វិស័យសេដ្ឋកិច្ចសំខាន់ៗចំនួន 12 ក្នុង​សហប្រតិបត្តិការ​កម្ពុជា-ចិន​មានតម្លៃ​ជាង80លាន​ដុល្លារ

ទឹកប្រាក់​ដែលមាន​តម្លៃ​សរុប​ជាង 80លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជាចិន​លើ​វិស័យ​ចំនួន12 កាលពី​ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​វេទិកា​វិនិយោគ​ធុរកិច្ច និង​ទេសចរណ៍​នៅក្នុង​ពិធី​តាំងពិព័រណ៍​ពាណិជ្ជកម្ម​ចិនអាស៊ាន​លើក​ទី15 ដែល​រៀបចំឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​សហការ​ជាមួយ​លេខាធិការដ្ឋាន​ពិព័រណ៍​ចិន-អាស៊ាន។

អនុស្សរណៈ​ទាំងនេះ​គ្របដណ្តប់​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យសំខាន់ៗដូចជា ការធ្វើ​ធុរកិច្ចពាណិជ្ជកម្ម ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​មគ្គុទេសក៍(អ្នក​នាំ​ភ្ញៀវទេសចរ) និង​ផ្នែក​វិស្វកម្ម(ផ្លូវដែក​ល្បឿន​លឿន ទំនប់​វា​រី​អគ្គិសនី និង​ប្រព័ន្ធធារាសាស្ត្រ) ការស្ថាបនា​ផ្លូវ​យន្តហោះ ការបង្កើត​មហាវិទ្យាល័យ​ស្រាវជ្រាវ​ឧស្សាហកម្ម និង​ការកសាង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ទេសចរណ៍​Sino-ASEAN។

ឯកឧត្តម ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់​ថា នេះ​ជាការ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​ចូលរួម​កសាង “វិថី​សូត្រ​សមុទ្រ​សតវត្សរ៍​ទី21‟ និង​គាំទ្រ​ការអនុវត្ត “ផ្លូវ​និង​ខ្សែក្រវាត់‟ ដើម្បី​ជំរុញ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​តំបន់​តាមរយៈ​វិស័យ​ពាណិជ្ជកម្ម​វិនិយោគ និង​ទេសចរណ៍​នៅក្នុង​ទីក្រុង​ណាន​នី​ង​ដ៏​ស្រស់​ឆើតឆាយ​នៃ​ខេត្ត​ក្វាង​ស៊ី។

លោកជំទាវ យ៉ាន ហ្ស៊ី​ចាន (Yan Zhichan) អនុប្រធាន​នៃ​រដ្ឋបាល​តំបន់​ស្វយ័ត​ខេត្ត​ក្វាង​ស៊ី​បាន​គូសបញ្ជាក់​ពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ក្វាង​ស៊ី និង​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​បានបង្ហាញ​ជំនឿ​ថា ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ឈានទៅ​កសាង​វិថី​សូត្រ​សមុទ្រ​ដែលជា​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារៈសំខាន់​បំផុត​មួយ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​វប្បធម៌​បែប​ទំនើប​រវាង​ប្រទេស​ចិន និង​ពិភពលោក​ជាពិសេស​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន។

គួរ​បញ្ជាក់ដែរថា រៀងរាល់​ព្រឹត្តិការណ៍​ពិ​ព​័រណ៍​ចិន-អាស៊ាន​តែងមាន​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​វិនិយោគ និង​អនុស្សរណៈ​ជាច្រើន​រវាង​វិនិយោគិន និង​ពាណិជ្ជករ​កម្ពុជា-ចិន ខណៈដែល​គម្រោង​វិនិយោគធំៗជាច្រើន​របស់​ក្រុមហ៊ុន​ចិន​បានមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ដូចជា​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ គម្រោង​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុគម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃផ្សេងៗទៀត ដែល​ទាំងអស់នេះ​សុទ្ធតែ​បង្ហាញឱ្យឃើញ​អំពី​ភាពស៊ីចង្វាក់​គ្នា​នៃ​គោលនយោបាយ​របស់​ប្រទេស​ទាំង2 ដោយ​ឈរលើ​កិច្ចសហប្រតិបត្តិការ​ឈ្នះ-ឈ្នះ​ដើម្បី​ត​ភ្ជាប់​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​ពិភពលោក។

សូមជម្រាបថា ទឹកប្រាក់​វិនិយោគ​ពី​ប្រទេស​ចិន​មក​កម្ពុជា​បាន​កើនឡើង​ពី 900លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2016 ដល់ 1.6ប៊ី​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2017 ហើយ​នៅក្នុង​រយៈពេល 7ខែ​នៃ​ឆ្នាំ2018នេះ បាន​កើន​ឡើងដល់ 2.8ប៊ី​លាន​ដុល្លារ​អាមេរិក។ ទន្ទឹមគ្នានេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន​បាន​កើន​ឡើងដល់ 5,8ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ឆ្នាំ2017 គឺ​បាន​កើនឡើង 22%បើ​ធៀប​នឹង​ឆ្នាំ2016៕

Advertisement