ដាំ​ផ្កាម្លិះ​លើដី​កន្លះ​ហិកតា បេះ​ផ្កា​លក់បាន​ពី10 ទៅ20ម៉ឺន​រៀល​រៀងរាល់ថ្ងៃ

October 2, 2018​ ម៉ោង 10:47 am
0

ម្លិះ​ជា​ផ្កា​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​និយម​ចូលចិត្ត​យកទៅ​ថ្វាយ​ព្រះ​នៅ​រៀងរាល់ថ្ងៃ​សិ​ល ឬ​យក​ធ្វើ​កម្រងផ្កា ក៏ដូចជា​ប្រើប្រាស់​ក្នុង​កម្មវិធី​បុណ្យផ្សេងៗ ដូចជា​ឡើង​គេហដ្ឋាន បុកគ្រឹះ​សាងសង់​សំណង់ និង​កម្មវិធីធំៗជាច្រើន​ទៀត​រាប់មិនអស់ ដែល​ធ្វើឱ្យ​ទីផ្សារ​ផ្កា​ដ៏​ក្រអូប​ប្រហើរ​មួយ​នេះ​មាន​តម្រូវការ​គ្រប់​រដូវ​កាល​មិន​ថា រដូវវស្សា ឬ​រដូវប្រាំង​ឡើយ។

លោក​អ៊ំ រស់ សា​រ៉ុ​ម កសិករ​ដាំ​ផ្កាម្លិះ​នៅក្នុង​ភូមិ​កោះក្របី ដែល​បច្ចុប្បន្ន​ត្រូវ​រដ្ឋាភិបាល​កាត់​បញ្ចូលមក​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មានប្រសាសន៍ថា គ្រួសារ​លោក​អ៊ំ​ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​កោះក្របី​ស្ទើរតែ​ទាំងអស់​ដែរ​បាន​ចាប់យក​មុខរបរ​ដាំ​ផ្កាម្លិះ តៗគ្នា​តាំងពី​ដូនតា​មកម៉្លេះក្រោយ​ឆ្នាំ1979មក។ លោក​អ៊ំ​មានប្រសាសន៍ថា ដើមឡើយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​ដាំ​ផ្កាផ្សេងៗច្រើន​ប្រភេទ​ទៀត ដូចជា​ផ្កាចន្ធូ ចំប៉ា ចំប៉ី និង​រំដួល ជាដើម តែ​ក្នុងចំណោម​ផ្កា​ទាំងនោះ​មានតែ​ផ្លា​ម្លិះ​ប៉ុណ្ណោះ ដែលមាន​ទីផ្សារ​ច្រើនជាងគេ ទើប​ពួកយើង​នាំគ្នា​ដាំ​ផ្កាម្លិះតៗគ្នា​មក​រហូតមកទល់​បច្ចុប្បន្ន។

លោក​អ៊ំ រស់ សា​រ៉ុ​ម កសិករ​ដាំ​ផ្កាម្លិះ​

លោក​អ៊ំ​បន្តថា សម្រាប់​គ្រួសារ​លោក​អ៊ំ ក៏​មិន​ខុសពី​គ្រួសារ​ដទៃទៀត​ដែរ បាន​ចាប់យក​របរ​ដាំ​ផ្លា​ម្លិះ​នេះ​នៅ​លើដី​ទំហំ​ជាង​កន្លះ​ហិកតា​អស់​រយៈពេល​ជាង 20ឆ្នាំ​មកហើយ ហើយ​វា​នៅតែ​ផ្តល់​ផល​នៅឡើយ មិនទាន់​ងាប់​ដើម​ទៅវិញ​ទេ ដែលជា​ធម្មតា​នៅ​ខែវស្សា​នេះ គេ​អាច​បេះ​បាន​ចន្លោះ​ពី4 ទៅ 5គីឡូក្រាម​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ដោយសារ​រដូវវស្សា​ដើម​ម្លិះ​ផ្តល់​ផ្កា​ច្រើន បានធ្វើឱ្យ​តម្លៃ​រាង​ធ្លាក់ចុះ​ច្រើន មួយ​គីឡូក្រាម​បានតែ 25,000រៀល​ប៉ុណ្ណោះ សម្រាប់​ម៉ូយ​បោះ​ដុំ​ដែល​មក​ប្រមូល​ទិញ​ដល់ផ្ទះ។ ប៉ុន្តែ​ផ្កា​នេះ​អាច​ឡើងថ្លៃ​ខ្លាំង​នៅ​រដូវរងារ​ដែល​ត្រជាក់​ខ្លាំង ដោយ​យើង​អាចលក់​បាន 1គីឡូក្រាម​ថ្លៃ​ដល់​ទៅ15 ទៅ20ម៉ឺន​រៀល​ឯណោះ ដោយសារ​នៅ​រដូវ​នោះ​ផ្កា​មិនសូវ​ឱ្យ​ផល ក្នុង​មួយថ្ងៃ​យើង​ប្រមូលបាន​តែមួយ​គីឡូក្រាម​ជាង​ប៉ុណ្ណោះ។

លោក​អ៊ំ​បាន​បន្តទៀតថា ការដាំ​ផ្កា​នេះ​មិនសូវ​រំខាន​ដល់​សមាជិកគ្រួសារ​នោះទេ ពេលព្រឹក​គ្រាន់តែ​នាំគ្នា​ពីរ​នាក់​ប្តី​ប្រពន្ធ​ទៅ​បេះ​ផ្កា រយៈពេល​ជាង​មួយ​ម៉ោង ហើយ​យកមក​ថ្លឹង​លក់ ឬ​អង្គុយ​ដោត​ធ្វើជា​កម្រងផ្កា​ជាង​មួយ​ម៉ោង​ទៀត ក៏​យើង​អាច​លក់បាន​លុយ​ប្រហែលជា10ម៉ឺន​រៀល​ដែរ​ក្នុង​មួយថ្ងៃ ដែល​អាចជួយ​ឱ្យ​គ្រួសារ​មាន​ជីវភាព​ធូរធារ​មួយកម្រិតមាន​ប្រាក់​សម្រាប់​ចំណាយ​ចាយវាយផ្សេងៗប្រចាំថ្ងៃ ដោយសារ​ផ្កា​នេះ​វា​ផ្តល់​ផល​រាល់ថ្ងៃ​ជាប្រចាំ​ដែរ។ ដើម​ផ្កាម្លិះ​នេះ​មាន​លក្ខណៈ​ងាយស្រួល​ដាំ និង​ថែទាំ​ខ្លាំងណាស់ គឺ​ដាំ​បានតែ2 ទៅ 3ខែ វា​នឹង​ចាប់ផ្តើម​ឱ្យ​ផល​ជាបណ្តើរៗហើយ ហើយ​វា​អាចរ​ស់បាន​រហូតដល់30 ទៅ40ឆ្នាំ ឯណោះ​ទើប​វា​ងាប់​ដើម​ទៅវិញ ឬ​បើសិន​ដើម​វាចា​ស់​ខ្លាំង យើង​អាច​កាប់​ដើម​នោះ​ចោល​មួយ​សា ហើយ​វា​នឹង​លាស់​មែកថ្មីៗចេញមក​ដូច​យើង​ដាំ​ថ្មី​ឡើងវិញ​អ៊ីចឹង និង​អាច​ផ្តល់​ផល​យូរអង្វែង​ថែមទៀត​ផង។

ផ្កាម្លិះដែលប្រមូលផលបាន

ចំពោះ​បច្ចេកទេស​នៃ​ការដាំដុះ គឺ​មិនមាន​ការលំបាក​អ្វី​ខ្លាំង​នោះទេ ដោយសារ​មាន​គេ​ផ្សាំ​កូនដើម​ម្លិះ​លក់ មួយ​ដើម​តម្លៃ​តែ 1,500រៀល​ប៉ុណ្ណោះ។ ប៉ុន្តែ​មុននឹង​ដាក់​ដាំ កសិករ​ត្រូវ​ភ្ជួរ​ដី​ហាល​ចោល​ឱ្យ​ស្ងួត​ដើម្បី​សម្លាប់​មេរោគ​មាននៅ​ក្នុង​ដី និង​សម្លាប់​ពូជ​ស្មៅ​ឱ្យ​ងាប់​អស់​ជាមុនសិន ងាយស្រួល​នៅពេល​ដាំស្មៅ​មិនសូវ​ដុះ​ឡើង​ច្រើន​មក​បឺត​ដណ្ដើមយក​ជីវជាតិ​ពី​ក្នុង​ដី​ដែលនាំឱ្យ​ដំណាំ​ផ្កាម្លិះ​លូតលាស់​មិនសូវ​បានល្អ។ លោក​អ៊ំ​បញ្ជាក់ថា នៅពេល​គេ​ភ្ជួរ​ដី​រួច កសិករ​ត្រូវ​លើកដី​ជា​រង​ដែលមាន​គម្លាត​ឆ្ងាយ​ពីគ្នា​ប្រវែង 1.8ម៉ែត្រចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយទៀត ហើយ​ត្រូវដាក់​ដាំ​ជាជួរៗគម្លាត​ពី​ដើម​មួយ​ទៅ​ដើម​មួយទៀត​ចម្ងាយ 1ម៉ែត្រ​ពីគ្នា។

លោក​អ៊ំ​បន្តថា នៅពេល​ដាំ​រួច គេ​មិន​លំបាក​មើលថែទាំ​ទេ គ្រាន់តែ​ស្រោច​ទឹក​មួយ​សប្តាហ៍ 2 ទៅ 3ដងដើម​ផ្កាម្លិះ​នឹង​លូតលាស់​ល្អ​ឡើង​មិន​ខាន តែ​បើសិនជា​មេឃ​ភ្លៀង​គេ​មិនបាច់​ស្រោច​ទឹក​ទេ រហូត​បាន​អាយុ 3 ទៅ 4ខែ​ ផ្កា​វា​នឹង​ឱ្យ​ផល អាចឱ្យ​យើង​បេះ​លក់បានបណ្តើរៗហើយ ហើយ​គេ​គ្រាន់តែ​បន្ត​ជម្រះ​ស្មៅនិង​ដាក់​ជី​ឱ្យ​វា​លូតលាស់​រឹតតែ​ល្អ​ឡើង និង​បាន​ផល​ច្រើន​ប៉ុណ្ណោះ។ ប៉ុន្តែ​យ៉ាងណា ផ្កាម្លិះ​ក៏​ប្រឈម​នឹង​សត្វល្អិត​បំផ្លាញ​ច្រើន​ដែរ ជាពិសេស​សត្វ​ដង្កូវ​ចូល​ស៊ី​ផ្កា​តែម្តង ដែល​តម្រូវឱ្យ​កសិករ​ត្រូវ​ចំណាយលុយ​ទិញ​ថ្នាំ​សម្លាប់​សត្វល្អិត មក​បាញ់​លើ​ផ្កា​ជាប្រចាំ​ផងដែរ។

ចំណែក​អ្នក​មីង ពៅ លី​ណា ដែល​កំពុង​ក្រងផ្កា​នេះ​លក់​ទៅឱ្យ​ម៉ូយ​ក៏មាន​ប្រសាសន៍​ដែរ​ថា ដោយសារ​អំណោយផល​ពី​ធម្មជាតិ​ធ្វើឱ្យ​ដី​ក្នុងភូមិ​កោះក្របី​ដែល​នៅ​ជិត​មាត់ទន្លេ​នេះ​មាន​សភាព​ក្តៅ ហើយ​សើម មាន​ជីវជាតិ​ល្អ ទើប​គេ​អាច​ដាំ​ផ្កាម្លិះ​នេះ​បាន​ដោយ​ងាយស្រួល សម្រាប់​ចែកចាយ​នៅលើ​ទីផ្សារមិនថាតែ​នៅក្នុង​ក្រុងភ្នំពេញ​នោះទេ គឺអាច​ចែកចាយ​ផ្ញើ​ទៅឱ្យ​ម៉ូយ​នៅ​ទូទាំងប្រទេស​ទៀតផង ដែល​នេះ​ជា​កត្តា​មួយ​ដែល​ជួយ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ក្នុងភូមិ​មាន​ភាពល្អប្រសើរ​ស្ទើរគ្រប់ៗគ្នា។

អ្នកមីង ពៅ លីណា កំពុងដោត និងក្រងផ្កាម្លិះ

គួរ​បញ្ជាក់ដែរថា ប្រជាពលរដ្ឋនៅក្នុង​ភូមិ​កោះក្របី​ខាងលើ មិនមែន​ប្រកប​តែ​របរ​ដាំ​ផ្កាម្លិះ​តែមួយ​មុខ​នោះទេ ពោលគឺ​នៅមាន​ដាំ​ដំណាំ​ហូប​ផ្លែ​ច្រើន​ប្រភេទ​ទៀត ដូចជា​ចេក ស្វាយ ល្មុត មៀន​ខ្មែរ​ដែលមាន​រសជាតិ​ឆ្ងាញ់ មាន​ក្លិនក្រអូប និង​ដំណាំ​បន្លែបង្ការ​ជាច្រើន​ប្រភេទ​ទៀតផង​ដែរ៕

ចែករំលែក

គាំទ្រកាសែតឡារ៉ែនពាណិជ្ជ សូមជូយចុច Like & Share Facebook Page ខាងក្រោម

គាំទ្រទស្សនាវដ្ដីឡារ៉ែន សូមជូយចុច Like & Share Facebook Page ខាងក្រោម