អង្ករកម្ពុជា​ បានឈ្នះការប្រកួតអង្ករល្អជាងគេលើពិភពលោកឆ្នាំ2018

ក្រោយពីមាន​រៀបចំ​ការប្រកួត​ដើម្បីស្វែងរកអង្ករ​ដែលមាន​គុណភាព​ល្អ​ជាងគេ ជាអង្ករជាប់ចំណាត់ថ្នាក់លេខ1 ប្រចាំឆ្នាំ​2018 តាម​ប្រភេទ​អង្ក​រស អង្ករ​ក្រអូប និង​អង្ករ​ក្រអូប​ប្រណីតរួចមកនោះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបានរកឃើញនូវអង្ករល្អជាងគេប្រចាំឆ្នាំ​2018 និងបាននាំយក​ទៅដាក់ចូលរួម​ប្រកួតប្រជែង​ក្នុងកម្មវិធី​ប្រកួត​អង្ករ​ល្អ​បំផុតលើ​ពិភពលោកដែលរៀបចំឡើងនៅប្រទេស វៀតណាម​។

ជា​លទ្ធផល​នៃ​ការប្រកួតអង្ករ​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​1 ដល់3 របស់កម្ពុជាសម្រាប់យកទៅចូលរួមការប្រកួត រួមមាន​៖

1) អង្ករ​ក្រអូប​ប្រណីត(Premium Aromatic Rice)របស់​ក្រុមហ៊ុន​ City Rice Import Export Co. LTD។

2) អង្ករ​ក្រអូប​ធម្មតា(Fragrant Rice)​ របស់រោង​ម៉ាស៊ីន​ថ្មគោល ThmorKol Rice Mill។

3) អង្ក​រសគ្រាប់​វែង (Long Grain White Rice)​របស់ក្រុមហ៊ុន VongBunheng Import Export Co.Ltd​។

សូមរំឭកថា ការប្រកួត​​ដើម្បីស្វែងរកអង្ករ​ដែលមាន​គុណភាព​ល្អ​ជាងគេជាលើកទី3នេះ ត្រូវបាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាពរបស់លោក​ឧកញ៉ា វង្ស ប៊ុន​ហេង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាតំណាង​របស់ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាដោយមាន​ការចូលរួម​​វាយតម្លៃពី​គណៈកម្មការដែលមាន​សមាសភាព​ចូលរួម​ពី​ចុងភៅ​នៃ​សហព័ន្ធ​ចុងភៅ​កម្ពុជា តំណាង​ក្រុមហ៊ុន​ត្រួតពិនិត្យ​គុណភាព (CCIC, OMIC) តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​ កា​ឌី (CARDI) និង​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​​ផងដែរ។​

ការប្រកួត​នេះមានការ​ដាក់​សំណាក​អង្ករ​ចូលរួម​ប្រកួត​ពី​វិទ្យាស្ថាន​កា​ឌី (CARDI) និង​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាដែលជា​សហគមន៍​កសិក​ម្មរោង​ម៉ាស៊ីនកិនស្រូវ និង​អ្នក​នាំចេញចំនួន​22 និង​មាន​សំណាក​អង្ករ​សរុប​ចំនួន​ 28ប្រភេទ​។​

សម្រាប់​ការវាយតម្លៃ​ គឺផ្តោតលើលក្ខណសម្បត្តិ​អង្ករ​នៅ​មុនពេល​ចម្អិន (​ស​ភាព​ បាក់ ទំហំ ពណ៌​) និង​ក្រោយ​ចម្អិន (​ភាព​ភ្លឺរលោង ភាព​ស្អិតល្មួ​ត រសជាតិ ក្លិន និងភាព​ងាយ​ស្រួលក្នុងការ​បរិភោគ​)​។​

ក្រោយពីបានរកឃើញអង្ករល្អជាងគេប្រចាំឆ្នាំ​សម្រាប់យក​ទៅ​ប្រកួតប្រជែង​ក្នុងកម្មវិធី​ប្រកួត​អង្ករ​ល្អ​បំផុតលើ​ពិភពលោក​នៅប្រទេសវៀតណាមកាលពីថ្ងៃទី10 ដល់ថ្ងៃទី12 ខែតុលាកន្លងមក អង្ករកម្ពុជាបានឈ្នះការប្រកួត​ជាអន្តរជាតិនេះ។ នេះបើតាមការឱ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។

លោក មូល សារិទ្ធិ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា កម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកប្រចាំឆ្នាំ2018នេះ(Worlds Best Rice2018)នៅក្នុងសន្និសីទស្រូវ-អង្ករពិភពលោកលើកទី10(10th World Rice Conference)ដែលរៀបចំដោយ The Rice Trader រយៈពេល3ថ្ងៃ(ពីថ្ងៃទី10-12ខែតុលា)នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

សូមបញ្ជាក់ថា កម្ពុជាធ្លាប់គ្រងពានរង្វាន់អង្ករល្អជាងគេបំផុតក្នុងពិភពលោករយៈពេល 3ឆ្នាំជាប់ៗគ្នា គឺឆ្នាំ2012-2013 និងឆ្នាំ2014 ហើយសម្រាប់ឆ្នាំក្រោយមកទៀត គឺ2015-2016 តែសម្រាប់ឆ្នាំ2017 កម្ពុជាទទួលចំណាត់ថ្នាក់លេខ2 ហើយសម្រាប់ឆ្នាំ2018នេះ កម្ពុជាបានគ្រងពានរង្វាន់អង្ករល្អជាងគេបំផុត​ក្នុងពិភពលោកជាថ្មីម្តងទៀត៕

Advertisement