តំបន់​ជ្រោយចង្វារ​នឹង​ក្លាយជា​ទីក្រុង​រណប Smart City មុនគេ​ក្នុងប្រទេស​កម្ពុជា

ក្រុមហ៊ុន​សំណង់​ធំជាងគេ​នៅ​កម្ពុជា OCIC បានប្រកាស​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់​ជាង 3,000លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​ទីក្រុង​រណប​ជ្រោយចង្វារ​អភិវឌ្ឍន៍​ជាទី​ក្រុង​ពាណិជ្ជកម្ម និងជាទី​ក្រុង Smart City មុនគេ​នាពេល​អនាគតឆាប់ៗខាងមុខ។

លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC បាន​មានប្រសាសន៍​ឱ្យដឹងថា ទីក្រុង​នេះ​នឹង​រៀបចំឡើង​តាមបែប Smart City ដោយ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​រៀបចំ​ជាពិសេស ដូចជា​ខ្សែភ្លើង​នឹងត្រូវ​កប់​នៅក្រោម​ដី​ទាំងអស់ អំពូល​ភ្លើង​នឹង​ប្រើប្រាស់​ប្រភេទ​អំពូល LED មានការ​បំពាក់កាមេរ៉ា​សុវត្ថិភាព និង​ប្រព័ន្ធ​ទឹក​កខ្វក់​ទាំងអស់​ដែលចេញពី​ទីក្រុង​នេះ​នឹងត្រូវឆ្លងកាត់​ការ​ចម្រោះ​ឱ្យ​ស្អាត​ទាំងអស់​មុននឹង​បង្ហូរ​ចេញ។ លោក​បន្តថា ការវិនិយោគ​ទីក្រុង​បែប​ស្មា​ត​ស៊ី​ធី​នេះ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ប៉ុន្តែ​ដើម្បី​និរន្តរភាព​បរិស្ថាន និង​ភាពសុខសាន្ត ក៏ដូចជា​ផាសុកភាព​របស់​ប្រជាពលរដ្ឋ គឺជា​អ្វីដែល​ក្រុមហ៊ុន OCIC ត្រូវផ្តោត​ជាពិសេស។

អគ្គលេខាធិការរង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា និង​ជា​ស្ថាបត្យករ​អាស៊ាន លោក ទួ​ស សា​ភឿន​បាន​មានប្រសាសន៍ថា ទីក្រុង​ឆ្លាត​វៃ​តម្រូវឱ្យមាន​ផែនការ​ធំ​ទូលាយ​សម្រាប់​ទីក្រុង​ទាំងមូល មិនមែន​ត្រឹមតែ​ជាទី​ក្រុង​រណប​នោះទេ។ ទីក្រុង​ឆ្លាត​វៃ​គួរតែមាន​ចន្លោះ​បៃតង ដូចជា​សួនច្បារ​ដែល​ព័ទ្ធជុំវិញ​អគារ​សាធារណៈ ដើម្បីឱ្យ​មនុស្ស​អាច​សម្រាក និង​ទទួលបាន​ខ្យល់អាកាស​បរិសុទ្ធ។

លោក​បាន​បន្ថែមថា ទីក្រុង​ឆ្លាត​វៃ​អាច​កើតឡើង​បាន លុះត្រា​តែមាន​មេដឹកនាំ​ពូកែ​ដែល​ធ្វើការ​លើ​ផែនការមេ​ដ៏​ទូលំទូលាយ​ក្នុងការ​អភិវឌ្ឍ​ទីក្រុង​ពោល គឺមាន​ផែនការមេ​តាមផ្លូវ​ច្បាប់​ច្បាស់លាស់​ដែល​គ្រប់គ្រង​លើ ការប្រើប្រាស់​ដី សំណុំបែបបទ ការ​រចនា ឬ ការប៉ុនប៉ង​គ្រប់គ្រង​លើ​ការអភិវឌ្ឍ​ទីក្រុង​ជាដើម។ តំបន់នីមួយៗត្រូវតែកំណត់​ឱ្យបាន​ច្បាស់​ថា តំបន់​ណាមួយ​ជា​តំបន់​លំនៅឋាន ពាណិជ្ជកម្ម ឬ​ឧស្សាហកម្ម​ដែល​នឹង​អាច​ពង្រីក​ឱកាស​នៅក្នុង​ការអភិវឌ្ឍ​ទីក្រុង និង​អាចជួយ​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាជន​នៅក្នុង​ទីក្រុង​កាន់តែ​ប្រសើរឡើង។

តាម​ការ​ព្យាករ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ2030 ខាងមុខ ប្រជាជន​ជិត 8លាន​នាក់​ត្រូវគេ​រំពឹងថា នឹង​រស់នៅក្នុង​ទីក្រុង ហើយ​ភាគច្រើន​នៃ​ពួកគេ​នឹង​មក​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ។

ឯកឧត្តម ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់​មានប្រសាសន៍​ពន្យល់ថា ការសាងសង់​អគារធំៗ និង​ការគិតគូរ​ពី​បញ្ហា​បរិស្ថាន​ជាការ​ងារ​របស់​យើង ដែល​ត្រូវផ្តោត​ការយកចិត្តទុកដាក់​លើ​អ្វីដែល​គេ​ឱ្យ​ឈ្មោះថា Smart City ព្រោះ​ទីក្រុង​បែប​ឆ្លាត​វៃ​នេះ​ទាមទារ​ការគិតគូរ​ច្រើនណាស់ ដើម្បី​សម្រេចបាន​នូវ​ស្តង់ដារ​ទីក្រុង​មួយ​ដែលមាន​ភាព​ទាក់ទាញ និង​ផ្តល់​ភាពសុខសាន្ត​ដល់​ប្រជាពលរដ្ឋ។

លោក​បានបន្តថា ការសាងសង់​អគារ​ត្រួវ​តែ​ធ្វើឡើង​ដោយមាន​ទីធ្លា​បៃតង កន្លែង​លេង​កម្សាន្ត ការទាញយក​ពន្លឺព្រះអាទិត្យ​មក​ប្រើ​ជំនួស ឬ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​អគ្គិសនី ការដាំ​ដើមឈើ​ក្នុង​អគារ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ជាដើម។ ទាំងអស់នេះ​សុទ្ធតែជា​រឿង​ចាំបាច់ ដើម្បី​ធានា​និរន្តរភាព​នៃ​ការអភិវឌ្ឍ ដោយ​ត្រូវគោរព​នូវ​ពាក្យស្លោក​ដែលថា ការអភិវឌ្ឍ​ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​ការអភិរក្ស៕

Advertisement