​ ចុងឆ្នាំ​2018នេះ កសិដ្ឋាន​ផលិត​ទឹកដោះគោ​ខេត្តព្រះវិហារ នឹង​ដំណើរការ

រាជបណ្ឌិត្យសភាកម្ពុជា RAC (Royal Academy of Cambodia)បានបញ្ជាក់ថា ក្រុមហ៊ុន​មួយ​គ្រោង​នឹង​បើក​កសិដ្ឋាន​ចិញ្ចឹមគោយកទឹកដោះគោ ​វេច​ខ្ចប់ និងដាក់​​លក់​នៅលើ​ទីផ្សារ​កម្ពុជានៅស្រុក​ឆែប​ ខេត្តព្រះវិហារ ជាគម្រាងរបស់រាជបណ្ឌិត្យសភា ដែលគម្រាងនេះ​នឹង​ចាប់ដំណើរការ​នៅ​អំឡុង​ខែធ្នូ ​ឆ្នាំ​2018។

លោក​បណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន RAC បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​មួយ​បាន​មក​សហការ​ជាមួយ​លោក ដោយគ្រោង​ដឹក​ជញ្ជូន​គោ​ញីមក​ពី​ប្រទេស​ថៃ​(កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅខេត្តស្រះកែវ)ចំនួន 200ក្បាលជា​​​ពូជ​គោដា​ណឺ​ម៉ាក(Danmark)មក​សាកល្បង​ចិញ្ចឹម​នៅ​ក្នុង​កសិដ្ឋាន​នៅ​ខេត្តព្រះវិហារដើម្បី​ផលិត​ទឹកដោះ​ ​វេច​ខ្ចប់ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក។ ការ​នាំ​យក​ពូជ​គោ​ញី​មក​ដាក់​ក្នុង​កសិដ្ឋាន​នោះ គឺ​អាច​ធ្វើឡើងនៅ​ក្នុង​អំឡុង​ខែធ្នូ ​ឆ្នាំ​2018នេះ ដោយ​រង់​ចាំ​តែការ​ដាំ​ស្មៅសម្រាប់ផ្គត់ផ្គង់​ឱ្យ​វា​ស៊ី​បានគ្រប់គ្រាន់​ប៉ុណ្ណោះ។

លោក​បណ្ឌិតពន្យល់​ថា៖ «ក្នុង​មេគោ ​1​ក្បាលបើ​ផ្ដល់​ចំណី​ឱ្យ​វា​បាន​ត្រឹមត្រូវ គឺ​វា​អាច​ផ្ដល់​ទឹកដោះ​បាន​ពី ​20​ទៅ ​30​លី​ត្រ​ក្នុង​​ថ្ងៃហើយ​ប្រសិនបើ​កសិករ ​1​គ្រួសារ​ចិញ្ចឹម​គោ​​10​ក្បាលគឺ​អាច​រក​ចំណូល​បាន​ប្រមាណ​ជា ​100​ដុល្លារ​អា​មេ​រិ​កក្នុង ​1​ថ្ងៃ​ៗពីព្រោះ​ក្រុមហ៊ុន​អាច​ទទួល​ទិញ​ទឹកដោះគោឆៅថ្លៃ​ប្រមាណ​ 2,000​រៀលក្នុង​1​លី​ត្រ»​។

បណ្ឌិត សុខ ទូច បន្ដ​ថា៖ «ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​នៅ​ខេត្តព្រះវិហារ​នេះគ្រោង​ចំណាយ​​ប្រាក់​វិនិយោគ​ប្រមាណ​ 2.5​លាន​ដុល្លារ​អា​មេ​រិ​កក្នុង​ការ​ទិញ​មេគោ និងស្ពែម ​Sperm របស់​គោបា​មក​បង្កាត់​ពូជ​ក្នុងស្រុកព្រមទាំង​ទិញ​ម៉ាស៊ីន​សម្រាប់​វេច​ខ្ចប់​ផលិតផល​ទឹកដោះគោដែល​ចេញពី​កសិដ្ឋាន​បញ្ជូន​ទៅ​លក់​តាម​ទីផ្សារទៀតផង»

លោកបណ្ឌិត​អះអាង​ថា ប្រសិនបើ​ការ​សាកល្បង​លើ​មេគោ​ចំនួន ​200​ក្បាល​នេះ​ទទួល​បាន​ជោគជ័យ ជំហាន​បន្ដ​ក្រុមហ៊ុន​មាន​គម្រោង​បង្កើត​ធនាគារ​គោដោយ​បង្កាត់​ពូជ ​និង​ទិញ​មេគោ​ជា​ច្រើន​មក​ប្រវាស់​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញទីនោះ​ជា​អ្នក​ចិញ្ចឹម រីឯ​ក្រុមហ៊ុន​ជា​អ្នក​ដើរ​ប្រមូល​ទិញ​ទឹកដោះគោ​ស្រស់​ពី​កសិករហើយ​វេច​ខ្ចប់​សម្រាប់​នាំ​យក​ទៅ​លក់​នៅ​ទីផ្សារ​ជាបន្ត។

សូមបញ្ជាក់ថាគម្រោងបង្កើត​តំបន់​ឧទ្យាន​ចិញ្ចឹម​ និង​ផលិត​ទឹកដោះ​គោស្រស់​ដំបូង​បង្អស់នេះនឹងបង្កើតឡើង​នៅក្នុង​​ទឹកដីឧទ្យាន​រាជបណ្ឌិត្យ​សភាកម្ពុជា​ តេជោ​សែន​ឫស្សីត្រឹប ​​នៅលើ​ទឹកដី​ស្រុក​ឆែប នៃ​ខេត្តព្រះវិហារ។ ​គម្រោង​មួយ​នេះត្រូវ​បាន​ ​សម្តេច ហ៊ុន សែន ​​គាំទ្រ និងថែមទាំងបាន​ផ្តល់ជាថវិកាចំនួន 10ម៉ឺនដុល្លារក្នុងការចូលរួមទិញមេគោដើម្បីចិញ្ចឹម និង​អំពាវនាវ​ឱ្យសប្បុរស​ជននានា​ចូល​រួម​ក្នុង​កិច្ចការ​នេះទៀតផង​។

ឧទ្យានជាតិមួយនេះ(ឧទ្យាន​រាជបណ្ឌិត្យ​សភាកម្ពុជា​ តេជោ​សែន​ឫស្សីត្រឹប)​មាន​ផ្ទៃដី​សរុប​ចំនួន​ 11,435​ហិកតាត្រូវ​បាន​បង្កើត​ឡើង​ដោយព្រះរាជក្រឹត្យនៅឆ្នាំ2014។​ ​តំបន់នេះ​មានលក្ខណៈ​ពិសេស​ច្រើនយ៉ាង ​ដូចជាមានធនធានជីវៈចម្រុះ​ដែលជា​ភាពកម្រនៃធម្មជាតិរុក្ខជាតិ និងសត្វ ​មរតកវប្បធម៌ប្រវត្តិសាស្ត្រកម្ពុជា មជ្ឈមណ្ឌល​ផលិត​ដែក​ខ្មែរបុរាណ​ដែល​អាចមាន​អាយុកាល​ជាងមួយ​ពាន់ឆ្នាំ​ ក៏ដូចជាទឹក​ជ្រោះព្រះនិម្មិត ប្រាសាទព្រះវិហារជាដើម ដែលវា​អាចឱ្យ​ទាញ​ប្រយោជន៍យ៉ាង​ច្រើនសម្រាប់​សហគមន៍ និងទាក់ទាញ​ភ្ញៀវទេសចរទៀតផង៕

Advertisement