ដាំ​ខ្ទឹម​ធ្វើពូជ បានចំណូលខ្ពស់ជាងលក់ស្លឹក

កសិករ​មួយចំនួន​ដែល​រស់នៅក្នុង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល បាន​ងាក​មក​ចាប់យក​របរ​ថ្មី​មួយទៀត​ហើយ គឺ​ដាំ​ខ្ទឹម​យក​ពូជ​លក់ និង​ទុក​សម្រាប់​ដាំ​ដុះ​ខ្លួនឯង​នៅ​ជំនាន់ក្រោយៗជាជាង​ចំណាយ​ប្រាក់​ទិញ​ពូជ​ពី​ប្រទេសជិតខាង ដើម្បី​កុំឱ្យ​ចំណាយ​ប្រាក់​ច្រើន​ក្នុង​គ្រួសារ នៅពេល​មាន​តម្រូវ​ការដាំដុះ​លើកក្រោយៗទៀត។

លោក ហង់ ម៉េង​ហួរ កសិករ​ដាំ​ខ្ទឹម​ម្នា​ក់នៅ​ភូមិ​លេខ3 ឃុំ​ត្រើយ​សា្ល ស្រុក​ស្អាង ខេត្តកណ្តាល​បាន​ប្រាប់​ឱ្យដឹងថា​ក្រៅពី​ដាំ​ខ្ទឹម​យក​ស្លឹក​លក់​ហើយគ្រួសារ​លោក​ក៏ដូចជា​កសិករ​មួយចំនួនទៀត​ដែរបាន​ឆ្លៀត​ដាំ​ទុក​ធ្វើ​ពូជ​លក់ និង​សម្រាប់​ទុក​ដាំ​បន្ត​នៅពេលក្រោយៗទៀតផង​ដែរ ព្រោះ​ពូជ​លក់បាន​ថ្លៃ និង​ចំណេញ​ច្រើនជាង​លក់​ស្លឹក។ គ្រួសារ​លោកបាន​ចាប់យក​របរ​ដាំ​ខ្ទឹម​ទុក​ធ្វើ​ពូជ​នេះ​អស់​រយៈពេល​ជាង 5ឆ្នាំ​មកហើយ នៅ​លើដី​ចំនួន 2កន្លែង​មាន​ទំហំ​ជិត​មួយ​ហិកតា​កន្លះ ក្នុងនោះ​ពាក់កណ្តាល​ដាំ​សម្រាប់​លក់​គល់ និង​ស្លឹក និង​ពាក់កណ្ដាល​ទៀត​ដាំ​សម្រាប់​ទុក​ធ្វើ​ពូជ​លក់ និង​សម្រាប់​ទុក​ដាំ​បន្ត​ខ្លួនឯង។

លោក​បាន​បន្តថា មូលហេតុ​ដែល​លោក​ដាំ​យក​ស្លឹក​លក់​ពាក់កណ្តាល និង​ដាំ​ទុក​សម្រាប់ធ្វើ​ពូជ​លក់​ពាក់កណ្តាល​នេះ គឺ​ដើម្បី​ជួយ​យឹតយោង​តម្លៃ​គ្នា​ទៅវិញទៅមក មានន័យថា​ប្រសិនបើ​ស្លឹក​ខ្ទឹម​ធ្លាក់​ថ្លៃ បាន​ខ្ទឹម​ពូជ​ជួយ​ទប់​មិនឱ្យ​ខាត​ខ្លាំង ព្រោះ​ពូជ​ខ្ទឹម​មិនចេះ​ខាត​ទេ​ហើយក៏​មិនបាច់​ទៅ​ដើររក​ទិញ​ពូជ​របស់គេ​មក​ដាំ​ដែរ ប្រសិនបើ​តម្លៃ​ខ្ទឹម​ស្លឹក​បាន​ថ្លៃ​ដូច​សព្វថ្ងៃ 1គីឡូក្រាម 4,000 ទៅ5,000រៀល យើង​អាច​លក់​ពូជ​បាន 1គីឡូក្រាម​រហូតដល់​ទៅ12.000 ទៅ15.000រៀល​ឯណោះ ហើយ​បើ​ស្លឹក​ខ្ទឹម​បាន​ថ្លៃ​ជាង​នេះ ការលក់​ពូជ​ខ្ទឹម​កាន់តែ​បាន​ថ្លៃ​ទៅទៀត​តាម​ហ្នឹង​ដែរ ដែលមាន​ពេលខ្លះ​យើង​អាច​លក់បាន 1គីឡូក្រាម​ដល់​ទៅ 25.000 ឬ30.000រៀល​ក៏មានដែរ និយាយ​រួម​ខ្ទឹម​ពូជ​មិនចេះ​ខាត​ទេ។

ចំណែកឯ​លោក សុខ លន់ ជា​មន្ត្រីនគរបាល និង​ជា​អ្នក​ដាំ​ខ្ទឹម​ពូជ​ជាង 20ឆ្នាំ​មក​នៅ​ក្នុងភូមិ​ទួល​អំពិល​លាស់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង បាន​និយាយ​ដែរ​ថា លោក​តែង​ឆ្លៀតពេល​ទំនេរ​ពី​ការងារ​ជា​មន្ត្រីនគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ក្រាំង​យ៉ូ​វ​មកជួយ​ដាំ​ខ្ទឹម​ភរិយា​យក​ពូជ​លក់​ដែរ ដែល​របរ​នេះ​អាចជួយ​ឱ្យ​ជីវភាព​គ្រួសារ​របស់លោក​កាន់តែ​ប្រសើរឡើង។ អ្នកជំនាញ​ដាំ​ខ្ទឹម​ពូជ​រូបនេះ​បាន​បន្តថា លោក​មាន​ដី​ជាង​កន្លះ​ហិកតា​សម្រាប់​ដាំ​ខ្ទឹម ប៉ុន្តែ​មិន​ដាំ​យក​ស្លឹក​នោះទេ គឺ​ដាំ​ទុក​ធ្វើ​ពូជ​លក់ ព្រោះ​បាន​ចំណេញ​ច្រើនជាង។

ជាមួយគ្នានេះដែរ លោក​ក៏បាន​ប្រាប់ឱ្យដឹង​អំពី​វិធីសាស្ត្រ​ក្នុង​ការដាំ​ផងដែរ​ថា ការដាំ​ខ្ទឹម​យក​ស្លឹក និង​ដាំ​ខ្ទឹម​យក​ពូជ​លក់​នេះ​មិន​ខុសគ្នា​ទេ គ្រាន់តែ​ការដាំ​ខ្ទឹម​ទុក​ធ្វើ​ពូជ​ត្រូវ​ប្រើ​រយៈពេល​យូរ​ជាងគឺ​ចាប់ពី 2ខែ​កន្លះ ទៅ3ខែ​ទើប​គេ​ដក ដែល​ខុសពី​ដាំ​ខ្ទឹម​យក​ស្លឹក​លក់ គេ​ប្រើ​រយៈពេល​តែ 1ខែ​កន្លះ ទៅ 1ខែ 20ថ្ងៃ​ប៉ុណ្ណោះ គឺ​គេ​អាច​ដក​លក់បាន​ហើយ។

លោក សុខ លន់ បាន​បន្ថែម​ដែរ​ថា ក្រោយពី​ដក​រួច គេ​ត្រូវយក​វា​ទៅ​ហាលថ្ងៃ និង​សំដិល​ទុកឱ្យ​ស្ងួតទើប​យកទៅ​រក្សាទុក​ដើម្បី​ការពារ​កុំឱ្យ​វា​រលួយ។ ក្រោយពី​រក្សាទុក​បាន​ប្រមាណ 1ខែ​កន្លះ ទៅ2ខែ គឺអាច​យកទៅ​ដាំ​ជាថ្មី​បាន​ហើយ។ លោក​បាន​បញ្ជាក់ប្រាប់​ផងដែរ​ថា ពូជ​ខ្ទឹម​នេះ កាលពី​ដើមឡើយ​គឺ​កសិករ​យើង​នាំចូល​ពី​ប្រទេសជិតខាង ពិសេស​ពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ហើយ​ពេលខ្លះ​ត្រូវ​ឈ្មួញ​ក្រឡុក​តម្លៃ​ស្រេច​តែ​ចិត្ត​គេ​ទៀតផង ដូច្នោះ​ហើយ​ទើប​ធ្វើឱ្យ​លោក​ងាក​មក​ដាំ​ខ្ទឹម​ទុក​ធ្វើ​ពូជ​សម្រាប់​លក់​ឱ្យ​កសិករ​ក្នុងស្រុក​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល និង​សម្រួល​ដល់​ការលំបាក​របស់​បងប្អូន​កសិករ​ក្នុងស្រុក កុំឱ្យ​ពិបាកទៅ​ទិញ​ឆ្ងាយ ហើយ​វា​ថែមទាំង​ជួយ​ឱ្យ​ជីវភាព​គ្រួសារ​របស់លោក​កាន់តែ​ប្រសើរឡើង​ផងដែរ។

លោក អ៊ុក សុខ​គុណ ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​ស្អាង​មានប្រសាសន៍ថា ស្រុក​ស្អាង គឺជា​តំបន់​ធ្វើ​កសិកម្ម​ផលិត​ដំណាំ​កសិផល​ច្រើនជាងគេ​នៅក្នុង​ខេត្តកណ្តាល​សម្រាប់​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក និង​នាំ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​នានា ពិសេស​ទីផ្សារ​ក្នុង​ក្រុងភ្នំពេញ​តែម្តង ដែល​បន្លែ​ទាំងអស់នោះ​មានដូចជា​ស្ពៃចង្កឹះ ស្ពៃ​តឿ ស្ពៃក្តោប ស្លឹក​គូឆាយ ត្រសក់ ននោង ត្រឡាច មើម​ខ្ញី ម្រះ និង​ខ្ទឹម​ជាដើម។ តែ​ទោះជា​យ៉ាងនេះ​ក្ដី ក៏​កសិករ​នៅ​ក្នុងភូមិ​មិនទាន់មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការដាំដុះ​ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​នៅឡើយ ភាគច្រើន​នៅពេល​ដំណាំ​បន្លែ​ណាមួយ​បាន​ថ្លៃ​ខ្ពស់ គឺ​ពួកគាត់​នាំគ្នា​ដាំ​ដំណាំ​នោះ​ស្ទើរ​គ្រប់គ្នា ជួនកាល​ប្រមូលផលដំណាលៗគ្នា​ក្នុងពេល​តែមួយ ធ្វើឱ្យ​បន្លែ​នោះ​ជន់​ច្រើន​នៅលើ​ទីផ្សារ​លក់​មិន​ដាច់ នាំឱ្យ​តម្លៃ​ធ្លាក់ចុះ​ខ្លាំង និងភ្លាមៗតែម្ដង។

ដោយឡែក​របរ​ដាំ​ខ្ទឹម​នេះ កន្លងមក​កសិករ​តែង​ចំណាយ​ថវិកា​ទិញ​ពូជ​ពី​ប្រទេសជិតខាង​ដូចជា​ថៃ និង​វៀតណាម​សម្រាប់​យកមក​ដាំ​យក​ស្លឹក និង​គល់​លក់ ប៉ុន្តែ​បច្ចុប្បន្ន​ពួកគាត់​ចេះ​ទុក​ពូជ​សម្រាប់​ដាំ​ខ្លួនឯងខ្លះៗហើយ។ លោក​បញ្ជាក់ថា ការដាំ​ទុក​ពូជ​នេះ​កសិករ​មិនមាន​ផែនការ និង​ជំនាញ​ច្បាស់លាស់​នៅឡើយ​ទេ នៅពេលណា​ស្លឹក​ខ្ទឹម​ធ្លាក់​ថ្លៃ​ខ្លាំង គឺ​គាត់​ទុក​ពូជ​តែម្តង ដែល​នេះ​ជា​កត្តា​ធ្វើឱ្យ​ពូជ​ខ្ទឹម​មិនសូវ​សម្បូរ​សម្រាប់​យកទៅ​ដាំ​បន្ត​នៅ​ជំនាន់ក្រោយៗទៀត។ លោក​ថា យក​ល្អ​កសិករ​ត្រូវ​ចេះ​ដាំ​ដាច់ដោយឡែក​ចេញពី​គ្នា បើ​ដាំ​សម្រាប់​យក​ដើម ឬ​ស្លឹក​លក់ គេ​មិនចាំបាច់​ថែទាំ​ច្រើន​ទេ តែបើ​ដាំ​យក​ពូជ​ត្រូវមាន​ការថែទាំ​ច្បាស់លាស់ រាប់​ចាប់តាំងពី​ការធ្វើ​ដី ធ្វើ​ស្មៅ ការប្រើប្រាស់​ជី ធ្វើយ៉ាងណា​ឱ្យ​ខ្ទឹម​លូតលាស់​ល្អ​មាន​ដើម ឬ​មើមធំៗ ទើប​ទុក​ធ្វើ​ពូជ​យកទៅ​ដាំ​នៅ​ជំនាន់ក្រោយៗទៀត​បានល្អ៕

Advertisement