ទិញ​ដីឡូត៍​ដើម្បីឱ្យ​ឆាប់​បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ ត្រូវ​មើល​ពី​ចំណុច​អ្វីខ្លះ?

និន្នាការ​ពុះ​ដីឡូត៍​លក់​នៅ​តំបន់​ជាយក្រុង​កំពុងមាន​សកម្មភាព​កាន់តែ​គគ្រឹកគគ្រេងឡើងៗ ដោយសារតែ​រោងចក្រ​ឧស្សា​កម្មបាន​រំកិល​ខ្លួន​ចេញពី​ទីប្រជុំជន​ក្នុង​ទីក្រុង​ទៅកាន់​តំបន់​ជាយក្រុង​កាន់តែ​ច្រើនឡើង​ដូចគ្នា​ដែរ។ ទន្ទឹមគ្នា​នេះដែរ ឈ្មួញកណ្ដាលអ្នករកស៊ី​ទិញ-លក់​ដីធ្លី និង​អ្នក​ដែលមាន​ប្រាក់កាស​ច្រើន​ក៏បាន​នាំគ្នា​ទៅ​ទិញ​ដីឡូត៍​នៅ​តំបន់​ជាយក្រុង​ទាំងនោះ​យ៉ាង​មមាញឹក​ផងដែរ។ អ្នកខ្លះ​ទិញ​ដើម្បី​សាងសង់​ផ្ទះ​សម្រាប់​រស់នៅ និង​អ្នកខ្លះ​ទិញ​ដើម្បី​ទុក​លក់យកចំណេញ​ក៏មាន។ សម្រាប់​អ្នក​ដែលទិញ​ទុក​លក់​ដើម្បី​យកប្រាក់​ចំណេញ​វិញ ដើម្បីឱ្យ​ប្រាកដថា ការទិញ​ដីឡូត៍​របស់ខ្លួន​មិនមាន​ហានិភ័យ និង​ទទួលបាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​លឿន​នោះ តើ​ត្រូវ​ពិនិត្យ​លើក​ត្តា​អ្វីខ្លះ?

លោក ម៉ាន់ ច័ន្ទ​ឌី អគ្គនាយក​ក្រុមហ៊ុន ព្រី​មៀម ហៅ​ហ្ស៊ី​ង ខូ អិ​ល​ធី​ឌី មានប្រសាសន៍ថា ការទិញ​ដីឡូត៍​កុំ​ឱ្យមាន​ហានិភ័យ និង​ឆាប់​បានទទួល​ប្រាក់ចំណេញ​ត្រឡប់មកវិញ​នេះ គេ​ត្រូវ​មើល​លើក​ត្តា2យ៉ាង គឺ​កត្តា​ច្បាប់ និង​សក្តានុពល​នៅ​ជុំវិញ​ដីឡូត៍​ដែល​យើង​ចង់​ទិញ​នោះ។ លោក​បញ្ជាក់ថា ដើម្បី​ឱ្យដឹង​ច្បាស់​ថា តើ​ម្ចាស់​ដីឡូត៍​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ពុះ​ដី​លក់ គេ​ត្រូវ​មើល​ទៅលើ​ឯកសារ​ផ្លូវច្បាប់ ថា​តើ​គាត់​បាន​ទិញ​ពី​ម្ចាស់​ដើម​ពិតប្រាកដ​ឬទេ? ហើយនៅពេល​ពិនិត្យ​ជាមួយ​ម្ចាស់​ដី​រួចហើយ យើង​ត្រូវធ្វើ​ការសាកសួរ​ទៅ​អ្នកពាក់ព័ន្ធ ពិសេស​អ្នករស់នៅ​ជុំវិញ និង​អាជ្ញាធរ​មូលដ្ឋាន​តែម្តង។ លោក​បន្តថា ជា​បទពិសោធ​កន្លងមក ម្ចាស់​ដីឡូត៍​មួយចំនួន​បាន​បោកប្រាស់​អតិថិជន អ្នកខ្លះ​ទិញ​បង់លុយ​គ្រប់​ចំនួន​ហើយ អ្នកខ្លះ​កក់​លុយ​ហើយ ស្នើ​សុំឱ្យ​កាត់​ប្លង់​ឱ្យ បែ​ជា​កាត់​មិនបាន ហើយ​បិទ​ការដ្ឋាន​រត់ចោល​ទីតាំង​តែម្តង។

ករណី​មើល​ប្លង់​កម្មសិទ្ធិ​នេះ គេ​ត្រូវ​ពិនិត្យ​លើ​ចំណុច2 គឺ​ពិនិត្យ​មើលថា តើ​ជា​ប្លង់រឹង ឬ​ជា​ប្លង់​ទន់? បើជា​ប្លង់​ទន់ តើ​ម្ចាស់​ដី​កាត់ឈ្មោះ​ដល់​អាជ្ញាធរ​ថ្នាក់​ណា​ដែរ?។ ជាទូទៅ ករណី​ពុះ​ដីឡូត៍​ប្លង់​ទន់​នេះកន្លងមក​ម្ចាស់​ដី​កាត់ឈ្មោះ​ត្រឹម​ឃុំ-សង្កាត់​តែប៉ុណ្ណោះ ប៉ុន្តែ​ដើម្បី​ឱ្យមាន​សុពលភាព​កាន់តែខ្លាំង គឺ​ត្រូវ​កាត់ឈ្មោះ​ដល់​មន្ត្រី​ជំនាញ​ខណ្ឌ/ស្រុក ហើយ​មានការ​បង់ពន្ធ​ដល់​ថ្នាក់​ខេត្ត។ ចំណុច​មួយទៀត គឺ​ត្រូវ​ប្រាកដថា ដីឡូត៍​ដែល​ខ្លួន​បាន​ទិញ​នោះ​មាន​ប្លង់​ត្រឹមត្រូវ មានន័យថា ប្រសិនជា​ដីឡូត៍​នោះ​មាន​ប្លង់រឹង ត្រូវតែ​កាត់​ប្លង់រឹង​ដល់​ខេត្ត ឬ​ក្រ​សូង ព្រោះ​អ្នកលក់​ដីឡូត៍​ខ្លះ​មាន​ប្លង់រឹង តែ​បាន​កាត់​ប្លង់​ត្រឹម​ថ្នាក់ស្រុក ឬ​ខ័​ណ្ឌ ឬ​ត្រឹម​ឃុំ-សង្កាត់​ប៉ុណ្ណោះ។ ប្រសិនជា​ការទិញ-លក់​បែបនេះ ពិត​ជាមាន​ហានិភ័យ​មិន​ខាន ព្រោះ​ម្ចាស់​ដីឡូត៍​មួយចំនួន​បានដាក់​ប្លង់​នៅ​ធនាគារ​យកលុយ​ប្រើប្រាស់​រួចហើយ និង​អាច​លួច​ផ្ទេរកម្មសិទ្ធិ​ដល់​កូនចៅ​របស់ខ្លួន​ជា​ប្លង់រឹង​រួចហើយ​ទៀតផង ធ្វើឱ្យ​អ្នកទិញ​ដីឡូត៍​នោះ​មាន​ហានិភ័យ​កើតឡើង ព្រោះ​ពួកគេ​គ្មាន​មូលដ្ឋាន​ផ្លូវច្បាប់​ដើម្បី​តវ៉ា​ឡើយ។

ចំណែក​ការទិញ​ដីឡូត៍ ដើម្បី​ទទួលបាន​ប្រាក់ចំណេញ​វិញ គឺ​ត្រូវ​មើល​ពី​សក្តានុពល​ជុំវិញ​ទីតាំង​ដែល​យើង​ចង់​ទិញ​នោះ​ថា តើ​មាន​រោងចក្រ​ឧស្សាហកម្ម​ចូលទៅ​ដល់ ឬ​មាន​គម្រោង​អភិវឌ្ឍន៍​វិស័យ​ឯកជន គម្រោង​អភិវឌ្ឍន៍​រដ្ឋាភិបាល​ទៅដល់​ដែរឬទេ?។ បើ​ពិនិត្យឃើញថា​មាន​គួរតែ​ទិញ​ទុក​ទៅព្រោះ​អាច​លក់បាន​ប្រាក់ចំណេញ​លឿន​មកវិញ ហើយ​ចំណេញ​បាន​ច្រើន​ទៀតផង ប៉ុន្តែ​បើសិនជា​មិនមាន ឬ​មិនទាន់មាន​គម្រោង​អភិវឌ្ឍន៍​ច្បាស់លាស់​ទេ ដី​នោះ​អាច​ជាប់គាំង​យូរ លក់​មិន​ចេញ មិនឆាប់​បាន​ប្រាក់ចំណេញ ហើយ​យកលុយ​ទៅ​កប់​ទុក​ក្នុង​ដី​នោះ​ទៀត។

លោក​ថា បច្ចុប្បន្ន​រោងចក្រ​ឧស្សាហកម្ម​ពិសេស​រោងចក្រ​កាត់ដេរ និង​ស្បែក​ជើងបាន​រំកិល​ខ្លួន​ចេញពី​ទីប្រជុំជន​ក្នុង​ទីក្រុង​ជាបណ្តើរៗហើយ ដោយ​កំពុង​បាញ់​ឆ្ពោះទៅរក​បណ្ដោយ​ផ្លូវជាតិ​លេខ3ផ្លូវជាតិ​លេខ4 ផ្លូវ41 និង​ផ្លូវ51 ហើយ​សកម្មភាព​ពុះ​ដីឡូត៍​លក់​ក៏​កំពុងមាន​សកម្មភាព​ពុះ​កញ្ជ្រោល​នៅ​ទីនោះ​ផងដែរ និង​ថែមទាំង​ផ្តល់​លក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការទិញ​តាមរយៈ​ការបង់​រំលស់​ដោយ​មិនមាន​ប្រាក់​កក់ មិនបាច់​បង់ប្រាក់​ដើម​ជាដើម ដែល​ជាការ​ផ្តល់ឱកាស​សម្រាប់​អ្នកមាន​ប្រាក់ចំណូល​ទាប ជាពិសេស​កម្មករ-កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ ឬ​វិស័យផ្សេងៗទៀត​អាចមាន​លទ្ធភាព​ទិញ​ដី​សាងសង់​ផ្ទះ​រស់នៅ​ដោយ​មិនចាំបាច់​ជួល​ផ្ទះ​គេ​នៅ​តទៅទៀត។ គេ​ក៏​អាចនិយាយបាន​ដែរ​ថា ករណី​ពុះ​ដីឡូត៍​លក់​នេះ​ក៏បាន​ចូលរួមចំណែក​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ជាមួយនឹង​រដ្ឋាភិបាល​ផងដែរ។

តែ​យ៉ាងណា​ត្រូវ​ពិនិត្យមើល​ឱ្យបាន​ច្បាស់លាស់ ព្រោះ​ដោយសារតែ​ចង់​ពុះ​ដីឡូត៍​លក់​ឱ្យបាន​ច្រើន អ្នកវិនិយោគ​ពុះ​ដីឡូត៍​លក់​ខ្លះ​តែងតែ​ឱ្យ​អតិថិជន​បង់ប្រាក់​នៅ​ក្រុមហ៊ុន​របស់ខ្លួន ដោយ​គ្មាន​ការប្រាក់ ឬ​គ្មាន​ប្រាក់​កក់ ដែល​នេះ​ជា​ចំណុច​ប្រឈម​នឹង​ហានិភ័យ​មួយ ព្រោះថា ការទូទាត់​បែបនេះ​មិនមាន​ច្បាប់​ណាមួយ​គ្រប់គ្រង​ឡើយ ក្រុមហ៊ុន​លក់​ដី​នោះ​អាច​នឹង​ប្រមូលបាន​ប្រាក់​ហើយ​រត់​បាត់ មិន​ទទួលខុសត្រូវ ហើយ​ប្រព័ន្ធ​បង់ប្រាក់​បែបនេះ ជាការ​ទូទាត់​នៅក្រៅ​ផ្លូវការ ក្រៅ​ប្រព័ន្ធ​ច្បាប់។

ជាមួយគ្នានេះ ហេ​ដ្ឋា​រចនាសម្ព័ន​ផ្លូវថ្នល់ ក៏​ជា​ចំណុច​ពិសេស​មួយ​ដែរ​ដែល​អ្នក​ពុះ​ដីឡូត៍​លក់​តែងតែមាន​យុទ្ធសាស្ត្រខុសៗគ្នា​ដើម្បី​ទាក់ទាញ​អតិថិជន​របស់ខ្លួន​តា​មរយៈ​ការចាក់​ផ្លូវ​ធ្វើ​ថ្នល់ដាក់​បង្គោល​ភ្លើងអគ្គិសនី ប្រព័ន្ធ​ទឹកស្អាត និង​ប្រព័ន្ធ​លូទឹកស្អុយ​ជាដើម។ ហេតុនេះ​អ្នកទិញ​ដែល​មិន​យល់​ពី​បញ្ហា​នេះ ពួកគេ​មិន​បារម្ភ​ឡើយ ប៉ុន្តែ​មានរឿង​ជាច្រើន​នៅក្នុង​នោះ ដូចជា តើ​ការធ្វើ​ផ្លូវ​នោះត្រូវ​តាម​ស្តង់ដា​ឬទេ? មាន​ប្រព័ន្ធ​លូ​បង្ហូរ​ត្រឹមត្រូវ​ឬទេ? ឬ​គ្រាន់តែ​ជាការ​ធ្វើឱ្យ​រួចពីដៃ ឬ​យ៉ាងណា?។ ព្រោះថាហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ផ្លូវ ប្រព័ន្ធ​លូ ទឹក-ភ្លើង​ជាដើម​នេះជា​ចំណុច​សំខាន់ ពោះ​នៅពេល​យើង​លក់​ទៅវិញអតិថិជន​អាច​នឹង​រារែក ឬ​ពិចារណា​យូរ ព្រោះថា បើ​គេ​សង់ផ្ទះ​នៅ គេ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ទៀត​ក្នុង​ការធ្វើ​ប្រ​ព័​ន្ឋ​លូ ត​ទឹក ត​ភ្លើង​ចូលដល់​ក្នុងផ្ទះ៕

Advertisement