កត្តា 6យ៉ាង​ដែល​ជំ​រុញឱ្យ​មនុស្ស​វ័យក្មេង​ហ៊ាន​ខ្ចីប្រាក់​ធនាគារ​មក​ធ្វើ​អាជីវកម្ម

ការ​ជំពាក់​បំណុល​ធនាគារ​ដើម្បី​ធ្វើ​អាជីវកម្ម​មិនមែនជា​រឿង​អាក្រក់​នោះទេ ប្រសិនបើ​អ្នក​បានគិត​ច្បាស់លាស់​ពី​ការបង្កើត​មុខរបរ​ផ្ទាល់ខ្លួន ឬ​ចង់​ក្លាយជា​សហគ្រិន​វ័យក្មេង​ដើម្បី​ដំណើរ​ឆ្ពោះទៅរក​វិថី​ជីវិត​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត តែ​ផ្ទុយទៅវិញ​ប្រសិនជា​អ្នក​មិនបាន ឬ​មិន​ហ៊ាន​ខ្ចីប្រាក់​ធនាគារ​ទេនោះ មនុស្ស​ភាគច្រើន​នឹង​ចាយវាយ​ខ្ជះខ្ជាយ ហើយ​អនាគត​នឹងមិន​មាន​សល់​អ្វី​ជា​ដុំកំភួន​នោះឡើយ។

អ្នកជំនាញ​ផ្នែក​ប្រឹក្សា និង​វិភាគ​ស្ថានភាព​សេដ្ឋកិច្ច សេដ្ឋវិទូ ង៉ែត ជូ បានបង្ហាញ​ពី​លក្ខខណ្ឌល្អៗចំនួន6ចំណុច​ក្នុងការ​ខ្ចីលុយ​ធនាគារ​សម្រាប់​បង្កើតរ​បរ​ផ្ទាល់ខ្លួន ឬ​ធ្វើ​អាជីវកម្ម​ពេល​វ័យ​នៅ​ក្មេង​ដែល​ក្នុងនោះ​រួមមាន៖ 1.ធ្វើឱ្យ​អ្នក​ក្លាយជា​មនុស្ស​ដែលមាន​វិន័យ​ខាង​ហិរញ្ញវត្ថុ គឺ​នៅពេល​មាន​បំណុល​ជាប់​ខ្លួន មនុស្ស​នឹង​យល់ថា ខ្លួន​មាន​កាតព្វកិច្ច និង​ភាព​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការសង​ប្រាក់​ទៅ​ម្ចាស់បំណុល​វិញ ដូច្នេះ​មនុស្ស​នឹងមាន​វិន័យ​ខ្លាំង​ក្នុងការ-​ចាត់ចែង​លុយកាក់​នោះ។

ចំណុច​ទី2. ធ្វើឱ្យ​អ្នក​ក្លាយជា​មនុស្ស​កាន់​តែមាន​វិន័យ និង​ភាព​អំណត់​ក្នុងការ​បំពេញការងារ។ ពេល​ខ្ចីប្រាក់​មក​វិនិយោគ មនុស្ស​តែង​ខ្វល់ខ្វាយ​ពី​សុវត្ថិភាព​ការងារ(Job Security) ក៏ដូចជា​សួរ​ខ្លួនឯង​ថាតើ​ធ្វើយ៉ាងណា​ទើប​មាន​ការងារ​ល្អ​ជាង​នេះ? មាន​ប្រាក់ចំណូល​ច្រើនជាង​នេះ​ដើម្បី​អាច​ខ្ចីប្រាក់​បាន​ច្រើនជាង​សព្វថ្ងៃ​សម្រាប់​យកទៅ​វិនិយោគ? ធ្វើយ៉ាងណា​អាច​ទទួលបាន​ចំណេះដឹង​ជំនាញ​បន្ថែម​ពី​ការងារ​សព្វថ្ងៃ​ដើម្បី​យកទៅ​ពង្រឹងសមត្ថភាព​ក្នុង​ការធ្វើ​អាជីវកម្ម? ដែល​សំណួរ​ទាំងនេះ​នឹង​ជំរុញ​ឱ្យ​មនុស្ស​បំពេញការងារ​ដោយ​មិន​ខ្លាច​នឿយហត់ព្រោះ​ជា​ជីវិត​ការងារ​ដែលមាន​បុព្វហេតុ​ច្បាស់លាស់។

3.ធ្វើឱ្យ​អ្នក​ក្លាយជា​មនុស្ស​ដែល​ចេះ​បង្កើត​ក្តី​ស្រមៃ​សម្រាប់​ជីវិតជារឿយ។ ជីវិត​ធ្វើ​ការងារ​ជា​បុគ្គលិក​យកប្រាក់​ខែ មិនបាន​បង្ហាញផ្លូវ​ថា តើ​អ្នក​ចង់​ធ្វើ​អ្វី​ឱ្យ​ពិតប្រាកដ​នោះទេ។ អ្នក​ពិបាក​នឹង​រកឃើញ​គោលដៅ​ក្នុង​ជីវិត​ណាស់ តែបើ​ចេះ​វិនិយោគអ្នក​ប្រហែលជា​អាច​ដក​បទពិសោធ​ពី​ជីវិត​បាន​ច្រើន អ្នកនឹង​ស្គាល់​ខ្លួនឯង​កាន់តែច្បាស់ រហូត​អាច​ឈានដល់​ការបង្កើត​ក្តី​ស្រមៃ​សម្រាប់​ជីវិត​បាន​ទៀតផង ព្រោះ​ជីវិត​អ្នកវិនិយោគ​ត្រូវ​រៀនសូត្រ​ជានិច្ចជាពិសេស​រៀនសូត្រ​ពី​បុគ្គល​ជោគជ័យ​នានា។

4.ធ្វើឱ្យ​អ្នកចេះ​វិភាគ​ពី​ផលចំណេញ-ខាត ហានិភ័យ និង​រិះ​គិតពី​ដំណោះស្រាយ។ ពេល​អ្នក​ខ្ចីប្រាក់​ពី​ធនាគារ​យកមក​វិនិយោគ​លើ​អាជីវកម្ម អ្នក​អាច​សួរ​ខ្លួនឯង​ថា តើ​ខ្ចី​មក​អាច​ចំណេញ​ដែរឬទេ​សម្រាប់​ការប្រាក់​ប៉ុណ្ណឹង? ចុះបើ​ខ្ចីប្រាក់​ធនាគារ​មិនបាន តើ​ត្រូវមាន​ដំណោះស្រាយ​យ៉ាងណា​ដើម្បី​បាន​ប្រាក់​មក​ធ្វើ​អាជីវកម្ម? តើ​ជម្រើសនីមួយៗមាន​ហានិភ័យ​អ្វីខ្លះ​ប្រសិនបើ​ការវិនិយោគ​មិនអាច​ទទួលបាន​ផលចំណេញ​ដូច​ការរំពឹងទុក? ជួនកាល​អ្នក​អាច​សុំ​យោបល់​ពី​អ្នកដទៃ អ្នកនឹង​ទទួលបាន​បទពិសោធ និង​ចំណេះដឹង​ជាច្រើន​ពី​សំណួរ​ទាំងនេះ។

5.ធ្វើឱ្យ​អ្នកចេះ​ជ្រើសរើស​ការសេព​គប់​ប្រភេទ​មិត្តភក្តិ និង​សង្គម​ល្អ។ អ្នក​បាន​ខ្ចីប្រាក់​ពី​ធនាគារ​យកមក​ធ្វើ​អាជីវកម្ម ដូច្នេះ​អ្នកនឹង​មិនមាន​ចំណាប់អារម្មណ៍​សេពគប់​មនុស្ស​ដែល​ធ្វើការ​ដើម្បី​តែ​រស់ និង​មានជីវិត​សម្រាប់តែ​ហ៊ឺហា​នោះទេ។ អ្នកខ្លះ​មាន​បុព្វហេតុ​ផ្សេងគ្នា ពេល​អ្នក​និយាយ​ពី​ការវិនិយោគ​គេ​ក៏​មិន​ចូលចិត្ត​ស្តាប់​ដែរ។ រឿងនេះ​កើតឡើង​ដូចគ្នា​ពេល​គេ​និយាយ​ពី​ការទិញ​ទូរស័ព្ទ​បង់​រំលស់​អ្នក​ក៏​មិន​ចូលចិត្ត​ដែរ។ អ្នក​ក៏​នឹងមិន​និយម​រាប់រក​សង្គមមនុស្ស​ដែល​ចូលចិត្ត​ផឹកស៊ី​អត់​ប្រ​យោ​ជ​ន៏​ដែរ។ អ្នកនឹង​និយម​រាប់អាន​តែម​នុស្ស​ដែល​ចេះ​ធ្វើ​អាជីវកម្ម​តែប៉ុណ្ណោះ។

និង​ចុងក្រោយ​ទី6.ធ្វើឱ្យ​អ្នក​ចំណេញ​ពេលវេលា និង​មាន​សេរីភាព​ហិរញ្ញវត្ថុ​ក្នុង​វ័យក្មេង គឺ​ត្រូវ​ខ្ចីប្រាក់​វិនិយោគ​លើ​អាជីវកម្ម​បណ្តើរ ធ្វើការ​បណ្តើរ ក្រៅពី​ផលចំណេញ​ផ្នែក​ហិរញ្ញវត្ថុ​ហើយ អ្នកនឹង​អាច​សន្សំ​បាន​បទពិសោធ និង​ចំណេះដឹង​ជាច្រើន។ ប្រការនេះ​ធ្វើឱ្យ​សមត្ថភាព​របស់​អ្នក​កាន់តែខ្លាំង អ្នកនឹង​ទទួលបាន​សេរីភាព​ហិរញ្ញវត្ថុ​ក្នុង​ការធ្វើ​អាជីវកម្ម​ក្នុង​វ័យក្មេង។ មាន​មនុស្ស​ជាច្រើន​ចំណាយពេល​ក្នុង​ជីវិត​ការងារ​ប្រហែល​ចន្លោះ​ពី3-5ឆ្នាំ​ដំបូង​សប្បាយ​ហ៊ឺហា​នឹង​ជីវិត​នៅ​លីវ មាន​ប្រាក់ខែ​ចាយ​មិន​ជាប់​កម្ចី មិនមាន​កាតព្វកិច្ច និង​មិនមាន​វិន័យ​ហិរញ្ញវត្ថុ។

ជា​បទពិសោធ​ផ្ទាល់​របស់លោក លោក​មាន​មិត្តភក្តិ​ប្រភេទ​នេះ​ច្រើន មកដល់​ថ្ងៃនេះ​ពួកគេ​នៅតែ​ខ្វល់ខ្វាយ​ពី​សេរីភាព​ហិរញ្ញវត្ថុ​នៅឡើយ។ ពួកគេ​ត្រូវ​ធ្វើការ​យ៉ាងតិច​ចន្លោះ​ពី10-20ឆ្នាំ​ទៀត។ នេះ​ជា​ប្រការ​ដ៏​គួរឱ្យ​អាណិត ព្រោះ​ឮ​តែ​ត្អូញត្អែរថា​ធុញថប់​នឹង​ការងារ​សព្វថ្ងៃ​ណាស់ ហើយ​បើ​ឈប់​នឹង​អត់​មាន​អ្វី​ចិញ្ចឹម​កូន​ប្រពន្ធ។ល៕

Advertisement