តើ​ការចូល​រួមជាមួយ  KELLER WILLIAM អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចម្តេចខ្លះ?

ដោយ​មើលឃើញ​ពី​ការរីកចម្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ក្រុមហ៊ុន KELLER WILLIAM ដែល​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ​នៅលើ​ពិភពលោក​នោះបាន​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា​ជាបណ្តើរៗហើយ ហើយនឹង​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ នៅ​ខែធ្នូ ចុងឆ្នាំ2018ខាងមុខនេះ។

លោក​បណ្ឌិត គឹម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មានប្រសាសន៍​ក្នុង​កម្ម​វី​ធី​ជួបជុំ​ដ៏​ធំ​មួយ​កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន KELLER WILLIAM គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ និង​មាន​វ័យ​ចំណាស់​ជាងគេ​នៅលើ​ពិភពលោក ដែល​បាន​បង្កើតឡើង​ដំបូង​គេ​នៅ​សហរដ្ឋអាមេរិក និង​មាន​សមាជិក​ច្រើនជាងគេ​ផងដែរ ហើយ​ដើម្បី​ចែករំលែក​បទពិសោធ​ក៏ដូចជា​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យបាន​កាន់តែច្រើន​ដែរនោះ លោក​បានសម្រេច​ចិត្ត​នាំយក​ឈ្មោះ(Franchise) ក្រុមហ៊ុន​ដ៏​ល្បី​មួយ​នេះ​ចូលមក​ទីផ្សារ​កម្ពុជា​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ឱ្យ​កាន់តែ​ប្រសើរឡើង។

លោក​បន្តថា សម្រាប់​អ្នក​ដែល​ចូលរួម​ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ​ជាមួយ​ក្រុមហ៊ុន KELLER WILLIAM ប្រចាំ​នៅ​កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា​ការចូលរួម​វគ្គ​បណ្តុះបណ្តាល​អចលន​ទ្រព្យ​ដោយ​មិន​គិតថ្លៃ ហើយនឹង​ក្លាយខ្លួនជា​អ្នកជំនាញ និង​មានចំណេះដឹង​ច្បាស់លាស់​ផ្នែក​វិស័យ​អចលនទ្រព្យ​ដែល​អាច​រកប្រាក់​ចំណូល​បាន​ច្រើនជាង​វិស័យផ្សេងៗមួយចំនួនទៀត។

លោក​ថា បច្ចុប្បន្ន ភ្នាក់ងារ​អចលនទ្រព្យ​នៅ​ប្រទេស​ជឿនលឿន ដូចជា​សហរដ្ឋអាមេរិក និង​ប្រទេស​មួយចំនួនទៀត ពួកគេ​ធ្វើ​ការមិន​យកប្រាក់​ខែ​នោះទេ ដោយសារតែ​អា​ចរក​កម្រៃជើងសា​បាន​ច្រើនជាង​ប្រាក់ខែ​រាប់សិប​ដង​ឯណោះ ហើយ​ថា សម្រាប់​ប្រជាជន​ខ្មែរ​នៅមាន​ទំនោរ​ធ្វើការ​លើ​វិស័យ​អចលនទ្រព្យ​យកប្រាក់​ខែ ជាជាង​យ​កម្រៃជើងសា ព្រោះ​គិតថា ខ្លាច​ខ្លួនឯង​មិន​អាចមាន​សមត្ថភាព​ល​ក់ដី​បាន។ ប៉ុន្តែ​បើ​ធ្វើការ​គិតតែ​ប្រាក់ខែ គឺ​មិនអាច​ធ្វើឱ្យ​ខ្លួន​ក្លាយជា​អ្នកមាន​បានឡើយ ព្រោះ​ប្រាក់ខែ​ដែល​បានមក​នោះ​គ្រាន់តែ​ចំណាយ​ចាយវាយ​ប្រចាំខែ​ទៅវិញ​ប៉ុណ្ណោះ។ ដូច្នេះ​គួរតែ​ពង្រឹង​ចំណេះដឹង និង​ជំនាញ​ឱ្យបាន​ច្បាស់ នោះ​អ្នកនឹង​អាច​រកប្រាក់​ពី​វិស័យនេះ​បាន​ច្រើន​មិន​ខាន។

គួរ​បញ្ជាក់ថា បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន 4ហើយ​នៅក្នុង​តំបន់​អាស៊ី​ដែល​បាន​នាំយក​Franchise ក្រុមហ៊ុន KELLER WILLIAM មក​ធ្វើការ​នៅក្នុង​ប្រទេស​របស់គេ ដោយមាន​អ្នក​ចូលធ្វើការ​ជាមួយ​កាន់តែច្រើនឡើងៗដែរ៕

Advertisement