សមាគម​កម្ពុជា-ចិន ចង់​ក្តោប​ទីផ្សារ​ព្យាបាល​ជំងឺ​នៅ​កម្ពុជា ក្នុង​គម្រោង​វិនិយោគ​ទេសចរណ៍​សុខាភិបាល

សមាគម អាយ វី អេ​ហ្ស កម្ពុជា-ចិន បានប្រកាស​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថា សមាគម​គ្រោង​នឹង​វិនិយោគ​វិស័យ​សុខាភិបាល​ដើម្បី​ក្តោប​ទីផ្សារ​ព្យាបាល​ជំងឺ​នៅ​កម្ពុជា ស្រប​ពេលដែល​សេដ្ឋកិច្ចកម្ពុជា​កំពុងមាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់។

លោក ស្រេង វង្ស ហៀ​ង ប្រធាន​សមាគម អាយ វី អេ​ហ្ស កម្ពុជា-ចិន បាន​បញ្ជាក់ថា ដោយសារតែ​មើលឃើញ​ការរីកចម្រើន​នៃ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា និង​ភាពល្អ​ប្រសើរឡើង​នៃ​កំណើន​ទេសចរ វា​ជា​ជា​ឱកាស​ដ៏​សមស្រប​មួយ​ក្នុងការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​សុខាភិបាល។

លោក ហៀ​ង បាន​បន្ដថា ទេសចរណ៍​សុខាភិបាល​នេះ កំពុង​ពេញនិយម​នៅក្នុង​ប្រទេសមួយ​ចំនួន​ដូចជា ប្រទេស​ម៉ាឡេស៊ី និង​ថៃ ជាដើម ហើយ​កម្ពុជា​ក៏​ស្ថិតនៅក្នុង​ទីតាំង​ភូមិសាស្ដ្រ​មួយ​ដ៏​ល្អ ដែល​អាច​ផ្ដល់នូវ​កញ្ចប់​សេវាកម្ម​ល្អ​មួយ​ដែល​គេ​ហៅថា ទេសចរណ៍​សុខាភិបាល ដែល​អ្នកទេសចរ​ក៏​អាចមក​ទទួល​សេវា​សុខាភិបាល​នៅ​កម្ពុជា​បានដែរ​នោះ ទើប​សមាគម​គ្រោង​វិនិយោគ​លើ​វិស័យនេះ។

លោក​បាន​បញ្ជាក់ថា៖ ប្រសិនបើ​ដំណើរការ​នេះ​ទទួលបាន​ជោគជ័យ វា​នឹង​ទាក់ទាញ​អ្នកទេសចរ ព្រមទាំង​អ្នក​មក​ពិនិត្យ​ជំងឺ​កាន់តែ​ច្រើនឡើង ជាពិសេស​ប្រជាជន​មកពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ទូទាំង​អាស៊ី​ផងដែរ។ លោក​ក៏បាន​បញ្ជាក់​បន្ថែមថា សមាគម​បង្កើត​គម្រោង​នេះ​ឡើង​ក្នុង​គោលបំណង​ផ្ដល់​សេវា​ពិសេស​ក្នុងការ​គាំពារ​សុខភាព​ស្ដ្រី។

សម្ដេច​ក្រឡាហោម ស ខេង បាន​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្ដើម​របស់ សមាគម អាយ វី អេ​ហ្ស កម្ពុជា-ចិន ពិសេស​ការបង្កើត​ការផ្ដល់​សេវាកម្ម​សុខភាព​ដល់​ស្ត្រី​នៅ​កម្ពុជា​តាមរយៈ​គម្រោងរ​បស់​សមាគម។ សម្ដេច​ក្រឡាហោម​បន្ដថា បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បាន​សម្រុក​ចេញទៅ​ក្រៅប្រទេស​ដូចជា ប្រទេស​ថៃ វៀតណាម សិង្ហ​បុរី និង​ប្រទេស​មួយចំនួនទៀត ដើម្បី​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ។

សម្ដេច​ក្រឡាហោម​បាន​ថ្លែងថា៖ ប្រសិនជា​គម្រោង​របស់​សមាគម​ចិន​ក្នុងការ​សាងសង់​មន្ទីរពេទ្យ​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ វា​នឹង​អាចជួយ​ផ្ដល់​សេវាកម្ម​កាន់តែ​កៀក​ជិត​នឹង​ប្រជាពលរដ្ឋ និង​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​កម្ពុជា​ផងដែរ៕

Advertisement