វិស័យ​ចិញ្ចឹមសត្វ និង​ជលផល​ក្នុងប្រទេស បង្ហាញ​ការរីកចម្រើន

វិស័យ​កសិកម្ម​មាន​ចំណែក​នៅក្នុង​សេដ្ឋកិច្ចកម្ពុជា 25%នៃ​ផលិតកម្ម​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា​ហើយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល ធ្វើឱ្យ​ការនាំចេញ​ផលិតផល​កសិកម្ម​កើនឡើង​ដល់ 5.13លាន​តោន​នៅ​ឆ្នាំ2017 កើន​បាន 4,7លាន​តោន​បើ​ធៀប​ទៅនឹង​ឆ្នាំ2016 ដែលជា​សញ្ញា​មួយ​បង្ហាញថា វិស័យនេះ​កំពុង​ស្ថិតនៅលើ​ផ្លូវត្រូវស្របតាម​គោលការណ៍​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​បានកំណត់។ នេះ​បើ​ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​បានបញ្ជាក់​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ស្តីអំពី​ផលិតកម្ម​ចិញ្ចឹមសត្វ និង​ជលផល​សម្រាប់​ឆ្នាំ2018 (AGRI CAMBODIA 2018) របស់​កម្ពុជា។

កម្ពុជា​ជាទី​ផ្សារ​ជោគជ័យ​សម្រាប់​ក្រុមហ៊ុន​បរទេស​ដែល​បាន​វិនិយោគ​លើ​ការដាំដុះ និង​កែច្នៃ​ផ្លែឈើ ដំឡូង​មី សណ្តែក និង​គ្រាប់ពូជ ផលិត​ចំណី​សត្វ ផលិត​ទឹកដោះ និង​ជលផល។ ក្នុងនោះ​ផលិតកម្ម​បសុសត្វ និង​ជលផល​នៅតែ​ជា​វិស័យ​សំខាន់​របស់​សេដ្ឋកិច្ចជាតិ។

គួរ​បញ្ជាក់ថា ការរៀបចំ​ពិព័រណ៍ AGRI CAMBODIA 2018 គឺជា​ពិព័រណ៍​ពាណិជ្ជកម្ម​ធំជាងគេ​បង្អស់​នៅ​កម្ពុជា​ដែល​បង្ហាញ​ពី​ឧបករណ៍​គ្រឿង​ម៉ាស៊ីន និង​ផលិតផល​បច្ចេកវិទ្យាថ្មីៗបំផុត​ក្នុង​វិស័យ​កសិកម្ម ដូចជា​គ្រាប់ពូជ គ្រាប់​ធញ្ញជាតិ បន្លែ រុក្ខជាតិ សារធាតុ​គីមី និង​ផលិតផល​កា​ពារ​រុក្ខជាតិ ជាដើម​ដែលមាន​ស្ដង់​ចូលរួម​តាំង​បង្ហាញ​គ្រប់​បណ្តា​ផលិតផល​កសិកម្ម​ប្រមាណ 60មុខ និង​ផលិតផលផ្សេងៗប្រមាណ 500ម៉ាក​ដែល​បានដាក់​តាំង​នាឱកាស​នោះ។

លោក គិត សេង អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​បានលើកឡើង​ក្នុង​ពិព័រណ៍​នេះ​ថា នេះ​ជា​ឱកាស​មួយ​សម្រាប់​ឱ្យ​សហគ្រិន​ទាំងអស់​ពង្រីក​ទីផ្សារ​អាជីវកម្ម​របស់​ខ្លួន​ឱ្យទាន់​សម័យ​តាមរយៈ​ការច្នៃប្រឌិត​បច្ចេកវិទ្យា​ចុងក្រោយ ផ្សារភ្ជាប់​ជាមួយ​អតិថិជន​ដ៏​មាន​សក្តានុពល​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​ទស្សនទាន​អំពី​ទីផ្សារ​អាស៊ីអាគ្នេយ៍។

លោក​បាន​បន្ដថា នៅ​ឆ្នាំ2030 វិស័យ​កសិកម្ម​កម្ពុជា​នឹង​ឆ្ពោះទៅរក​ការធ្វើ​ទំនើបកម្ម​កសិកម្ម​មាន​លក្ខណៈ​ប្រកួតប្រជែង​ទីផ្សារ និង​មាន​និរន្តរភាព​ដើម្បី​រួមចំណែក​ក្នុងការ​ធានាបាន​នូវ​សន្តិសុខ​ស្បៀងសុវត្ថិភាព​អាហារូបត្ថម្ភ​សម្រាប់​សុខុមាលភាព​នៃ​ប្រជាជន​កម្ពុជា។

ជាមួយគ្នានេះដែរ​ទឹកប្រាក់ 120លាន​អឺរ៉ូ ឬ​ស្មើ​ប្រមាណ 138លាន​ដុល្លារ​សហរដ្ឋអាមេរិក នឹងត្រូវ​ចំណាយ​លើ​ការគាំទ្រ ការការពារ​ធនធាន​ជលផលនិង​ការលើកស្ទួយ​កម្រិតជីវភាព​សហគមន៍​នេសាទ តាមរយៈ​ជំនួយ​របស់​សហភាព​អឺរ៉ុប (EU) ផ្តល់ឱ្យ​កម្ពុជា​រយៈពេល 5ឆ្នាំ ពី​ឆ្នាំ2018-2022។

ជំនួយ​របស់​សហភាព​អឺរ៉ុប​លើ​វិស័យ​ជលផល​នេះ នឹង​ជួយ​ជំរុញ​កម្រិតជីវភាព​ប្រជា​សហគមន៍​នេសាទ តាមរយៈ​ការបណ្តុះបណ្តាល​ការចិញ្ចឹម​ត្រី​តាមបែប​វារីវប្បកម្ម ការកែច្នៃ​ផលិតផល​ត្រី​របស់​សហគមន៍​នេសាទ​ដើម្បី​រក​ទីផ្សារ​ជាដើម ម្យ៉ាងទៀត ជំនួយ​របស់​សហភាព​អឺរ៉ុប​នេះ ក៏​ផ្តោត​សំខាន់​លើ​ការអភិរក្ស​ធនធានធម្មជាតិ តាមរយៈ​ការសហការ​ជាមួយ​រដ្ឋបាល​ជលផល ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ។

សូម​ជម្រាប​ដែរ​ថា តាមរយៈ​កម្មវិធី​គាំទ្រ​មូលនិធិ​វិស័យ​ជលផល​សម្រាប់​ឆ្នាំ2013 ដល់​ឆ្នាំ2018សហភាព​អឺរ៉ុប​បាន​ចំណាយ​ទឹកប្រាក់​ជាង 20លាន​អឺរ៉ូ ស្មើ​ប្រមាណ 23លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ថវិកា​នេះ​បាន​គាំទ្រ​ដល់​គម្រោង​ចិញ្ចឹម​ត្រី​តាម​សហគមន៍ កែច្នៃ​ធនធាន​ជលផល​ដើម្បី​រក​ទីផ្សារ និង​ជួយ​បណ្តុះបណ្តាល​សមត្ថភាព​ម​ន្ត្រី​ជលផល​ផងដែរ។

យោងតាម​នាយកដ្ឋាន​អភិវឌ្ឍន៍​នេសាទ​នៃ​រដ្ឋបាល​ជលផល​បានឱ្យដឹងថា បច្ចុប្បន្ន​សហគមន៍​នេសាទ​នៅ​ទូទាំងប្រទេស​មាន​ចំនួន 516សហគមន៍ ក្នុង​ខេត្ត​ចំនួន20។ ក្នុងនោះ​សហគមន៍​នេសាទ​តំបន់​ទឹកសាប​មាន​ចំនួន 475សហគមន៍ ស្ថិតនៅក្នុង​ខេត្ត​ចំនួន16។ រីឯ​សហគមន៍​ទឹកប្រៃ​វិញ​មាន​ចំនួន 41សហគមន៍​នេសាទ ស្ថិតក្នុង​ខេត្ត​ចំនួន4 នៅតាម​តំបន់​ឆ្នេរសមុទ្រ និង​យោងតាម​សិ្ថ​តិ​របស់​រដ្ឋបាល​
ជលផល​ក៏បាន​ឱ្យដឹង​ដែរ​ថា ទិន្នផល​ត្រី​ដែល​ប្រជាជន​ប្រមូលបាន មាន​ចំនួន​ប្រមាណ 500ពាន់​តោន ទៅ600ពាន់​តោន​ក្នុងមួយឆ្នាំ។ មន្ត្រី​សហភាព​អឺរ៉ុប​ផ្នែក​កម្មវិធី​វិស័យ​ជលផល​បានឱ្យដឹង​ទៀតថា ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ 6លាន​នាក់​កំពុង​ប្រក​បរបរ​នេសាទ៕

Advertisement