ប្រាក់ចំណូល​ពី​ការលក់​សំបុត្រ​ទស្សនា​អង្គរ កើន​ដល់​ជាង 85.5លាន​ដុល្លារ​ស្មើនឹង​កំណើន 13%

ការលក់​សំបុត្រ​នៅ​ឧទ្យាន​បុរាណ​អង្គរ​ក្នុង​រយៈពេល 9ខែ​នៃ​ឆ្នាំនេះ​ធ្វើឱ្យ​រដ្ឋាភិបាល​រកបាន​ប្រាក់ចំណូល​ប្រមាណ 85.5លាន​ដុល្លារ​អាមេរិក ពោលគឺ​កើនឡើង13% ដោយឡែក​គ្រាន់តែ​នៅក្នុង​ខែកញ្ញា​តែមួយ​មាន​ភ្ញៀវ 156,865នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ ដែល​ចំនួន​នេះ​បាន​កើនឡើង8.3% បង្កើត​ប្រាក់ចំណូល​បាន 6. 8លាន​ដុល្លារ​ពី​ការលក់​សំបុត្រ។

យោង​របាយការណ៍​រប​ស់​ស្ថាប័ន អង្គរ អ៊ិន​ធើ​ប្រាយ​បានឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា​មាន​ភ្ញៀវទេសចរ​ជាង 1.9លាន​នាក់​បានមក​ទស្សនា​ប្រាសាទ​អង្គរ​ដែល​តួលេខ​នេះ​កើនឡើង​ប្រហែល8.5% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន និង​ប្រាក់ចំណូល​សរុប​ចំនួន 3.80លាន​ដុល្លារ​ដែល​បាន​បង្កើត​ក្នុង​រយៈពេល 9ខែ​នៃ​ឆ្នាំនេះ​ត្រូវបាន​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។

លោក ហូ វណ្ឌី អគ្គលេខាធិការ​នៃ​សម្ព័ន្ធភាព​ទេសចរណ៍​ជាតិ​កម្ពុជា បាន​មានប្រសាសន៍ថា ការកើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​ឧទ្យាន​អង្គរ គឺជា​សញ្ញា​មួយ​បង្ហាញថា កំណើន​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​មាន​ភាព​ខ្លាំងក្លា។

យ៉ាងណាក៏ដោយ​លោក វណ្ឌី បាន​បញ្ជាក់ថា ទោះបីជា​ចំនួន​ភ្ញៀវទេសចរ​បរទេស និង​ការលក់​សំបុត្រ​នៅ​អង្គរ​កំពុង​កើនឡើង​ក៏ដោយ ក៏មាន​សេចក្តីរាយការណ៍​ពី​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុងស្រុក​សណ្ឋាគារ និង​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន​បានបង្ហាញ​ពី​ការធ្លាក់ចុះ​នៃ​ចំណូល​ដែរ។

ពួកគេ​និយាយថា ភ្ញៀវទេសចរ​ជាច្រើន​កំពុង​ជ្រើស​រើសយក​ការចំណាយ​ពេល​តិច​នៅក្នុង​ខេត្តសៀមរាប និង​ប្រទេស​កម្ពុជា​ដែល​បាន​បណ្តាលឱ្យមាន​ការធ្លាក់​ចុះ​ប្រាក់ចំណូល​សម្រាប់​ពួកគេ។ អាជីវករ​ទាំងនេះ​និយាយថា ភ្ញៀវទេសចរ​ឥឡូវនេះ​កំពុងស្នាក់នៅ​ប្រទេស​កម្ពុជា​ជា​មធ្យម​ត្រឹមតែ 3ថ្ងៃ​ប៉ុណ្ណោះ។

អគ្គលេខាធិការ​នៃ​សម្ព័ន្ធភាព​ទេសចរណ៍​ជាតិ​កម្ពុជា​រូបនេះ បាន​ស្នើថា រដ្ឋាភិបាល​គួរពិនិត្យមើល​បញ្ហា​នេះ​ដោយ​បន្ថែមថា៖ ការទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ស្នាក់នៅ​រយៈពេល​យូរ​នៅក្នុង​ប្រទេស​មាន​សារៈសំខាន់​ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​អ្នក​ដែល​ពឹង​ផ្អែកលើ​ឧស្សាហកម្ម​ទេសចរណ៍៕

Advertisement