ក្នុងរយៈពេល 8ខែនៃឆ្នាំ2018 គ្រោះធម្មជាតិបានឆក់យកជីវិតពលរដ្ឋកម្ពុជាជាង 100នាក់

ការកើតឡើងនូវគ្រោះធម្មជាតិ​មានដូចជា ខ្យល់​កន្ត្រាក់ រន្ទះបាញ់ និងទឹកជំនន់​ ​បានសម្លាប់​ប្រជាជន​កម្ពុជា​ប្រមាណ​ ​138​នាក់ និងប្រជាពលរដ្ឋ​ប្រមាណ​ជា ​53ម៉ឺន​នាក់​ផ្សេងទៀតត្រូវបាន​រងគ្រោះ​។ នេះ​បើយោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្នុង​រយៈពេល​8​ខែ ដើមឆ្នាំ​2018។

​របាយការណ៍​បាន​គូសបញ្ជាក់ថា៖ រយៈពេល​ 8ខែ ដើមឆ្នាំ​2018​នេះ គ្រោះមហន្តរាយបាន​កើតឡើង​ខុសប្លែក​ពី​ឆ្នាំមុនៗ ពោលគឺបញ្ហា​គ្រោះធម្មជាតិបណ្ដាលឱ្យមានជីវិតមនុស្សស្លាប់​មានដូចជា​៖ ខ្យល់​កន្ត្រាក់​បាន​កើតឡើង រហូតដល់ ​166លើក សម្លាប់​មនុស្ស​ចំនួន​6នាក់ រន្ទះបាញ់​បានសម្លាប់​មនុស្ស​ចំនួន ​88​នាក់ និងគ្រោះទឹកជំនន់បានសម្លាប់​មនុស្ស​ 44នាក់​។​

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​អះអាងថា៖ ករណី​គ្រោះទឹកជំនន់បានចាប់ផ្តើម​តាំងពី​ក្រោយ​ចូលឆ្នាំ​ខ្មែរ​មក រហូតដល់​ជិត​យុទ្ធនាការ​បោះឆ្នោត ហើយក៏​កើតមាន​ជំនន់​ទឹកភ្លៀង​នៅប៉ែក​ខាងលិចប្រទេស ​ដូចជា​៖ ខេត្ត​បាត់ដំបង ​ខេត្ត​បន្ទាយមានជ័យ ​ខេត្ត​ប៉ៃលិន និងខេត្តកំពង់ស្ពឺ​ជាដើម​។ រីឯ​ខេត្ត​តាម​មាត់សមុទ្រ​មាន ខេត្ត​ព្រះសីហនុ ​ខេត្ត​កោះកុង និងខេត្ត​កំពត ក៏​រង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់នេះ​ផងដែរ​។​

ចំពោះ​គ្រោះទឹកជំនន់ ក្នុង​របាយការណ៍​បានឱ្យដឹងថា មាន​ចំនួន​ពលរដ្ឋ​រងគ្រោះ​ប្រមាណ​ជាង​12​ម៉ឺន​គ្រួសារស្មើនឹង​ចំនួន​មនុស្ស​ប្រមាណ​ជាង ​53​ម៉ឺន​នាក់ហើយ​ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀសមានជាង​ 1​ម៉ឺន​គ្រូ​សារ ស្មើនឹង​មនុស្ស​ចំនួន ​5​ម៉ឺន​នាក់។​

ដោយឡែក​ដំណាំ​ស្រូវវិញបានរងផលប៉ះពាល់​ប្រមាណ​ជាង ​8ម៉ឺន​ហិកតា ខូចខាត​ជាង​ 3​ម៉ឺន​ហិកតា​។ ចំពោះ​ដំណាំ​រួមផ្សំ ​ប៉ះពាល់​ជាង ​1​ម៉ឺន​ហិកតា ខូចខាត​ប្រមាណ​ជាង​ 5ពាន់​ហិកតា និងផ្លូវលំ​ជនបទ​លិច​ទឹក​ប្រមាណ​ជាង 1ម៉ឺន​គីឡូម៉ែត្រ។​

ក្នុង​របាយការណ៍​របស់គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយបានបញ្ជាក់ទៀតថា៖ គិត​ចាប់ពី​ថ្ងៃទី​10កញ្ញា​នេះ រហូតដល់​ថ្ងៃ​ភ្ជុំ​បិណ្ឌ បើ​មិនមាន​ព្យុះ ឬ​សម្ពាធបរិយាកាស​ផ្សេងៗ​កើតឡើង​ទេ កម្ពុជា​នឹង​ទទួលបាន​សុវត្ថិភាព​។ តែ​ផ្ទុយទៅវិញ ប្រសិនបើ​មាន​ព្យុះ ឬ​សម្ពាធបរិយាកាស​ផ្សេងៗកើតឡើង នោះ​ទឹកជំនន់​អាចនឹង​ឡើង​ម្តងទៀត ដូច្នេះ​សូមអំពាវនាវ​ឱ្យប្រជាពលរដ្ឋ អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធមាន​ការប្រុងប្រយ័ត្ន និងតាមដានយ៉ាង​យកចិត្តទុកដាក់​ខ្ពស់បំផុត​​៕

Advertisement