ការធ្វើ​ទំនើបកម្ម​កសិកម្ម បានចាប់ផ្តើម​ដំណើរការ​ដោយ​កម្មវិធី Blockchain

កម្មវិធី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​លើកកម្ពស់​ជីវភាព​រប​ស់​កសិករ​តាមរយៈ​ការប្រើ​កម្មវិធី​ប្លុក​ឆេន (blockchain)បានចាប់ផ្តើម​ជា​ផ្លូវការ​នូវ​បច្ចេកវិទ្យា​ក្នុង​វិស័យ​កសិកម្ម ដែល​ត្រូវបាន​គេ​ហៅថា “ប្លុក​រ៉ា​យស‟ (blockrice) កំពុង​ចាប់ផ្តើម​បទពិសោធ​ជា​លើកដំបូង​ដោយ​ផ្តោតលើ​កសិករ​នៅក្នុង​ខេត្តព្រះវិហារ ដែល​កម្មវិធី​នេះ​ជាការ​សហការគ្នា​រវាង​អង្គការ​អុក​ស្វា​ម​កម្ពុជា និង​ក្រុមហ៊ុន​ក្នុងស្រុក​អាម​រូ​រ៉ា​យស៍ (Amru Rice)។

លោក​ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា វា​គឺជា​ការពិសោធ​ជា​លើកដំបូង ព្រោះ​ប្លុក​ឆេន​ហ្នឹង​គេ​ច្រើន​ធ្វើ​ទៅលើ​ការចិញ្ចឹម​ត្រី ដំណាំ​កាហ្វេ​នៅ​ប្រទេស​វៀតណាម និង​អាហ្វ្រិក​ជាដើម គ្រាន់តែ​ថា​នៅ​ស្រុកយើងៗធ្វើ​នៅលើ​ដំណាំ​ស្រូវ មានន័យថា គោល​គំនិត​នេះ​មិនមែន​ថ្មី​ទេ​នៅលើ​ពិភពលោក តែ​សម្រាប់​យើង blockchain នេះ​ថ្មី យើង​បានធ្វើ​ទៅលើ​ស្រូវ​អង្ករ​ដែលជា​វិស័យ​លេចធ្លោ​ជាងគេ (យើង​គួរតែ​ធ្វើ​ទៅលើ​ដំណាំ​ដទៃទៀត​ផងដែរ)។

លោក​ឧកញ៉ា​បាន​លើកឡើងថា ជា​គោល​គំនិត​គេ​ចង់​កសាង​គម្រោង3 ដែល​គម្រោង​ទី1 គឺ​ប្រព័ន្ធ​តាមដាន​ការដាំដុះ ទី2 បង្កើន​តម្លាភាព​ក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​ទី3 បង្កើន​កម្រិតជីវភាព​រស់នៅ​របស់​កសិករ។ លោក​មានប្រសាសន៍ថា “លោក​សង្ឃឹមថាកម្មវិធី​សាកល្បង​នេះ​នឹង​ទទួលបាន​ជោគជ័យ ហើយ​ពួកគេ​នឹង​អាច​ពង្រីក​វា​ទៅកាន់​សហករណ៍ថ្មីៗបន្ថែមទៀត​ក្នុង​ការធ្វើ​វឌ្ឍនភាព​នាពេល​អនាគត ហើយ​គោលបំណង​របស់​យើង​គឺ​បង្កើន​ទីផ្សារ​ជូន​កសិករ​ខ្មែរ‟។

លោក កាន់ គ​ន្ធី អគ្គនាយករង​គ្រប់គ្រង​ក្រុមហ៊ុន Amru Rice បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា កម្មវិធី​នេះ​នឹងត្រូវ​អនុវត្ត​ជាមួយនឹង​សហគមន៍​កសិករ​អង្ករ​សរីរាង្គ​នៅ​ខេត្តព្រះវិហារ​ដល់​ខែមីនា ឆ្នាំ2019។ សហគមន៍​នេះ​នឹង​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​blockchain និង​កិច្ចសន្យា​ប្រកបដោយ​ភាព​ឆ្លាត​វៃ ជាមួយ​គ្រប់​ភ្នាក់ងារ​ដែលជា​ប់​ពាក់ព័ន្ធ​ក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​រួមទាំង​ក្រុមហ៊ុន​ Sano Rice ដែលជា​ក្រុមហ៊ុន​ផលិត​នំ​ស្រូវ​របស់​ប្រទេស​ហូ​ឡង់​ដែល​នឹង​ប្រើ​អង្ករ​របស់​សហគមន៍​នេះ​ធ្វើជា​វត្ថុធាតុដើម​សម្រាប់​ផលិត​ផលិតផល​របស់​ពួកគេ​ផងដែរ។

លោក​អគ្គនាយករង​បាន​បន្ថែមថា អ្នកចូលរួម​ទាំងអស់​មកពី​សហគមន៍​កសិក​ម្ម និង​ក្រុមហ៊ុន ​Sano Rice នឹងមាន​កុងត្រា​ឌីជីថល​រួមគ្នា។ លោក​បាន​ពន្យល់ថា ក្នុងអំឡុងពេល​ដំណើរការ​ចាប់ពី​ការដាំដុះ​រហូតដល់​ការផលិត​ជា​អង្ករ អ្នកចូលរួម​ខ្សែចង្វាក់​ផលិតកម្ម​នេះ​នឹង​ចែករំលែក​ព័ត៌មាន​ជាមួយគ្នា​តាមរយៈ​ប្រព័ន្ធ​ទិន្នន័យ​ដែល​បាន​ចែករំលែក​ដោយ​ប្រើ blockchainជា​បច្ចេកវិទ្យា​ដែល​អាចឱ្យ​យើង​ប្រើ​ blockrice បាន។ ទិន្នន័យ​ទិន្នផល​ដោយ​កម្មវិធី​នេះ​នឹងត្រូវ​ធ្វើការ​វិភាគ​ដើម្បី​ស្វែងរក​មធ្យោបាយ​ពង្រឹង​សហគមន៍​កសិកម្ម​ក្នុងស្រុក។

លោក គ​ន្ធី បាន​មានប្រសាសន៍​ទៀតថា៖ “បច្ចេកវិទ្យា blockchain ដែល​ត្រូវបាន​ប្រើប្រាស់​នេះ​អាចជួយ​កាត់បន្ថយ​ថ្លៃដើម ដែល​កាលពីមុន​មាន​អ្នកលក់ អ្នកទិញ ឈ្មួញកណ្តាល និង​ទីផ្សារ​ច្រើន​ដំណាក់​ធ្វើឱ្យ​មានតម្លៃ​ថ្លៃ តែ​ការប្រើ blockchain វា​បាន​កាត់បន្ថយ​ច្រើន‟។ បច្ចុប្បន្ន​ការប្រើ ​blockchain ដែលជា​បច្ចេកវិទ្យា​ថ្មី​នេះ​ទើបបាន​ប្រើប្រាស់​នៅក្នុង​សហគមន៍​កសិកម្ម​តែមួយ​ប៉ុណ្ណោះ (មាន​កសិករ​ប្រមាណ 50នាក់) និង​ទៅលើ​ផលិតផល​តែមួយ គឺ​ស្រូវតែ​វា​អាចធ្វើ​ជាមួយ​ផលិតផល​ដទៃទៀត​បាន‟។

លោក​បាន​បន្ថែមថា ទិន្នន័យ​នេះ​ក៏​អាច​ត្រូវបាន​ប្រើ និង​គ្រប់គ្រង​ដោយ​អង្គការក្រៅរដ្ឋាភិបាល​អុក-​ស្វា​ម​ដែល​ធ្លាប់បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រជាជន​ដោយ​គាំទ្រ​តម្លៃ​សមរម្យ និង​ស្តង់ដារ​ជីវភាព​សម្រាប់​ប្រជាជន​នៅ​ទូទាំង​ខ្សែចង្វាក់​ផលិតកម្ម និង​ការផ្គត់ផ្គង់ ពីព្រោះ​យើង​ក៏បាន​ដឹង​ដែរ​ថា អុក​ស្វា​ម​គាត់​បាន​ចុះ​ជាប់​ជាមួយ​កសិករ គាត់​ស្គា​ល់ពី​បញ្ហា និង​តម្រូវការ​បែបណា​ដែល​អាចឱ្យ​យើង​ជឿជាក់​បាន​ក្នុង​ការធ្វើ​បច្ចេកវិទ្យា​នេះ​ក្នុង​កម្រិតណា។

ទោះយ៉ាងណា​ក៏ដោយ​ប្រសិនបើ​ទទួលបាន​ជោគជ័យ វា​អាច​ត្រូវបាន​ពង្រីក​ដើម្បី​រួមបញ្ចូល​សហគមន៍​ទាំងអស់​ដែល​កំពុងធ្វើការ​ជាមួយ Amru Rice ដែលមាន​សហគម​ន៍ក​សិ​កម្ម​រហូតដល់ 27 កន្លែង​នៅក្នុង​ខេត្តព្រះវិហារ​តែមួយ។

ឯកឧត្តម ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖ លោក​មិនទាន់​បានទទួល​ព័ត៌មាន​ស្តីអំពី blockchain ច្បាស់លាស់​ទេ ព្រោះ​ជា​កិច្ចព្រមព្រៀង​របស់​អុក​ស្វា​ម និង​ក្រុមហ៊ុន Amru Rice។ លោក​មានប្រសាសន៍ថា “យើង​មាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​ជា​អ្នកសម្របសម្រួល​ការងា​រ​នេះ តែ​ចំពោះ​ការផ្តល់​មតិ​លើ blockchain នេះ ខ្ញុំ​មិនអាច​បញ្ជាក់ជូន​បានទេ ពីព្រោះ​ខ្ញុំ​មិនទាន់​សិក្សា​បានច្បាស់លាស់ ឬ​យល់​មិនបាន​ច្បាស់​អំពី​បច្ចេកវិទ្យា​ blockchain តែ​សង្ឃឹមថា​ការប្រើ​បច្ចេកវិទ្យា​ដែល​ស្រដៀង​គ្នា​ទៅនឹង​ការចុះ​ពាណិជ្ជសញ្ញា ឬ​ជាការ​បំពេញ​ឱ្យ​កិច្ចការ​បែប ​QR កូដ​សម្រាប់​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​ជាការ​ល្អ តែ​សូម​ឱ្យមាន​ភាពស្មោះត្រង់រ​វាង​ភាគី​ទាំងអស់ បានន័យថា ប្រសិនបើ​យើង​ធ្វើ​អង្ករ​ក្រអូប ផលិតផល​យើង​ត្រូវ​ចេញមក​ជា​អង្ករ​ក្រអូប កុំឱ្យ​មានការ​បន្លំ​ជា​អង្ករ​ផលិតផល​ផ្សេង​ទៅវិញ​នោះ‟៕

Advertisement