​អាជីវកម្ម​ផ្នែក​សម្ភារសុវត្ថិភាព មិនសូ​វមានអ្នកចាប់អារម្មណ៍ តែ​ទទួលជោគជ័យ​ខ្ពស់

ការចាប់​ផ្តើមធ្វើ​អាជីវកម្ម ឬ​ការបើក​ធ្វើ​ជំនួញ​របស់​បុគ្គលម្នាក់ៗរមែង​មានការ​ចាប់ផ្តើម​ពី​បុព្វហេតុផ្សេងៗគ្នា ខ្លះ​សម្លឹង​មើលឃើញ​ពី​ផលចំណេញ​ល្អ និង​បានគិត​គូរ​យ៉ាង​ច្បាស់លាស់ រួច​ក៏​ចាប់ផ្តើម​ធ្វើ​ជំនួញ​នោះ​តែម្តង។ ខ្លះទៀត​មើលឃើញ​ពី​ភាពលំបាក​ក្នុង​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ ក៏​បែរ​ទៅធ្វើ​ជំនួញ​ផ្ទាល់ខ្លួន​វិញ។ ឧទាហរណ៍​ដូចជា ប្រធាន​ក្រុមហ៊ុន RINCO ដែល​បានផ្តល់​បទ​សម្ភាស​ដល់​កាសែតឡា​រ៉ែ​ន​ពាណិជ្ជ នូវ​អ្វីដែល​លោក​បើក​ដំណើរការ​ក្រុមហ៊ុន​ដូចខាងក្រោម៖

លោក ម៉ម សុថា​រិន្ទ បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ពហុ​បច្ចេក​វិទ្យា​នៅ​ប្រទេស​អារ​មេ​នី(រដ្ឋ​មួយ​ក្នុង​អតីត​សហភាពសូវៀត)ក្នុង​ឆ្នាំ1992។ ពេលមកដល់​ប្រទេស​កំណើត​វិញ លោក​បាន​ក្លាយជា​មន្ត្រី​ក្នុង​ស្ថាប័នរដ្ឋ​មួយ។ បន្ទាប់ពី​លោក​បាន​ប្រឡូក​ក្នុង​ការងារ​ជា​មន្ត្រីរាជការ​បាន​មួយរយៈ លោក​ក៏​ឈប់ ដោយសារ​មានគំនិត​ចង់​រកស៊ី​វិញ​ម្ដង។

ប៉ុន្តែ​លោក​បាន​ទៅ​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​បារី-ថ្នាំជក់ (British American Tobacco Cambodia) របស់​ឧកញ៉ា គង់ ទ្រី​វ រយៈពេល 7ឆ្នាំ​ក្នុង​តំណែង​ជា​អ្នកគ្រប់គ្រង​សម្ភារ និង​រៀបចំ​បញ្ជូន​ទំនិញ និង​បន្ទាប់​នោះមក​ទៀត លោក​បាន​ចូលទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​ប្រេង​តូ​តា​ល់ Total អស់​រយៈពេល 7ឆ្នាំ​ដូចគ្នា ដែល​ទាំងអស់នេះ​ជា​ឱកាស​ធ្វើឱ្យ​លោក​បាន​ដកស្រង់យក​បទពិសោធ​មក​ប្រើ​ក្នុង​អាជីវកម្ម​របស់ខ្លួន​ឯង។ ក្នុង​ការងារ​ទាំងពីរ​ខាងលើ​លោក ម៉ម សុថា​រិន្ទ ទទួលបាន​ប្រាក់ខែ 2,000 និង​ជាង 2,000ដុល្លារ​អាមេរិក​តាម​លំដាប់ ប៉ុន្តែ​លោក​មិនមាន​ការសោកស្តាយ​ឡើយ។

នៅក្នុង​ឆ្នាំ2010 លោក​ក៏​ចាប់ផ្ដើម​បើក​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ដែលមាន​ឈ្មោះថា RINCO TRADING co.,Ltd ដើម្បី​បម្រើ​សេវាកម្ម​សុវត្ថិភាព Safety SHE (Safety Health Environment) ដែល​ពីដំបូង​មិនទាន់បាន​ចុះបញ្ជី​ទេ(បង់​ត្រឹម​ពន្ធ​ប៉ាតង់) លុះដល់​ឆ្នាំ2014 ទើប​ក្រុមហ៊ុន​លោក​មានការ​ចុះបញ្ជី​ច្បាស់លាស់ ដោយ​ប្រើប្រាស់​ដើមទុន​ដំបូង​ចំនួន 2,000ដុល្លារអាមេរិកប៉ុណ្ណោះ។

លោក​បានរៀបរាប់ថា៖ “កាលពី​ចាប់ផ្ដើម​រកស៊ី​ដំបូង គេ​មក​កក់​ដោយផ្ទាល់ ឬ​ផ្ញើ​តាម​អុីមែល​តាមរយៈ​ភ្ញៀវ​ក្នុងស្រុក ឬ​បរទេស​ដែល​ចង់​ទិញ​មុន​មួយអាទិត្យ ឬមួយ​ខែ​តាម​ Plan របស់គេ ព្រោះ​ឧបករណ៍​បរិក្ខារ​យើង​សុទ្ធតែ​បញ្ជា​ទិញ​ពី​បរទេស ភ្ញៀវ​អាចមក​យកបាន​នៅ​ថ្ងៃ​ដែល​អីវ៉ាន់​មកដល់។ បច្ចុប្បន្ន​យើង​ប្រើ​បច្ចេកវិទ្យា​មាន​ប្រព័ន្ធគ្រប់គ្រង​ត្រឹមត្រូវ ធ្វើឱ្យ​អាច​លក់ទំនិញ​តាម​ប្រព័ន្ធ​អន​ឡាញ តាម​ឌីជីថល​នេះ​បានជា​ហូរហែ និង​ទទួល​បានការ​កុម្ម៉ង់​ទិញ​កើនឡើង យើង​ក៏​ជួល​បុគ្គលិក 5នាក់​ដើម្បី​ជួយ​ក្នុង​អាជីវ​កម្មនេះ‟។

លោក​បាន​ប្រាប់​ឱ្យដឹងថា ហេតុ​អី​បានជា​លោក​ចាប់​យកមុខ​ជំនួញ​នេះ នោះ​គឺ​ដោយសារតែ​លោក​មាន​បទពិសោធ​ពី​ការងារ​នៅ​ក្រុមហ៊ុន​បារី និង​ក្រុម​ហ៊ុន​តូ​តា​ល់ ដែល​កាលនោះ ការ​គិតពី​ការគ្រប់គ្រង​សុវត្ថិភាព​ពុំ​ត្រូវបាន​គេ​អនុវត្ត​ទេ។ ជាង​ដប់ឆ្នាំ​ក្នុង​ការងារ លោក​មិន​ទទួលបាន​ការការពារ​សុវត្ថិភាពគ្មាន​អ្នក​បង្ហាត់បង្ហាញ​បង្រៀន និង​គ្មាន​ទាំង​ឧបករណ៍​ការពារ​ទៅទៀត។ ពេល​ត្រូវ​ការបញ្ជាទិញ​ពី​បរទេសដូចជា​ពី​សិង្ហ​បុរី ឬ​ចិនតៃវ៉ាន់​ជាដើម សុទ្ធតែ​មិនបាន​ដូច​អ្វីដែល​យើង​ត្រូវការ ជួនកាល​មិនមាន​ទៀតផង។

ហេតុនេះ​ទើប​លោក​ចិញ្ចឹមចិត្ត និង​គិត​ប្រមើលមើល​ពី​ការបើក​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​បរិក្ខារ​សុវត្ថិភាព​ដើម្បី​ពេល​ក្នុងស្រុក​យើង​ត្រូវការ យើង​អាច​ផ្គត់ផ្គង់​បាន​តាម​តម្រូវការ។ ដោយសារ​យើង​ធ្លាប់​លំបាក យើង​ព្យាយាម​សម្លឹង​ទៅមុខ​ថា ថ្ងៃ​ណាមួយ​យើង​នឹងធ្វើ​វា​ឱ្យបាន។ យើង​ដឹង​ពី​ផល​លំបាក​នេះ​ទើប​យើង​អាច​ធ្វើបាន​នៅថ្ងៃនេះ ដែល​អាចជួយ​
ផ្គត់ផ្គង់​ដល់​តម្រូវការ​ក្នុងស្រុក​ដែល​បានចាប់ផ្តើម​មាន​តម្រូវការ​នូវ​ឧបករណ៍​បរិក្ខារ​ទាំង​នោះ​ហើយ។

លោក​បន្តថា ដំបូងៗយើង​មានការ​លំបាក​ណាស់ព្រោះ​យើង​ទទួលបាន​ការបញ្ជាទិញ​តិចតួច​ពេក។ ក្រុមហ៊ុន​សហគ្រាស​ដែល​បញ្ជា​ទិញ​នៅមាន​ចំនួន​តិច​នៅឡើយ និង​មិនទាន់បាន​គិតគូរ​ខ្លាំង​ពី​បញ្ហា​សុវត្ថិ​ភាពជា​ចម្បង​នេះ​ទេ តែ​នៅពេល​ពួកគេ​ចាប់ផ្តើម​យល់ដឹង​ពី​បញ្ហា​សុវត្ថិភាព ពួកគេ​បានធ្វើ​ការបញ្ជាទិញ ធ្វើឱ្យ​យើង​ទទួលបាន​ការបញ្ជាទិញ​កាន់តែ​ច្រើនឡើង ធ្វើឱ្យ​មុខរបរ​របស់​យើង​កាន់តែ​មាន​ភាព​រីកចម្រើន​ឡើង។

លោក សុថា​រិន្ទ បាន​បញ្ជាក់ថា បើ​គិត​ទៅ មុខរបរ​របស់លោក​ហាក់ដូច​មាន​ហានិភ័យ​ខ្ពស់ តែ​ថា​ពិបាក ក៏ដូចជា​មិន​ពិបាក​ទេ ព្រោះ​ឧបករណ៍​បរិក្ខារ​សុវត្ថិភាព​មាន​តម្រូវការ​ច្រើន​នៅក្នុង​វិស័យ​សំណង់​អគារ អចលនទ្រព្យ និង​ខុន​ដូ​ជាដើម និង​រួមទាំង​ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​ផងដែរ។ បើ​គិតពី​តម្លៃ​វិញ សម្ភារ​ប្រើប្រាស់​ធម្មតា ដូចជា​មួក ស្រោមដៃ វ៉ែនតា ម៉ាស់​ការពារ សុទ្ធតែជា​សម្ភារ​មាន​ស្តង់ដារ មិនសូវ​ជាមាន​តម្លៃ​ថ្លៃ​ប៉ុន្មាន​ទេ តែ​ឧបករណ៍​ខ្សែ​រ៉ក​សម្រាប់​យោង​មនុស្ស​ឡើង-ចុះ​អាច​នឹងមាន​តម្លៃ​ថ្លៃ​បន្តិច។

លោក​បន្តថា ការទិញ-លក់​តាម​អន​ឡាញ អតិថិជន​មិនចាំបាច់​មក​ទិញ​ដល់​ក្រុមហ៊ុន​ទេ គឺ​គ្រាន់​តែមាន​ទូរស័ព្ទ​ទំនើប និង​កុំព្យូទ័រ​ដែល​អាច​ដំណើរការ​អុីន​ធើ​ណិ​ត​បាន​ជាការ​ស្រេច។ ពួកគេ​អាច​ពិនិត្យមើល​ឧបករណ៍​បរិក្ខារ​ទំនិញ​ដែល​យើង​បានបង្ហាញ និង​បាន​ផ្ញើ​គំរូ​ដែល​គេ​ចង់បាន​នោះ​ទៅ​គេ។

លោក​បាន​បញ្ជាក់ថា ជារួម​នៅក្នុង​ការដ្ឋាន​សំណង់​មួយ គេ​តែងតែ​ព្រមព្រៀង​ជាមួយ​យើង និង​ឱ្យ​យើង​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​សុវត្ថិភាព​ឱ្យគេ 100% តែម្ដង។ ចំពោះ​ការលក់​សម្ភារ​បរិក្ខារ​សុវត្ថិភាព​នេះក្រោយពី​មានការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ការងារ​អំពី​ភាព​ងាយ​រងគ្រោះថ្នាក់​របស់​ក​ម្មករ​សំណង់ និង​កម្មករ​រោងចក្រ​មក ក្រុមហ៊ុន​ដែល​សាងសង់​សំណង់​អគារធំៗ រឹតតែ​មាន​តម្រូវការ​សម្រាប់​ការដ្ឋាន​របស់​ពួកគេ។ ឯខាង​រោងចក្រ​វិញ​ក៏បាន​ជាវ​គ្រឿង​បរិក្ខារ​សម្រាប់​សុវត្ថិភាព​កាន់តែច្រើនឡើងៗដែរ ដូច្នេះ​ផលចំណេញ ក៏​យើង​ទទួលបាន​ទៅតាម​នោះដែរ។

ទោះជា​មាន​វ័យ​រាង​ជ្រេរ​បន្តិច​មែន តែ​លោកសុថា​រិន្ទ ក្លាយជា​សហគ្រិន​ជោគជ័យ​ម្នាក់​ដែល​សព្វថ្ងៃនេះ​ក្រុមហ៊ុន​របស់លោក​ត្រូវបាន​ទទួលស្គាល់ថា ជា​ក្រុមហ៊ុន​មាន​សក្តានុពល​លើ​ផ្នែក​សម្ភារ​បរិក្ខារ​សុវត្ថិភាព​នៅ​កម្ពុជា ហើយ​លោក​គ្រោង​បង្កើត​សេវា​ត្រេ​ន​នី​ង(Tranning)សម្រាប់​អាជីវកម្ម​របស់លោក​ថែមទៀត។ ចំពោះ​គ្រឿង​សម្ភារ​បរិក្ខារ​ដែល​លក់​នៅក្នុង​អាជីវកម្ម​របស់លោក គឺ​លោក​បាន​កុម្ម៉ង់​ពី​បណ្តា​ប្រទេស​មួយចំនួន ដូចជា​ប្រទេស​អុីតាលី ចិន ចិនតៃវ៉ាន់ ជប៉ុន បារាំង និង​អាមេរិក​ជាដើម​តាម​ការចង់បាន​របស់​អតិថិជន។

ទន្ទឹមនឹង​ភាពជោគជ័យ​ក្នុង​អជីវ​កម្ម លោក សុថា​រិន្ទ បាន​ចែករំលែក​បទពិសោធ និង​ចំណេះដឹង​មួយចំនួន​ដល់​អាជីវករ ឬ​សហគ្រិន​វ័យក្មេង​ជាច្រើន​ទៀតផង​ដែរ ដោយ​លោក​បាន​អះអាងថា ការផ្តោត​លើ​អាជីវកម្ម ការ​ស្គាល់​ច្បាស់​ពី​អាជីវកម្ម​របស់ខ្លួន និង​តម្រូវការ​ទីផ្សារ គឺជា​ចំណុច​សំខាន់​ដែល​ជំ​រុញឱ្យ​អាជីវកម្ម​រីក​ធំធាត់​លឿន និង​ជោគជ័យ​ខ្លាំង៕

Advertisement