កូរ៉េ​ផ្តល់​កម្ចី 66.57លាន​ដុល្លារ​សម្រាប់​សាងសង់​មន្ទីរពេទ្យ​ក្នុង​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ

រដ្ឋាភិបាល​កូរ៉េថ្មីៗនេះ​បាន​ជូនដំណឹង​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យបាន​ដឹងថា មូលនិធិ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច (EDCF) បានសម្រេច​ផ្តល់​កម្ចី​ប្រមាណ 66.57លាន​ដុល្លារ ដល់​កម្ពុជា​ដើម្បី​អនុវត្ត​គម្រោង​សាងសង់​មន្ទីរពេទ្យ​ដើម្បី​បណ្តុះបណ្តាល​ដល់​និស្សិត​ពេទ្យ​ក្នុង​សាកលវិទ្យាល័យ​សុខាភិបាល (UHS)។

មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច (EDCF) ត្រូវបាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​កូរ៉េ​នៅ​ឆ្នាំ 1987 ដើម្បី​លើកកម្ពស់​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច ក្នុង​ពិភពលោក​ដែល​កំពុងអភិវឌ្ឍន៍ និង​ជួយ​អភិវឌ្ឍ​ប្រទេស​នានា​ដើម្បី​សម្រេចបាន​នូវ​ឧស្សាហូបនីយកម្ម និង​រក្សា​ឱ្យបាន​នូវ​ស្ថិរភាព​សេដ្ឋកិច្ច ដោយ​ការផ្តល់​ឥណទាន​រយៈពេល​វែង ដែលមាន​ការប្រាក់​ទាប។ បច្ចុប្បន្ន មូលនិធិ​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​ធនាគារ Korea Eximbank ដែលជា​ភ្នាក់ងារ​ផ្តល់ប្រាក់​កម្ចី​ខាងក្រៅ​ប្រទេស​កូរ៉េខាងត្បូង។

គម្រោង​នេះ​មាន​គោលបំណង​សំខាន់ គឺ​បណ្តុះបណ្តាល​អ្នកជំនាញ​វិជ្ជាជីវៈ​សុខាភិបាល ឱ្យ​ក្លាយជា​ធនធាន​សំខាន់​សម្រាប់​ប្រទេស​តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​ដែលមាន​ស្តង់ដារ​ខ្ពស់​លើ​សេវា​សុខភាព ដោយ​ក្នុង​មន្ទីរពេទ្យ​ដែល​គ្រោង​នឹង​បង្កើត​សម្រាប់​ការបណ្តុះបណ្តាល​នោះ​មាន​គ្រែ​អ្នកជំងឺ​សម្រាប់​បង្រៀន​រហូតដល់​ទៅ 200គ្រែ ជាមួយនឹង​បរិក្ខារ​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ទំនើប។

កង្វះខាត​មន្ទីរពេទ្យ​សម្រាប់​ការបណ្តុះបណ្តាល​បានធ្វើឱ្យ​កម្ពុជា​ត្រូវការ​ជា​ចាំបាច់​នូវ​ការអប់រំ​ពី​ប្រព័ន្ធ​សម្រាប់​មន្ទីរពេទ្យ​ទាំងមូល កម្មវិធីសិក្សា​សម្រាប់​គ្រប់គ្រង និង​បំបែក​ជា​គ្លីនិក រួមទាំង​ការបណ្តុះបណ្តាល​វេជ្ជបណ្ឌិត​ដែល​ព្យាបាល​អ្នកជំងឺ​នៃ​គ្លីនិក​ដែលមាន​អ្នកជំងឺ​ច្រើន និង​និស្សិត​វេជ្ជសាស្ត្រ​ដែល​កំពុង​សិក្សា​ក្នុង​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​សុខា​បាល។

នៅពេលដែល​មន្ទីរពេទ្យ​សម្រាប់​បណ្តុះបណ្តាល​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​សុខាភិបាល​ត្រូវបាន​បង្កើតឡើង​ក្រោម​ជំនួយ​របស់ EDCF អ្នកជំនាញ​ផ្នែក​សុខាភិបាល​នឹង​ត្រូវបាន​បណ្តុះបណ្តាល និង​អភិវឌ្ឍ​ចំណេះ​ដឹងបាន​កាន់តែ​ប្រសើរ​ជាមួយនឹង​ប្រព័ន្ធ​ច្បាស់លាស់​ប្រកបដោយ​គុណភាព​ខ្ពស់។

ការបង្កើត​មន្ទីរពេទ្យ​នេះ ក៏ត្រូវ​បាន​គេ​រំពឹងទុក​ដែរ​ថា​អាច​នឹង​ជួយ​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ពី​សេវាកម្ម​សុខាភិបាល​ទំនើប ឧបករណ៍​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ និង​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​ទាន់សម័យ។

រដ្ឋាភិបាល​កូរ៉េ​បានផ្តល់​កម្ចី​សរុប​ប្រមាណ 766លាន តាមរយៈ EDCF ដើម្បី​ជួយ​ដល់​គម្រោង​ចំនួន 22 នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ 2001មក៕

Advertisement