ម្ចាស់​កសិដ្ឋាន​ម្នាក់​កំពុង​ត្រូវប៉ាន់​ខ្លាំង​ពី​ការលក់​កូនដើម​ទុរេន

មជ្ឈដ្ឋាន​ទូទៅ​ទទួលស្គាល់ថា ទឹកដី​ក្នុង​ខេត្តនីមួយៗរបស់​ប្រទេស​កម្ពុជា​សុទ្ធតែ​សម្បូរ​ទៅដោយ​ជីវជាតិ និង​អំណោយផល​ពី​ធម្មជាតិ​សម្រាប់​ដាំ​ដុះ​ដំណាំ​គ្រប់​ប្រភេទ ប៉ុន្តែ​ដោយសារ​តម្លៃ​ទីផ្សារ​មិនសូវ​ស្ថិតស្ថេរ ទើប​ធ្វើឱ្យ​ដំណាំ​កសិផល​មួយចំនួន​មិនត្រូវ​បាន​កសិករ​ដាំ​ដុះ និង​ម្ចាស់​ចម្ការ​មួយចំនួន បានស្វែងរក​ដំណាំ​ណា​ដែលមាន​សក្តានុពល​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ខ្លាំង​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​មុខរបរ និង​ទទួលបាន​នូវ​ការគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​ផងដែរ។

ហេតុដូច្នេះ​ហើយ​ទើប​ក្រៅពី​ផ្លែឈើ​មួយចំនួន​ដែល​ពេញនិយម ដូចជា​ចេក ស្វាយ មៀន ជាដើម​ត្រូវបាន​នាំ​ចេញទៅ​ក្រៅប្រទេស​ហើយ​នោះ នៅមាន​ផ្លែឈើ​ជាច្រើន​មុខ​ទៀត​ក៏​កំពុង​ត្រៀមខ្លួន​នាំចេញ​ផងដែរ។ ដោយឡែក ទុរេន​ដែលជា​ដំណាំ​ហូប​ផ្លែ​មួយ​ដែរនោះ​កំពុង​ត្រូវបាន​កសិករ​ជាច្រើន សម្រេចចិត្ត​ដាំ ដោយសារតែ​ដំណាំ​ប្រភេទ​នេះ​ងាយស្រួល​រក​ទីផ្សារ ព្រោះ​ផ្លែ​របស់​វាទ​ទួល​បានកា​រ​ពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចូលចិត្ត​ពិសា ដោយសារ​រសជាតិ​រប​ស់វា​ផ្អែម​ឆ្ងាញ់ និង​ក្រអូប​ខុសពី​ផ្លែឈើ​ដទៃទៀត។

ដោយសារតែ​កសិករ​ខ្មែរ​យើង​ជាច្រើន​បាន​ងាក​មក​ដាំ​ដំណាំ​ទុរេន​វិញ​នេះ ធ្វើឱ្យ​ម្ចាស់​កសិដ្ឋាន​បណ្ដុះ​កូនឈើ​ដំណាំ​ហូប​ផ្លែ​គ្រប់​ប្រភេទ​ម្នា​ក់នៅ​ខេត្តបាត់ដំបង​លក់​កូនដើម​ទុរេន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​ទទួលបាន​ប្រាក់កម្រៃ​ក្នុង 1ខែ​ខ្ទង់​ម៉ឺន​ដុល្លារ។ លោក គួ​ន ឌឿ​ន នៅ​កសិដ្ឋាន​កសិកម្ម​ភ្នំព្រឹក​បាន​រៀបរាប់​ប្រាប់​កាសែត ឡា​រ៉ែ​ន​ពាណិជ្ជ​ថា មូលហេតុ​ដែល​កសិករ​ខ្មែរ​ចាប់អារម្មណ៍​ងាក​មក​ដាំ​ដំណាំ​ទុរេន​នេះ គឺ​ដោយសារ​កត្តា​តម្លៃ​ទីផ្សារ ព្រោះថា​ផ្លែ​ទុរេន​នេះ​ពេញនិយម​សម្រាប់​ការបរិភោគ​របស់​ពល​រដ្ឋ​ទូទៅ ហើយ​តម្លៃ​វា​មាន​លក្ខណៈ​ល្អប្រសើរ ពុំមាន​ការធ្លាក់​ថ្លៃ​ខ្លាំង ដូច​ផលិតផល​កសិកម្ម​ផ្សេងទៀត ដូច្នេះ​ទើប​ពួកគាត់​សម្រេចចិត្ត​ដាំ​ដំណាំ​ទុរេន​វិញ​ម្ដង។

លោក គួន ឌឿនម្ចាស់កសិដ្ឋាន កសិកម្មភ្នំព្រឹក

អ្នកមាន​បទពិសោធ​ខាង​កសិកម្ម​រូបនេះ​បាន​រៀបរាប់ថា បច្ចុប្បន្ន​នៅ​ស្រុក​ខ្មែរ​ពុំទាន់​មានការបណ្តុះ​ពូជ​ទុរេន​នៅឡើយ​ទេ ព្រោះ​គ្រាប់ពូជ​បណ្តុះ​នៅ​ស្រុក​យើង​ធ្វើ​មិនបាន​ល្អ។ ដូច្នោះ​ហើយ​ទើប​យើង​តែង​នាំ​ពូជ​ពី​ថៃ​មក​លក់ ដូចជា​កសិដ្ឋាន​របស់​លោកក៏បាន​នាំ​ពូជ​ពី​ថៃ​មក​លក់​បន្ត​ដែរ។ លោក​បាន​បញ្ជាក់ថា សព្វថ្ងៃ​ពូជ​ទុរេន​ដែល​នាំមក​លក់​មានតែ 2ប្រភេទ​ទេ​ដែល​គេ​និយម​ដាំ គឺ​ពូជ​ទុរេន​ថៃ​ឈ្មោះ​ម៉ន​ថង និង​ពូជ​ទុរេន​ម៉ាឡេស៊ី​ឈ្មោះ មូ​សាំ​ឃី​ង។ ប្រភេទ​ទុរេន​ទាំង2នេះ​នាំ​ចូលមក​រាង​ធូរ​ថ្លៃ គេ​និយម​ដាំ ដែល​យើង​នាំ​ចូលមក​លក់​បន្ត​ក្នុងតម្លៃ​ពី5$ ទៅ7$ក្នុង​មួយ​ដើម។

លោក​បាន​ឱ្យដឹងទៀតថា កាលពី​ប៉ុន្មាន​ខែ​មុនកសិដ្ឋាន​លោក​បាន​បណ្ដុះ​កូន​ចេកអំបូង​លឿង​លក់​ទៅឱ្យ​ក្រុមហ៊ុន​ចិន​យកទៅ​ដាំ​នៅឯ​កសិដ្ឋានធំៗជាច្រើន​នៅ​បណ្តា​ខេត្ត​មួយចំនួន ប៉ុន្តែ​មកដល់​បច្ចុប្បន្ននេះ​លោក​បាន​នាំចូល​កូនដើម​ទុរេន​មក​លក់​វិញ​ម្ដង ដោយ​ក្នុង 1ខែ​លោក​អាច​លក់បាន​យ៉ាងតិច​បំផុត​ក៏ 1ម៉ឺន(10,000)ដើម​ដែរ។ ឯ​ការចំណាយ​ដើមទុន​វិញ​គឺ​ប្រមាណ​ជា2 ទៅ3ម៉ឺន​ដុល្លារ​ពេល​ទៅយក​កូន​ពី​ថៃម្តងៗដែល​រួមទាំង​ការដឹកជញ្ជូន​ផង(ក្នុង1ម៉ឺន​ដើម) ដូច្នេះ​បើ​គិត​ត្រឹមតែ 1ដើម​ចំណេញ​តែ1$នោះ ក្នុង1ខែ​គាត់​អាច​ចំណេញ​បាន1ម៉ឺន​ដុល្លារ​ដែរ។

លោក ឌឿ​ន បានឱ្យដឹង​ទៀតថា ចំពោះ​ខេត្ត​ដែល​បាន​ទិញ​កូនដើម​ទុរេន​ពី​លោក​យកទៅ​ដាំ​មានដូចជាខេត្តរតនគិរី មណ្ឌលគិរី កំពង់ចាម កំពង់ធំ កំពត ត្បូងឃ្មុំ និង​សៀមរាប​ជាដើម ដែល​កសិដ្ឋាន​នៅក្នុង​បណ្តា​ខេត្ត​ទាំងនោះ​មាន​ចំនួន​ពី5 ទៅ10កសិដ្ឋាន ហើយ​ក្នុង​កសិដ្ឋាននីមួយៗមាន​ពី10 ទៅ20ហិកតា ចំណែក​ការដឹកជញ្ជូន គឺ​លោក​ដឹក​ទៅដល់​គោលដៅ​តែម្តង​ដោយ​ទូទាត់​តម្លៃ​តាម​ការចរចា។

លោក​បាន​ប្រាប់ថា ក្នុងការ​នាំចូល​កូនដើម​ទុរេន​ពី​ថៃ​យកមក​លក់​នេះ គឺ​យើង​បាន​បង្រៀន​ពី​បច្ចេកទេស​ដាំ​ដុះ​ដល់​កសិករ​ដោយ​ពុំបាន​ឱ្យប្រើ​ជីគីមី​ទេ គឺ​ប្រើតែ​ជីធម្មជាតិ​ដោយមាន​អ្នកបច្ចេកទេស​មកពី​ប្រទេស​ថៃ​មក​ពន្យល់​ពី​ការដាំដុះ និង​ថែទាំ។ លោក​បន្តថា ថ្វីដ្បិតតែ​ទុរេន​មិន​ងាយស្រួល​ដាំ​ប៉ុន្មាន​មែន តែ​រយៈពេល​តែ 4ឆ្នាំ​ប៉ុណ្ណោះ ទុរេន​នឹង​ចាប់ផ្ដើម​ឱ្យ​ផល​ហើយ។ លោក​បន្ថែមថា ក្នុង​រយៈពេល​ដែល​ទុរេន​ចាប់ផ្ដើម​ឱ្យ​ផល​ដំបូង​នេះ អ្នក​ដាំ​ទទួលបាន​ផល​តិចតួច​នៅឡើយ​ទេ តែ​ចាប់ពី​ឆ្នាំ​ទី6ឡើងទៅ​ទើប​ទុរេន​ចាប់ផ្ដើម​ឱ្យ​ផល​ពេញទំហឹង ដោយ​ក្នុង1ដើម​បាន​ប្រមាណ​ជា100 ទៅ200គីឡូក្រាម ហើយ​វា​ក៏​អាច​កើនឡើង​បន្ថែមទៀត​ដែរ​នៅពេល​ដើម​កាន់តែ​ចាស់​ទៅ។

លោក ឌឿ​ន បានឱ្យដឹងថា បើតាម​ម្ចាស់​ចម្ការ​ទុរេន1កន្លែង​ដែលមាន​ផ្ទៃដី​ដាំ​ដុះ​ចំនួន 5ហិកតា ស្មើនឹង​ទុរេន 200ដើម ស្ថិតក្នុង​ភូមិ​ជ្រី សង្កាត់​យក្ស​ឡោមក្រុង​បាន​លុង ខេត្តរតនគិរី​បានឱ្យដឹងថា បច្ចុប្បន្ន​ចំពោះ​ផ្ទៃដី 5ហិកតា​របស់គាត់​នេះ គាត់​អាច​រកប្រាក់​ចំណូល​បាន​ប្រមាណ​ជា 2ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង 1ឆ្នាំៗ ដោយ​លក់បាន​ក្នុង 1គីឡូ​តម្លៃ​ចន្លោះ​ពី1ម៉ឺន7ពាន់​រៀល ទៅ2ម៉ឺន2ពាន់​រៀល។

លោក​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ផងដែរ​ថា សុំឱ្យ​បន្ត​ការគាំទ្រ​កសិផល​ធម្មជាតិ​របស់​កូន​ខ្មែរ ព្រោះថា ប្រជាកសិករ​យើង​បាន​ងាក​មក​ចាប់ផ្ដើម​ដាំ​ដំណាំ​ទុរេន​ជា​បន្តបន្ទាប់​នៅក្នុង​ឆ្នាំ2018 នេះ បើទោះជា​ពូជ​នាំចូល​ពី​ប្រទេសជិតខាង និង​កសិផល​មានតម្លៃ​ខ្ពស់ជាង​បន្តិចបន្តួច​បើ​ធៀប​ជាមួយ​កសិផល​នាំចូល​ពី​ប្រទេសជិតខាង​ក៏ដោយ៕

Advertisement