ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ​បែបណា ទើប​ទទួលបាន​កម្រៃជើងសា​ច្រើន?

ការធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ អ្នកខ្លះ​គេ​អាចរកប្រាក់​កម្រៃ​បាន​ច្រើន ប៉ុន្តែ​អ្នកខ្លះ​មិនអាច​រក​កម្រៃជើងសា​បាន​ទាល់តែសោះ​ក៏មានដែរ ដោយសារតែ​អ្នកធ្វើការ​ប្រភេទ​នេះ​មួយចំនួន​មិនបាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ដើម្បី​អភិវឌ្ឍសមត្ថភាព​ខ្លួន​ជាមុន ពោលគឺធ្វើតាមៗគ្នា​តាម​ទម្លាប់​បែប​សម័យបុរាណ​ប៉ុណ្ណោះ។ ដូច្នេះ​តើ​ធ្វើ​ដូចម្តេច​ទើប​ការងារ​ប្រភេទ​នេះ​ទទួលបាន​ប្រាក់កម្រៃ​ជើងសា​ខ្ពស់​ត្រឡប់មកវិញ?

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​CPL មានប្រសាសន៍ថា ដើម្បី​ធ្វើការជា​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​អាច​រកប្រាក់​កម្រៃជើងសា​បាន​ច្រើន លុះត្រាតែ​បុគ្គលម្នាក់ៗខិតខំ​អភិវឌ្ឍ​ខ្លួន​ជាមុន​តាមរយៈ​ការចូលរួម​វគ្គ​បណ្តុះ-បណ្តាល​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ។ បន្ទាប់ពី​មាន​សមត្ថភាព​ហើយ​នោះ ត្រូវ​ធ្វើការ​ឱ្យមាន​លក្ខ​ណៈ ​Professional មានន័យថា ត្រូវមាន​ចំណេះដឹង ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​ទើប​មានការ​ទុកចិត្ត​ពី​អតិថិជនក៏ដូចជា​ម្ចាស់ផ្ទះ ឬ​ម្ចាស់​ដី​ដែល​ចង់​លក់​ចេញ​នោះដែរ។

ជា​ឧទាហរណ៍ បើសិនជា​អតិថិជន​ម្នាក់​មក​សួរ​យើង​អំពី​ផលិតផល ឬ​សួរ​អំពី​ដី/ផ្ទះ​ដែល​យើង​កំពុង​ដាក់លក់ ហើយ​យើង​ឆ្លើយ​មិនបាន​ច្បាស់លាស់ ពេលខ្លះ​គេ​សួរនាំ​អំពី​សក្តានុពល​ទីតាំង​ដី ឬ​ផ្ទះ​នោះ យើង​ឆ្លើយ​មិន​រួច សួរនាំ​អំពី​ប្រ​ព័​ន្ធផ្លូវច្បាប់ យើង​ឆ្លើយ​រួច​ខ្លះ មិន​រួច​ខ្លះ នោះគេ​ហៅថា ជា​អ្នក​កួកជេ​ដែល​មិនមាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ និង​ដែលចេះតែ​លក់តៗគ្នា​តាម​ទម្លាប់​ពី​បុរាណ ដែល​ការធ្វើ​បែបនេះ អ្នកខ្លះ​អាច​លក់បាន តែ​អ្នក​ខ្លះទៀត​លក់​មិនបាន នាំឱ្យ​ខាតបង់​ទាំង​ការចំណាយ​ចាយវាយ​ប្រចាំថ្ងៃ ខាតបង់​ពេលវេលា បាក់​ទឹកចិត្ត​លែង​ចង់​ប្រកប​របរ​នេះ និង​ថែមទាំង​ដើរ​និយាយប្រាប់​គេ​កុំឱ្យ​ធ្វើការ​ផ្នែក​នេះ​ទៀតផង​ក៏មានដែរ។

លោក​ថា ភ្នាក់ងារ​អចលនទ្រព្យមិនមែន​រង់ចាំតែ​លក់​ដើម្បី​គ្រាន់តែ​ទទួលបាន​កម្រៃជើងសា​ម​ក​វិញ​តែមួយ​មុខ​នោះទេ ប៉ុន្តែ​ខ្លួនគេ​ត្រូវមាន​សមត្ថភាព​ក្នុងការ​រកប្រាក់​ចំណេញ​ទៅឱ្យ​ម្ចាស់​អចលនទ្រព្យ ម្ចាស់​ដី ម្ចាស់ផ្ទះខុន​ដូ ឬ​រកប្រាក់​ចំណេញ​ទៅឱ្យ​អតិថិជន​វិញ​ផងដែរ។ ជា​ឧទាហរណ៍ បុរស​ម្នាក់​គាត់​មានដី​ទំហំ​ប្រហែល10ហិកតា ហើយ​ក្នុង​មួយ​ម៉ែត្រការ៉េ​តម្លៃ 1,000ដុល្លារ ជា​ដី​នៅក្នុង​ក្រុង​ដែល​គាត់​លក់​យូរ​ឆ្នាំ​មកហើយ តែ​លក់​មិន​ចេញ​សោះ ដោយសារ​មានតម្លៃ​ថ្លៃ​ពេក សរុប​ជា​ទឹកប្រាក់​រហូតដល់​ទៅ100លាន​ដុល្លារ​ឯណោះ ពិបាក​រក​ម៉ូយ​ដាក់​ណាស់។ ប៉ុន្តែ​សម័យនេះ នៅពេល​មាន​ដី​ធំ គឺ​កាន់​តែមាន​សក្តានុពល​ខ្លាំង​ក្នុង​ការធ្វើ​ផ្ទះ​លក់ និង​ទទួលបាន​ផលចំណេញ​ច្រើនជាង​លក់​ដី​នោះ​ទាំងមូល​ទៀតផង។ ដូច្នេះ​ក្នុងនាម​ជា​អ្នកលក់ យើង​ត្រូវ​ផ្តល់យោបល់​នេះ​ទៅឱ្យ​ម្ចាស់​ដី អំពី​ការសាងសង់​នេះ​ជាមួយនឹង​គម្រោង​ផែនការ​ច្បាស់លាស់​ដែល​អាច​ជឿ​ទុកចិត្តបាន ដូច្នេះ​ម្ចាស់​ដី នឹង​បង្វែរ​ពី​ការលក់​ដីមកជា​សាងសង់​ផ្ទះ​លក់​វិញ​មិន​ខាន ព្រោះ​ទទួលបាន​កម្រៃ ឬ​ប្រាក់ចំណេញ​ច្រើនជាង​លក់​ដី​ទៀតផង ហើយ​នៅពេលដែល​ម្ចាស់​ដី​រកប្រាក់​ចំណេញ​បានច្រើន ប្រាកដជា​ម្ចាស់​ដី​ផ្តល់ប្រាក់​កម្រៃ​ដល់​យើង​កាន់តែច្រើន​លើសពី3% ដែល​យើង​ចង់បាន​ទៅតាម​ផ្លូវច្បាប់​នោះ​ផងដែរ។ ហើយ​នៅពេល​ម្ចាស់​គម្រោង​ទទួលបាន​ប្រាក់ចំណេញ គាត់​នឹង​នឹកឃើញ​យើង​រហូត​នៅពេលដែល​គាត់​មាន​គម្រោងថ្មីៗទៀត គាត់​ប្រាកដជា​រត់​មករក​យើង ព្រោះ​យើង​ជា​អ្នក​រកលុយ​ឱ្យ​គាត់។

ក្រុមសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលរបស់ក្រុមហ៊ុន CPL

មួយវិញទៀត ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ក៏ត្រូវ​ចេះ​ឆ្លាត​ដើម្បី​ប្រយោជន៍​ខ្លួនឯង​ផងដែរ ឧទាហរណ៍​ថា នៅពេលដែល​យើង​លក់​ដី​ឡូ​តិ៍ ឬ​លក់​ផ្ទះ​បាន​មួយ​ល្វែង​ទៅឱ្យ​អតិថិជនម្នាក់ យើង​ប្រាកដជា​បានកម្រៃជើងសា​ពី​ម្ចាស់​ដី​ឡូ​តិ៍ ឬ​ផ្ទះល្វែង​នោះ​មិន​ខានប៉ុន្តែ​នៅពេលដែល​អតិថិជន​ដដែលនាំ​បងប្អូន​កូនក្មួយ​មក​ទិញ​បន្ត ហើយ​គេ​ទារ​រកកម្រៃជើងសា​ដែរនោះ តើ​យើង​ត្រូវធ្វើ​ដូចម្តេច​បើ​យើង​ជា​ឈ្មួញកណ្តាល​នាំ​ផលិតផល​ទៅ​លក់​ឱ្យគេនិង​នាំ​គេ​មក​ទិញ​ផលិតផល​ដដែល​នោះ? ដូច្នេះ​យើង​ត្រូវ​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​ស្តង់ដារ​ដែល​អាចជឿទុកចិត្ត​បាន​ទាក់ទង​នឹង​កម្រៃជើងសា​អ្នក​នាំមក​ផ្ទាល់​បាន​ប៉ុន្មានភាគរយ និង​អ្នក​នាំមក​ប្រយោល​បាន​ប៉ុន្មាន​ភាគរយចែកគ្នា​ឱ្យ​ច្បាស់ ឱ្យបាន​ផលចំណេញ​ទាំងអស់គ្នា​នោះ​ប្រាកដជា​អាចធ្វើ​ការស្វែងរក​ប្រាក់​កម្រៃជើងសារ​ជាមួយគ្នា​បានយូរ មាន​ទំនុកចិត្ត​លើ​គ្នា និង​មានចិត្ត​រីករាយ​ជាមួយគ្នា​ទៀតផង។

ពាក់ព័ន្ធ​ករណី​ថៅកែ​សង់ផ្ទះ​ល្វែង​លក់ ឬ​ពុះ​ដី​ឡូ​តិ៍លក់ ត្រូវ​គិតពី​ប្រយោជន៍​របស់​អតិថិជន គិតពី​កេរ្តិ៍ឈ្មោះ​ខ្លួនឯង កុំ​គិតតែ​ពី​ប្រាក់ចំណេញ​តែមួយ​មុខ​ខ្លាំងពេក។ បើសិន​ជាមាន​គម្រោង​ផ្ទះល្វែង​លក់ ឬ​ពុះ​ដី​ឡូ​តិ៍លក់​ត្រូវ​គិត​ទៅដល់​ភាព​សុខដុម​រម​នា គិត​ទៅដល់​ផាសុកភាព​ក្នុងការ​រស់នៅ​របស់​អតិថិជន ដូចជា​ទុក​ចំណី​ផ្លូវធំ​ទូលាយ មាន​ផ្លូវ​សម្រាប់​ថ្មើ​ជើង​ចែកដាច់​ដោយឡែក​ពី​ផ្លូវ​បើកបរ​រថយន្ត មាន​ដាំ​ដើមឈើ​សម្រាប់​ផ្តល់​ម្លប់​ត្រជាក់ និង​បរិស្ថាន​បៃតង មាន​ទីតាំង​សម្រាប់​សង់រោង​បុណ្យ ឬ​រោងការ មាន​ទីធ្លា​សម្រាប់​ហាត់ប្រាណ និង​សាងសង់​សួនច្បារ​សម្រាប់​កុមារ​លេង​ឱ្យបាន​ធំ​ទូលាយ ហើយ​នៅពេលដែល​យើង​គិតគូរ​ពី​ប្រយោជន៍​របស់​អតិថិជន​យើង​ហើយ យើង​នឹង​បាន​ផលប្រយោជន៍​មកវិញ​តាមរយៈ​ការផ្តល់​ទំនុកចិត្ត​ពី​សំណាក់​អតិថិជន ហើយ​អតិថិជន​នឹង​មក​ទិញ​គម្រោង​យើង​វិញ តាមរយៈ​ការបង្កើត​គម្រោង​គំរូ​ខាងលើ។ បើសិនជា​ធ្វើ​ដូច្នោះ​បាន នោះ​គម្រោង​យើង​នឹងមាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង បង្កើត​គម្រោង​លក់ក្រោយៗទៀត​នឹងមិន​ខ្វះ​អ្នកទិញ​នោះទេ។

លោក​ថា មកទល់ពេលនេះ មាន​ម្ចាស់​គម្រោង​ផ្ទះល្វែង​មួយចំនួន​ធ្វើ​ដូចខាងលើខ្លះៗហើយ ប៉ុន្តែ​មិនទាន់មាន​គ្រប់គ្រាន់​នោះទេ ពោល​គឺមាន​ត្រឹមតែ​សួនច្បារ ឬ​ទីតាំង​ហាត់ប្រាណ​ប៉ុណ្ណោះ មិនទាន់មាន​ទីតាំង​សម្រាប់​សង់រោង​ការ ឬ​រោងបុណ្យ​រួម​នៅឡើយ ហើយ​ករណីនេះ​លោក​បាន​ជំរុញ​ដល់​ម្ចាស់​គម្រោង​គួរ​គិតគូរ​ធ្វើឡើង​ដើម្បី​ធ្វើជា​គំរូ​សម្រាប់​ដល់​គម្រោងក្រោយៗធ្វើតាម​ទៀត ដែលជា​គោលដៅ​ប្រកួតប្រជែង​ដែល​អាច​នាំឱ្យ​ចំណេញ​ទាំងអស់គ្នា ចំណេញ​ទាំង​ម្ចាស់​គម្រោង ចំណេញ​ទាំង​អតិថិជន​រស់នៅក្នុង​គ​ម្រោ​ង​បុរី​នោះ​ផងដែរ៕

Advertisement