5ចំណុច​ដែល​អ្នកវិនិយោគ​លើ​គម្រោង​ពុះ​ដីឡូត៍​លក់​ត្រូវ​យល់ដឹង

ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា បច្ចុប្បន្ន​មានការរីកចម្រើន​ខ្លាំង មិន​ថា​នៅ​រាជធានី​ភ្នំពេញ ឬ​នៅតាម​ទីប្រជុំជន​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត​នោះទេ ជាពិសេស​ការ​ពុះ​ដីឡូត៍​លក់​កំពុងមាន​សកម្មភាព​យ៉ាង​កក្រើក​ខ្លាំង​នៅតាម​តំបន់​ជាយក្រុង និង​នៅតាម​ទីប្រជុំជន​ក្នុង​បណ្តា​ខេត្ត​មួយចំនួនទៀត។ ចង់ដឹងថា តើ​ការធ្វើជា​អ្នកលក់​អចលនទ្រព្យ​ត្រូវមាន​ចំណេះដឹង​អ្វីខ្លះ​នោះ អ្នកយកព័ត៌មាន​កាសែត​ឡា​រ៉ែ​ន​ បាន​ជួប​សម្ភាស​ជាមួយ​លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong ជា​អ្នកមានជំនាញ​ខាង​អចលនទ្រព្យ​ជា​យូរ​ឆ្នាំ​មកហើយ ដោយ​លោក​នឹង​បង្ហាញ​ពីបទ​ពិសោធ និង​ចំណេះដឹងល្អៗក្នុង​ការលក់​អចលនទ្រព្យ​ប្រកបដោយ​ជោគជ័យ​ដែលមាន​នៅក្នុង​ចំណុច​មួយចំនួន​ដូចខាងក្រោម៖

1. ត្រូវមាន​ចំណេះដឹង​ផ្ទាល់ខ្លួន៖ ចំណេះដឹង​ផ្ទាល់ខ្លួន​នេះ សំដៅលើ​ការចេះ​ប្រមូល​ព័ត៌មាន​ឱ្យបាន​ទូលំទូលាយ និង​ធ្វើ​ការវិភាគ គិតពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុននឹង​សម្រេច​ពុះ​ដីឡូត៍​លក់ ពិសេស​តម្លៃ​ដី​នៅ​ជុំវិញ​ទីតាំង​ដែល​យើង​ចង់​ពុះ​ដី​លក់​នោះ។ ធ្វើការ​ប្រៀបធៀប​ពី​ទីតាំង​មួយ​នឹង​ទីតាំង​មួយទៀត ដោយ​ប្រៀបធៀប​ពី​តម្លៃ និង​សក្តានុពលរ​បស់ទីតាំង​នោះ​មាន​អ្វីខ្លះ ពិសេស​ការវិនិយោគធំៗពី​វិស័យ​ឯកជន ឬ​ការវិនិយោគ​របស់​រដ្ឋ​ដើម្បី​បង្ហាញ​ទៅ​អតិថិជន​ថា ពេលដែល​ពួកគាត់​ទិញ​ហើយ តើ​គាត់​អាចធ្វើ​អ្វី​បាន​ខ្លះ ឫ​បាន​អ្វី​ត្រឡប់មកវិញ​ខ្លះ ឬ​អាចធ្វើ​ផ្ទះជួល ឬ​ទិញ​ទុក​លក់​យកប្រាក់​ចំណេញ​មកវិញ​ជាដើម។ ឧទាហរណ៍​ថា យើង​ពុះ​ដីឡូត៍​លក់​នៅក្នុង​តំបន់​ដែល​រោងចក្រ​ត្រៀម​នឹង​ទៅដល់ ឬ​រោងចក្រ​កំពុង​សាងសង់បណ្តើរៗហើយ​នៅពេល​រោងចក្រ​សាងសង់​រួច ដី​នៅ​តំបន់​នោះ​នឹងឡើងថ្លៃ​ដោយ​ឯកឯង ឬ​ទិញ​ហើយ​ធ្វើ​ផ្ទះជួល​ក៏បានដូច្នេះ​អតិថិជន​ពិតជា​ចាប់អារម្មណ៍​មកលើ​គម្រោង​យើង​មិន​ខាន។ ក្រៅពីនេះ​ត្រូវ​ពង្រាយ​កម្លាំង​យ៉ាងម៉េច​ឱ្យបាន​គ្រប់កន្លែង ដើម្បីឱ្យ​អាច​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​ក្នុង​វិស័យ​ដែល​យើង​ត្រូវ​ផ្តល់​សេវាកម្ម ឬ​វិនិយោគ​នោះ​ឱ្យបាន​ច្រើន និង​ច្បាស់លាស់។

2. ភាព​ឆ្លាត​វៃ និង​សមត្ថភាព​ផ្ទាល់ខ្លួន៖ ក្រៅពី​ចំណេះដឹង​ខាងលើ​មួយចំនួន​ហើយ យើង​ក៏ត្រូវ​យល់ដឹង​ពី​ខ្លួនឯង​ឱ្យបាន​ច្បាស់​ថា ខ្លួន​យើង​ជា​នរណា មាន​ជំនាញ​បែបណា និង​ចង់​លក់​ផលិតផល​អ្វីហើយ​តើ​ផលិតផល​យើង​នោះ​ល្អ ឬ​យ៉ាងណា? ឧទាហរណ៍​ថា ចង់​វិនិយោគ​លើដី យើង​ត្រូវ​ដឹងថា ដី​កន្លែង​ណា​ល្អ និង​ងាយស្រួល​រកប្រាក់​ចំណេញ​មកវិញ។ ប្រសិន​ជាមាន​លុយ​តិច ហើយ​ចង់​វិនិយោគ យើង​ត្រូវ​វិនិយោគ​លើ​អចលនទ្រព្យ​ណា​ដែលមាន​ទីផ្សារ​ខ្ពស់ ងាយ​ទទួលបាន​ទុន​បង្វិល​ដើម្បី​វិនិយោគ​លើ​ទីតាំង​ផ្សេង​ថ្មី​ទៀត និង​ទទួលបាន​ប្រាក់ចំណេញ​លឿន បើទោះជា​ប្រាក់ចំណេញ​ទាំងនោះ​មាន​ចំនួន​តិច​ក៏ដោយ ចៀសវាង​បង្កក​ទុន​ចោល​មួយកន្លែង វា​នឹង​ធ្វើឱ្យ​កកស្ទះ​ដើមទុន​ក្នុងការ​ពង្រីក​អាជីវកម្ម​ទៅមុខ ឬ​ពិបាក​ក្នុង​ការសង​រំលស់​ទៅ​ធនាគារ​វិញ​ប្រសិន​ជាមាន​កម្ចីផ្សេង។

3. កសាង​ទំនុកចិត្ត៖ ធ្វើជា​ក្រុមហ៊ុន​អចលនទ្រព្យ អ្វីដែល​សំខាន់​ត្រូវ​កសាង​កេរ្តិ៍ឈ្មោះ ព្រោះ​កេរ្តិ៍ឈ្មោះ​ជា​រឿង​ចាំបាច់​សម្រាប់​ភាពជោគជ័យ​ជា​និរន្តរ៍ មិនមែន​ក្នុង​រយៈពេល​ខ្លី​នោះទេ តែ​ជា​ជោគជ័យ​ក្នុង​រយៈពេល​វែង​តាំងពី​ខ្លួនឯង​រហូត​ទៅដល់​សាច់ញាតិ​ជំនាន់ក្រោយៗទៀតផង។ លោក​ថា នៅក្នុង​ក្រុមហ៊ុន​Century 21 Mekong មុន​ចេញទៅ​ធ្វើការ បុគ្គលិក​ត្រូវ​ទទួល​ការបណ្តុះបណ្តាល​ចំនួន 4ចំណុច​ជាមុនសិន ដូចជា​ជំនាញ​ក្នុងការ​និយាយ ជំនាញ​ក្នុងការ​ទំនាក់ទំនង​ភ្ញៀវ ជំនាញ​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់​អតិថិជន និង​ជំនាញ​ក្នុង​ការទិញ-លក់-ជួល​ដោយ​ជោគជ័យ។ ដូច្នេះ​ដើម្បី​ធ្វើឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ​មានចំណេះ ជំនាញ និង​បទពិសោធ​ដែល​អាចធ្វើ​ការ​បាន​ក្នុង​វិស័យនេះ គឺ​គេ​ត្រូវការ​ការបណ្តុះបណ្តាល និង​ពង្រីក​ភ្នាក់ងារ​ឱ្យបាន​ច្រើន ដើម្បី​ពង្រីក​វិសាលភាព​ការងារ​របស់​យើង​ឱ្យបាន​ទូលំទូលាយ។ ពិសេស​ត្រូវមាន​ចំណេះដឹង​ផ្នែកច្បាប់ យល់ដឹង​ពី​ដំណើរការ​បង់ពន្ធ ឬ​ពន្ធ​ប្រថាប់ត្រាពិសេស​នីតិវិធី​ក្នុងការ​ដំណើការ​កាត់​ប្លង់ ឬ​ការ​បំបែក​ក្បាលដី​ជូន​អតិថិជន​ដើម្បី​ទទួលបាន​ទំនុកចិត្ត​កាន់តែ​ខ្ពស់។

4. រក​អ្នកជំនាញ​ដែលមាន​បទពិសោធ​យូរ​ឆ្នាំ​ជួយ​ការងារ៖ ប្រសិនជា​យើង​មិនសូវ​ចេះ និង​មិនមាន​ជំនាញ យើង​ត្រូវធ្វើ​ការប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​អចលនទ្រព្យ​ដែលមាន​បទពិសោធ​ដើម្បី​ផ្តល់​ជា​ដំបូន្មាន​ថា តើ​យើង​គួរ​ធ្វើ​យ៉ាងម៉េច រៀបចំ​យ៉ាងម៉េច ដើម្បីឱ្យ​ការបំពេញ​ការងារ ឬ​ការវិនិយោគ​ក្នុង​វិស័យនេះ​មាន​ភាពល្អ​ប្រសើរឡើង និង​បញ្ចៀស​បាន​នូវ​ហានិភ័យ។ យើង​ត្រូវ​ចេះ​ប្រមូល​ព័ត៌មាន និង​ទទួលយក​ការប្រឹក្សា​ជាមួយ​អ្នកជំនាញ​អចលនទ្រព្យ ដើម្បី​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើការ​សម្រេចចិត្តថា តើ​ការវិនិយោគ​របស់​យើង​មាន​ភាពត្រឹមត្រូវ និង​គួរ​ធ្វើ​ប៉ុនណា។ ឧទាហរណ៍ ការ​ពុះ​ដីឡូត៍​លក់​បច្ចុប្បន្ន​បាន​រីក​ទៅ​តំបន់​ជាយក្រុង នេះ​គឺ​ដោយសារ​អ្នកវិនិយោគ​ទាំង​នោះបាន​សិក្សា​ច្បាស់លាស់​ពី​ការអភិវឌ្ឍ​របស់​រដ្ឋា​ភិ​បាល ដូចជា​គោលនយោបាយ​រុញ​រោងចក្រ​ចេញពី​ទីក្រុង​ទៅ​តំបន់​ជាយក្រុង ទៅកាន់​ទីតាំង​ដែល​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន ដូចជា​ការអភិវឌ្ឍ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 ពី​ភ្នំពេញ​ទៅកាន់​កំពង់ផែ​ខេត្តកំពត និង​ពី​ភ្នំពេញ​ទៅកាន់​ឆ្នេរសមុទ្រ​កំពង់សោម​ជាដើម ដោយសារ​ទីតាំង​ទាំង2 ខាងលើ ត្រូវបាន​រដ្ឋាភិបាល​ក​សាង​កំពង់ផែ​ទឹក​ជ្រៅ ដែល​អំណោយផល​ដល់​ការដឹក​ទំនិញ​ធ្ងន់ ឬ​ស្រាល​ចេញចូល​ទៅកាន់​ប្រទេសផ្សេង។ ហើយ​បច្ចុប្បន្ន​ការ​ពុះ​ដីឡូត៍​លក់​នៅ​តំបន់​នោះ ក៏​កាន់តែ​រីកដុះដាល​ខ្លាំងឡើងៗ ហើយ​រោងចក្រ​ក៏​កាន់តែ​រំកិល​ខ្លួន​បន្តិចម្តងៗទៅកាន់​ផ្លូវជាតិ​ទាំង2 នោះ​ផងដែរ។

5. ត្រូវមាន​ឯកទេស​ជាក់លាក់​មួយ៖ នៅក្នុង​វិស័យ​អចលនទ្រព្យ​មាន​ផ្នែក​ជាច្រើនខុសៗគ្នា​ ហេតុនេះ​យើង​ជា​ភ្នាក់ងារ​អចលនទ្រព្យ ឬ​ចង់​វិនិយោគ​ក្នុង​វិស័យនេះ ត្រូវមាន​ជំនាញ​ណាមួយ​ឱ្យ​ជាក់លាក់​ទើប​យើង​អាចធ្វើ​បាន​តាម​គោលដៅ​របស់​យើង ទទួលបាន​ប្រាក់ចំណេញ និង​បញ្ចៀស​បាន​នូវ​ហានិភ័យ​ចំពោះមុខ ពិសេស​ជំនាញ​ខាង​វាយតម្លៃ។ ឧទាហរណ៍​ថា បើសិនជា​យើង​ទិញ​ដី​ដែលមាន​តម្លៃ​ខ្ពស់ ពេល​យើង​ពុះ​ជា​ឡូត៍​លក់​ជូន​អតិថិជន​វិញក៏ត្រូវ​តែមាន​តម្លៃ​ខ្ពស់​ទៅតាម​ថ្លៃដើម​ដែរ។ ករណីនេះ​បាន​ជះឥទ្ធិពល​ដល់​ក្រុមហ៊ុន ព្រោះ​តម្លៃ​ថ្លៃ​ជាងគេ អតិថិជន​នឹងមិន​ទិញ ហើយ​អតិថិជន​ទៀតសោតមុននឹង​សម្រេច​ទិញ​ដី​នៅ​ទីកន្លែង​ណាមួយ គាត់​តែងមាន​ការគិត​ពិចារណា​ល្អិតល្អន់​ខ្លាំងណាស់ហើយ​ពួកគាត់​តែង​ដើរ​ស៊ើបសួរ​តម្លៃ​នៅ​ទីតាំងជិតៗនោះ​ទៀតផង មិនមែន​សម្រេចចិត្ត​ទិញងាយៗដូច​ទិញ​ទំនិញ​នៅក្នុង​ផ្សារ​នោះទេ៕

Advertisement