ឧស្សាហកម្ម​មូល​ប​ត្រជំ​រុញឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវតែ​ចុះបញ្ជី​ផ្សារ​ហ៊ុន

អ្នក​មកពី​ឧស្សាហកម្ម​មូល​ប​ត្រ​ចង់ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា (National Bank of Cambodia ឬ​ NBC) និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (The Securities and Exchange Commission of Cambodia ឬ​ SECC) ជំ​រុញឱ្យ​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ត្រូវតែ​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្ររួមទាំង​ពិចារណា​ពី​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​សម្រាប់​ការជួញដូរ​នៅ​ផ្សារ​ហ៊ុន​ផងដែរ។

លោក Ha Jong Weon នាយករង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (Cambodia Securities Exchange ឬ ​CSX)​ បាន​និយាយថា ផ្សារ​ហ៊ុន​គឺជា​វេទិកា​មួយ​ដើម្បី​ជំរុញ​ការប្រកួតប្រជែង​របស់​ក្រុមហ៊ុន ដោយ​ផ្តល់ជូន​នូវ​បណ្តាញ​ជាច្រើន​ដើម្បី​បង្កើន​ដើមទុន និង​បង្កើន​រូបភាព​របស់​ក្រុមហ៊ុន ដូច្នេះ​ការទាក់ទាញ​វិនិយោគិន​បន្ថែមទៀត​ដើម្បីឱ្យ​ផ្សារ​ហ៊ុន​កាន់តែ​មាន​ភាព​រីកដុះដាល និង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​សាធារណជន ធនាគារជាតិ​នៃ​កម្ពុជា​គួរតែ​ទាក់ទាញ​ធនាគារ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ឱ្យ​ចុះបញ្ជី។

លោក​បន្តថា សម្រាប់​រយៈពេល​ខ្លី​យើង​ចង់ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ចុះបញ្ជី​នៅលើ​ទីផ្សារ​ក្នុង​រយៈពេល 3ឆ្នាំ​ខាងមុខ។ យើង​ជំរុញ​ឱ្យ NBC ជំរុញ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឱ្យចេញ​ភាគហ៊ុន ឬ​មូល​ប​ត្រ​បំណុល​ក្នុង​ផ្សារ​ហ៊ុន ខណៈ​គ្រឹះស្ថាន​ទាំងនោះ​នឹង​ជួយ​បង្កើន​ទីផ្សារ “យើង​ត្រូវការ​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល ពិសេស​ពី​ធនាគារជាតិ​នៃ​កម្ពុជាដោយសារ​បច្ចុប្បន្ន​យើង​មើលឃើញថា ស្ថាប័ន​ដែលស័ក្តិសម​ចុះបញ្ជី​ជាងគេ គឺ​គ្រឹះស្ថាន​ធនាគារ និងគ្រឹះស្ថាន​ហិរញ្ញវត្ថុ ព្រោះ​ពួកគាត់​ជា​ស្ថាប័ន​ដែលមាន​ការគោរព​ប​ទ​ប្បញ្ញត្តិ និង​សកម្មភាព​ច្រើនជាង​មុន​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ និង​ផ្តល់​ការអភិវឌ្ឍ​ដែល​កាន់​តែមាន​ស្ថិរភាព​ដល់​សេដ្ឋកិច្ចជាតិ”។

លោក អុីវ រ៉ា​ណ្ណា​រិ​ទ្ធិ នាយក​ប្រតិបត្តិ​ធនាគារ RHB Indochina Securities បាន​មានប្រសាសន៍ថា ដើម្បី​ជំរុញ​កំណើន​ទីផ្សារ​មូល​ប​ត្រ និង​ទាក់ទាញ​វិនិយោគិន​បន្ថែមទៀត ប្រាក់​ដុល្លារ​គួរតែ​ជា​រូបិយប័ណ្ណ​សម្រាប់​ការជួញដូរ​នៅពេលដែល​ធនាគារ​មីក្រូហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ជាច្រើន គួរ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ចុះបញ្ជី ឬ​វិនិយោគ​នៅក្នុង​ទីផ្សារ​ហ៊ុន។ ព្រោះថា រូបិយប័ណ្ណ គឺជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​ការកំណត់​នៃ​កំណើន​ទីផ្សារ​មូល​ប​ត្រ​ដែល​រដ្ឋាភិបាល​គួរតែ​ពិចារណា​ប្រាក់​ដុល្លារ​អាមេរិក​ជា​រូបិយប័ណ្ណ​ជួញដូរ​សម្រាប់​ផ្សារ​ហ៊ុន។

លោក​បន្តថា “វា​នឹង​ក្លាយជា​គុណប្រយោជន៍​មួយ​ក្នុងការ​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​ទៅកាន់​ទីផ្សារ​ខណៈពេលដែល​យើង​មាន​ប្រាក់​ដុល្លារ​នៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​យើង”។ លោក​បន្តថា “វិនិយោគិន​ភាគច្រើន​ភ័យខ្លាច​ចំពោះ​ការប្រែប្រួល​អត្រា​ការប្រាក់ ប្រសិនបើ​ពួកគេ​ចង់​វិនិយោគ​ក្នុង​ផ្សារ​ហ៊ុន​ពីព្រោះ​ពួកគេ​ត្រូវ​ប្តូរ​រូបិយប័ណ្ណ​បរទេស​របស់​ពួកគេ​ទៅជា​រូបិយប័ណ្ណ​ក្នុងស្រុក​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម ប៉ុន្តែ វា​ផ្ទុយ​នឹង​អ្វីដែល​វិនិយោគិន​ចង់បាន”។

លោកស្រី ហ៊រ លី​គា ប្រធាន​ការស្រាវជ្រាវ ការបណ្តុះបណ្តាល ផ្នែក​ទីផ្សារ​មូល​ប​ត្រ​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​មានប្រសាសន៍ថា យើង​កំពុងធ្វើការ​ជាមួយ​អ្នកពាក់ព័ន្ធ ដើម្បី​ជំរុញ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវបាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន ដោយសារ​យើង​ជឿជាក់ថា នៅពេល​ស្ថាប័ន​ទាំងនោះ​ត្រូវបាន​ចុះបញ្ជី ពួកគេ​នឹង​បង្កើន​ទំនុកចិត្ត​កាន់តែច្រើន​ក្នុងចំណោម​វិនិយោគិន និង​ក្រុមហ៊ុន​ផ្សេងទៀត។

លោកស្រី​បញ្ជាក់ថា យើង​កំពុង​ព្យាយាម​ធ្វើឱ្យ​នីតិវិធី​ចុះបញ្ជី​មាន​លក្ខណៈសាមញ្ញ ធ្វើឱ្យ​តម្លៃ​ចុះបញ្ជី​ស្ថិតក្នុង​តម្លៃ​ទាប មានការ​លើកទឹកចិត្ត​ពន្ធ និង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ទាំងអស់ ផ្តល់​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​បានធ្វើ​សវនកម្ម​ក្នុង​រយៈពេល​តែ2ឆ្នាំ ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន ធនាគារ និង MFI កាន់តែច្រើន​ចុះបញ្ជី​នៅក្នុង​ផ្សារ​ហ៊ុន។

លោកស្រី​ហ៊ លី​គា បាន​ថ្លែង​ទៀតថា ទីផ្សារ​មូល​ប​ត្រ​គឺជា​កន្លែង​មួយ​ផ្តល់នូវ​ដើមទុន​រយៈពេល​វែង​សម្រាប់​ពង្រីក​អាជីវកម្ម​ឱ្យ​ដំណើរ​ការល្អ​ជាង​មុន និង​ចូលរួម​ជំរុញ​ការនាំចេញ​ដល់​កំណើនសេដ្ឋកិច្ច​និង​បង្កើត​ការងារ​បន្ថែម​ដល់​ប្រជាពលរដ្ឋ តែ​ជាក់ស្តែង​សព្វថ្ងៃ​កម្ពុជា​ទើប​តែមាន​ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​បោះផ្សាយ​លក់​ភាគហ៊ុន​របស់ខ្លួន ហើយ​ទំហំ​នៃ​ការជួញដូរ​ប្រចាំ​ថ្ងៃជា​មធ្យម​ប្រមាណ​ជា 1.3ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃ គឺ​នៅ​តិចតួច​នៅឡើយ។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា បាន​ថ្លែងថា៖ “អ្នកវិនិយោគ​លើ​ភាគហ៊ុន ឬ​មូល​ប​ត្រដែ​លបោះ​លក់​ដោយ​ក្រុមហ៊ុន​ណាមួយ អាច​ទទួលបាន​ប្រាក់ចំណេញ ឬ​ខាត​អាស្រ័យ​លើ​ក្រុមហ៊ុន​នោះ​រកស៊ី​ខាត ឬ​ចំណេញ”។ បច្ចុប្បន្ន​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន និង​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​មូល​ប​ត្រ​កម្ពុជា ដោយបាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ចំនួន5 បោះផ្សាយ​លក់​មូល​ប​ត្រ​របស់ខ្លួន​នៅលើ​ទីផ្សារ ដែល​ក្រុមហ៊ុន​ទាំងនោះ​រួមមាន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រោងចក្រ​កាត់ដេរ​ហ្គ្រេ​ន​ធ្វី​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ជា​ចុងក្រោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​លី​មី​ធី​ត។

លោក ហួត អៀង​តុង ​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ហ​ត្ថា​កសិករ​លី​មី​ធី​ត​បានឱ្យដឹងថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ស្ថាប័ន​ដាក់​ប្រាក់​បញ្ញើ​នឹង​ចេញ 1.2 លាន​ប័ណ្ណ​ដែលមាន​តម្លៃ​សរុប​ចំនួន120ពាន់លាន​រៀល។ វា​មាន​កាលបរិច្ឆេទ​ផុតកំណត់ 3ឆ្នាំ(2018-2021) ចាប់តាំងពី​កាលបរិច្ឆេទ​ចេញ និង​អនុវត្ត​អត្រា​គូ​ប៉ុង (ដុល)ពី7.5% ដល់8.5% បន្ទាប់ពី​ហត្ថា​កសិករ​ក្លាយជា​ក្រុមហ៊ុន​ទី6 ដែល​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​កម្ពុជា។

ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ថ្លែងថា លោក​ជឿជាក់ថា យុទ្ធសាស្ត្រ​នេះ​នឹង​ទទួលបាន​ជោគជ័យ​ដោយសារ​មានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​សាធារណជន​ និង​វិនិយោគិន “ខ្ញុំ​សង្ឃឹមថា ហត្ថា​កសិករ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដទៃទៀត​នឹង​ពិចារណា​ប្រមូល​លុយ​តាមរយៈ​ការចេញ​ប័ណ្ណសន្យា​រ៉ាប់រង​បន្ថែម​នាពេល​អនាគត។ ខ្ញុំ​តែងតែ​លើកទឹកចិត្ត​ដល់​គ្រប់​អាជីវកម្ម​ទាំងអស់​ឱ្យ​ទាញយក​ផលប្រយោជន៍​ពី​ផ្សារ​ហ៊ុន ដើម្បី​បង្កើន​មូលនិធិ​ដែល​នឹង​អនុញ្ញាតឱ្យ​ពួកគេ​ពង្រីក​អាជីវកម្ម​របស់ខ្លួន”។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​បាន​មានប្រសាសន៍ថា ការបង្ហាញ​ផ្លូវ​នេះ គឺ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​សាធារណជន អំពី​ការអភិវឌ្ឍ​ថ្មី ហើយ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​កំពុង​បន្ត​ស្វែងរក​ក្រុមហ៊ុន​បន្ថែមទៀត​ដើម្បី​ចុះបញ្ជី​មូល​ប​ត្រ​បំណុល​សាជីវកម្ម។ ដើម្បី​រក្សា​និរន្តរភាព​សេដ្ឋកិច្ច​របស់​ប្រទេស និង​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ឈានដល់​សក្តានុពល​ពេញលេញ​របស់ខ្លួន ប្រព័ន្ធ​ហិរញ្ញវត្ថុ​ត្រូវតែមាន​ភាពរឹងមាំ និង​មាន​ប្រសិទ្ធភាព។

ឯកឧត្តម​បាន​មានប្រសាសន៍ថា “ផ្សារ​ហ៊ុន​នឹង​ដើរតួ​យ៉ាងសំខាន់​ដើម្បី​បំពេញបន្ថែម​ប្រព័ន្ធ​ធនាគារ​បច្ចុប្បន្ន។ ការចុះបញ្ជី​នេះ​នឹង​ជួយ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ធានារ៉ាប់រង​ទទួលបាន​ហិរញ្ញវត្ថុ​បន្ថែមទៀត ហើយនឹង​ជួយ​បង្កើន​តម្លៃ​របស់​វា និង​បើកទ្វារ​ឱ្យ​សាធារណជន​ធ្វើការ​វិនិយោគ​នៅក្នុង​ក្រុមហ៊ុន​ផងដែរ ប្រាក់ចំណូល​នេះ​ក៏​នឹង​ជួយ​ដល់​អាជីវកម្ម និង​សាធារណជន ក្នុង​ការផ្តល់​ប្រាក់កម្ចី តាមរយៈ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ក្រុមហ៊ុន”៕

Advertisement