FAO និង​ក្រសួងកសិកម្ម មាន​គម្រោង​ជួយ​កម្មវិធី កសិកម្ម​កៅស៊ូ​ខ្នាតតូច

អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO) និង​ក្រសួងកសិកម្ម​កំពុង​សហការគ្នា​បង្កើត​គម្រោង​មួយ​ដែល​នឹង​ផ្តោតលើ​ការលើកកម្ពស់​ជីវភាព​របស់​កសិករ​ដាំ​កៅស៊ូ​ខ្នាតតូច​នៅ​ប្រទេស 3 រួមមាន​ប្រទេស​កម្ពុជា ប្រទេស​មី​យ៉ាន់​ម៉ា និង​ប្រទេស​ថៃ។

ផែនការ​បង្កើត​គម្រោង​ថ្មី​នេះ​ត្រូវ​បានប្រកាស​ជា​សាធារណៈ​ក្នុងអំឡុង​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា ឯកឧត្តម វេ​ង សាខុន និង​លោក Pierre-Marie Bosc មន្ត្រីជាន់ខ្ពស់​នៅ​អង្គការ FAO  ដែល​គម្រោង​ផែនការ​មួយ​នេះ​កំពុង​ត្រូវបានធ្វើ​សេចក្តីព្រាង​ដោយ​ភាគី​ពាក់ព័ន្ធ​ដែល​គេ​រំពឹងថា​នឹង​ស្រេច​រួចរាល់​នៅក្នុង​សប្តាហ៍​នេះ។

លោក Bosc បាន​មានប្រសាសន៍ថា គម្រោង​នេះ​នឹង​ប្រមូល​ទិន្នន័យ​ពី​ប្រទេសនីមួយៗធ្វើការ​វិភាគ និង​ប្រៀបធៀប​ទិន្នន័យ​ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព និង​ផលិតភាព​នៃ​វិស័យ​កៅស៊ូ​របស់​ប្រទេសនីមួយ។ លោក​បាន​និយាយថា កម្មវិធី​នេះ​កំពុង​ត្រូវបាន​រៀបចំឡើង​ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បារាំង CIRAD ។

លោក Bosc បាន​និយាយថា៖ «យើង​បាន​រកឃើញថា កសិករ​ដែល​ប្រមូល​ផល​ជ័រកៅស៊ូ​ជួបប្រទះ​បញ្ហា​នៅក្នុង​តំបន់​មួយចំនួន​ជាពិសេស​ការកំណត់​តម្លៃ​ការប្រែប្រួល​អាកាសធាតុ និង​ការធ្លាក់ចុះ​ទិន្នផល​ក្នុងចំណោម​បញ្ហាផ្សេងៗទៀត»។

ឯកឧត្តម វេ​ង សាខុន មានប្រសាសន៍ថា រដ្ឋាភិបាល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​នេះ ដោយ​គម្រោង​នេះ​ស្របតាម​គោលដៅ​របស់​យើង​ក្នុង​ការជំរុញ​វិស័យ​កៅស៊ូ​ដោយ​បង្កើន​ទិន្នផល​កាត់បន្ថយ​ថ្លៃដើម បង្កើន​គុណភាព​ផលិតផល ធានា​និរន្តរភាព​វិស័យ និង​ជំរុញ​ប្រាក់ចំណូល​របស់​កសិក​រ «យើង​បានស្នើ​ដល់​អង្គការ FAO ឱ្យធ្វើ​ការ​ជាមួយ​អ្នកជំនាញ​កសិកម្ម​រប​ស់​យើង​ដើម្បី​ជំរុញ​វិស័យ​កៅស៊ូ និង​ធ្វើឱ្យ​វា​កាន់​តែមាន​និរន្តរភាព» ។

យោងតាម​នាយកដ្ឋាន​ក​សិ​កម្ម​បានឱ្យដឹងថា នៅក្នុង​ខែ​នេះ​កសិករ​ខ្មែរ​កំពុង​លក់​ជ័រកៅស៊ូ​ក្នុងតម្លៃ​ប្រហែល 2,000 រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ចំពោះ​តម្លៃ​ដែល​ពួកគេ​ត្រូវ​ទម្លាក់​គឺ 900 រៀល​ក្នុង​មួយ​គីឡូក្រាម។ កម្ពុ​ជាមាន​ផ្ទៃដី​ចំនួន 160.000ហិកតា​កំពុង​ដាំ​ដុះ​ដោយ​កសិករ​ដាំ​កៅស៊ូ​ខ្នាតតូច​ហើយ70%នៃ​ដី​នេះ​ត្រូវបាន​ប្រមូល​រួចហើយ។ សម្រាប់​ដំណាំ​កៅស៊ូ កម្ពុជា​អាច​ផលិត​កៅស៊ូ​ធម្មជាតិ បាន 220.000តោន​ក្នុង​មួយឆ្នាំ៕

Advertisement