ទុនវិនិយោគ​វិស័យ​សំណង់​មាន​ជិត 5ពាន់​លាន​ដុល្លារ រយៈពេល9ខែ ឆ្នាំ2018

ការវិវឌ្ឍ​នៃ​វិស័យ​សំណង់​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ បន្ទាប់ពី​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍ ដោយ​វិស័យ​សំណង់ និង​អចលនទ្រព្យ​មានតម្លៃ​ទុនវិនិយោគ​ប៉ាន់ស្មាន​ប្រមាណ​ជា​ជិត 5ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

ឯកឧត្តម ឡៅ ទិព្វ​សីហា បាន​ថ្លែងឱ្យដឹងថា ក្នុង​រយៈពេល9ខែ ឆ្នាំ2018 វិស័យ​សំណង់ និង​អចលនទ្រព្យ អាជ្ញាធរ​ថ្នាក់ជាតិ និង​រាជធានី-ខេត្ត​បានផ្ដល់​លិខិតអនុញ្ញាត​សាងសង់​សរុប 2,541គម្រោង មាន​ផ្ទៃក្រឡា​សរុប​ជាង 10លាន​ម៉ែត្រការ៉េ ហើយ​មានតម្លៃ​ទុនវិនិយោគ​ប៉ាន់ស្មាន​ក្នុង​វិស័យ​សំណង់​ប្រមាណ​ជា 4,820លាន​ដុល្លារ។

ជាមួយគ្នានេះ​ក៏មាន​ការវិនិយោគ​រប​ស់​វិស័យ​ឯកជន​មកពី​បរទេស​ចំនួន 33គម្រោង ដែលមាន​ផ្ទៃក្រឡា​សំណង់​ជាង 1លាន​ម៉ែត្រការ៉េ និង​មានតម្លៃ​ទុនវិនិយោគ​ប៉ាន់ស្មាន​ជាង 484លាន​ដុល្លារ។ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ចុះបញ្ជី​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ និង​សាងសង់ នៅមាន​សុពលភាព 1,070ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ មាន 42ក្រុមហ៊ុន  ក្រុមហ៊ុន​សាងសង់​មាន 1,028ក្រុមហ៊ុន។

ឯកឧត្តម​ក៏បាន​បញ្ជាក់ដែរថា ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​មកពី​បរទេស​ដែល​នៅមាន​សុពលភាព​នៅឡើយ​មាន​ចំនួន 366ក្រុមហ៊ុន។ ក្រសួង​ក៏បាន​ចុះបញ្ជី​រូបវន្តបុគ្គល​សិក្សា​គម្រោង​ប្លង់​ស្ថាបត្យកម្ម ក៏ដូចជា​ប្លង់​គ្រឿង​ផ្គុំ​សំណង់ ដែលមាន​ចំនួន 140នាក់​ផងដែរ។ នៅក្នុង​នោះ​មាន​ស្ថាបត្យករ​ចំនួន 86រូប ដែលមាន​ជនបរទេស 3រូប និង​មាន​វិស្វករ 46រូប មាន​បរទេស 1រូប។

ដោយឡែក​រយៈពេល 9ខែ ឆ្នាំ2018នេះ គណៈ​ស្ថាបត្យករ​កម្ពុជា បាន​ដំណើរការ​ចុះបញ្ជី​បាន57រូប និង​មាន​បរទេស​ចំនួន 2រូប។ បើ​គិត​ចាប់ពី​ឆ្នាំ2014 រហូតមកដល់9ខែ ឆ្នាំ2018នេះ គណៈ​ស្ថាបត្យករ​កម្ពុជា បាន​ចុះបញ្ជី​សវន​ករ​បាន​ចំនួន 713រូប។

ឯកឧត្តម​បន្តថា ចំពោះ​សំណង់​បុរី​លំនៅឋាន និង​សំណង់​អគារខ្ពស់ៗ ក្នុង​រយៈពេល9ខែ​នេះ គឺមាន​បុរី​លំនៅឋាន​ចំនួន​សរុប 41ទីតាំង។ ហើយ​គិត​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ គឺមាន​បុរី​លំនៅឋាន ឬក៏​លំនៅឋាន​លក្ខណៈ​បុរី​ចំនួន 228ទីតាំង និង​មាន​អ្នកស្នាក់នៅ​ពី 65 ទៅ75% ដែល​បាន​ស្នាក់នៅ​ក្នុង​បុរី​លំនៅឋាន​ទាំងនោះ។ ចំពោះ​អគារខ្ពស់ៗចាប់ពី5ជាន់ មាន 92អគារ។ ហើយ​គិត​ចាប់ពី​ឆ្នាំ2005មកដល់​ពេល​ច្ចុ​ប្បន្ន​នេះ នៅ​រាជធានី​ភ្នំពេញ មាន​អគារ​ខ្ពស់​ពី 5ជាន់​ឡើងទៅ​ចំនួន 1,084អគារ។

បើតាម​របាយការណ៍ វិស័យ​សំណង់​នេះ​ក៏បាន​រួមចំណែក​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​ផងដែរ បើ​គិត​ជា​មធ្យម​ពី 20ម៉ឺន​នាក់​ទៅ 22ម៉ឺន​នាក់​ក្នុង1ថ្ងៃ។ ដោយឡែក​នៅ​ភ្នំពេញ​មាន​កម្មករសំណង់​បំពេញការងារ​ជា​មធ្យម​ចន្លោះ 9ម៉ឺន​ទៅ 10ម៉ឺន​នាក់​ក្នុង1ថ្ងៃ។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ2017 ការងារ​ក្នុង​វិស័យ​សំណង់​នេះ​បានផ្តល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​កើនឡើង​ដល់​ទៅ120%។

របាយការណ៍​បាន​គូសបញ្ជាក់ថា កម្មករ​គ្មាន​ជំនាញ​អាច​ទទួល​ប្រាក់​ឈ្នួល​ពី35,000 ទៅ40,000រៀល​ក្នុង1ថ្ងៃ។ កម្មករ​មាន​ជំនាញ និង​មេជាង​ទទួលបាន​ប្រាក់​ឈ្នួល50,000រៀល ទៅ7,5000រៀល​ក្នុង 1ថ្ងៃ។ ចំពោះ​វិស្វករ ស្ថាបត្យករ និង​អ្នកជំនាញ​ផ្សេងទៀត​អាច​ទទួលបាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី400ដុល្លារ​ទៅ 2,500ដុល្លារ​ក្នុង​មួយខែ៕

Advertisement