កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​បរទេស​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន?

រយៈពេល​ជាង 2ទសវត្សរ៍​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា វិនិយោគិន​បរទេស​បាន​ចូលមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​កាន់តែច្រើនឡើងៗដែល​នេះ​ជា​ចលករ​ដ៏​សំខាន់​មួយ​ក្នុងការ​រុញច្រាន​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ឡើង​បន្ថែមទៀត​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ សួរថា តើ​មាន​កត្តា​អ្វីខ្លះ​បានជា​បរទេស​សម្រេច​ចូលមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​កាន់តែច្រើនឡើងៗដូច្នេះ?

បើ​គេ​ក្រឡេកមើល​ពី​ទីតាំង​ភូមិសាស្ត្រ កម្ពុជា​ស្ថិតនៅលើ​ទីតាំង​មួយ​ដ៏​ល្អ​ក្នុង​តំបន់​អាស៊ាន​ដែលមាន​ភាព​អំណោយផល​ក្នុងការ​សាងសង់​រោងចក្រ​សហគ្រាស​សម្រាប់​ផលិត​ទំនិញ​នានា​ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​ក្នុង​តំបន់ និង​នៅ​សហគមន៍​អន្តរជាតិ​នានា។ ការផលិត​ទំនិញ​នៅ​កម្ពុជា​មិនមែន​សម្រាប់តែ​ផ្គត់ផ្គង់​ក្នុង​ទីផ្សា​កម្ពុជា​ដែលមាន​ប្រជាជន​ប្រមាណ​តែ​ជាង 15លាន​នាក់​នេះ​ប៉ុណ្ណោះ​ទេគឺ​សម្រាប់​ការនាំ​ចេញទៅ​លក់​នៅ​ប្រទេស​ក្នុង​អនុតំបន់​ទន្លេមេគង្គ​ដែលមាន​ប្រជាជន​ប្រមាណ​ជា 250លាន​នាក់ និង​លក់​នៅលើ​ទីផ្សារ​អាស៊ាន​ដែលមាន​ប្រជាជន​ជាង 630លាន​នាក់ និង​ទីផ្សារ​អឺរ៉ុប​ដែលមាន​ប្រជាជន​ជាង740លាន​នាក់​ដែល​កំពុង​ក្លាយជា​សក្តានុពល​ទីផ្សារ​ដ៏​ខ្លាំង​មួយ ដោយសារ​កម្ពុជា​នៅតែ​ទទួលបាន​កូតា​នាំ​ទំនិញ​ទៅកាន់​អឺរ៉ុប​ដោយ​មិន​គិត​ពន្ធ។

ចំណែក​កម្លាំង​ពលកម្ម​វិញ កម្ពុ​ជាមាន​មនុស្ស​វ័យក្មេង​ក្រោម​អាយុ 35ឆ្នាំ ប្រមាណ​ជា 72ភាគរយ​ដែល​អាចបំពេញ​ការងារ​ពលកម្ម​បាន​ច្រើន ងាយស្រួល​ក្នុងការ​រើស​បុគ្គលិក-កម្មករ​ចូលធ្វើការ​ដែលមាន​ប្រាក់បៀវត្សរ៍​កម្រិត​មធ្យ​ម បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​មួយចំនួនទៀត​នៅក្នុង​តំបន់​អាស៊ី។ ជាមួយគ្នានេះ រដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​ប្រឹងប្រែង​កែប្រែ​កម្លាំង​ពលកម្ម​សុទ្ធសាធ​ទៅជា​កម្លាំង​ពលកម្ម​ជំនាញ ជា​គោលដៅ​យុទ្ធសាស្រ្តក្នុងការ​-បំពេញការងារ​បានល្អ និង​លឿន​ជាង​មុន អាច​កាត់-បន្ថយ​ការចំណាយ​លើ​ពលកម្ម បាន​មួយចំណែក​ផងដែរ។ ជាមួយគ្នានេះ​កម្ពុជា​ក៏បាន​ប្រឹងប្រែង​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​កាន់តែ​ពូកែ​ខ្លាំង​ឡើង ពិសេស​ចំណេះដឹង​ផ្នែក​បច្ចេកទេស​ក្នុង​យុគសម័យ​បច្ចេកវិទ្យា ដើម្បី​សម្រួល​ដល់​ការងារ​មួយចំនួន​ឱ្យ​កាន់-​តែមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ច្រើនឡើង។

ក្រៅតែពី​ចំណុច 2ខាងលើ កម្ពុជា​បាន និង​កំពុង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តាមរយៈ​ការបង្កើត​ផ្លូវ​ល្បឿន​លឿន ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដូចជា​ផ្លូវ​ដឹកជញ្ជូន​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​មាត់សមុទ្រ​ដែលមាន​កំពង់ផែ​ទឹក​ជ្រៅ និង​ខេត្ត​ជាប់​ព្រំដែន​ប្រទេសជិតខាង​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​មួយចំនួនទៀត ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាជន និង​ការដឹកជញ្ជូន​ទំនិញ​បាន​លឿន កាត់បន្ថយ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​ថ្លៃ​ដឹកជញ្ជូន​ទៀតផង។

អ្វីដែល​សំខាន់​នោះ កម្ពុជា​បាន​បើកចំហ​សេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​អ្នកវិនិយោគ​ទាំងអស់ ដោយ​សមភាព​រវាង​អ្នកវិនិយោគ​កម្ពុជា និង​អ្នកវិនិយោគ​បរទេស។ ការបើកចំហ​គ្រប់​វិស័យ​ដែល​រួមមាន​ទាំង​វិស័យ​ធនាគារ វិស័យ​ធានារ៉ាប់រង និង​វិស័យ​ទូរគមនាគមន៍ ដែលជា​ទូទៅ​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក​មិន​អនុញ្ញាតឱ្យ​វិនិយោគិន​បរទេស​វិនិយោគ 100% ដោយ​គ្មាន​ការចូលរួម​ពី​សំណាក់​អ្នកវិនិយោគ​ក្នុង​ស្រុកលើ​វិស័យ​ទាំង​នោះឡើយ។ កម្ពុជា​នៅមាន​សក្តានុពល​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ រួមមាន​ការបន្ត​បង្កើន​ភាព​ស៊ីជម្រៅ​នៃ​អន្តរការី-​កម្ម​ហិរញ្ញវត្ថុ ការលើកកម្ពស់​វិស័យ​ធានារ៉ាប់រង និង​ការអភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ។

យ៉ាងណាក៏ដោយ តម្លៃ​ភ្លើងអគ្គិសនី និង​កត្តា​ច្បាប់​ដែល​នៅ​មិនទាន់​រឹងមាំ​នៅឡើយ​នោះ គឺជា​កត្តា​រារាំងខ្លះៗដល់​ការធ្វើ​វិនិយោគ​ពី​ក្រៅប្រទេស​នេះដែរ ពិសេស​ប៉ះពាល់​ដល់​សហ​គ្រាស​ខ្នាតតូច និង​មធ្យម​ដែល​ពួកគាត់​ជួប​ការលំបាក បាត់បង់​ប្រាក់ចំណេញ​មួយចំនួន ដោយសារតែ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​មានតម្លៃ​ខ្ពស់ជាង​ប្រទេសជិតខាង ដូចជា​ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម ជាដើម។ តែ​ទោះជា​យ៉ាងណា កម្ពុជា​កំពុង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដោយ​ខ្លួនឯង ដែល​គេ​រំពឹងថា តម្លៃ​ភ្លើងអគ្គិសនី​នឹង​អាច​ចុះថោក​ដូច​ប្រទេសជិតខាង ដែល​ធ្វើឱ្យ​ចំនួន​វិនិយោគិន​បរទេស​នឹង​ចូលមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​កាន់តែច្រើនឡើង។ បច្ចុប្បន្ន វិនិយោគិន​ចិន​ឈរ​លំដាប់​លេខ​រៀង​នាំមុខគេ ឯ​វិនិយោគិន​ជប៉ុន​ក៏​កំពុង​សម្លឹង​ឃើញ និង​ចូលមក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​ឡើងជាបណ្ដើរៗផងដែរ។ ជាមួយគ្នានេះ ពាណិជ្ជករ​អឺរ៉ុប​ក៏​មក​បណ្តាក់ទុន​ច្រើន​ដែរ ដែល​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​មកពី​អឺរ៉ុប​កំពុង​វិនិយោគ​ប្រមាណ 52គម្រោង​ដែលមាន​ទឹកប្រាក់​សរុប​ចំនួន 1.1ប៊ី​លាន​ដុល្លារ ក្នុងនោះ​ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​ចំនួន274លាន​ដុល្លារ។

គូរ​បញ្ជាក់ថា នៅ​ឆមាស​ទី1 ឆ្នាំ2018នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន 106គម្រោង ដែល​ក្នុងនោះ​មាន​គម្រោង​ថ្មី​ចំនួន97 និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន9 មាន​ទុនវិនិយោគ​សរុប​នៃ​គម្រោង​ដែល​ត្រូវ​បានអនុម័ត​ទាំងនោះ​មាន​ចំនួន​ប្រមាណ​ជា 3,500លាន​ដុល្លារ​អាមេរិក ដែល​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ​ជិត 10ម៉ឺន​កន្លែង​ឯណោះ។

បើ​គេ​ធ្វើការ​ប្រៀបធៀប​ឆមាស​ទី1 ឆ្នាំ2018 និង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017 កម្ពុជា​មានការកើនឡើង​ចំនួន 19គម្រោង ខណៈដែល​ទំហំ​ទុនវិនិយោគ​មានការ​កើនឡើង​ចំនួន 14% ជាពិសេស​ការវិនិយោគ​លើ​វិស័យ​កសិកម្ម និង​ក​សិ-ឧស្សាហកម្ម​មានការ​កើនឡើង​ខ្លាំង​រហូតដល់​ទៅ77%។ ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​មានការ​កើន​ទ្បើង22% ដែល​ក្នុងនោះ​គម្រោង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មាន​ការ​កើន​ទ្បើង​ចំនួន8គម្រោង ពី15គម្រោង​ក្នុង​ឆមាស​ទី1 ឆ្នាំ2017 មក23គម្រោង​ក្នុង​ឆមាស​ទី1 ឆ្នាំ2018។ យោងតាម​ការ​ព្យាករ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ(IMF) បានឱ្យដឹងថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹងមាន​កំណើន​ក្នុង​អត្រា 7.25%ក្នុង​ឆ្នាំ2018នេះ ដែល​អត្រាកំណើន​នេះ​នឹង​រក្សាបាន​ក្នុង​ឆ្នាំ​ខាងមុខ​បន្តទៀត៕

Advertisement