កម្ពុ​ជាមាន​បញ្ហា​ធំ​លើ​កម្ចី​ខ្នាតតូច

ថ្ងៃ​រះ​នៅ​ខាងកើត​ទន្លេមេគង្គ នៅក្នុង​ភូមិ​មួយ​ឈ្មោះថា ភូមិ​តាស្ករ នៅ​ជិត​រាជធានី​ភ្នំពេញ កសិករ​ចំណាស់​វ័យ 60ឆ្នាំ​ម្នាក់​ឈ្មោះ សុផល និង​ប្រពន្ធ​របស់គាត់​កំពុងធ្វើការ​ងារ​ញាប់ដៃ​ញាប់ជើង​ដើម្បី​សង្គ្រោះ​ដំណាំ​ពោត​របស់គាត់​ដែល​ត្រូវ​ទឹក​លិច។

លោក សុផល បាន​និយាយថា ផលដំណាំ​របស់គាត់ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់បំផុត​សម្រាប់​គ្រួសារ​របស់គាត់ ដែល​ផ្តល់ឱ្យ​គាត់​នូវ​អាហារ​គ្រប់គ្រាន់ និង​ប្រាក់ចំណូល​សមរម្យ ប៉ុន្តែ​បន្ទាប់ពី​ជួបនឹង​រឿង​អាក្រក់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ គាត់​ចាប់ផ្តើម​ស្នើសុំ​ប្រាក់កម្ចី​ខ្នាតតូច​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ដោះស្រាយ​ការខាតបង់​របស់គាត់។ បច្ចុប្បន្ននេះគាត់​មិនដឹងថា តើ​គាត់​ត្រូវ​ដោះ-ស្រាយ​បំណុល​របស់គាត់​ដែលមាន​ចំនួន​ជាង 2,000ដុល្លារ​របស់គាត់​ដោយ​វិធី​ណា​នៅឡើយ​ទេ។

លោក សុផល បាន​និយាយថា៖ “នៅ​ខែ​នេះ​គាត់​ជួប​ការលំបាក​បន្ថែម​ខ្លាំង​ជាថ្មី​ព្រោះ​មាន​បញ្ហា​ទឹកជំនន់​លិចលង់​ដំណាំ ស្រប​ពេលដែល​ឥឡូវនេះ​ខ្ញុំ​មិនមាន​លុយ​សម្រាប់​សងបំណុល​នោះទេ។ លោក​បានបញ្ជាក់​ផងដែរ​ថា សព្វថ្ងៃនេះ​បើ​មិនមាន​ញាតិ-មិត្ត និង​កូនប្រុស​របស់លោក​ដែល​ធ្វើ​ការងារ​នៅ​ត្រើយម្ខាង​ក្នុង​រាជធានី​ភ្នំពេញ​នោះទេ គាត់​នឹង​បាត់បង់​គ្រប់យ៉ាង”។

រឿងរ៉ាវ​ដែល​លោក សុផល បាន​ជួបប្រទះ​នេះ បច្ចុប្បន្ន​បានកើត​ឡើង​ចំពោះ​ប្រជាជន​ជាច្រើន​នៅ​កម្ពុជា ដែល​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​អាជីវកម្ម​រកស៊ី​ចងការ​ប្រាក់​កំពុង​រីក​រាលដាល​ធំធាត់​យ៉ាងខ្លាំង​នៅក្នុង​ចំណោម​ប្រជាជន​ក្រីក្រ​រាប់លាន​នាក់​នៅ​កម្ពុជា ដែល​បាន​រុញច្រាន​ឱ្យ​ពួកគេ​ធ្លាក់​ទៅក្នុង​បំណុល​កាន់តែច្រើន។ ចំពោះ​បញ្ហា​នេះ​អ្នកសេដ្ឋកិច្ច​បារម្ភ​ថា បំណុល​ទាំងអស់នេះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ការរីកលូតលាស់​របស់​សេដ្ឋកិច្ច និង​ធ្វើឱ្យមាន​ការកើនឡើង​នូវ​បញ្ហា​វិសមភាព​ក្នុងសង្គម។

ប្រាក់​សកម្ម និង​ប្រាក់កម្ចី នៅក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​កើនឡើង 10ដង ច្រើនជាង​ឆ្នាំ2010 នេះ​បើ​យោងតាម​ធនាគារពិភពលោក។ ទំហំ​កម្ចី​របស់​កម្ពុជា​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​គឺ​ស្ថិតនៅក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែលមាន​អ្នក​ជំពាក់​បំណុល​ខ្ពស់បំផុត​លើ​ពិភពលោក ដែល​បាន​កើនឡើង​ពី200 ទៅ1,000ដុល្លារ​ក្នុង​ឆ្នាំ2014។ ក្នុងចំណោម​អ្នក​ខ្ចី 2លាន​នាក់​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ទៅ 2.8ពាន់លាន​ដុល្លារ នេះ​បើ​យោងតាមធនាគារជាតិ​នៃ​កម្ពុជា។

ការប្រាក់​ទាប
ជាមួយនឹង​អត្រា​ការប្រាក់​ទាប​ប្រមាណ​ជា1.2% ក្នុង​មួយខែ​នាពេល​បច្ចុប្បន្ននេះ ប្រជាជន​ជាច្រើន​អាច​មិនសូវ​រារែក​នោះទេ​ក្នុងការ​ខ្ចីប្រាក់​ដើម្បី​ទិញ​ទូរស័ព្ទ ឬ​ម៉ូតូ​ជាដើម។

ស្រប​ពេលដែល​អត្រា​ការប្រាក់​ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ចន្លោះ​ប្រមាណ1.6% នៅ​ចុង​ឆ្នាំមុន កម្ចី​មិន​ស្របច្បាប់​ក៏បាន​កើនឡើង​ដូចគ្នា ដែល​តម្លៃ​អត្រា​ការប្រាក់​របស់​ពួកគេ​បានធ្វើឱ្យ​កាន់តែ​មានការ​ប្រកួតប្រជែង​ខ្លាំង​ឡើង តែ​វា​អាចធ្វើ​ឱ្យមាន​ផលប៉ះពាល់​ដល់​អ្នក​ខ្ចី។

ធនាគារពិភពលោក​បាន​បង្ហាញ​នៅក្នុង​របាយការណ៍​កាល​ពី​ខែមេសា​ថា វា​ជា​ភាពចាំបាច់​ដាច់ខាត​ដែល​វិស័យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុត្រូវតែ​សម្រប​តាម​ការណែនាំ​ដ៏​តឹងតែង និង​ធានាថា​អាចធ្វើ​បាន​ចំពោះ​រាល់​ការ​តម្រែតម្រង់​ទាំងអស់។ បច្ចុប្បន្ននេះ មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រមាណ70% បាន​ចុះបញ្ជី​ក្នុងចំណោម1,000 សម្រាប់​មនុស្ស15លាន​នាក់​នៅ​កម្ពុជា។

បុរស​ម្នាក់​ឈ្មោះ លី តូ​ម៉ា អាយុ 29ឆ្នាំ ជា​អតីត​បុគ្គលិក​ផ្នែក​ឥណទាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុងស្រុក​មួយ និង​បច្ចុប្បន្ននេះ​បាន​បើក​ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ​មួយ​នៅ​ខេត្តកណ្តាល​បាន​បញ្ជាក់ថា តាម​ការ​ស្មាន​របស់គាត់ មាន 9គ្រួសារ​ក្នុងចំណោម10គ្រួសារ​នៅក្នុង​ឃុំ​របស់គាត់​នៃ​ស្រុក​ស្វាយជ្រុំ​បាន​ជំពាក់​បំណុល​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ។

លី តូ​ម៉ា និយាយថា៖ “មនុស្សម្នាក់ៗ ជាប់បំណុល ហើយ​បច្ចុប្បន្ននេះ វា​បាន​ក្លាយជា​បញ្ហា​ប្រឈម ព្រោះ​ពួកគេ​គ្រប់គ្នា​គ្មាន​លទ្ធភាព​សម្រាប់​បង់​សង។ ខ្ញុំ​ដឹង​រឿង​ច្រើន​ពី​កម្ចី ហេតុនេះហើយ​ទើប​ខ្ញុំ​មិន​ខ្ចី​នោះទេ”។

បំណុល​វិលជុំ
ក្នុងករណី​ជាច្រើន ដូចជា​រឿងរ៉ាវ​នៅ​ខេត្តកណ្តាល​ជាដើម អ្នកស្រី រ៉ា​យ អយ អាយុ 46ឆ្នាំ បាន​ខ្ចីលុយ​ប្រមាណ 6,000ដុល្លារ​អស់​រយៈពេល​ជាង 2ឆ្នាំ​មកហើយ​ដើម្បី​ជួយ​ដល់​អា​ជីក​វ​ម្ម​ក្នុង​គ្រួសារ​របស់គាត់។ អ្នកស្រី រ៉ា​យ អយ បាន​និយាយថា៖ “ខ្ញុំ​តែងតែ​ទទួលបាន​ការយល់ព្រម​ក្នុងការ​ស្នើសុំ​កម្ចី​សម្រាប់​ពង្រីក​មុខរបរ​របស់ខ្ញុំ ព្រោះ​ខ្ញុំ​បាន​សង​គេ​វិញ​ទាន់ពេលវេលា។ ក្នុង​គ្រួសារ​ខ្ញុំ យើង​ធ្វើ​ការងារ​សកម្ម​ទាំងអស់គ្នា ហេតុនេះ​វា​មិន​លំបាក​ពេក​ទេ​ក្នុង​ការសង​ត្រឡប់​ទៅ​ធនាគារ​វិញ”។

ប៉ុន្តែ​មនុស្ស​ជាច្រើន​ទៀត ដូចជា​លោក សុផល នៅ​ភូមិ​តាស្ករ កំពុងស្ថិត​ក្នុងស្ថានភាព​បំណុល​វិលជុំ។ គាត់​បាន​ខ្ចីលុយ​គេ​ប្រមាណ 2,000ដុល្លារ មួយឆ្នាំ ដើម្បី​ទិញ​សម្ភារ​កសិកម្ម ស្រប​ពេលដែល​ការប្រាក់​កើន តែ​ទិន្នផល​របស់គាត់​មិន​ទទួលបាន​ផល​ល្អ ដែល​ធ្វើឱ្យ​បំណុល​កាន់តែ​កើនឡើង។

លោក សុផល បាន​និយាយថា៖ “ពេល​ខ្ញុំ​ទទួលបាន​កម្ចី​ពី​ធនាគារ ខ្ញុំ​មាន​អារម្មណ៍​ថា​រីករាយ តែ​ចុងក្រោយ​នៅពេលដែល​ខ្ញុំ​មិនមាន​លទ្ធភាព​បង់​សង​ទៅវិញ ខ្ញុំ​មាន​អារម្មណ៍មិនល្អ​ឡើយ”៕

Advertisement