វិនិយោគិន​បរទេស​គ្រោង​បោះទុន 1,200លាន​ដុល្លារ សង់​ទីក្រុង​វិស្សមកាល​ទេសចរណ៍

ក្រុមហ៊ុន​បរទេសមួយ​គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់ 1,200លាន​ដុល្លារ​ដើម្បី​សាងសង់ «ទីក្រុង​វិស្សមកាល​ទេសចរណ៍» នៅ​ដើមឆ្នាំ2019 ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​កម្ពុជា។

គម្រោង​នេះ​ត្រូវ​បានឱ្យដឹង​ក្នុងជំនួប​ពិភាក្សា​រវាង ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក លី តាវ (Li Tao) ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន យូ​ញៀន ឌី​វេឡុ​ប​មេន​គ្រុប ខូ អិ​ល​ធី​ឌី ខេ​ម​បូ​ឌា ដែល​បាន និង​កំពុងធ្វើការ​អភិវឌ្ឍ​គម្រោង​តារា​សាគរ (តំបន់​ពិសោធន៍​អភិវឌ្ឍន៍​វិនិយោគ​ចម្រុះ​កម្ពុជា-ចិន) នៅក្នុង​ស្រុក​គិរីសាគរ និង​ស្រុក​បទុម​សាគរ នៃ​ខេត្តកោះកុង។

លោក លី តាវ បាន​លើកឡើងថា គម្រោង «ទីក្រុង​វិស្សមកាល​ទេសចរណ៍» នឹង​សាងសង់​លើ​ផ្ទៃដី​សរុប​ចំនួន 1,200ហិកតា ដែល​ប្រមូលផ្តុំ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ចម្រុះ​ដូចជា សណ្ឋាគារ​លំដាប់​ផ្កាយ5 ខុន​ដូ​ទំនើប បាង​ហ្កា​ឡូ ការិយាល័យ​ធ្វើការ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សួន​កម្សាន្ត​ខ្នាត​អន្តរជាតិ។

លោក លី តាវ សង្ឃឹមថា គម្រោង​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ក្រុមហ៊ុន​នឹង​ខិតខំ​ស្វែងរក​ដៃគូ​វិនិយោគ​ចូលរួម​ជាមួយ​គម្រោង​នេះ តាមរយៈ​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន-អាស៊ាន (CAEXPO) លើក​ទី15 ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី11 ដល់ទី15 ខែកញ្ញា ឆ្នាំ2018 នៅក្នុង​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន។

ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ថ្លែង​គាំទ្រ និង​បង្ហាញ​ជំនឿ​ថា គម្រោង «ទីក្រុង​វិស្សមកាល​ទេសចរណ៍» នឹង​ជួយ​ពង្រឹង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា​ទៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល ព្រមទាំង​លើកស្ទួយ​កិត្តិនាម​របស់​កម្ពុជា​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​និង​វិនិយោគិន​ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​ថែមទៀត​នាពេល​អនាគត ហើយ​ក្រសួងពាណិជ្ជកម្ម​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​នឹង​រង់ចាំ​ជួយ​សម្របសម្រួល​គម្រោង​វិនិយោគ​នេះ​ជានិច្ច។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ខាងលើ​បាន​ចុះកិច្ចសន្យា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាកា​លពី​ថ្ងៃទី9 ខែឧសភា ឆ្នាំ2008 ដើម្បី​ធ្វើការ​អភិវឌ្ឍ​គម្រោង​តារា​សាគរ​លើ​ផ្ទៃដី​សរុប​ទំហំ 36,000ហិកតា។ គិត​មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​បាន និង​កំពុង​សម្រុក​អនុវត្ត​គម្រោង​ទៅតាម​ផែនការ ដោយបាន​បណ្តាក់ទុន​វិនិយោគ​ចំនួន​ជាង 1,500លាន​ដុល្លារ​ហើយ​លើ​ការសាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​មួយចំនួន រួមមាន៖ ប្រព័ន្ធ​គមនាគមន៍ ក្លិប​វាយ​កូន​ហ្គោល ព្រលានយន្តហោះ កំពង់ផែ​ទឹក​ជ្រៅ​អន្តរជាតិ សួន​លម្អ បណ្តាញ​ទឹកស្អាត និង​ប្រព័ន្ធ​អគ្គិសនី ជាដើម៕

Advertisement