អាទិភាព​កំពូល​របស់​កម្ពុជា គឺ​ការ​សម្រប​ខ្លួន​ទៅនឹង​ឧស្សាហកម្ម 4.0

មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​បានឱ្យដឹងថា ប្រទេសកម្ពុជា​កំពុងផ្តល់​អាទិភាព​លើ​ការអនុម័ត​ប្រព័ន្ធ​បច្ចេកវិទ្យា​ផលិតកម្ម និង​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ​នៅក្នុង​វិស័យ​ដែល​កំពុងមាន​ការច្នៃប្រឌិត​ដោយ​បច្ចេកវិទ្យាថ្មី។ ពោលគឺ​អ្នកបង្កើត​គោលនយោបាយ​កម្ពុជា​កំពុង​ផ្តោតលើ​ការធានា​ឱ្យ​ប្រទេសជាតិ​មានឱកាស​ល្អ​ក្នុងការ​ទទួលបាន​ផលប្រយោជន៍​ពី​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​នាពេលថ្មីៗនេះ។

លោក ផាន ផល្លា អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា៖ រដ្ឋាភិបាល​មានបំណង​ធានា​ឱ្យ​ប្រទេស​អាច​សម្រប​ខ្លួន និង​ផ្លាស់ប្តូរ​ស្របតាម​ការប្រែប្រួល​នៃ​និន្នាការ​បច្ចេកវិទ្យា ខណៈពេលដែល​ការកាត់បន្ថយ​ចំណាយ​សង្គម និង​សេដ្ឋកិច្ច​នៃ​ការផ្លាស់ប្តូរ​ទៅជា​សេដ្ឋកិច្ច​ជឿនលឿន​ខាង​បច្ចេកវិទ្យា ដែល​បច្ចុប្បន្ន​ពិភពលោក​កំពុង​ឈានដល់​ដំណាក់កាល​ថ្មី​មួយ​នៃ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ដែលជា​បដិវត្តន៍​ឧស្សាហកម្ម​ទី4 ដែល​ត្រូវបាន​គេ​ហៅថា “ឧស្សាហកម្ម4.0‟។

ឧស្សាហកម្ម 4.0 សំដៅលើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ជឿនលឿន​ដូចជាការបោះពុម្ព​3D បច្ចេកវិទ្យា​មនុស្ស​យន្ត បច្ចេកវិទ្យា​ជីវសាស្ត្រ quantum computing ទំនើបកម្ម​លើ​បណ្ដាញ​ទូរគមនាគមន៍ និង​ចំណេះធ្វើថ្មីៗអំពី​ការគ្រប់គ្រង​ផលិតកម្ម blockchain។ បច្ចេកវិទ្យា​ទាំងនេះ ក៏​នឹងធ្វើ​ឱ្យមាន​ការផ្លាស់ប្តូរ​ដំណើរការ​ផលិតកម្ម ក៏ដូចជា​ការបែងចែក​កម្លាំង​ពលកម្ម និង​ឧត្តមភាព​នៃ​ការប្រកួតប្រជែង​ជាដើម។ មានន័យថា នឹងមាន​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​ដល់​ផលិតកម្ម ការរៀបចំ​សេដ្ឋកិច្ច និង​ការដឹកជញ្ជូន ដោយសារតែ​មានការ​បង្កើន​យ៉ាង​ឆាប់រហ័ស​នូវ​ផលិតភាព តាមរយៈ​ការកាត់បន្ថយ​ថ្លៃដើម និង​ការបង្កើន​គុណភាព​ផលិតផល។

ការអភិវឌ្ឍ​ច្នៃប្រឌិត​ទាំងនេះ​នឹង​ព​ន្លឿ​ន​ការបង្កើត​បច្ចេកវិទ្យាថ្មីៗ និង​ផ្លាស់ប្តូរ​របៀប​រស់នៅ និង​ការធ្វើ​ជំនួញ​របស់​យើងដោយ​បង្ខំ​ឱ្យមាន​ការផ្លាស់ប្តូរ​ល្បឿន និង​វិធីសាស្ត្រ និង​ការរៀបចំ​គោលនយោបាយ។ ក្នុងន័យនេះ​សូម្បីតែ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​ប្រទេស​កម្ពុជា​យើង​ក៏​នឹង​ប្រឈម​នឹង​ផល-​វិជ្ជមាន និង​អវិជ្ជមាន​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដែរ។ នេះ​បើតាម​ប្រសាសន៍​លោក ផល្លា។

លោក​ក៏​សូម​អំពាវនាវ​ឱ្យមាន​ការសហការ​គ្នា​នៅ​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​រួមគ្នាបង្កើត​ដំណោះស្រាយ​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​សម្រេច​គោលដៅ​សេដ្ឋកិច្ចសង្គម​របស់​កម្ពុជាយើង។ “ការរៀបចំ​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​ការឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី4 គឺជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាពចម្បងៗ របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ថ្មី‟។

លោកស្រី ផូ​លីន ថា​មឺ​សីស (Pauline Tamesis) អ្នកសម្របសម្រួល​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការសហប្រជាជាតិ បាន​លើកឡើងថា កម្ពុជា​នឹង​ប្រឈម​នឹង​ឧបសគ្គចម្បងៗនាពេល​អនាគត។ ទី1 ការទទួលបាន និង​ការទទួលយក​បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​ក្លាយជា​បញ្ហា​ប្រឈម​មួយ ហើយក៏​ជា​លក្ខខណ្ឌ​ចាំបាច់​មួយ​ដើម្បី​ធានាថា កម្ពុជា​អាច​លោត​ផ្លោះ​ដោយ​បច្ចេកវិទ្យាទំនើបៗ និង​វិធីសាស្ត្រ​ផលិតកម្ម។ ទី2 មេដឹកនាំ​កម្ពុជា​ត្រូវបង្កើត​វិធី​នានា​ដើម្បី​ធានា​កម្រិត​ការងារ​ខ្ពស់ ដែល​នឹង​ធ្វើឱ្យ​ប្រទេស​ស្ថិតនៅ​ឆ្ងាយ​ពី​ផលិតកម្ម​ដែល​ប្រើ​កម្លាំង​ពលកម្ម​ច្រើន។

លោកស្រី​បន្ថែមថា សម្រាប់​ប្រទេស​មួយចំនួន​ដូចជា​ប្រទេស​កម្ពុជា ឧស្សាហកម្ម 4.0 នឹង​ប្រកួតប្រជែង​គំនិត ដូចជា​ដើមទុន​ទៅ​អត្រា​ការងារ និង​ការរួម​ផ្សំគ្នា​របស់​ពួកគេ​នៅក្នុង​ផលិតកម្ម។ ដូច្នេះ​វា​មាន​ផលប៉ះពាល់​ដល់ទី​តាំង​នៃ​ការផលិត និង​ការ​ចែកចាយ​អត្ថប្រយោជន៍​រវាង​ប្រទេស និង​អ្នកដើរតួ​ក្នុង​ខ្សែចង្វាក់​តម្លៃ។

លោកស្រី​បានលើកឡើង​ថា “អង្គការសហប្រជាជាតិ​ប្តេជ្ញា​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ-​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​ដើម្បីឱ្យ​កម្ពុជា​អាច​ក្លាយទៅជា​អ្នកអនុម័ត​ដំបូង ហើយ​កម្មករ​អាច​ទទួល​បាន​នូវ​ជំនាញ និង​សមត្ថភាពថ្មីៗដែលជា​ហេតុនាំឱ្យ​បើកឱកាសថ្មីៗជាច្រើន‟។ ទីភ្នាក់ងារ​សហប្រជាជាតិ​នៅតែមាន​សុទិដ្ឋិនិយម​ជុំវិញ​កា-លានុវត្តភាព និង​សក្តានុពល​នានា​របស់​បច្ចេកវិទ្យា​ឧស្សាហកម្ម4.0។ លោកស្រី​បាន​បន្ដថា សកម្មភាព​អនុវត្តន៍ គោលនយោបាយ​នៅតែមាន​ភាពចាំបាច់ ប្រសិនបើ​រដ្ឋាភិបាល​ច​ង់​ធានា​នូវ​ការទទួលបាន​កាលានុវត្តភាព និង​សក្ដានុពល​ពី​បច្ចេកវិទ្យា​ឧស្សាហកម្ម4.0នេះ។

លោក Nick Beresford នាយក​នៃ​អង្គការ UNDP ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា ឧស្សាហកម្ម4.0 កំពុង​កើតមាន​នាពេល​ប​ច្ចេ​ប្បន្ន​នេះ ហើយ​មិនយូរប៉ុន្មាន​នឹងមាន​ឥទ្ធិពល​មកលើ​យើងទាំងអស់គ្នា។ លើសពីនេះ ការពិចារណា​លើ​សំណួរ​ជុំវិញ​ប្រធានបទ​នេះ​ឱ្យបាន​ទាន់ពេលវេលា អាច​ផ្តល់ឱ្យ​រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា​នូវ​តំណ​ភ្ជាប់​ដើម្បី​ឈានទៅ​សម្រេច​ចក្ខុវិស័យ​ឆ្នាំ2030 និង​ឆ្នាំ2050ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ។ លោក​បាន​បន្ដថា ឧស្សាហកម្ម 4.0បង្ហាញ​ពី​កាលានុវត្តភាព និង​ការ​ប្រឈម ដូច្នេះ​ចាំបាច់​ត្រូវមាន​ការប្រើប្រាស់​អភិក្រម​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ ដោយ​រដ្ឋាភិបាល​ត្រូវ​ដឹង​ពី​ផលប៉ះពាល់ និង​ប្រមើលមើល​ជាមុន​ពី​បញ្ហា​ប្រឈម​នានា ក៏ដូចជា​ត្រូវ​រៀបចំ​ផែនការ និង​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព។

សូម​បញ្ចា​ក់ថា នៅ​ខែធ្នូ​ខាងមុខនេះ ក្រុមហ៊ុន Worldbridge នឹង​ចាប់ផ្តើម​សាងសង់​សួន​ឧស្សាហកម្ម​ដំបូងបង្អស់​របស់​ប្រទេស​កម្ពុជា​សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ឧទ្យាន​នេះ​នឹង​អនុលោម​តាម​ស្តង់ដារ​ស្ថាបត្យកម្ម​អាល្លឺម៉ង់​សម្រាប់​ឧស្សាហកម្ម4.0 ដែល​វា​មិនមែន​គ្រាន់តែ​អំពី​ស្វ័យប្រវត្តិកម្ម និង​ការយល់ដឹង​ប៉ុណ្ណោះ​ទេ តែ​ជា​វិធី​នៃ​ការគិត​ដើម្បី​កែលម្អ​វិធីសាស្ត្រ​ផលិតកម្ម​មួយ។ សហគ្រាស​ធុន​តូច និង​មធ្យម​ក្រុមហ៊ុន​ទាំងអស់​នឹងចូលរួម​ក្នុង​វិធី​នៃ​ការធ្វើ​អាជីវកម្ម​ថ្មី​មួយ ការគិត និង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អតិថិជន និង​អ្នកផ្គត់ផ្គង់​ជាមួយនឹង​បច្ចេកវិទ្យា​ដែល​អាច​ដោះស្រាយ​បញ្ហាផ្សេងៗនៅក្នុង​ខ្សែចង្វាក់​ផលិតកម្ម‟។

យោងតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ 2015-2025 សំដៅ​លើកទឹកចិត្ត​ដល់​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​ការគាំទ្រ​ដល់​ការកែច្នៃ​បច្ចេកវិទ្យា​នៅ​កម្ពុជា វា​មាន​គោលបំណង​ធ្វើកំណែទម្រង់​ប្រព័ន្ធ​អប់រំ​ដើម្បី​បង្កើន​តួនាទី​របស់​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា៕

Advertisement