វិនិយោគិន​កូរ៉េខាងត្បូង គ្រោង​បង្កើត​វិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់​នៅ​កម្ពុជា

ស្រប​ពេលដែល​វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​រីកចម្រើន​ឡើងជា​លំដាប់​នោះ វិនិយោគិន​កួ​រ៉េ​ខាងត្បូង​មួយក្រុម​ត្រៀម​បង្កើត​សាលា​ជំនាញ​បច្ចេកវិទ្យា​សំណង់  ដែល​ផ្តោតលើ​ប្រព័ន្ធ​លើកកម្ពស់​សុវត្ថិភាព​សំណង់​ចរាចរណ៍ និង​ប្រព័ន្ធគ្រប់គ្រង​សម្ភារ​ការដ្ឋាន​នៅពេល​ខាងមុខឆាប់ៗនេះ។

គម្រោង​បង្កើត​សាលា​នេះ ត្រូវបាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​លោក Sung Heon Han ប្រធាន​វិទ្យាស្ថាន KICT ដែលជា​វិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់​ធំ​របស់​កូរ៉េ ជាមួយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​កម្ពុជា ដើម្បី​ដើរតួនាទី​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​ក្នុង​ការធានា​ឱ្យបាន​នូវ​ស្ដង់ដារ​គុណភាព​នៃ​សំណង់​នៅ​កម្ពុជា។

KICT គឺជា​វិទ្យាស្ថាន​របស់​រដ្ឋាភិបាល​កូរ៉េ​ដែលមាន​ជំនាញ​ឯកទេស​ខាង​ការស្រាវជ្រាវ និង​វិស្វកម្ម​សំណង់។ លោក Sung Heon Han ប្រធាន​វិទ្យាស្ថាន KICT បាន​មានប្រសាសន៍ថា  វិទ្យាស្ថាន KICT មាន​បុគ្គលិក​ជំនាញ​ថ្នាក់បណ្ឌិត​ជាង 900នាក់​ដែលមាន​ជំនាញផ្សេងៗគ្នា ទាក់ទង​នឹង​ការសាងសង់​ដែល​បាន​បង្កើត​ស្តង់ដារ​សំណង់​កូរ៉េ​សម័យ​ទំនើប។ ហើយ​ការបង្កើត​សាលា​នេះ KICTនឹង​ចែករំលែក​សេចក្ដីព្រាង​ផែនការ​គាំទ្រ ការបង្កើត “វិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់​កម្ពុជា-កូរ៉េ (C-KICT)” នៅពេលឆាប់ៗនេះ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាបជូន​អំពី​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​របស់​កម្ពុជា​ផងដែរ។ គ្រោះថ្នាក់​ចរាចរណ៍​នាពេល​បច្ចុប្បន្ន​ដែល​បង្កឡើង​ដោយ​កត្តា​មនុស្ស និង​ចំណុច​ខ្មៅ បានសម្លាប់​មនុស្ស​ប្រមាណ 5 នាក់ និង​បង្ក​របួសស្នាម​ពី20 ទៅ50នាក់​ក្នុង​មួយថ្ងៃ ដែល​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្តង់ដារ​នៃ​ការស្ថាបនា​ផ្លូវថ្នល់​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​រក្សា​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យមាន​ភាពរឹងមាំ និង​ប្រើប្រាស់​ជាប់​បានយូរ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា បច្ចេកវិទ្យា​ជួសជុល​ផ្លូវថ្នល់​មាន​សារៈសំខាន់​ណាស់ ដោយសារ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស ដូចជា​ខេត្តកំពត ខេត្ត​កែប ក្រុងព្រះសីហនុ និង​ខេត្តកោះកុង មាន​ភ្លៀង​ធ្លាក់​ជោកជាំ​នៅ​រដូវវស្សា។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​សំណូមពរ​ឱ្យ KICT ព​ន្លឿ​ន​ការបង្កើត​វិទ្យាស្ថាន C-KICT ឱ្យ​រួច​ក្នុង​រយៈពេល 2ឆ្នាំ ឬ​ឆាប់​ជាង​នេះ​តាម​ដែល​អាចធ្វើ​ទៅបាន៕

Advertisement