សាងសង់ឧទ្យាន SME ដើម្បីជំរុញការប្រកួតប្រជែង

October 4, 2018​ ម៉ោង 3:16 pm

ការសាងសង់ “ឧទ្យានឧស្សាហកម្ម” សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម នឹងចាប់ផ្តើមក្នុងរយៈពេល 2 – 3ខែខាងមុខទៀត ហើយរដ្ឋាភិបាលបាន និងកំពុងជំរុញឱ្យអាជីវកម្មបែបគ្រួសារមួយនេះចូលរួមក្នុងសួនឧស្សាហកម្មទាំងនេះ ដោយបានលើកហេតុផលថា ពួកគេនឹងធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងនៃក្រុមហ៊ុនក្នុងស្រុក។

លោក គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មបាននិយាយថា រដ្ឋាភិបាលកំពុងផ្តល់អាទិភាពដល់វិស័យសហគ្រាសធុនតូច និងមធ្យម «នៅក្នុងអាណត្តិទី6 នេះ រដ្ឋាភិបាលយើងនឹងបន្តការងាររបស់ខ្លួនដើម្បីស្វែងរក និងរៀបចំគោលនយោបាយលើកទឹកចិត្តមួយ ដើម្បីជួយដល់វិស័យសហគ្រាសធុនតូច និងមធ្យមក៏ដូចជាបញ្ចប់នូវនិយមន័យជាផ្លូវការនូវអ្វីដែលជាសហគ្រាសធុនតូចនិងមធ្យម ដែលភារកិច្ចទាំងនេះត្រូវការការគាំទ្រពីវិស័យឯកជននិងដៃគូអភិវឌ្ឍន៍របស់យើង»

លោកបានមានប្រសាសន៍ថា​ ជាផ្នែកមួយនៃផែនការដើម្បីលើកកម្ពស់កំណើននៅក្នុងវិស័យនេះរដ្ឋាភិបាលកំពុងជំរុញគំរូចង្កោមសហគ្រាសធុនតូច និងមធ្យមឱ្យដំណើរការទៅមុខ។

ក្នុងសិក្ខាសាលាស្តីពីការបង្កើតចង្កោមសហគ្រាសធុនតូច និងមធ្យមដែលបានរៀបចំឡើងដោយក្រុមហ៊ុន Worldbridge International ដែលបច្ចុប្បន្នកំពុងមានគម្រោងបង្កើតតំបន់ឧទ្យានឧស្សាហកម្មខ្នាតតូច និងមធ្យម (SME) ដំបូងគេរបស់ព្រះរាជាណាចក្រកម្ពុជានៅខេត្ដកណ្តាលនោះ បានឱ្យដឹងថា ឧទ្យានឧស្សាហកម្មស្រដៀងគ្នានេះនឹងត្រូវបានគ្រោងធ្វើនៅទូទាំងប្រទេស។

លោករដ្ឋលេខាធិការបាននិយាយថា រដ្ឋាភិបាលចង់ឱ្យក្រុមហ៊ុនដែលគ្រប់គ្រងដោយគ្រួសារនៅទូទាំងប្រទេសចូលរួមគ្នា ដោយលោកបានថ្លែងថា ក្រុមហ៊ុនដែលបង្កើតឡើងនៅក្នុងវិស័យទាំងនេះនឹងទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល ហើយនឹងអាចកាត់បន្ថយថ្លៃផលិតកម្ម «តំបន់ឧទ្យានសហគ្រាសធុនតូច និងមធ្យមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ក្រុមហ៊ុនក្នុងតំបន់បង្កើនចង្វាក់តម្លៃ។ ដើម្បីគាំទ្រ និងជួយដល់សហគ្រាសធុនតូច និងមធ្យម យើងមានបំណងចង់ឱ្យ SME មួយចំនួនចូលរួមនៅក្នុងឧទ្យានទាំងនេះ»

លោក ឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមហ៊ុន Worldbridge Group បានឱ្យដឹងថា ការសាងសង់តំបន់ឧទ្យានឧស្សាហកម្មខ្នាតតូច និងមធ្យមនៅខេត្តកណ្តាលនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ឬដើមឆ្នាំ 2019 ។ លោកបានមានប្រសាសន៍ថា វានឹងធ្វើជាគំរូសម្រាប់សួនឧស្សាហកម្មជាច្រើនទៀតនៅទូទាំងប្រទេស។

លោកឧកញ៉ាបញ្ជាក់ថា គំនិតនេះគឺដើម្បីប្រមូលសហគ្រាសខ្នាតតូច និងមធ្យម និងផលិតកម្មស្រដៀងគ្នាទៅនៅក្នុងកន្លែងមួយ ហើយផ្តល់ឱ្យពួកគេនូវបច្ចេកវិទ្យាដ៏ទំនើប រួមទាំងប្លុក និងអ៊ីនធើណិតដែលនឹងអនុញ្ញាតឱ្យពួកគេផលិតផលិតផលទៅតាមស្តង់ដារអន្តរជាតិ និងគ្រប់គ្រងអាចចង្វាក់ផលិតកម្មប្រកប​ដោយប្រសិទ្ធភាព៕