ចំណុច​មួយចំនួន​ដែល​អ្នក​ត្រូវ​យល់ដឹង ដើម្បី​ក្លាយជា​សហគ្រិន​ជោគជ័យ​ម្នាក់

ប្រសិន​មាន​គោលដៅ​ច្បាស់លាស់ មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាច​ក្លាយជា​សហគ្រិន​បាន​ដោយ​ជោគជ័យ មិន​ថា​អ្នកមាន​ប្រាក់ ឬ​មិនមាន​ប្រាក់​នោះទេ សូម្បីតែ​កម្មករ​ក៏​អាច​ក្លាយជា​ថៅកែ​បានដែរ​ប្រសិនបើ​បុគ្គល​ម្នាក់​នោះ​មានការ​តាំងចិត្ត​ច្បាស់លាស់។

លោក ង៉ែត ចាន់​សុខ ប្រធានការិយាល័យ​យុវជននៃ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​មានប្រសាសន៍ថា សហគ្រិន​គឺជា​អ្នក​ដែលមាន​គំនិត​បង្កើត​អ្វីដែល​ថ្មី មានគំនិត​ច្នៃប្រឌិត និង​បើ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ច្បាស់លាស់​ហើយ​នោះ ប្រាកដជា​អាច​ក្លាយជា​សហគ្រិន​ជោគជ័យ​មិន​ខាន។ ឧទាហរណ៍​ដូចជា​មនុស្ស​ម្នាក់​ពេល​ខ្លួន​ចង់​ក្លាយជា​ថៅកែ ទោះជា​គ្មាន​ប្រាក់ ក៏​អាចធ្វើ​បានដែរ ដោយ​គាត់​ត្រូវ​ចាប់ផ្តើម​ការងារ​ពី​ធ្វើការ​ជា​កម្មករ​គេ ហើយ​ខំប្រឹង​សន្សំ​លុយ និង​ប្រឹងរៀន​ជំនាញ​ដែល​គាត់​ធ្វើ​រាល់ថ្ងៃ​ឱ្យ​កាន់តែ​ចេះ​ស្ទាត់ នៅពេល​មាន​ទំនុកចិត្ត​ពី​ថៅកែ​ហើយ គាត់​នឹង​អាច​ក្លាយជា​ទៅជា​មេការ​នៅ​ថ្ងៃ​ណាមួយ ពេល​ក្លាយទៅជា​មេការ​ហើយ​គាត់​ខំប្រឹង​សន្សំ​លុយ ថ្ងៃក្រោយ​ទៀត​គាត់​នឹង​ក្លាយជា​អ្នកម៉ៅការ លុះ​ម៉ៅការ​បាន​ប្រាក់ចំណេញ​ច្រើន​នឹង​អាចមាន​លទ្ធភាព​បើក​ក្រុមហ៊ុន​មួយ​ដោយ​ខ្លួនឯង និង​ក្លាយជា​ថៅកែ​តែម្តង។

លោក ង៉ែត ចាន់​សុខ ប្រធានការិយាល័យ​យុវជននៃ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​

លោក​បន្តថា មុននឹង​ទៅដល់​ចំណុច​ខាងលើមនុស្ស​ត្រូវមាន​ជំនាញ​ច្បាស់លាស់ និង​បុគ្គលិកលក្ខណៈ​មួយចំនួន​ដែរ ពិសេស​មនុស្ស​ត្រូវមាន​ទឹកចិត្ត​ដែល​កើតចេញពី​ឆន្ទៈ​ខ្លួនឯង ខំប្រឹងប្រែង​ឱ្យ​កាន់តែប្រសើរឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ទោះ​យ៉ាងនេះ​ក្តី ការអភិវឌ្ឍ​បុគ្គលិកលក្ខណៈ​នេះ​ទៀតសោត គឺ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​ប៉ុណ្ណោះ ហើយក៏​នៅ​មិនទាន់​អាច​ធានាបាន​នូវ​ភាពជោគជ័យ​នៅក្នុង​ការប្រកប​អាជីវកម្ម​ឡើយ ដូច្នេះ​ត្រូវមាន​ផែនការ​ច្បាស់លាស់​ជាមុន​ដែរ ដើម្បី​ដឹងថា ពេលធ្វើ​ដំណើរ​ទៅមុខ​យើង​មាន​ភាពជោគជ័យ​ប៉ុន្មាន​ភាគរយ និង​បរាជ័យ​ប៉ុន្មាន​ភាគរយ?។

ដើម្បី​ក្លាយជា​សហគ្រិន​ជោគជ័យ​បាន មនុស្ស​ត្រូវ​ចេះ​មើល​ឱកាស​ថ្មីៗ ឬ​វិធីថ្មីៗសម្រាប់​អាជីវកម្ម​ខ្លួនឯង ហើយ​ត្រូវ​ត្រៀម​ដោះស្រាយ​ការងារ​ជា​បន្តបន្ទាប់​ជាមួយនឹង​ការប្រែប្រួល​នានា ព្រោះថា ការ​ដំណើរការ​អាជីវកម្ម​ទៅមុខ​តែងតែ​ជួប​ឧ​សគ្គ​ជានិច្ច ដូចជា​កា​រប​ញ្ជ្រៀ​ត​ផលិតផល​របស់ខ្លួន​ចូលក្នុង​ទីផ្សារ ដែល​តែងតែមាន​ការប្រកួតប្រជែង​គ្នា​ខ្លាំង​ដោយ​ចៀស​មិន​ផុត​ឡើយ​ទាក់ទង​នឹង​តម្លៃ និង​គុណភាព​ទំនិញ ឬ​ផលិតផល ដែល​នេះ​ជា​ចំណុច​គំរាមកំហែងមួយ ជា​អ្វីដែល​កើតឡើង ឬ​អាច​នឹង​កើតឡើង​នៅ​ខាងក្រៅ​អាជីវកម្ម​ដែលនាំឱ្យ​រារាំង​ដល់​ដំណើរការ​ជោគជ័យ​រប​ស់​យើង និង​អាចធ្វើឱ្យ​ប្រាក់ចំណេញ​ថយចុះ។

ជា​ឧទាហរណ៍ អាជីវកម្ម​មួយ​ដែល​បង្កើតឡើង ហើយ​ផលិតផល​បានទទួល​ការពេញនិយម​លើ​ទីផ្សារ ពេលនោះ​ប្រាកដ​ជាមាន​ផលិតផល​ថ្មី​មួយទៀត​ចាប់ផ្តើម​ស្រដៀង​គ្នា​នេះដែរ ហើយ​និង​មានការ​ប្រកួតប្រជែង​កាន់តែច្រើនឡើងៗមិន​ខាន។ ពេលនោះ​អតិថិជន​នឹង​ថ្លឹង​ថ្លែងថា តើ​ផលិតផល​មួយណា​ល្អ​ជាង​មួយណា​មុននឹង​សម្រេចចិត្ត​ទិញយក​មកប្រើប្រាស់​ដើម្បីឱ្យ​ប្រាកដថា មានគុណ​ភាពល្អ ឬ​អាច​ប្រើ​ជា​ប្រយោជន៍​របស់គេ​បាន។ ដូច្នេះ​នៅពេលដែល​យើង​កំពុងតែ​ដើរ​លើផ្លូវ​មួយ ឬ​កំពុងតែ​រកស៊ី​ក្នុង​មុខរបរ​អ្វីមួយ យើង​ត្រូវ​គិត​យ៉ាង​យកចិត្តទុកដាក់​ថា អ្វីដែល​យើង​កំពុង​ធ្វើ​វា​ត្រឹមត្រូវ ឬ​អត់ ឬ​វា​នៅតែមាន​តម្រូវការ​ទីផ្សារ​ដែរ​ទេ? ព្រោះ​វា​ជា​ចំណុច​សំខាន់បំផុត​ក្នុងការ​ជ្រើសរើស​មុខរ​បរ​មួយ​ដែល​ត្រឹមត្រូវ ហើយ​បើ​រើសមុខ​របរ​ខុស ទោះ​ខំ​ប៉ុនណា​ក៏​មិន​ជោគជ័យ​ដែរ ប៉ុន្តែ​បើសិនជា​អ្នកមាន​មុខរបរ​ស្រាប់​ដែល​មិនសូវ​ត្រូវ​ទីផ្សារ​ទេនោះ អ្នក​ត្រូវតែ​ខិតខំ​រិះរក​គំនិត​ច្នៃប្រឌិតថ្មីៗ ដើម្បី​កែប្រែ​មុខរបរ​នោះ​ឱ្យ​វា​ត្រូវ​នឹង​ទីផ្សារ​ឡើងវិញ។

ជ្រើសរើស​មុខរបរ​ត្រូវ គឺ​មុខរបរ​ណា​ដែល​អាច​រកស៊ី​បាន​មួយជីវិត ដែល​ធានាថា អតិថិជន​មាន​តម្រូវការ​នៅលើ​ទីផ្សារ​រហូត​មិនចេះ​រីងស្ងួត ឧទាហរណ៍​សាមញ្ញ​មួយ របរ​ផលិត​សៀវភៅសរសេរ​លក់​ជាដើម។ សៀវភៅសរសេរ​ជា​ផលិតផល​ដែលមាន​តម្រូវការ​គ្មាន​ទីបញ្ចប់​នៅ​ទូទាំង​ពិភពលោក មិន​ថា​ប្រទេស​ណា​ទេ ចាប់តាំងពី​កុមារ​រហូតដល់​យុវវ័យ មនុស្ស​ត្រូវ​ការទិញ​សៀវភៅសរសេរ សៀវភៅ​សិក្សា ហើយ​រហូតដល់​រៀន​ចប់​ចូលធ្វើការ ក៏​មនុស្ស​នៅតែ​ត្រូវការ​សៀវភៅសរសេរ​ដើម្បី​បំពេញការងារផ្សេងៗផងដែរ។

ងាក​មក​ប្រជាជន​ខ្មែរ​យើង​វិញ មាន​មុខរបរ​សាមញ្ញ​មួយ គឺ​ការផលិត​ធូប​លក់។ ប្រជាជន​ខ្មែរ​កាន់សាសនា​ព្រះពុទ្ធ ពួកគាត់​តែង​អុច​ធូប​សែនព្រេន​នៅ​រៀងរាល់ថ្ងៃ​សិ​ល ដូច្នេះ​ពួកគាត់​ប្រាកដជា​ត្រូវ​ការទិញ​ធូប​ជាប្រចាំ។ នៅពេលដែល​អ្នក​បានជ្រើសរើស​មុខរបរ​ត្រឹមត្រូវ​ហើយ អ្នក​ក៏​មិនអាច​ចេះតែធ្វើ​វា​ដោយ​គ្មាន​ក្បួនខ្នាត​ត្រឹមត្រូវ​ដែរ ពោលគឺ​ត្រូវ​កែច្នៃ​ឱ្យមាន​ភាពប្រសើរ​ឡើងជា​និច្ច ទាំង​គុណភាព និង​ការ​វេច​ខ្ចប់​ជាដើម ដើម្បី​បង្កើន​សោភណភាព គុណ​ភាពល្អ​ដើម្បី​មាន​សមត្ថភាព​ប្រកួតប្រជែង​លើ​ទីផ្សារ និង​មានការ​គាំទ្រ​ពី​អតិថិជន​ដែល​កើន​ឡើងជា​លំដាប់៕

Advertisement