ADB ផ្តល់​ហិរញ្ញប្បទាន​ចំនួន​ជិត 250លាន​ដុល្លារ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង និង​កម្មវិធី​លើ​កិច្ចព្រមព្រៀង​ឥណទាន4 ដែលមាន​ទឹកប្រាក់​សរុប​ជិត 250លាន​ដុល្លារ។ កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Durrani-Jamal នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី24 ខែតុលា ឆ្នាំ2018 នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច។

យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា៖ សម្រាប់​គម្រោង​ទាំងនេះ​គឺ

1-អភិវឌ្ឍ​ទីក្រុង​របៀង​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ​ជំហាន​ទី4។ គម្រោង​នេះ​នឹង​ជួយ​លើកកម្ពស់​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​តាមរយៈ​ការអភិវឌ្ឍ​ក្រុង​របៀង​អាទិភាព​ចំនួន3 គឺ​ក្រុង​កំពង់ចាម ក្រចេះ និង​ស្ទឹងត្រែង ដែលជា​ក្រុង​របៀង​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ។ ក្នុងនោះ​ទឹកប្រាក់ 88,50លាន​ដុល្លារ នឹងត្រូវ​ប្រើប្រាស់​ក្នុងការ​អភិវឌ្ឍ​នេះ​រួមមាន ការសាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ការតភ្ជាប់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ដល់​ប្រជាជន ការសាងសង់​ទីលាន​ចាក់សំរាម និង​ការសាងសង់​ស្ថានីយ​បូមទឹក​កខ្វក់។

2-កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ជំហាន​ទី2៖ ដែលមាន​គោលបំណង​លើកកម្ពស់​គុណភាព​នៃ​ការបង្រៀន និង​សមត្ថភាព​ស្ថាប័ន​នៅក្នុង​ការអប់រំ​កម្រិត​វិទ្យាល័យ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ 53,50លាន​ដុល្លារ។

3-គម្រោង​កែលម្អ​ការគ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេសាប​ជំហាន​ទី2៖ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ 97,70លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍ និង​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​គម្រោង​អាងទឹក​ទន្លេសាប​ដែល​ផ្តោតលើ​ការគ្រប់គ្រង​ទឹក​សំណល់​នៅក្នុង​ទីក្រុង​បាត់ដំបង សិរីសោភ័ណ និង​ស្ទឹងសែន។

4-គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​ជំហាន​ទី2៖ គ្រោង​ចំណាយ​ថវិកា​វិនិយោគ​សរុប​ប្រមាណ 30,89លាន​ដុល្លារ ក្នុង​ខេត្ត​គោលដៅ​ចំនួន2(កែប និង​ព្រះសីហនុ)។

គម្រោង​នេះ​មាន​គោលបំណង​បង្កើន​ការទាក់ទាញ​ទេសចរណ៍​ក្នុង​ខេត្ត​កែប និង​ក្រុងព្រះសីហនុ​ដោយ​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន សេវាកម្ម បរិស្ថាន​នៅ​ទីក្រុង និង​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​គ្រប់គ្រង​និរន្តរភាព​ទេសចរណ៍៕

Advertisement