ទីផ្សារ​អា​ផាត​មិន​ស្ងប់ស្ងាត់ តែ​នៅតែមាន​សញ្ញា​វិជ្ជមាន

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal (KFA) បាន​មានប្រសាសន៍ប្រាប់​សារព័ត៌មាន ឡា​រ៉ែ​ន​ពាណិជ្ជ​ថា ទីផ្សារ​អា​ផាត​មិន​នៅតែមាន​សញ្ញា​វិជ្ជមាន មិន​ស្ងប់ស្ងាត់​ដូច​ការលើកឡើង​កន្លង​មក​នោះទេ ដោយ​ទីផ្សារ​នេះ​ពុំមានសញ្ញា​ណាមួយ​គួរឱ្យ​បារម្ភ​នោះឡើយ ព្រោះ​តម្រូវការ​ការិយាល័យ​ទំនើប​នៅ​រាជធានី​ភ្នំពេញ ពិសេស​ការិយាល័យ​នៅតាម​បណ្ដា​អគារខ្ពស់ៗកំពុង​កើនឡើង​ខ្លាំង ដោយសារ​កំណើន​នៃ​ការវិនិយោគ និង​មាន​ក្រុមហ៊ុនថ្មីៗបង្កើតឡើង​កាន់តែច្រើន។ លោក​ឧកញ៉ា​បាន​មានប្រសាសន៍ថា៖ “ទីផ្សារ​អា​ផាត​មិន​មិនបាន​មើលឃើញថា អ៊ូអរ​គគ្រឹកគគ្រេង​ដូច​ការទិញ​លក់​នៅលើ​ទីផ្សារ​អចលនទ្រព្យ​ដូចជាដីធ្លី ផ្ទះសំបែង ដីឡូត៍ បុរី​លំនៅឋាន ឬ​បុរី​បែបទំនើបៗមែន តែ​តាម​ការសង្កេត​វិញ នៅ​រាជធានី​ភ្នំពេញ​គឺជា​គោលដៅ​ដំបូង​បំផុត​សម្រាប់​អា​ផាត​មិនដែល​ការជួល​មាន​ភាគរយ​ខ្ពស់ គឺ​នៅ​កន្លែងនីមួយៗចន្លោះ​ពី70% ទៅ80% ដូចជា​តំបន់​បឹងត្របែក​រក​ជួល​មិនបាន​ផង‟។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer​ Foundation Appraisal (KFA)

ស្របគ្នា​នេះដែរ កញ្ញា​លីម សុខា​ដាវី​ន ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន FURI Real Estate បានឱ្យដឹងថា សព្វថ្ងៃ​តម្រូវការ​ការិយាល័យ​បែប​ប្រណីត​នៅតាម​អគារខ្ពស់ៗ មាន​កំណើន​យ៉ាងខ្លាំង​ក្នុង​រាជធានីភ្នំពេញ ជាពិសេស​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​តែម្ដង ស្រប​ពេលដែល​ទីក្រុង​ភ្នំពេញ​ពុំមាន​ដី​ច្រើន​ដើម្បី​សាងសង់​ការិយាល័យ។ ម្យ៉ាងវិញទៀត​ការិយាល័យ​ប្រភេទ​នេះ​បាន​ទាក់ទាញ​ការវិនិយោគ និង​សកម្មភាព​អាជីវកម្ម​ជាច្រើន​ផងដែរ។

កញ្ញា​បានបន្តថា ជាក់ស្ដែង​គម្រោង​លក់ការិយាល័យ​ចាប់ពី​ជាន់​ទី13 ដល់​ជាន់​ទី28 ចំនួន 250យូ​នី​ត ដែល​ក្រុមហ៊ុន​ចាប់ផ្ដើម​លក់​កាលពីដើមឆ្នាំ​រហូតមក​ទល់​ពេលនេះ បាន​លក់ដាច់​អស់​ជាច្រើន​ប្រមាណ 90%ហើយ។ កញ្ញា​បន្តថា អតិថិជន​ដែល​សម្រេច​ទិញ​បន្ទប់​ការិយាល័យ​ពី​ក្រុមហ៊ុន FURI Real Estate មាន​ទាំង​ជនជាតិខ្មែរ និង​ជនបរទេស ដោយ​ក្នុងនោះ​អ្នកវិនិយោគ​ជនជាតិ​ចិន​ជាច្រើន​បាន​ទិញ ការិយាល័យ​សម្រាប់​បម្រើ​ការងារ​របស់ខ្លួន។

បើតាម​លោក​ឧកញ៉ា នួន រិទ្ធី បានឱ្យដឹងថា ទន្ទឹមនឹង​វិស័យ​មួយ​នេះ​ទទួលបាន​ទំនុកចិត្ត​ពី​សំណាក់​អតិថិជន​ដោយ​បានមក​ទទួលយក​សេវា​រស់នៅ ឬ​ជួល​អា​ផាត​មិន​ធ្វើជា office ហើយ​នោះ យើង​មើលឃើញ​សេវា​ប្រកួតប្រជែង​មួយទៀត​គឺ ខុន​ដូ។ ខុន​ដូក៏មាន​ការវាយលុក​ទីផ្សារ​ទិញ-លក់-ជួល​ខ្លាំង​ដែរ ទាំង​ការលក់ និង​ការជួល​ដែល​ប្រកួតប្រជែង​នឹង​អា​ផាត​មិន តែ​ការ​រស់នៅក្នុង​ខុន​ដូ និង​អា​ផាត​មិន វា​មិនជា​ខុសគ្នា​ប៉ុន្មាន​ទេ គ្រាន់តែ​អា​ផាត​មិនជា​គោលដៅ​សម្រាប់តែ​អ្នក​ដែល​គាត់​មាន​ប្រាក់​វិនិយោគ គាត់​ធ្វើ​ដើម្បី​ជួល តែ​មិន​លក់​ទេ។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា បច្ចុប្បន្ន​មានការផ្គត់ផ្គង់​ពី​ខុន​ដូ​ច្រើន វា​ក៏​ធ្វើឱ្យមាន​ការប៉ះពាល់​ដល់​អា​ផាត​មិន​ដែរ។ រូបភាព​ជារួម កំណើន​ភ្ញៀវ​ចូល​ស្នាក់​នៅក្នុង​ខុន​ដូ​ក៏​កើនឡើង​ច្រើន​ដែរ ធ្វើឱ្យ​ការផ្គត់ផ្គង់​វា​លឿន​ដែរ​ដែល​អាច​ប្រកួតប្រជែង​គ្នា​បាន។ ការផ្គត់ផ្គង់​យើង​រហ័ស ធ្វើឱ្យ​អគារខ្ពស់ៗក្នុង​ទីក្រុង​ភ្នំពេញ​ដែលមាន​ប្រមាណ​ជា 1,000អគារ ចាប់ពី​ជាន់​ទី9 ឡើងទៅ រហូត​ដល់ទី 45ជា​ជាន់​ចុងក្រោយ​សម្រាប់​ការ​ស្នាក់នៅ និង​ធ្វើជា​ការិយាល័យ ហើយ​ឥឡូវ​មានការ​បន្ត​សាងសង់​ជាន់​ទី55 ដល់ទី62 ក៏​កំពុង​ចាប់ផ្តើម​សាងសង់​បន្តទៀត​ដែរ។

មួយរយៈ​ចុងក្រោយ​នេះ គ្រប់គ្នា​មើលឃើញថាវិស័យ​មួយ​នេះ​ហាក់ដូច​ជាមាន​ភាព​នៅ​ទ្រឹង​ដោយសារតែ​អ្នកប្រើប្រាស់​មាន​កម្រិត​ក្នុងការ​ប្រើប្រាស់​អា​ផាត​មិន និង​ខុន​ដូ ដូច្នេះ​យើង​មើលឃើញថា​ខុន​ដូ និង​អា​ផាត​មិន​ភាគច្រើន​បាន​កើតឡើង​ច្រើន​នៅ​តំបន់​ខណ្ឌទួលគោក ខណ្ឌចំការមន និង​ខណ្ឌ7មករា​ដែល​វា​មាន​កម្រិត​ខ្ពស់ និង​កម្រិត​មធ្យម។

លោក​ឧកញ៉ា​បាន​ពន្យល់​បន្ថែមថា យើង​មើលឃើញថា កម្រិត​នេះ គឺ​វា​មានតម្លៃ​ជួល ចាប់ពី400 ទៅ600ដុល្លារ​ក្នុង​មួយ​បន្ទប់​គេង។ វា​អាស្រ័យ​ទៅតាម​ទីតាំងនិង​កន្លែង​ដែរ ខ្លះ​គាត់​ធ្វើ​អា​ផាត​មិនមែន តែ​ទីតាំង​គាត់​មិន​អំណោយផល ដោយ​ពុំមាន​ផ្នែក​នៃ​ទីក្រុង​ទំនើប និង​ការផ្គត់ផ្គង់​បែប lifestyle មិន​សម្បូរបែប ក៏​មិន​ទទួលបាន​ជោគជ័យ​ដែរ។ អ៊ីចឹង​យើង​មើល​តែ​ទៅលើ​ជ្រុង​ណាមួយ​មិន​បានទេ គឺ​យើង​ត្រូវ​មើល​ជារួម។ ដូច្នេះ​ក្នុង​ការធ្វើ​អា​ផាត​មិន ឬ​ខុន​ដូ គេ​ត្រូវ​ជ្រើសរើស​ទីតាំង​ដែល​នៅ​ជិត​កន្លែង​ប្រជុំជន ទីតាំង​ជិត​មណ្ឌល​ពាណិជ្ជកម្ម ជិត​មន្ទីរពេទ្យ សាលារៀន ជិតកន្លែងធ្វើការ ជាដើម ទើប​ជា​កន្លែង​គោលដៅ​ដែល​គេ​ចូលចិត្ត​ស្នាក់នៅ ដូចជា​តំបន់​បឹង​កេងកង ទួល​ទំពូង ទួលគោក មិនមាន​ការលំបាក​ច្រើន​ទេ​សម្រាប់​ខុន​ដូ ឬ​អា​ផាត​មិនដែល​ស្ថិតនៅក្នុង​តំបន់​ទាំងនោះ។

ការជួល​ក៏​មិនមាន​តម្លៃ​ខ្ពស់​ពេក​ដែរ គឺ​នៅមាន​តម្លៃ​សមរម្យ​នៅឡើយ ពោល​ពុំមាន​ការកើនឡើង​ទេ។ ថ្មីៗនេះ តម្រូវការ​ភាគច្រើន គឺ​ពី​ខាង​ជនជាតិ​ចិន​ដែល​គាត់​ជួលច្រើនៗប្រមាណ​ជា 60បន្ទប់​ឡើងទៅ។ ដោយសារ​ការផ្គត់ផ្គង់​មាន​ច្រើន ដូច្នេះ​តម្លៃ​នៅ​ទ្រឹង វា​មិនបាន​ឡើងថ្លៃ​ទេ ហើយក៏​មិន​ខុសគ្នា​ច្រើន​ដែរ គឺមាន​តុល្យភាព​នៅឡើយ តែ​នៅ​ថ្ងៃ​អនាគត​នឹងមាន​តម្រូវការ​ច្រើន​ខាង​អា​ផាត​មិន និង​ខុន-​ដូ​នេះ។ យើង​ក៏​ឃើញ​មាន​គម្រោង​អគារធំៗកំពុង​សាងសង់​ដែលមាន​ច្រើន​បន្ទប់​ដែល​មកទល់​បច្ចុប្បន្ន​មាន​ចំនួន​ច្រើន​ម៉ឺន ដល់​សែន​យូ​នី​ត​ឯណោះ បើ​សរុប​ចំនួន​បន្ទប់​ខុន​ដូ និង​អា​ផាត​មិន​ចូលគ្នា។

បើ​គិត​ទៅលើ​ចំនួន​ជា​យូ​នី​ត​នោះ​គាត់​ពុំបាន​សិក្សា​ទៅលើ​ស​ន្ទ​ស្សន៍​នេះ​ទេ តែបើ​គិត​ជា (over view) លើសពី​ទិដ្ឋភាព​រួម ពាក់ព័ន្ធ​នឹង​អចលនទ្រព្យ យើង​មើល​ទៅតាម​ការបណ្តាក់ទុន​ដែល​មកដល់​បច្ចុប្បន្ន​មាន​របាយការណ៍​ខ្លះ​ថា យើង​មាន​ជាង 20ម៉ឺន​បន្ទប់​ហើយ។

លោក​ឧកញ៉ា​បានបញ្ជាក់​ទៀតថា ជាធម្មតា អ្វីដែល​កំពុងតែ​មានកំ​ណើ​ន និង​មានការ​ចាប់អារម្មណ៍ គេ​តែងតែ​លើកឡើង ដូចជា​ការសាងសង់​បុរី គេហដ្ឋាន​បែប​សម័យថ្មី និង​សំណង់ផ្សេង។ល។ វា​ឆ្លុះបញ្ចាំង​ពីអ្វី​ដែល​កំពុង​ប្រតិបត្តិការ និង​ការលក់ តែ​វិស័យ​ខុន​ដូ និង​អា​ផាត​មិន​នេះ​វា​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​ប្រើ​រយៈពេល​វែង ហើយ​អ្នក​ជួល​ស្នាក់នៅ​ក៏​មិនមែន​ដើម្បី​ចំណេញ​ដែរ។ អ្វីដែល​មានការ​លើកឡើង​នៅលើ​សារព័ត៌មាន​ពី​វិស័យ​ណាមួយនោះ​គឺជា​ការ​បង្ហាញថា វិស័យ​នោះ​មានការ​រីកចម្រើនតែ​សួរថា តើ​វា​មាន​ចីរភាព​ទេ​ការរីកចម្រើន​ហ្នឹង។

ដូចជា​វិស័យ​អា​ផាត​មិនដែល​យើង​ថា​ស្ងាត់តែបើ​យើង​មើលទៅ ឃើញ​មាន​ការជួល មាន​អតិថិជនពេញៗ ជាការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព តែ​យើង​មិនបាន​ចាប់អារម្មណ៍ ព្រោះ​យើង​បាន​ផ្តោត​តែ​លើ​អ្វីដែល​ពេញនិយម ផ្តោតលើ​អ្វីដែល​មាន​ផលចំណេញ​ខ្លាំង និង​អ្វីដែល​ទាក់ទាញ​ប៉ុណ្ណោះ។

ជាការ​ប្រមើលមើល​ទៅលើ​វិស័យនេះ​ទៅ​ថ្ងៃ​ខាងមុខ លោក​ឧកញ៉ា​មានជំនឿថា វិស័យនេះ​នៅតែ​បន្ត​ការរីកចម្រើន ព្រោះ​កម្ពុជា​កំពុងតែ​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស។ យោងទៅលើ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល និង​ដោយសារ​កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា។ លោក​បន្តថា ចំនួន​អ្នកវិនិយោគ​អន្តរជាតិ​ជាច្រើន​បាននិងកំពុង​ចូលមក​កាន់​កម្ពុជា ហើយ​នៅពេល​ពួកគេ​ចូលមក ពួកគេ​ត្រូវការ​កន្លែង​ស្នាក់នៅ ហេតុនេះ​តម្រូវការ​អា​ផាត​មិនបាន​កើន​ឡើងជា​ស្វ័យប្រវត្តិ។

លោក​ឧកញ៉ា​បន្តថា៖ “ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយមពី​ទីផ្សារ​អា​ផាត​មិន​នៅ​កម្ពុជា ហើយ​នៅតែ​គិតថា ចំនួន​អា​ផាត​មិនដែល​បាន​ដាក់ចូល​ទីផ្សារ​នៅពេល​បន្តបន្ទាប់​នេះ នៅតែ​មិនទាន់​អាចឆ្លើយតប​បាន​នឹង​តម្រូវការ​នៅឡើយ‟។ លោក​បន្តថា “កម្ពុជា​ជា​ផ្នែក​មួយ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រហូតដល់​ឆ្នាំ2030 ទាំង​ទេសចរណ៍ ទាំង​ការវិនិយោគ ដែល​កម្ពុជា​កំពុង​ក្លាយជា​គោលដៅ​នៃ​ការវិនិយោគ​របស់​អ្នកវិនិយោគ​អន្តរជាតិ​ស្រាប់ ពេលនោះ​តម្រូវការ​អា​ផាត​មិន និង​ខុន​ដូ​នៅតែមាន​សញ្ញា​វិជ្ជមាន‟៕

Advertisement