ចំណុចអ្វីខ្លះ​​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​សម្រាប់ ការវិនិយោគ​អចលនទ្រព្យ​របស់ជនបរទេស?

September 15, 2018​ ម៉ោង 2:55 pm
0

ស្រប​ពេលដែល​តម្លៃ​ដី​នៅ​កម្ពុជា​នៅមានកម្រិត​ទាប​ជាង​ប្រទេសជិតខាង បានធ្វើឱ្យ​វិនិយោគិន​បរទេស​ចូលមក​បណ្តាក់ទុន​រក​ស៊ី​ជា​បន្តបន្ទាប់ ដែល​ធ្វើឱ្យ​វិស័យ​អចលន​ទ​ព្យ​នេះ​ក្លាយជា​គោលដៅ​វិនិយោគ​ដ៏​ធំ​របស់​ជនបរទេស​នៅលើ​ពិភពលោក ពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ចិន​តែម្តង។

លោក Thomas O’Sullivan អ្នកជំនាញ​អចលនទ្រព្យ​មានប្រសាសន៍ថា ប្រទេស​កម្ពុជា កំពុង​ក្លាយជា​គោលដៅ​របស់​អ្នកវិនិយោគ​ផែ្ន​ក​អចលនទ្រព្យ​មកពី​បរទេស ពិសេស​នៅក្នុង​តំបន់​អាស៊ាន និង​ចិន​តែម្តង។ តើ​អ្វីដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​គោលដៅ​វិនិយោគ​អចលនទ្រព្យ​សម្រាប់​វិនិយោគិន​បរទេស? នោះ​គឺ​ដោយសារតែ​កម្ពុជា​មានកំ​ណើ​ន​សេដ្ឋកិច្ច​រឹងមាំ ពិសេស​កម្ពុជា​បាន​អនុគ្រោះ​ផ្នែក​ច្បាប់ ផ្តល់​សិទ្ធិ​ដល់​ជនបរទេស​សម្រាប់​កាន់កាប់​អចលនទ្រព្យ​ថែមទៀត។

លោក​អះអាងថា ក្រោយពី​ការបោះឆ្នោត​ចប់ ការទិញ-លក់​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុ​ជាមានការកើនឡើង​យ៉ាងគំហុក ជាក់ស្តែង​ក្នុង​រយៈពេល​ជាង 2ខែថ្មីៗនេះ ការទិញ​លក់​ក្នុង​វិស័យ​អចលនទ្រព្យ​មានការ​កើនឡើង ប្រមាណ​ជាង50ភាគរយ ហើយ​វិនិយោគិន​បរទេស​ដែល​នាំមុខគេ​គឺ​ជន​ជាតិចិន​តែម្តង។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century 21 មេគង្គ មានប្រសាសន៍​ទទួលស្គាល់​ថាទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅមាន​តម្លៃ​ទាប​នៅឡើយ បើ​ប្រៀប​នឹង​ប្រទេសជិតខាង ដូចជា​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ដែលជា​កត្តា​នាំឱ្យ​អ្នក​វិនិយោគិន​មួយចំនួន សម្លឹង​មើលឃើញ​សក្តានុពល​នៅ​កម្ពុជា ដូចជា​តម្លៃ​ដី​នៅ​ក្រុង​ហាណូយ ប្រទេស​វៀតណាម និង​ក្រុង​បាងកក ប្រទេស​ថៃ​តម្លៃ​ដី​ស្មើ​មួយ​គុណ​នឹង​ពីរ ធៀប​នឹង​តម្លៃ​ដី​នៅ​ក្រុងភ្នំពេញ ប្រទេស​កម្ពុជា។ តម្លៃ​ដី​នៅ​តំបន់​ថ្លៃ​បំផុត​ក្នុងប្រទេស​កម្ពុជា​ជា​មធ្យម​ជាង 5,000ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ តែ​តម្លៃ​ដី​ក្នុង​តំបន់​ថ្លៃ​បំផុត​នៅ​ក្នុងប្រទេស​វៀតណាម និង​ថៃ ក្នុង​មួយ​ម៉ែត្រការ៉េ​មានតម្លៃ​ជា​មធ្យម​ប្រហែលជា 10,000ដុល្លារ។

ក្រៅពី​តម្លៃ​ដី​នៅ​ទាប​ជាង​ហើយ កម្ពុជា​នៅ​ប្រើប្រាស់​ដុល្លារ​ភាវូបនីយកម្ម​ដែល​អាចឱ្យ​បរទេស​ធ្វើ​ចរាចរណ៍​ប្រាក់​ដុល្លារ​ចូលមកក្នុង​ទីផ្សារ​ក្នុងប្រទេស​ងាយស្រួល​ជាង​ប្រទេសជិតខាង ដោយ​មិន​ធ្វើឱ្យ​គាត់​ខាតបង់​ទៅលើ​អត្រា​ប្តូរប្រាក់​ទៀតផង ទោះជា​ចង់​ដក ឬ​ដាក់​ក្នុង​ចំនួន​ច្រើន​ក៏ដោយ ដែល​នេះ​ជា​ចំណុច​ផ្តល់​ផល​ល្អ​សម្រាប់​ទាក់ទាញ​វិនិយោគិន​ឱ្យ​ចូលមក​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា។ ក្រៅពីនេះ​កម្ពុជា​ថែមទាំង​ទទួលបាន​ការស្វាគមន៍​ពី​បណ្តា​វិនិយោគិន​បរទេស​គ្រប់​ជាតិ​សាសន៍ ជាពិសេស​អ្នកវិនិយោគ​ចិន​ដែល​ពួកគាត់​ឆក់​ឱកាស​ចូលមក​មុនគេ ដោយសារ​អ្នកវិនិយោគ​ចិន​ច្រើន​ប្រកាន់យក​ទស្សនៈ​មួយ​ដែលថា​high risk high return ដែល​មានន័យថា “ប្រថុយ​កាន់តែ​ខ្ពស់ ផលចំណេញ​ដែល​បានមក​វិញ​ក៏​កាន់តែ​ខ្ពស់‟ ខណៈដែល​វិនិយោគិន​នៅ​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន​មានការ​គិតពិចារណា​ខ្លាំង មុននឹង​ចូលមក​បណ្តាក់ទុន​រក​ស៊ីផ្សេង។ ក្រៅពី​ជនជាតិ​ចិន កម្ពុជា​ក៏មាន​សក្តានុពល​ខ្លាំង​សម្រាប់​អ្នកវិនិយោគ​បរទេស ដូចជា​កូរ៉េ ជប៉ុន និង​វិនិយោគិន​អឺរ៉ុប ដែរ ដូចជា​ជនជាតិ​បារាំង​ក៏បាន​ចូលមក​បោះទុន​ជាបណ្តើរៗហើយ ប៉ុន្តែ​ការវិនិយោគ​ធ្វើឡើង​ទៅតាម​វិស័យផ្សេងៗគ្នា ដូចជា​វិស័យ​អចលនទ្រព្យ សំណង់ ហិរញ្ញវត្ថុ ដឹកជញ្ជូន ដែកថែប ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ជាដើម។

ទោះយ៉ាងណា លំហូរ​វិនិយោគ​បរទេស​ដែល​ហូរ​ចូលមក​យ៉ាងគំហុក​នេះ ក៏មាន​ផលប៉ះពាល់​ដល់​អ្នករក​ស៊ី​តូចតាច​ក្នុងស្រុក​ដែរ ដោយសារ​ភាគច្រើន​នៃ​អ្នកវិនិយោគ​ក្នុងស្រុក​ពុំ​សូវ​មាន​លុយ​ច្រើន​ដូច​ជនបរទេស ដូច្នេះ​កន្លែង ឬ​ទីតាំង​ដែលល្អៗត្រូវបាន​វិនិយោគិន​បរទេស​ចំណាយលុយ​ទិញយក​មុន ចំណែក​វិនិយោគិន​ក្នុងស្រុក​ទិញ​បានតែ​នៅ​តំបន់ឆ្ងាយៗពី​ទីប្រជុំជន​ប៉ុណ្ណោះ។ ប៉ុន្តែ​ទោះជា​ដូច្នេះ​ក្ដី កត្តា​នេះ​វា​បាន​ជះឥទ្ធិពល​ទៅដល់​អ្នកវិនិយោគ​ក្នុងស្រុក​ឱ្យខិត​ខំ​ពង្រឹង និង​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ឱ្យបាន​ទៅដល់​ទីឆ្ងាយៗ និង​ជួយ​ឱ្យ​សេដ្ឋកិច្ច​មាន​កំណើន​កាន់តែ​រឹងមាំ​ថែមទៀត​ផងដែរ។

ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​កាលពី​ឆ្នាំមុន​មាន​ទំហំ​ជាង 6,400លាន​ដុល្លារអាមេរិក និង​រយៈពេល 8ខែ​នៃ​ឆ្នាំ 2018នេះ មាន​ទឹកប្រាក់​ជិត3,000លាន​ដុល្លារ។

នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់៕

ចែករំលែក

គាំទ្រកាសែតឡារ៉ែនពាណិជ្ជ សូមជូយចុច Like & Share Facebook Page ខាងក្រោម

គាំទ្រទស្សនាវដ្ដីឡារ៉ែន សូមជូយចុច Like & Share Facebook Page ខាងក្រោម