ជិតចប់ត្រីមាសទី3 ឆ្នាំ2018នេះ ការប្រមូលពន្ធកើនឡើង12.58%ធៀបនឹងឆ្នាំ2017

បើគិតក្នុងរយៈពេលដូចគ្នា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ​2018 អគ្គនាយកដ្ឋាន​ពន្ធដារទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទដែលប្រមូលបានប្រមាណ 168លាន​ដុល្លារអាមេរិក ​ស្មើនឹង12.58%។ នេះ​បើ​យោង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ កាល​ពី​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា។

ក្នុង​ខែ​សីហា ឆ្នាំ​2018 លទ្ធផលប្រមូលចំណូលពន្ធដែលអគ្គនាយកដ្ឋាន​ពន្ធដារទទួលបាន(តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ(online)របស់អគ្គនាយកពន្ធដារ) មាន​ចំនួន 587.63ប៊ី​លាន​រៀល(​ប្រមាណ​ជា 146.91​លាន​ដុល្លារអាមេរិក) ស្មើ​នឹង 7.64% នៃ​ផែនការ​ច្បាប់​ឆ្នាំ​2018។

ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ បញ្ជាក់​ថា បើ​ប្រៀបធៀប​នឹង​ចំណូល​កាល​ពី​ខែ​សីហា ឆ្នាំ​2017(តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ)ឃើញ​ថា ការ​ប្រមូល​ពន្ធ​-អាករ​គ្រប់ប្រភេទ​​ក្នុង​ខែ​សីហា ឆ្នាំ​2018នេះកើន​ឡើង​ចំនួន 74.27ប៊ី​លាន​រៀល (ប្រមាណ 18.57លាន​​ដុល្លារអាមេរិក) កំណើន ស្មើ​នឹង​14.47%។

ឯកឧត្តមបានឱ្យដឹងទៀតថា ចំណូល​សរុប​​រយៈពេល 8​ខែ ដើម​ឆ្នាំ​2018 នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបាន​ចំនួន 6013.20ប៊ី​លាន​រៀល (ប្រមាណ​ជា1503.29​លាន​ដុល្លារអាមេរិក) ស្មើ​នឹង 78.15% នៃ​ផែនការច្បាប់​​កំណត់។

បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2017ឃើញថា ការប្រមូលពន្ធ-អាករគ្រប់ប្រភេទក្នុង      រយៈ​ពេល 8ខែ ឆ្នាំ2018 មានការកើនឡើងចំនួន 671.89ប៊ី​លាន​រៀល(ប្រមាណ 168លាន​ដុល្លារអាមេរិក) កំណើន​ស្មើនឹង12.58%។

អគ្គនាយកពន្ធដារបានរំពឹងថា ចំណូលពន្ធអាករគ្រប់ប្រភេទសម្រាប់ឆ្នាំ2018 អាចប្រមូលបានគ្រប់ផែនការកំណត់ដោយច្បាប់។ ឯកឧត្តមក៏បានណែនាំបន្ថែមដល់គ្រប់អង្គភាពឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ដោយផ្អែកលើទិដ្ឋភាពច្បាប់ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នាធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមានូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អ។

ទន្ទឹមនេះអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវវិធានការមួយចំនួនដូចជា បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតសម្រាប់ឆ្នាំចុងក្រោយនេះនូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាលឆ្នាំ2014-2018 ការរៀបចំកែសម្រួលយន្តការបង្វិលសងអាករលើតម្លៃបន្ថែមឱ្យបានកាន់តែប្រសើរឡើង។

លើសពីនេះទៀត វិធានការបន្ទាប់គឺ សហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំយុទ្ធសាស្ត្រកែទម្រង់ពន្ធដារដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការរៀបចំយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាលឆ្នាំ2019-2023 និងការលើកទឹកចិត្តពន្ធចំពោះវិស័យធុរកិច្ចមួយចំនួន៕

 

Advertisement