ចិញ្ចឹម​មេ​ជ្រូក 1ក្បាល​អាចបង្កើត​កូនល​ក់បាន 1,000ដុល្លារ​ក្នុង​មួយឆ្នាំ

ការចិញ្ចឹម​ជ្រូក​យក​កូន​លក់​ជា​របរ​គួបផ្សំ​មួយទៀត​បន្ទាប់ពី​ការធ្វើ​ស្រែចម្ការ ឬ​ការងារ​ចម្បង​ផ្សេងទៀត ដែល​ជួយ​ឱ្យ​គ្រួសារ​កសិករ​អាច​រក​ចំណូល​បន្ថែម​បាន​ច្រើន​គួរសម និង​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់គាត់​កាន់តែ​ប្រសើរឡើងពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ទៀតផង។

លោក អឿន សុខ​រ៉ា ជា​គ្រូបង្រៀន​មុខវិជ្ជា​ភូមិវិទ្យា​នៅ​វិទ្យាល័យ​មោងឫស្សី បានមានប្រសាសន៍ថា លោក​មិនមែន​មានការ​ងារ​ត្រឹមតែ​ជា​គ្រូបង្រៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ថែមទាំង​មាន​ដី​ធ្វើស្រែ​ចំនួន2ហិកតា​ដូច​កសិករ​ក្នុងភូមិផ្សេងៗទៀត​ដែរ ប៉ុន្តែរ​បរទាំង 2នេះ​គ្រាន់តែ​រក​ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ប៉ុណ្ណោះ ហើយ​ដើម្បី​ឱ្យមាន​ប្រាក់ចំណូល​បន្ថែមទៀត​សម្រាប់​ទិញ​សម្ភារ​ទាន់សម័យ​ប្រើប្រាស់​នឹង​គេ លោក​បាន​ឆ្លៀតពេល​ចិញ្ចឹម​មេ​ជ្រូក​យក​កូន​លក់ ដែល​ធ្វើឱ្យ​អាច​រកចំណូលបាន​ច្រើន​គូរ​សម​ថែមទៀត ធ្វើឱ្យ​លោក​អាចមាន​លទ្ធភាព​ទិញ​ដី​ធ្វើ​ផ្ទះ​នៅ ទិញ​គោយន្ត​ធ្វើស្រែ ក្លាយជា​គ្រួសារ​មាន​ជីវភាព​ល្អប្រសើរ​មួយ​នៅក្នុង​ភូមិ​ម្រះព្រៅ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង។

លោក អឿន សុខរ៉ា កំពុងលាយចំណីជ្រូក

លោក​បានបញ្ជាក់ថា គ្រួសារ​លោក​បាន​ចិញ្ចឹម​មេ​ជ្រូក​យក​កូន​លក់​នេះ​តាំងពី​ឆ្នាំ2009មកម៉្លេះ ដែល​របរ​នេះ​លោក​ចេះតៗគ្នា​ពី​អ្នក​ចិញ្ចឹម​ក្នុងភូមិ ដោយ​កាលពី​ដំបូង​លោក​ចិញ្ចឹម​មេ​ជ្រូក​ចំនួន 4ក្បាល ដែល​ធ្វើឱ្យ​អាច​រកចំណូលបាន​ប្រមាណ​ជា4,000ដុល្លារ​ដែរ​ក្នុងមួយឆ្នាំៗ ហើយគិតៗទៅ​ជ្រូក​មេ​មួយ​ក្បាល​ជា​មធ្យម​អាចជួយ​រក​ចំណូលឱ្យ​ម្ចាស់​បាន​ចំនួន 1,000ដុល្លារ​ក្នុង​មួយឆ្នាំ។ លោក​ថា ជាទូទៅ​រយៈពេល 5ខែ មេ​ជ្រូក​នឹង​កើតកូន​ម្តង​បាន​ចំនួន​ពី12 ទៅ15ក្បាល ហើយ​នៅពេល​កូនជ្រូក​អាយុ​បាន30 ទៅ35ថ្ងៃ វា​នឹងមាន​ទម្ងន់​ប្រហែល8-10គីឡូក្រាម​ក្នុង​មួយ​ក្បាល ដែល​យើង​អាច​ចាប់​លក់បាន​ក្នុងតម្លៃ​ចន្លោះ​ពី20 ទៅ25ម៉ឺន​រៀល​ក្នុង​មួយ​ក្បាល អាស្រ័យទៅលើ​ហាងឆេង​ទីផ្សារឡើងថ្លៃ ឬ​ចុះថ្លៃ​សម្រាប់​កសិករ​ដែល​ទិញ​យកទៅ​ចិញ្ចឹម​យកសា​ច់លក់​បន្តទៀត។

ទោះយ៉ាងណា ការចិញ្ចឹម​ជ្រូក​មេ​យក​កូន​លក់​នេះ​ទាមទារ​ឱ្យ​យើង​មានការ​យកចិត្តទុកដាក់ និង​មានការ​ថែទាំ​ខ្លាំង​ទៅលើ​ការផ្តល់​ចំណីអាហារ ការថែរក្សា​អនាម័យការថែរក្សា​សុខភាព​ជ្រូក និង​យល់ដឹង​ពី​វិធីសាស្ត្រ​ចាក់​ថ្នាំ​បង្ការ ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​ការពារ​ជំងឺផ្សេងៗទៀតផង​ដែរ។ ឧទាហរណ៍ មួយ​សប្តាហ៍​នៅមុន​ពេល​មេ​ជ្រូ​កបង្កើតកូន គេ​ត្រូវ​ចាក់​ថ្នាំ​ទម្លាក់​សត្វល្អិត​ចោល​ម្តង ហើយ​ត្រូវ​ផ្តល់​ចំណី​ណា​ដែល​ជំនួយ​កម្លាំងដើម្បីឱ្យ​មេ​ជ្រូក​មាន​កម្លាំង​បង្កើតកូន និង​មាន​ទឹកដោះ​ច្រើន​ឱ្យ​កូនបៅ។ លុះដល់​ដំណាក់កាល​កើតកូន គេ​ត្រូវ​ចាក់​ថ្នាំ​ឱ្យ​ស្បូន​ជ្រូក​បើក​ជា​ជំនួយ​ឱ្យ​វា​កើតកូន​បាន​លឿន និង​មាន​សុខ​ភាពល្អ​ផងដែរ ដែល​ថ្នាំ​ជំនួយ​ក្នុងការ​បង្កើតកូន​នេះ គេ​ត្រូវ​ចាក់ឱ្យ​វា​បន្ទាប់ពី​វា​កើត​បានកូន​មួយ​មុនគេ។ ជាមួយគ្នានេះ​គេ​ត្រូវ​ចាក់​ថ្នាំ​ផ្សះ​ការពារ​មេរោគ​ឆ្លង​ផងដែរ។ ពេល​ចាក់​ថ្នាំ​រួច គេ​ត្រូវ​បង្កាត់​ភ្នក់ភ្លើង​នៅក្បែ​វា ឬ​ដាក់​អំពូល​ភ្លើង​កម្ដៅ ហើយ​បើ​គ្មាន​អំពូល​ភ្លើង​ទេ គេ​ត្រូវ​ក្រាល​ចំបើង ឬ​រក​ក្រណាត់ចាស់ៗយកមក​ក្រាល​ឱ្យ​មេ​ជ្រូក​ដេក ដើម្បី​ឱ្យមាន​ភាពកក់ក្តៅ បង្ការ​ខ្លាចក្រែង​ជ្រូក​កើត​ជំងឺ​ផ្តាសាយ និង​ជំងឺផ្សេងៗទៀត។

បន្ទាប់ពី​វា​កើតកូន​អស់ កសិករ​ត្រូវ​កាត់​ធ្មេញ​កូនជ្រូក​ទាំងនោះ​ចោល ដើម្បី​កុំឱ្យ​វា​ខាំ​គ្នា ឬ​ខាំ​ដោះ​មេ​វា​នៅពេល​បៅ ព្រោះ​ពេលណា​វា​ខាំ​ដោះ​មេ​វា​ហើម មេ​វា​នឹង​លែងឱ្យ​បៅ​មិន​ខាន។ ដំណាក់កាល​បន្ទាប់ គេ​ត្រូវ​កាត់​កន្ទុយ​កូនជ្រូក​ទាំងនោះ​ចោល​ទៀត ព្រោះថា​កន្ទុយ​វា​ត្រូវបាន​អ្នកជំនាញ​រកឃើញថា មាន​ញាណ​ពិសេស​ធ្វើឱ្យ​កូនជ្រូក​ឆាប់​ភ្ញាក់​ដឹងខ្លួន ដេក​មិន​បានយូរ​នៅ​ពេលឮ​សម្លេង​អ្វីមួយ ដែលជា​ហេតុ​ធ្វើឱ្យ​កូនជ្រូក​មិនសូវ​ធំធាត់​ល្អ ឬ​ធំធាត់​យឺត ឬ​ក្រ​ធំ​នាំឱ្យ​យើង​ខាត​ចំណី និង​ពេលវេលា​ក្នុងការ​ចិញ្ចឹម​វា ប៉ុន្តែ​កុំ​ភ្លេច​ចាក់​ថ្នាំ​ផ្សះ​ឱ្យ​វា​ផង​ពេល​កាត់​ធ្មេញ និង​កាត់​កន្ទុយ​វា​រួច ដោយ​ត្រូវយក​ថ្នាំ​ក្រហម​មក​លាប​កន្ទុយ និង​ផ្ចិត វា​ដើម្បីឱ្យ​ឆាប់​ជា​សះ​ពីមុខ​របួស។

កូនជ្រូកកំពុងបៅ

ក្រៅពី​វិធីសាស្ត្រ​ខាងលើ កសិករ​ត្រូវ​លាង​សម្អាត​ទ្រុង​ជាប្រចាំ តែ​មិនត្រូវ​លាង​កូនជ្រូក​នោះទេ ព្រោះថា​កូនជ្រូក​នៅ​តូច ស្បែក​វា​នៅ​ស្តើង​ដែល​ងាយ​កើតជំងឺ​ខ្លាំងណាស់​ពេល​អាកាសធាតុ​ក្តៅ ហើយ​បើ​យើង​យក​កូនជ្រូក​មក​លាង វា​អាច​នឹង​ឈឺ ដោយសារ​វា​មិនទាន់​សុំា​នឹង​អាកាសធាតុ​ក្តៅ ហើយ​ត្រជាក់​ភ្លាមប៉ុន្តែ​បើសិនជា​ខ្លួន​កូនជ្រូក​ប្រឡាក់​លាមក​វា​ច្រើន យើង​អាច​លាង​សម្អាត​វា​បាន ដោយ​យក​សាប៊ូម្សៅ​ដុសលាង​សម្អាត​តាម​ធម្មតា ប៉ុន្តែ​ពេល​លាង​រួច ត្រូវយក​ក្រណាត់​មក​ជូត​ឱ្យ​ស្អាត រួច​សឹម​លែង​វា​ចូល​ទ្រុង​វិញ។ រហូតដល់​កូនជ្រូក​អាយុ​បាន 15ថ្ងៃ គេ​អាច​លាង​សម្អាត និង​ងូតទឹក​ឱ្យ​កូនជ្រូក​បាន​ហើយ និង​ក្រៅពី​ថែរ​រក្សា​អនាម័យ​ហើយ គេ​ត្រូវ​គិត​រឿង​ចំណី​ឱ្យ​វា​ផងដែរ​ក្នុងអំឡុង​ពេលនេះ។ ក្នុងដំណាក់កាល​ទើប​កើត​ដំបូង គេ​មិនបាច់​ដាក់​ចំណី​ឱ្យ​វា​ស៊ី​ទេ ព្រោះ​វា​ចេះ​បៅដោះ​មេ​តែមួយ​មុខ​គត់ រហូតដល់​កូនជ្រូក​មាន​អាយុ​បាន 1សប្តាហ៍ ទៅ10ថ្ងៃ ទើប​គេ​ដាក់​ចំណី​ឱ្យ​វា​ស៊ីតិចៗជាដំបូង​ដោយ​លាយ​ជាមួយ​ចេកទុំ។ តាមពិតទៅ ដំបូងៗកូនជ្រូក​មិនចេះ​ស៊ី​ចំណី​ទេ តែ​វា​ចេះ​ស៊ី​ចេកទុំ លុះ​ស៊ី​បាន​មួយរយៈ​ខ្លី ទើប​វា​សុំា​នឹង​ចំណី ហើយ​ចេះ​ស៊ី​ដោយ​ខ្លួនឯង។ រហូតដល់​កូនជ្រូក​អាយុ​បាន 20ថ្ងៃ​ទើប​វា​លែង​បៅ និង​ងាក​មក​ស៊ី​ចំណី​វិញ​ម្ដង។ កូនជ្រូក10ក្បាល​ជា​មធ្យម​វា​ស៊ី​ចំណី​អស់ 30គីឡូក្រាម​ក្នុង​រយៈពេល 10ថ្ងៃ រហូតដល់​អាយុ​បាន 35ថ្ងៃ​កូនជ្រូក​នឹងមាន​ទម្ងន់​ចន្លោះ​ពី 8 ទៅ10គីឡូក្រាម​ក្នុង​មួយ​ក្បាល ពេលនោះ​យើង​អាច​ចាប់​លក់បាន​ហើយ។

យ៉ាងណាក៏ដោយ កន្លងមក​ដោយសារ​ជ្រូក​រស់​នាំចូល​ពី​ក្រៅប្រទេស​ច្រើនពេក បានធ្វើឱ្យ​ជ្រូក​រស់ក្នុង​ស្រុក​ធ្លាក់​ថ្លៃ នាំឱ្យ​កសិករ​ជាច្រើន​ក្នុងភូមិ​ឃុំ​ខាងលើ បោះបង់ចោល​របរ​ចិញ្ចឹម​ជ្រូក​នេះ ហើយ​អ្នកភូមិ​បាន​អំពាវនាវ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​កំណត់​ចំនួន​ជ្រូក​នាំចូល​ឱ្យបាន​ច្បាស់លាស់​មុននឹង​នាំចូលមក​លក់​លើ​ទីផ្សារ​កម្ពុជា ដោយ​ទុក​លទ្ធភាព​ឱ្យ​ជ្រូក​កសិករ​ខ្មែរ​អាច​លក់បាន​ថ្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​ខ្លួនឯង​ផង៕

Advertisement