតិបត្តិការ​រាប់ពាន់​កម្ចី បើ​ខូច​មួយ គឺ​ខាតបង់​រាប់លាន​ដុល្លារ។ ធនាគារ​គាត់​ត្រូវការ​ដៃគូ​សហការ​ដែល​យល់​ពិធីសារ​ច្បាស់លាស់មាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ទើប​គាត់​ជ្រើស​រើសយក​ធ្វើជា​ដៃគូ ដូច្នេះហើយ​ការចុះហត្ថលេខា​ទទួលយក​ការបម្រើ​សេវាកម្ម​ផ្តាច់មុខ មិនមែនជា​រឿង​ធម្មតា​ទេ។

លោក​ឧកញ៉ា ចេង ខេង បានបញ្ជាក់​ដោយ​មោទនភាព​ថា CPL ត្រូវបាន​ចាត់ទុកជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​កម្ពុជា តាមរយៈ​ពានរង្វាន់​ប្រចាំឆ្នាំ2018 ដែល​ពីមុនមក​ក្រុមហ៊ុន​ដីធ្លី និង​អចលនទ្រព្យ​ទាំងអស់​តែង​ចាត់ទុកថា​ខ្លួនឯង​ជា​អ្នក​លេខ1នៅពេល​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ តែ​ឥឡូវ​គាត់​លែង​ហ៊ាន​ហើយ ព្រោះ​ពានរង្វាន់​នេះ​មានការវាយតម្លៃ​ដោយ​ចៅក្រម​ដែលមាន​ជំនាញ​លើ​វិស័យ​ដីធ្លី ផ្តល់ឱ្យ​យើង​មាន​កិត្តិយស។ ពីមុន យើង​អៀនខ្លួនឯង​នៅពេល​ថា​យើង​ជា​ក្រុមហ៊ុន​លេខ1 តែ​ពេលនេះ​យើង​អាច​និយាយ​យ៉ាង​ពេញមុខ ពេញមាត់ និងក្នុង​មោទនភាព ព្រោះ​យើង​មាន​ភស្តុតាង និង​មានការ​វាយតម្លៃ​ដោយ​ចៅក្រម​ដែលមាន​បទពិសោធ។

ទោះជា​យ៉ាងណា លោក​ឧកញ៉ា ចេង ខេង បាន​ថ្លែង​មុន​ពី​ធី​ចុះហត្ថលេខា អំពី​ការប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ដែល​ធ្វើឱ្យ​លោក​ជោគជ័យ​ក្នុង​មុខ​ជំនួញ​អចលនទ្រព្យ​ជាង 20ឆ្នាំ​កន្លងមកនេះ។ លោក​គ្មាន​ចេះដឹង​អ្វី​ទាំងអស់​នៅពេល​ចាប់ផ្តើម​រកស៊ី​នៅក្នុង​វិស័យ​ដីធ្លី​នេះ គឺ​លោក​រៀន​បណ្តើរ ធ្វើការ​បណ្តើរ រៀន​ពី​កំហុស​មួយ ទៅ​កំហុស​មួយ ពី​អតិថិជន​ម្នាក់ ទៅ​អតិថិជន​ម្នាក់ រហូតដល់​ទទួលបាន​បទពិសោធ​ដែល​អាចបង្កើត​គោលការណ៍ និង​ដាក់ចេញ​ជា​រូបមន្ត​មួយចំនួន ដូចជា​ធ្វើ​ការងារ​ដោយ​ក្តី​ស្រឡាញ់​ពេញចិត្ត​លើ​កិច្ចការងារ​នេះ ជាពិសេស​គឺ​ធ្វើការ​ដោយ​បេះដូង។

លោក​ក៏បាន​ថ្លែង​ទៀតថា ដើម្បី​បង្កើត​គោលដៅ​ឱ្យសម្រេចបាន​ជោគជ័យ យើង​ត្រូវបង្កើត​ផែនការ​ឱ្យបាន​ច្បាស់លាស់។ មុននឹង​បង្ហាញ​ព័ត៌មាន ត្រូវ​សិក្សា​ពី​ទីតាំង​ឱ្យ​លម្អិត។ បើ​ចង់បាន​លុយ​យើង​ត្រូវដាក់​ផែនការ​ជាក់លាក់ និង​ត្រូវមាន​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន។ យើង​ត្រូវ​គិតពី​គុណភាព​នៃ​ការបម្រើ​សេវាកម្ម និង​ប្រសិទ្ធភាព​ការងារ​របស់​យើង កុំ​មើលឃើញ​លុយ​ជាធំ​ពេក។ យើង​ត្រូវ​រៀន​ពី​កំហុស​ខ្លួន​យើង ហើយ​ចេះ​ទទួលយក​ការរិះគន់​ពី​អតិថិជន ដើម្បី​កែសម្រួល ច្នៃប្រឌិត ទើប​យើង​ទទួលបាន​ជោគជ័យ​ក្នុង​អាជីវកម្ម៕

Advertisement