ឈប់​ពី​ម៉ៅការសំណង់ ងាក​មក​ប្រក​បរបរ​ដាំ​ផ្សិតលក់ ប្រើ​ទុន​តិច​​ តែ​ចំណេញ​ច្រើន

ការដាំ​ផ្សិត​បាន​ក្លាយជា​មុខរបរ​ដ៏​ទាក់ទាញ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​ស្វាយចេក​ថ្មី សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ជិត​វត្ត​តាំង​កសាង​រាជធានី​ភ្នំពេញ ដោយសារ​ការដាំ​បន្លែ​មួយ​នេះ​បាន​ចំណាយ​ដើមទុន​តិចតួច​បំផុត ហើយ​អាច​រក​ចំណូល​ត្រឡប់មកវិញ​យ៉ាងច្រើន និង​ឆាប់រហ័ស។នេះ​បើតាម​ការ​ប្រាប់​ឱ្យដឹងពី​អ្នកស្រី អឿន ចាន់នី ជា​កសិករ​ប្រកប​របរ​បណ្ដុះ​ផ្សិត​លក់។

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​ស្វាយចេកថ្មី រាជធានី​ភ្នំពេញ​ដែល​ពីមុន​ធ្លាប់ជា​កម្មករសំណង់រ​ក​ស៊ី​ម៉ៅការ​សំណង់ជូន​កាល​បានការ​ងារ​ក៏​ធ្វើទៅ មិនមាន​ការងារ​ក៏​ទំនេរ​នោះបាន​ងាក​មក​ចាប់យក​របរ​ដាំ​ផ្សិត​ដោយ​ចំណាយ​ដើមទុន​ត្រឹមតែ 30ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​បានក្លាយ​ដង្ខៅ​ផ្សិត​ដ៏​ល្បី​ប្រចាំ​ភូមិ​ស្វាយចេក​ថ្មីដែល​ទទួលបាន​ប្រាក់ចំណេញ​ចន្លោះ​ពី1លាន​រៀល ទៅ3លាន​រៀល​ត្រឹម​រយៈពេល​តែ​កន្លះ​ខែ។

អ្នកស្រី អឿន ចាន់នី កសិករ​ដែល​ល្បី​ខាង​ដាំ​ផ្សិត​លក់ និង​មាន​ចំណូល​ខ្ពស់​ជាងគេ​ក្នុង​តំបន់ វត្ត​តាំង​កសាង​ប្រាប់​បានឱ្យដឹងថា មុខរបរ​ដាំ​ផ្សិត​នេះ​អ្នកស្រី​អាច​រកប្រាក់​ចំណេញ​ចន្លោះ​ពី 1លាន​រៀល ទៅ3លាន​រៀល​អាស្រ័យ​លើ​ការប្រមូល​ផល​ក្នុង​រយៈពេល​កន្លះ​ខែម្ដង ខណៈដែល​ប្តី​របស់គាត់​ចាប់ផ្តើម​មុខរបរ​ដាំ​ផ្សិត​ដំបូង។

អ្នកស្រី អឿន ចាន់នី កំពុងប្រមូលផលផ្សិត

មូល​ហេតុដែល​បណ្តាលឱ្យ​ប្តី​របស់គាត់ ងាក​មក​ប្រក​បរបរ​ដាំ​ផ្សិត​លក់​វិញ​នោះ ក៏​ដោយសារតែ​របរ​ខាង​ម៉ៅការ​សំណង់​មិនសូវ​ជា​ទទួលបាន​ការងារ​ជាប់លាប់ ពេល​មាន​ក៏​ធ្វើទៅ តែបើ​មិនមាន​ក៏​អត់​មាន​អ្វី​ធ្វើ និង​ទំនេរ​ច្រើន។ ពេល​មួយ​នោះ​គាត់​បាន​ម៉ៅការ​សំណង់​មួយ​នៅ​កំពង់សោម នៅឯ​ចំការ​ដូងប្រេង គាត់​បានឃើញ​ផ្សិត​ដុះ​នៅលើ​ដើម​ដូងប្រេង គាត់​ក៏មាន​គំនិត​ចង់​បណ្តុះ​ផ្សិត​លក់​វិញ​ម្តង។

ពេល​ត្រឡប់​មកពី​ការដ្ឋាន​សំណង់​គាត់​ក៏​ប្រមូល​អ្នកជិតខាង​ក្បែរ​គ្នា​ចូល​ហ៊ុន​គ្នា​រកស៊ី​មុខរបរ​បណ្តុះ​ផ្សិត។ លើកដំបូង​ផ្សិត​ដុះ​រីក​បានល្អ តែ​លើក​ទី​ពីរ ផ្សិត​ពុំបាន​រីក​ល្អ​ទេ​ធ្វើឱ្យមាន​ការខាតបង់​ច្រើន។ អ្នកជិតខាង​ក៏​នាំគ្នា​ដក​ដើមទុន​វិញ​អស់ ប៉ុន្តែ​ពូ​សំណាង(ស្វាមី​អ្នកស្រី​ចាន់នី)មិន​អស់ចិត្ត​ក៏​បន្ត​មុខរបរ​នេះ​តែម្នាក់ឯង​ដោយ​ពុំបាន​ហៅ​គេ​ចូល​ហ៊ុន​ទៀត​ទេ។

នៅពេលដែល​គាត់​ធ្វើ​ការដាំ​ផ្សិត​ម្នាក់ឯង​តាម​បទពិសោធ​របស់គាត់​នោះ បានធ្វើឱ្យ​ដំណាំ​ផ្សិត​ទទួលបាន​ផល​វិជ្ជមាន​រហូតមក ដែល​បច្ចុប្បន្ន​គាត់​មាន​រោង​បណ្ដុះ​ផ្សិត​ចំនួន 8រោង ដោយ​ក្នុង 1រោង​មាន2 ទៅ3ជួរ ហើយ​ក្នុង 1ជួរ​មាន 4ធ្នើរ ឯការ​ទទួលផល​វិញ ក្នុង1រោង​ទទួលបាន​ប្រមាណ​ជា 100kgផ្សិត​ក្នុង​រយៈពេល​ប្រមូល​ផល​កន្លះ​ខែម្តង។

ផ្សិតដែលប្រមូលផលបាន

ស្ត្រី​វ័យ 32ឆ្នាំ​រូបនេះ​បាន​រៀបរាប់ថា បច្ចុប្បន្ន​ដើមទុន​ដែល​ត្រូវ​ចំណាយ​ម្ដង​ក្នុង​ការដាំ​ផ្សិត​មួយ​រោង​ប្រមាណ​ជិត2,000ដុល្លារ ដោយ​ចំណាយ​ទៅលើ​ការទិញ​ធាតុ​ផ្សំ ដូចជា​មេ​ផ្សិត សម្បក​សណ្ដែកចំបើង និង​អុស​សម្រាប់​ដុត​កម្ដៅ​ជាដើម។ អ្នកស្រី​បន្តថា “មុខរបរ​ដាំ​ផ្សិត​នេះ បើ​យើង​ប្រមូលបាន​កាន់តែច្រើន ប្រាក់ចំណេញ​ក៏​កើន​តាម​ហ្នឹង​ដែរ‟។ បច្ចុប្បន្ន​ប្តី​គាត់​ក៏​ចេះ​ធ្វើ​មេ​ផ្សិត​ដោយ​ខ្លួនឯង​ដែល​បណ្តុះ​បាន​ផល​ច្រើន​ដូច​មេ​ដែល​ទិញ​គេ​យកមក​បណ្តុះ​ដែរ។

អ្នកស្រី ចាន់នី ក៏បាន​ឱ្យដឹង​ដែរ​ថា៖“កន្លងមក​យើង​ដាំ​ផ្សិត​មួយ​រោង អាច​ប្រមូល​ផល​បាន​ដល់​ទៅ 100គីឡូក្រាម​ក្នុង​រយៈពេល​កន្លះ​ខែ និង​លក់បាន1​គីឡូ​តម្លៃ 15,000រៀល ហើយ​យើង​ប្រមូល​ផល​ត្រឹមតែ 3រោង​ប៉ុណ្ណោះ យើង​នឹង​លក់បាន​ប្រាក់​ជិត 5លាន​រៀល ដូច្នេះ​អាស្រ័យ​លើ​យើង​ជា​អ្នក​បណ្តុះ ដែរ បើ​យើង​បណ្តុះ​ឱ្យ​ប្រមូល​ផល​បាន 6រោង​ក្នុង​កន្លះ​ខែ នោះ​យើង​នឹង​ទទួលបាន​ផល​ច្រើន​ទៅតាម​ហ្នឹង​ដែរហើយ បើ​ក្នុង​រដូវ​បុណ្យទាន​ដែលមាន​តម្រូវការ​ច្រើនវិញ យើង​នឹង​បណ្តុះ​ច្រើន​ដែរ តែ​ក្នុង​រដូវ​កាល​ធម្មតា​យើង​នឹងបណ្តុះ​ឱ្យ​ប្រមូល​ផល​បានតែ 3រោង​ប៉ុណ្ណោះ ដើម្បីឱ្យ​វា​មាន​លក្ខណៈ​វិលជុំដែល​អាចឱ្យ​យើង​ប្រមូល​ផល​បាន​បន្តបន្ទាប់​គ្នា​មិន​ដាច់‟។

គូរ​បញ្ជាក់​បន្ថែមថា ដង្ខៅ​ផ្សិត​វ័យក្មេង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដ៏​មមាញឹក​នេះ បាន​ប្រកប​មុខ​ដាំ​ផ្សិត​លក់​រយៈពេល​ជាង3ឆ្នាំ​មកហើយ បច្ចុប្បន្ន​ពូកគេ​មាន​រោង​ដាំ​ផ្សិត​ចំនួន8។ ដោយ​ទ្រព្យសម្បតិ្ត​ដែល​ទទួលបាន​ពី​ការធ្វើ​កសិកម្ម​ខ្នាតតូច​នេះ​ធ្វើឱ្យ​ពួកគាត់​អាច​សង់់ផ្ទះ​រស់នៅ និង​អាច​ចិញ្ចឹម​កូន 3នាក់​យ៉ាង​សុខ​ស្រួល។

ប៉ុន្តែ​ពួកគេ​នៅ​ជួល​ដី​សម្រាប់​ប្រកបមុខរបរ​នេះ​នៅឡើយ តែ​ជីវភាព​វិញ​មាន​ស្ថានភាព​ល្អប្រសើរ​ជាង​កាលពី​នៅ​ប្រកប​របរ​ធ្វើ​សំណង់។ គាត់​បានឱ្យដឹង​ទៀតថាធ្លាប់មាន​ជនជាតិ​ម៉ាឡេស៊ី​មក​ចង់​សហការ​ដោយ​ឱ្យ​ជា​ប្រាក់ខែ​ដល់​គាត់ តែ​ដោយ​ពិបាក​ក្នុងការ​បកប្រែ​ភាសា​ផង និង​មិន​ព្រមព្រៀងគ្នា​ក្នុង​លក្ខខណ្ឌ​មួយចំនួន​ផង​នោះ ទើប​ធ្វើឱ្យ​មិនបាន​សហការគ្នា​ទេ តែ​គាត់​ក៏មាន​មហិច្ឆតា​ផងដែរ​ក្នុងការ​ពង្រីក​របរ​នេះ ដោយ​ចង់រក​អ្នក​សហការ​ចូល​ហ៊ុន​ដើម្បី​ពង្រីក​មុខរបរ​នេះ​ឱ្យបាន​ធំ​ឡើងដល់​ទៅ 30រោង​នៅពេល​ខាងមុខ។

ជា​ចុងក្រោយ​អ្នកស្រី អឿន ចាន់នី កសិករ​ដាំ​ផ្សិត​លក់​រូបនេះ​បាន​ណែនាំ​ថា ការដាំ​ផ្សិត​នេះ​មិនចាំបាច់​ដល់​ទៅ​មានជំនាញ​កសិកម្ម​ជ្រៅជ្រះ​នោះទេ ព្រោះថាផ្សិត​ជា​ដំណាំ​ដែល​ងាយ​ដាំ ហើយ​ចំណាយ​ទុន​ដំបូង​តិច​បំផុត តែ​ក៏​អាច​ក្លាយជា​អ្នកមាន​ជីវភាព​ធូរធារ​បានដែរ៕

Advertisement